Friday, March 29, 2024
Homeតារាខ្មែរមាស សុខសោភា គេដៀលក្បាច់រាំ

មាស សុខសោភា គេដៀលក្បាច់រាំ

តារាចម្រៀងមាស សុខសោភា បានទទួលរងការរិះគន់ធ្ងន់ៗ ចំពោះរបៀបស្លៀកពាក់ និងក្បាច់រាំរបស់នាង ដោយក្នុងនោះមានបុរសម្នាក់ ថែមទាំង ដៀលថា ស្ទីលរាំរែករបស់នាង ដូចស្រីបារ។ ប៉ុន្តែ ពាក្យត្មះតិះដៀល មិនបានធ្វើឱ្យអ្នកចម្រៀងឈ្មោះល្បីរូបនេះ ឈឺចិត្តឆ្អិតទ្រូងឡើយ។ បងប្រុស របស់នាងប្រាប់ថា សោភា គ្មានពេលតតាំងទេ…។
នាពេលថ្មីនេះ តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មថោន នាងមាស សុខសោភា បានច្រៀងរាំរែកនៅក្នុង ក្លឹបកម្សាន្តពេលរាត្រីមួយ នៅរាជធានីភ្នំពេញ។ រូបថតយ៉ាងហោចណាស់៣សន្លឹក បង្ហាញពីសកម្មភាព រាំរែករបស់នាង ត្រូវគេចែកចាយបន្តគ្នា លើបណ្តាញសង្គម។ គេឃើញការវាយប្រហារ នាងដោយសម្តីរិះគន់ធ្ងន់ៗ ចំពោះស្ទីលរាំរបស់នាង។
បុរសដែលដាក់ឈ្មោះខ្លួនឯង លើទំព័រហ្វេកប៊ុកថា ចិន្ត្រា អាណាន់ដា គង់ បានបញ្ចោញយោបល់ នៅពីក្រោមរូបថតរបស់មាស សុខសោភា ដែលលោកបង្ហោះ ហើយនាំឱ្យមានការចែករំលែក បន្តជាច្រើនថា “ស្រីបារ គេរាំតាម របៀបនាងមាស សុខសោភា ហ្នឹង។ តើនាងសោភា រាំតាមស្រីបារ ឬស្រីបាររាំតាមនាងសោភា?…”។
ការរិះគន់របស់លោកចិន្ត្រា បង្កឱ្យមានការជជែកវែកញែក តទល់យ៉ាងច្រើន ជាមួយក្រុមដែលយល់ថា ការស្លៀកពាក់ និងរាំរែករបស់សោភា គ្មានអ្វីខុសឆ្គង ផ្ទុយទៅវិញ នាងតម្រូវតាមកាលៈទេសៈ។ ក្នុងចំណោមនោះ មានអ្នកគាំទ្ររបស់សោភា ជាច្រើននាក់ចេញមុខ ការពារនាង ហើយចោទ បុរសខាងលើថា មានចេតនា ជាន់ពន្លិចសោភា ដើម្បីផ្គាប់ចិត្តតារាចម្រៀងផ្សេង។
ក្នុងការឆ្លើយឆ្លង ជាមួយអ្នកយកព័ត៌មាន “អង្គរធំ” តាមរយៈសារក្នុងទំព័រ Facebook លោកចិន្ត្រា និយាយថា លោករិះគន់គ្រប់ទង្វើឆ្គាំឆ្គង ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃសិល្បៈ និងអត្តសញ្ញាណវប្បធម៌ខ្មែរ។
លោកថា “ពាក្យខ្ញុំសរសេររិះគន់ ដើម្បីឱ្យនាងភ្ញាក់ ហើយគិតពិចារណាអំពីកាយវិការហួសពីតារា ដូចនាងជ្រើសយកមករាំ។ ខ្វះអីក្បាច់រាំស្អាតៗ ចាំបាច់អីរាំចាក់ក្បាច់កន្ធែកជើង ពើងទ្រូង?”…។
ដោយសុំមិនបង្ហាញ អត្តសញ្ញាណពិតរបស់ខ្លួន ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះចិន្ត្រា ជឿថា សាររបស់លោកបាន ទៅដល់អ្នកចម្រៀងមាស សុខសោភា រួចទៅហើយ ព្រោះមានប្រតិកម្មច្រើន ពីអ្នកគាំទ្ររបស់នាង។ ប៉ុន្តែ រឿងនាងទទួលយកដើម្បីកែប្រែ ឬយ៉ាងណានោះ ជារឿងរបស់នាង។
សូមបញ្ជាក់ថា មាស សុខសោភា ជាអ្នកចម្រៀងម្នាក់ ដែលមានចំណូលខ្ពស់បំផុត តាមរយៈការចេញច្រៀង ទាំងតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីប្រគំតន្ត្រីនៅតាមទីសាធារណៈ និងក្នុងក្លឹបកម្សាន្ត។ តម្លៃខ្លួនរបស់នាង គឺចន្លោះពី២០០០ទៅ២៥០០ដុល្លារ ក្នុងមួយកម្មវិធី អាស្រ័យតាមទីតាំងជិត ឬឆ្ងាយ។
ដើម្បីពង្រីកទីផ្សារចម្រៀងរបស់ខ្លួន នាងបានដាក់ទុនទាំងថវិកា និងពេលវេលា បង្កើតក្រុមរាំផ្ទាល់ខ្លួន និងប្រឹងហាត់រៀន ដោយមិនហត់នឿយ។ ប៉ុន្តែមិនទាន់ទទួលបានការ កោតសរសើរណាមួយ គួរឱ្យកត់សម្គាល់ផង សោភា បែរជាត្រូវគេរិះគន់ទៅវិញ។
លោកមាស សុខរតនៈ បងប្រុសបង្កើត និងជាអ្នកចាត់ចែងការរបស់ មាស សុខសោភា បានប្រាប់ “អង្គរធំ” ថា លោកមិនបានចាប់អារម្មណ៍ ចំពោះការរិះគន់លើការរាំរែក របស់សោភា នោះទេ ហើយថា សោភា ក៏គ្មានពេលតតាំង ជាមួយអ្នកដែលប្រដូចការ រាំរបស់នាងទៅនឹងស្រីបារដែរ។
លោករតនៈ និយាយថា “យើងម្នាក់មិនអាចផ្គាប់ចិត្ត មនុស្ស១០លាននាក់បានទេ។ អ្វីដែលសំខាន់ គឺយើងស្គាល់ខ្លួនឯងច្បាស់ ថាជានរណា? ល្អឬអាក្រក់ គឺយើងដឹងខ្លួនឯងច្បាស់”។
លោករតនៈ បន្តថា “គេដៀលថាអ្វី ស្រេចតែគេចុះ ព្រោះគេមើលឃើញខុសពីយើង ហើយយើងមិនអាចហាមឃាត់គេបានទេ”។
អ្នកគ្រប់គ្រងទូទៅ របស់ផលិតកម្មថោន រូបនេះ បន្ថែមទៀតថា “បើរវល់តែខ្វល់នឹងការរិះគន់ ហើយ ប្រឹងផ្គាប់ចិត្តគេគ្រប់គ្នានោះ ច្បាស់ជាមិនបាច់ធ្វើការងារអ្វីទេ។ សោភា រវល់ណាស់ មិនមានពេលចេញមុខ តតាំងប្រឆាំងការរិះគន់របស់អ្នកណាម្នាក់ទេ”។
គួរកត់សម្គាល់ដែរថា ក្រៅពីត្រូវគេរិះគន់ រឿងក្បាច់រាំ សោភា ត្រូវគេមើលឃើញថា ជាអ្នកចម្រៀងម្នាក់ដែល មានការតែងខ្លួនសិចស៊ីខ្លាំង ជាងអ្នកចម្រៀង ល្បីឈ្មោះប្រដមប្រសងនាង ផ្សេងទៀត ដូចជា ឱក សុគន្ធកញ្ញា និងសុគន្ធ និសា ជាដើម។ អ្នកចម្រៀងរូបនេះ ក៏ធ្លាប់ត្រូវគេរិះគន់ពី ការស្លៀកពាក់ ដែលពេលខ្លះ ហាក់លេចលើលេចក្រោម គួរសមដែរ។
យ៉ាងណាក៏ដោយ អ្នកស្តាប់ជាច្រើននៅតែ ឱ្យតម្លៃលើទឹកដមសំឡេងដ៏ពីរោះក្រអួនក្រអៅរបស់សោភា ហើយលើកទឹកចិត្តឱ្យនាង ទទួលយកការរិះគន់ ដើម្បីកែលម្អ និងបន្តរក្សាភាពល្បីល្បាញ របស់ខ្លួន តាមរយៈទឹកដមសំនៀងក្នុងបទចម្រៀងថ្មីៗ ជាជាងការបង្កើនភាពសិចស៊ី ក្នុងការស្លៀកពាក់ និងរាំរែក។
ស្រីម៉ៅ

លោកចិន្ត្រា អាណាន់ដា គង់ បង្ហោះសាររិះគន់ក្បាច់រាំមាស សុខសោភា
លោកចិន្ត្រា អាណាន់ដា គង់ បង្ហោះសាររិះគន់ក្បាច់រាំមាស សុខសោភា
RELATED ARTICLES