Thursday, March 28, 2024
Homeព័ត៌មានជាតិផឹក​ស្រវឹង​ខឹង​បោះ​ចាន កាប់២​កាំ​បិត រយះ​ក្បាល

ផឹក​ស្រវឹង​ខឹង​បោះ​ចាន កាប់២​កាំ​បិត រយះ​ក្បាល

ភ្នំពេញ ៖ បុរស២នាក់ បានទិញស្រាមក អង្គុយផឹកជុំគ្នានិយាយលេងសើចសប្បាយក្អាកក្អាយ លុះក្រោយពីជាតិស្រាជ្រាបចូលខ្លួន ចាប់ ផ្តើមស្រវឹងធ្លាក់ភ្នែក ក៏កើតមានទំនាស់ពាក្យសម្តីតឹងសរសៃក រហូតទាញកាំបិតប៉័ងតោកាប់ គ្នា បណ្តាលឱ្យរយះក្បាល ដេរអស់១៣ថ្នេរ រងរបួសធ្ងន់។

ករណីផឹកស្រាស្រវឹងផ្ទុះជម្លោះកាប់គ្នារបួស ធ្ងន់នោះ បានកើតមានឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបុរីអ័រគីដេ មានទីតាំងស្ថិតក្នុងភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនបង្កហេតុដែលកាប់គូទំនាស់២កាំបិត រយះក្បាលនោះ មានឈ្មោះកូ វិត អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅទីតាំងកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះ យិន យាន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅជាមួយគ្នា។

តាមប្រភពពីកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រោយ ពីចប់ម៉ោងការងារ ជនរងគ្រោះនិងជនបង្កហេតុបានបបួលគ្នាទៅទិញស្រាមកអង្គុយផឹក ជុំគ្នា ដោយផឹកបណ្តើរនិយាយគ្នាលេងបណ្តើរ សើចសប្បាយក្អាកក្អាយ លុះក្រោយពីស្រវឹង ធ្លាក់ភ្នែករៀងៗខ្លួន អ្នកទាំង២ក៏កើតមានទំនាស់ ពាក្យសម្តីនឹងគ្នា ហើយភ្លាមនោះជនរងគ្រោះ បានបោះចានមកខាងមុខជនបង្កហេតុក្នុងន័យ បញ្ជោះ ទើបជនបង្កហេតុច្រឡោតខឹង ក៏ទាញ កាំបិតទៅកាប់ចាននោះ បណ្តាលឱ្យបែកខ្ចាយ។ បន្ទាប់មកជនរងគ្រោះបានបោះចានមក១ទៀត  ហើយក៏ត្រូវជនបង្កហេតុកាប់បែកទៀត រួចក៏ កើតមានការប្រតាយប្រតប់គ្នា ធ្វើឱ្យជនបង្កហេតុទប់កំហឹងមិនបាន ក៏ស្ទុះទៅកាប់ជនរងគ្រោះ២កាំបិត បណ្តាលឱ្យរយះក្បាលហូរឈាម ស្រោចខ្លួនតែម្តង។

ក្រោយកើតហេតុ សន្តិសុខដែលកំពុង យាមប្រចាំការនៅក្នុងបុរី បានចូលមកជួយអន្តរាគមន៍ និងហៅគ្រូពេទ្យប្រចាំការនៅបុរីខាងលើ មកពិនិត្យនិងព្យាបាលជនរងគ្រោះដល់កន្លែង  ដោយគ្រូពេទ្យបានដេរមុខរបួសឱ្យជនរងគ្រោះ ចំនួន១៣ថ្នេរ។ ចំណែកជនបង្កហេតុ ត្រូវបាន សន្តិសុខឃាត់ខ្លួនប្រគល់ឱ្យកម្លាំងអាវុធហត្ថ ខណ្ឌសែនសុខ នាំទៅសាកសួរ និងរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES