ប្រពន្ធចាយលុយអស់៤ម៉ឺនរៀល ប្តីវាយទ្រមខ្លួន

0
544

នាងធាន់ បុប្ផា អាយុ២៤ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ បានរៀបរាប់ភ្ជាប់ដោយទុក្ខសោក ឱ្យដឹងថា នាងមានម្តាយឈ្មោះឥត សៀក អាយុ៦៦ឆ្នាំ ឪពុកឈ្មោះ ធ ធាន់ ស្លាប់ (ជាឪពុកម្តាយចិញ្ចឹម)។ លុះពេលនាងធំពេញវ័យ បានរៀបការជាមួយប្តីឈ្មោះរ៉ើន រ៉ុង  អាយុបងនាង៣ឆ្នាំ រួមរស់ជាមួយគ្នាបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងដៃនិស្ស័យស្នេហ៍។ នាងជាក្មេងកំព្រាឪពុកម្តាយបង្កើតតាំងពីក្មេង បាន គុណបុណ្យឪពុកម្តាយចិញ្ចឹមរើសមកចិញ្ចឹមមើល ថែតាំងពីតូចក្រូចឆ្មារ ដោយព្រហ្មវិហារធម៌ រហូតធំពេញវ័យ ពួកគាត់រៀបចំទុកដាក់ឱ្យមានប្តី ព្រមទាំងចែកទ្រព្យសម្បត្តិឱ្យមួយចំនួន មានលំនៅដ្ឋាន ដីស្រែ ចម្ការ គោយន្ត រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ដោយបានធ្វើលិខិតស្នាមប្រគល់ឱ្យប្តីប្រពន្ធនាងត្រឹមត្រូវ មើលថែបន្តក្រោយពីពួកគាត់អស់ជីវិតទៅ ប៉ុន្តែក្រោយពីប្តីប្រពន្ធនាងមានរឿងឈ្លោះប្រកែកគ្នាឈានដល់ការប្រើអំពើហិង្សារួចមក ប្តីនាងថ្លើមខ្មៅណាស់ ចង់យកទ្រព្យសម្បត្តិនាងដែលឪពុកម្តាយចិញ្ចឹមចែកឱ្យតែម្នាក់ឯង ដោយសំអាងលើលិខិតស្នាមដែលឪពុកម្តាយនាងបានផ្តិតមេដៃនៅលើនោះ។

នាងធាន់ បុប្ផា រៀបរាប់បន្តថា តាមពិតទៅ ប្តីនាងជាមនុស្សមានចរិតស្រី ពូកែរញ៉ាំរញ៉ូវ រអ៊ូរទាំ ហួងហែងរឿងលុយកាក់ណាស់ ប្រពន្ធយកទៅទិញ ប្រហុកប៊ីចេងបាត់មួយកាក់មួយសេនមិនបានទេ ប្តីតែងរករឿងឈ្លោះបែកអូរហូរស្ទឹង រហូតធ្លាប់ព្រមព្រៀងលែងលះគ្នារួចម្តងមកហើយកាលពីកំណើត កូនទី១ ដោយសារតែនាងយកប្រាក់ទៅទិញក្រេមម្សៅ ទុកតុបតែងខ្លួនទៅចូលរួមកម្មវិធីបុណ្យទាន រៀបការក្នុងភូមិ កុំឱ្យគេមើលមកសាកប៉ត្រាក រយីករយោកមិនចុះចំណោមនឹងគេ ធ្វើឱ្យប្តីខឹងទះនាង២ កំផ្លៀង។ ប៉ុន្តែក្រោយមកដឹងខ្លួនខុស ប្តីតាមអង្វរលន់តួសុំជានាគ្នាវិញ ដោយសន្យាកែខ្លួនឡើងវិញ ទើបនាងព្រមលើកលែងទោសឱ្យប្តី ព្រោះមិនចង់មានឈ្មោះជាស្រីមានប្តី២ ប្តី៣ នាំឱ្យកូនកំព្រាឪពុកម្តាយ ដូចជារូបនាងដែលបានស្គាល់រសជាតិជីវិត កំព្រាកម្សត់ល់បាំកវេទនាគ្រប់គ្រាន់ហើយ មិនចង់ឱ្យ់កូនៗមានវាសនាដូចម្តាយទេ ប៉ុន្តែប្តីរបស់នាងសន្យាបានតែលើបបូរមាត់ទេ មិនខុសពីឆ្កែកន្ទុយខ្វៀនឡើយ។

នាងបុប្ផា រំលឹកទាំងអួលដើមកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ប្តីប្រពន្ធ នាងបានយកស្រូវនិងផ្សិតប៉ក់ទៅលក់នៅផ្សារ បានប្រាក់ចំនួន១៧ម៉ឺនរៀល ហើយហាមនាងមិនឱ្យដកចាយផ្តេសផ្តាសទេ ក្រៅពីទិញប្រេងម៉ាស៊ីនគោយន្ត។ តែដោយសាររដូវភ្ជួររាស់ចូលមកដល់ នាងបានសុំលុយប្តីចំនួន៤ម៉ឺនរៀលយកទៅទិញ ខ្ទឹម ស្ករ ប៊ីចេង អំបិល ប្រហុក ត្រៀមទុកឱ្យហើយ ព្រោះកំពុងតែមានលុយ ស្រាប់តែត្រឡប់មកដល់ផ្ទះវិញ ប្តីសួរនាំស្តីបន្ទោសឱ្យប្រពន្ធរឿងដកលុយ៤ម៉ឺនទិញគ្រឿង ស្លស្លុកទាំងនោះ ដោយជេរបញ្ចោរនូវពាក្យអសុរោះជាច្រើនដូចហែកសំពត់។ ពេលនោះនាងបានប្រគល់លុយនៅសល់ទាំងប៉ុន្មានឱ្យប្តីទុកវិញ ធ្វើឱ្យប្តីខឹង ច្រឡោតស្ទុះមកទាត់ធាក់នាងយ៉ាងដំណំ បណ្តាលឱ្យបែកមុខ បែកមាត់ ថែមទាំងមានចេញឈាមតាមមាត់ ទើបនាងសម្រេចចិត្តរត់ទៅប្តឹងអាជ្ញាធរមូលដ្ឋានឱ្យជួយអន្តរាគមន៍ ឃាត់ខ្លួនប្តីយកទៅធ្វើការអប់រំ និងពិន័យជាប្រាក់៥ម៉ឺនរៀល ទើបដោះលែងឱ្យមានសេរីភាពឡើងវិញ ប៉ុន្តែពេលនោះ នាងមិនទាន់ជឿទុកចិត្តប្តីកែខ្លួនបានកម្រិតណាទេ រង់ចាំមើលទៀតសិន។

លោករ៉ើង រ៉ុង ជាប្តីបានទទួលស្គាល់ថា លោកពិតជាបានប្រើអំពើហិង្សាវាយតប់ទាត់ធាក់លើរូបរាងកាយប្រពន្ធមែន ប៉ុន្តែមិនមែនរឿងនាងដកលុយ ទៅទិញ ស្ករ អំបិល ប៊ីចេងនោះទេ គឺខឹងដោយសារនាងហ៊ានយកក្រមាវាយមិត្តភក្តិលោក ដែលមានបំណងឱ្យដីលោកចំនួន៥ហិកតារ សម្រាប់បង្កបង្កើនផល ធ្វើឱ្យលោកបាត់បង់ឱកាសមាសប្រាក់នេះ។ លុះពេលមកដល់ផ្ទះ នាងរអ៊ូរទាំដូចឃ្មុំនៅក្បែរត្រចៀក ធ្វើឱ្យលោកទ្រាំមិនបាន ក៏ប្រើកម្លាំងបាយព្រមាននាងខ្លះទៅ ប៉ុន្តែនាងបានយកកូនកាំបិតចិតបន្លែចាក់ប្តីឱ្យរយៈដៃហូរឈាមដែរ ពោលគឺមានរបួសទាំងសងខាង គ្មានអ្នកណារងគ្រោះជាងអ្នកណាឡើយ។ លោកហួងហែងរឿងប្រាក់កាស ព្រោះតែក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយ មិនចង់ឱ្យប្រពន្ធចាយវាយខ្ជះខ្ជាយទេ ខ្លាចជីវភាពធ្លាក់ដុនដាបខ្លាំងទៅថ្ងៃមុខ តែប្រពន្ធមិនយលពីអារម្មណ៍របស់ប្តីសោះ។

អ្នកស្រីលន់ ភា ជាមេភូមិរង ភូមិស្រែពោធិ៍ បានឱ្យដឹងថា ប្តីប្រពន្ធមួយគូនេះរួមរស់ជាមួយគ្នា មិនសូវមានសុភមង្គលប៉ុន្មានឡើយ តែងជួបរឿងរ៉ាវ រកាំរកូសឥតស្វាង ព្រោះបុរសជាប្តីមានចរិតស្រី ហួងហែងរឿងលុយកាក់ណាស់ ប្រពន្ធចាយវាយ ច្បាស់ជាមានជម្លោះភ្លាម។ កន្លងមកក្នុងនាមអាជ្ញាធរជាឪពុកម្តាយគេ អ្នកស្រីមិនមើលនឹងភ្នែកទេ តែងអប់រំណែនាំ ប៉ុន្តែពួកគេមិនយកត្រចៀកស្តាប់ឡើយ ធ្វើឱ្យគាត់ទាល់តម្រិះមិនដឹងជានិយាយអប់រំពួកគេ ដោយវិធីណាទៀតទេ។

ចំពោះអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនាងបុប្ផា រួមរស់ល្អូកល្អិនបានតែគ្រា ដំបូង ក្រោយមកជួបរឿងរកាំរកូស ដោយសារប្តីមានចិត្តហួងហែងលុយកាក់ក្នុងការចាយវាយរបស់ប្រពន្ធ និងគ្រប់គ្រងលុយទាំងអស់ ប្រពន្ធគ្រាន់តែយកលុយ៤ម៉ឺន ទិញខ្ទឹម ប៊ីចេង ប្រេងម្សៅ មិនបានទេ វាយទ្រមខ្លួន ធ្វើឱ្យប្រពន្ធពិបាកចិត្តស្អិតទ្រូងរាល់ថ្ងៃ មិនខុសពីអត្តន័យក្នុងបទចម្រៀង “ទុក្ខស្រីប្តីកាន់ លុយ” នោះទេ៕                                                                     អាន ប៊ុនរ័ត្ននៈ

អ្នកស្រីមេភូមិរង លន់ ភា
អ្នកស្រីមេភូមិរង លន់ ភា
នាងធាន់ បុប្ផា និងលោករើង រ៉ុង បង្ហាញស្នាមរបួស
នាងធាន់ បុប្ផា និងលោករើង រ៉ុង បង្ហាញស្នាមរបួស