Thursday, March 28, 2024
Homeតារាខ្មែរចន ស៊ីណូរ៉ា ឡើងកូដត្រូវប៉ាន់តួឯក

ចន ស៊ីណូរ៉ា ឡើងកូដត្រូវប៉ាន់តួឯក

តារាសម្ដែងរូបសង្ហា លោកចន ស៊ីណូរ៉ា កំពុងតែស្ទុះឡើងកូដ លេចធ្លោនៅក្នុងសង្គមសិល្បៈហើយកំពុងតែត្រូវប៉ាន់តំណែងតួឯក យ៉ាងជោគជាំ ខណៈដែលកំពុងត្រៀមបង្ហាញស្នាដៃថ្មី ក្នុងរឿង “ញើសពណ៌ក្រហម” របស់ប៉ុស្តិ៍MyTV…។

ស្ថិតក្នុងវ័យ២៧ឆ្នាំ លោកសេង សុភក្ដិ ហៅចន ស៊ីណូរ៉ា បានបោះជំហានចូលប្រឡូកសិល្បៈ នៅឆ្នាំ២០០៧ តាមរយៈការប្រឡងហ្វ្រេសស៊ី ដោយជាប់ក្នុងវគ្គជម្រុះ១៥នាក់ចុងក្រោយ។ ប៉ុន្តែលោកទើបតែចូលលេងសិល្បៈស៊ប់ បានជាង២ឆ្នាំប៉ុណ្ណោះ ហើយមួយរយៈចុងក្រោយនេះ ស្រាប់តែដណ្ដើមបានភាព លេចធ្លោ តាមរយៈក្រសោបបានតំណែងតួឯក នៅក្នុងខ្សែភាពយន្តជាបន្តបន្ទាប់។

ចន សុីណូរ៉ា និងនី មុនីនាថ
ចន សុីណូរ៉ា និងនី មុនីនាថ

លោកចន ស៊ីណូរ៉ា បានថ្លែងឲ្យដឹង នៅក្នុងពិធីសម្ពោធរឿង “វិស្សមកាលមរណៈ” កាលពីថ្ងៃទី២១ ខែកក្កដា ថា មួយរយៈចុងក្រោយនេះ លោកទទួលបានឱកាសការងារសិល្បៈជាច្រើន ទាំងថតស្ពតពានិជ្ជកម្ម និងថតតួឯក ក្នុងខ្សែភាពយន្ត ទាំងរឿងដុំ និងភាគ។ ក្នុងនោះ លោកធ្លាប់ថតស្ពតមួយចំនួន ដូចជា Smart mobile ស្រាកីឡាកាសមាស Hi tea និងសាប៊ូPoa ជាដើម។ ចំពោះភាពយន្ត លោកធ្លាប់សម្ដែងនៅក្នុងភាពយន្តមួយចំនួន ដូចជារឿង “ស្នេហ៍អមតៈ”, “Smart girl”, “ទឹកដែលហូរ”, “ស្ទឹងស្នេហា”, “កូនស្រីលោកមេភូមិ”, “វិស្សមកាលមរណៈ” ដែលកំពុងដាក់បញ្ចាំងតាមរោងភាពយន្តនានា និងរឿង “ញើសពណ៌ក្រហម” ដែលកំពុងត្រៀមដាក់បញ្ចាំងនៅទូរទស្សន៍ MyTV ក្នុងពេលឆាប់នេះ។

ណូរ៉ា បានទទួលស្គាល់ថា អាជីពសិល្បៈរបស់លោក ពិតជាកំពុងតែបោះជំហានទៅមុខ។ ណូរ៉ា បន្ថែមថា “មួយរយៈនេះ ខណៈដែលខ្ញុំកំពុងសម្រុកថតរឿង “ញើសពណ៌ក្រហម” មានផលិតកម្មចំនួន៣ បានទាក់ទងឲ្យខ្ញុំសម្ដែងជាតួឯកប៉ុន្តែខ្ញុំបានបង្ខំចិត្តចោលរឿងទាំងនោះ ដោយសារតែមិនអាចដកឃ្លាពីរឿង “ញើសពណ៌ក្រហម” បាន។ យ៉ាងណាឆាប់ៗនេះ ក្រោយថតចប់រឿង “ញើសពណ៌ក្រហម” ខ្ញុំកំពុងត្រៀមថតភាពយន្តជាតួឯក ចំនួនពីររឿងទៀត”។

តារារូបសង្ហាមកពីខេត្តកំពង់ស្ពឺ រូបនេះ បានបង្ហាញក្តីរំពឹងថា ក្រោយពេលរឿង “ញើសពណ៌ក្រហម” ដាក់បញ្ចាំង លោកនឹងដណ្ដើមបានភាពលេចធ្លោមួយកម្រិតថែមទៀត។ ដោយហេតុថា រឿងនោះលោកឆ្លងកាត់ការសម្ដែង យ៉ាងលំបាក ដោយសារតែក្រុមផលិតករ សម្រិតសម្រាំងជាខ្លាំង។ ជាពិសេសនោះរឿងនោះបានឆ្លុះបញ្ចាំង ពីជីវិតតស៊ូក្នុងគ្រួសារមួយ ដែលមានជីវភាពក្រីក្រ។

ចន ស៊ីណូរ៉ា បានឲ្យដឹងដែរថា “លោកតែងតែសិក្សាស្វែងយល់ ដកស្រង់យកបទពិសោធន៍ និងយកគំរូតាមកំពូលតារាសម្ដែង លោកទេព រិនដារ៉ូ ហើយលោករំពឹងថា នឹងដណ្ដើមបានការគាំទ្រមួយកម្រិតថែមទៀត ជាមួយនិងគោលជំហរប្រឹងប្រែង ពុះពារក្នុងវិស័យនេះបន្តទៀត។

ក្រៅពីអាជីពសិល្បៈបច្ចុប្បន្ននេះ ចន ស៊ីណូរ៉ា កំពុងសិក្សាថ្នាក់អនុបណ្ឌិត ផ្នែក IT នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) និងជាគ្រូបង្រៀនភាសាអង់គ្លេល និងកុំព្យូទ័រ ផងដែរ។ ចំពោះរឿងស្នេហា ណូរ៉ា បញ្ជាក់ថា លោកមិនទាន់មានដៃគូស្នេហាទេ ហើយក៏មិនទាន់ចង់គិតដែរ ខណៈដែលកំពុងប្រឹងប្រែងពង្រឹងកេរ្តិ៍ឈ្មោះ លើវិថីសិល្បៈបន្ថែមទៀតសិន៕         សុខ ស៊ីឡាង

13817125_1029836260425260_390573748_n

DSC_1229

RELATED ARTICLES