Thursday, April 25, 2024
Homeសង្គម និងជីវិតម្តេចក៏ធ្វើបាបប្រពន្ធដល់ថ្នាក់ណឹង! ប្តីផ្ទុះភ្លើងប្រចណ្ឌ តាមវ៉ៃពីភ្នំពេញរហូតដល់ស្រុកកំណើតទៀត

ម្តេចក៏ធ្វើបាបប្រពន្ធដល់ថ្នាក់ណឹង! ប្តីផ្ទុះភ្លើងប្រចណ្ឌ តាមវ៉ៃពីភ្នំពេញរហូតដល់ស្រុកកំណើតទៀត

ខេត្តស្វាយរៀង ៖ ប្តីប្រពន្ធ២នាក់ រួមរស់នឹងគ្នាយ៉ាងផ្អែមល្ហែមអស់រយៈរាប់ឆ្នាំមកហើយ ស្រាប់តែមួយរយៈចុងក្រោយ បុរសជាប្តីចាប់ផ្តើមប្រែប្រួលចិត្ត ចេះប្រចែប្រចណ្ឌរករឿងប្រពន្ធខុសរឿង និងថែមទាំងប្រើហិង្សាវាយដំ ធ្វើទារុណកម្មសព្វបែបយ៉ាង រហូតដល់ប្រពន្ធទ្រាំទ្រលែងបាន ក៏លួចរត់ទៅសម្ងំនៅស្រុកកំណើតវិញ ស្រាប់តែបុរសជាប្តីចិត្តក្តៅ បានតាមទៅរកដល់ស្រុកកំណើត និងថែមទាំងបានវាយដំប្រពន្ធយ៉ាងចាស់ដៃ នៅចំពោះមុខឪពុកម្តាយក្មេក ទីបំផុត ក្រុមគ្រួសារអត់ទ្រាំនឹងទង្វើឃោរឃៅមួយនេះលែងបាន ក៏ប្តឹងប៉ូលិសចាប់វ៉ៃខ្នោះយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីតាមវ៉ៃប្រពន្ធពីភ្នំពេញ រហូតដល់ស្រុកកំណើតនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះស្ត្រីរងគ្រោះជាប្រពន្ធ ស្ថិតក្នុងភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ។

ជនបង្កហេតុជាប្តី ដែលប្រើអំពើហិង្សាវាយដំប្រពន្ធ បណ្តាលឱ្យរងរបួសជាំពេញខ្លួន រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអ៊ឹម ទ្បុង អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិថ្លុកវាយទី២ ឃុំក្រសាំង ស្រុករមាសហែក។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះសោម ស៊ីណាត អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រនៅភ្នំពេញ និងមានស្រុកកំណើតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃស្នាក់នៅផ្ទះជួល នៅឯរាជធានីភ្នំពេញ ប៉ុន្តែក្រោយពីកើតមានជំលោះក្នុងគ្រួសារ ទើបស្ត្រីជាប្រពន្ធគេចពីប្តី ចេញទៅសម្ងំស្នាក់នៅបណ្តោះអាសន្ន ឯស្រុកកំណើតខេត្តស្វាយរៀង។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នាងនិងប្តីបានចាប់ដៃគ្នាជាច្រើនឆ្នាំមកហើយ និងបាននាំគ្នាចេញទៅជួលផ្ទះស្នាក់នៅភ្នំពេញ ដើម្បីរកការងារធ្វើ លុះទៅដល់ភ្នំពេញ នាងបានចូលបម្រើការងារជាកម្មការិនីរោងចក្រកាត់ដេរ ចំណែកប្តីបានចេញរត់ម៉ូតូឌុប ដើម្បីជួយគ្នារកប្រាក់កម្រៃមកចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ។

ស្ត្រីរងគ្រោះ បន្តទាំងអួលអាក់ថា តាំងពីចាប់ដៃគ្នាជាប្តីប្រពន្ធមក ពួកនាងរួមរស់មានសុភមង្គលល្អណាស់ ដោយប្តីមានចិត្តស្រលាញ់ ថ្នាក់ថ្នមនាងជាប្រពន្ធខ្លាំងណាស់ ទង្វើខុសឆ្គងអ្វី ក៏ចេះលើកលែង អត់ឱនឱ្យគ្នា ធ្វើឱ្យជីវិតប្តីប្រពន្ធនាងមានភាពផ្អែមល្ហែម ស្រលាញ់គ្នាស្អិតល្មួត បាត់មុខគ្នាសឹងមិនបាន។

ស្ត្រីរងគ្រោះ បានបន្តឱ្យដឹងដោយបង្ហាញនូវស្នាមរបួសជាំពេញខ្លួនថា ស្រាប់តែមួយរយៈចុងក្រោយនេះ ប្តីរបស់នាងក៏ចាប់ផ្តើមប្រែប្រួលចិត្តគំនិត ចេះតែប្រចណ្ឌហួងហែង រករឿងឈ្លោះប្រកែកជាមួយនាងមិនឈប់ មិនតែប៉ុណ្ណោះ ថែមទាំងប្រើអំពើហិង្សាមកលើនាងជាញឹកញាប់ ទៀតផង។ ជាក់ស្តែង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ប្តីកំណាចនេះ បានរករឿងឈ្លោះប្រកែកជាមួយនាង ដោយសាររឿងប្រចណ្ឌជាថ្មីម្តងទៀត ហើយទោះជានាងប្រឹងបកស្រាយពន្យល់យ៉ាងណា ក៏ប្តីនេះមិនខ្ចីស្តាប់ រួចក៏ស្ទុះទៅទាញអំបោសមកវាយនាងទាំងកំរោល បណ្តាលឱ្យមានស្នាមរបួសហើមជាំពេញភ្លៅ និងកំភួនជើង និងធ្វើឱ្យនាងឈឺសព្វខ្លួនប្រាណ។

ស្ត្រីរងគ្រោះ បានបន្ថែមថា ដោយសារតែទ្រាំនឹងទង្វើហិង្សាដ៏ឃោរឃៅរបស់ប្តីកំណាចនេះលែងបាន ទើបនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ នាងក៏បានរត់គេចពីប្តី ដោយធ្វើដំណើរទៅផ្ទះឯស្រុកកំណើតនៅឃុំបាសាក់ ស្រុកស្វាយជ្រំវិញ ដោយគិតក្នុងចិត្តថា ចង់គេចពីប្តីមួយរយៈសិន ដើម្បីឱ្យប្តីស្ងប់ចិត្ត ទើបត្រឡប់ទៅជួបដោះស្រាយគ្នាឱ្យច្បាស់លាស់ ព្រោះបើនៅតែបែបនេះទៀត នាងខ្លាចប្តីវាយដល់ស្លាប់នៅថ្ងៃណាមួយមិនខាន។ ស្រាប់តែមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃដដែល ក៏លេចមុខប្តីមកតាមរករឿងនាងដល់ស្រុកកំណើតទៀត និងថែមទាំងបានវាយដំមកលើរូបនាងចំនួន២ដៃ ទាំងនៅចំពោះមុខឪពុកម្តាយ និងបងប្អូនរបស់នាង ដោយបានចោទប្រកាន់ថា នាងរត់ចេញពីផ្ទះ ដោយមិនបានប្រាប់ដំណឹងឱ្យប្តីដឹង។

ក្រោយកើតហេតុ ដោយសារតែសាច់ញាតិខាងប្រពន្ធអត់ទ្រាំនឹងទង្វើឃោរឃៅរបស់ប្តីកំណាចរូបនេះលែងបាន ព្រោះតាមវ៉ៃប្រពន្ធតាំងពីភ្នំពេញ រហូតដល់ស្រុកកំណើត និងមិនខ្លាចចិត្តឪពុកម្តាយក្មេក សាច់ញាតិ ឬខ្លាចរអានឹងផ្លូវច្បាប់សោះ ហេតុនេះ ទើបក្រុមគ្រួសារខាងប្រពន្ធ សម្រេចចិត្តដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះមកចាប់ខ្លួនជនកំណាចជាប្តីនេះ យកទៅចាត់ការតាមច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តី បានប្រាប់ថា មូលហេតុដែលខ្លួនតាមមករកប្រពន្ធដល់ស្រុកកំណើត និងឈានដល់ផ្ទុះហិង្សានេះ គឺដោយសារតែខឹងនឹងប្រពន្ធរត់ចេញពីផ្ទះ ដោយមិនឱ្យដំណឹងប្តី ទើបទប់ចិត្តមិនបាន ក៏ជ្រុលដៃប្រើហិង្សាទុកជាការព្រមានតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES