Friday, April 26, 2024
Homeបរិយាយទូក​ទៅ កំពង់​នៅ

ទូក​ទៅ កំពង់​នៅ

បុគ្គលសំខាន់ៗនៅលើពិភពលោកយើងនេះ ទោះល្អក្តី អាក្រក់ក្តី ពេលគាត់នៅរស់មិនសូវល្បីទេ លុះពេលគាត់ស្លាប់ក៏ ល្បីរន្ទឺលេចឮឡើង ដោយសារអ្នកគាំទ្រជួយរុញកេរ្តិ៍ឈ្មោះនោះឱ្យងើបត្រដែតឡើង។ មនុស្សល្បីក្នុងលក្ខណៈបែបណាក៏ ដោយ ទោះជារលាយបាត់រូបបាត់វិញ្ញាណ ក៏សកម្មភាពវីរភាពមិនបាត់បង់ទៅណាឡើយ ប្រៀបបាននឹង “ទូកទៅ កំពង់នៅ” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“ទូកទៅ កំពង់នៅ” ជាសុភាសិតខ្មែរយ៉ាងសាមញ្ញ ដែលប្រជាពលរដ្ឋបានជ្រួតជ្រាបជាទូទៅ ជាពិសេសអ្នកស្រុកទន្លេ បានជ្រាបពីលក្ខណៈទូកចេញចាកកំពង់ទៅបាត់ ក៏កំពង់ផែនោះមិនរត់ទៅណាឡើយ។ យ៉ាងណាមិញមនុស្សសំខាន់ៗ រាប់ តាំងពីមេទ័ព អ្នកនយោបាយ មេដឹកនាំប្រទេស មេបដិវត្តន៍ ឬមេឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជាដើម ទោះបីជាបាត់បង់ ជីវិត ក៏សកម្មភាពដែលគាត់ធ្លាប់បានធ្វើកាលនៅរស់ មិនសាបសូន្យរលុបរលាយទៅណាឡើយ។

ព្រះបាទជយវរ្ម័នទី៧ នៃចក្រភពអង្គរ ទោះបីជាព្រះអង្គសោយព្រះទិវង្គត ជិត១ពាន់ឆ្នាំទៅហើយក្តី ក៏ប្រាសាទបាយ័ន បន្ទាយក្តី តាព្រហ្ម ព្រះខាន់ ជាតឹកតាងរក្សាទុកព្រះបរមនាមព្រះអង្គឱ្យគង់នៅជានិរន្តរ៍។ តេជោមាស តេជោយ៉ត អាចារ្យស្វា ពោធិ៍កំបោរ ឧកញ៉ាសឺន គុយ អាចារ្យហែម ចៀវ ទោះបីជាអស់លោកទាំងនោះ បាត់រូបរាងពីលើផែនដី ក៏កិត្តិយស កិត្តិសព្ទ មិនបាត់បង់ទៅណាឡើយ។ រីឯប៉ុល ពត មេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ទោះបីជាគាត់ស្លាប់ ក៏កេរ្តិ៍- ឈ្មោះអសោចិ៍នៅតែដក់ជាប់ក្នុងសតិអារម្មណ៍ប្រជារាស្ត្រខ្មែរ គ្មានពេលណាបំភ្លេចបានឡើយ។ មានន័យថា មនុស្សល្អក្តី អាក្រក់ក្តី សុទ្ធតែល្បីរន្ទឺដូចគ្នា តែម្ខាងល្បីដោយសារវីរភាព ឬការតស៊ូ ដើម្បីជាតិមាតុភូមិ ឯម្ខាងទៀតល្បីខាងបាតដៃលោហិត។ បុគ្គលល្បី ក៏ដោយសាររបបសង្គមផងដែរ ពោលគឺបើសង្គមណាមាននិន្នាការនយោបាយដូចសកម្មភាពដែលបុគ្គលល្បីនោះ ធ្លាប់ធ្វើ ក៏ជួយជំរុញបំផុសលើកតម្កើងសពក្នុងផ្នូរឱ្យរស់រវើកឡើងវិញ ប៉ុន្តែ បើនិន្នាការសង្គមខុសគ្នា សពក្នុងផ្នូរ ឬសល់តែ អដ្ឋិធាតុនោះ គ្មានឱកាសល្បីឈ្មោះទេ។ ឧទាហរណ៍ អាចារ្យស្វា ពោធិ៍កំបោរ កាលពីសម័យអាណានិគម បារាំង ត្រូវគេ ចាត់ទុកជាជនក្បត់ជាតិ លុះចូលដល់សម័យលន់ នល់ និងសម័យរដ្ឋកម្ពុជា បានចាត់ទុកពួកលោកជាវីរបុរស។ ចំណែក លោកព្រាប អ៊ិន, ចៅ បូរី, មធុរ៉ា ដែលត្រូវតុលាការសឹកសម័យសង្គមរាស្ត្រនិយម កាត់ទោសប្រហារជីវិត ពីបទ “ក្បត់ជាតិ” នោះ ក៏សម័យលន់ នល់ បានលើកតម្កើងជាអ្នកតស៊ូ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែរ។

ចំណែកលោកបណ្ឌិតកែម ឡី ដែលទើបនឹងទទួលរងការបាញ់ប្រហារពីឃាតករបាតដៃលោហិតនោះ កាលលោកនៅរស់ មិនសូវមានការលើកតម្កើងនោះទេ លុះលោកសម្រាន្តស្តូកស្តឹងក្នុងមឈូសកញ្ចក់ ក៏មានអ្នកគាំទ្រតម្កុំតម្កើងលោកថា ជា អ្នកវិភាគសង្គមដ៏ល្បីល្បាញ ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីជាតិមាតុភូមិ។ នៅក្នុងពិធីបុណ្យសពរបស់លោក យើងសង្កេត ឃើញអ្នកទៅចូលរួមលាយចម្រុះនិន្នាការ ពោលគឺមន្ត្រីបក្សកាន់អំណាច ក៏យកបច្ច័យទៅចូល និងអុជទៀនធូបតាម ប្រពៃណីបុណ្យសព ឯមន្ត្រីបក្សប្រឆាំង ក៏ដូចជាគណបក្សផ្សេងៗទៀត រួមទាំងព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋពីគ្រប់ មជ្ឈដ្ឋាន បានអញ្ជើញទៅដាក់បាច់ផ្កា អុជទៀនធូប ចូលបច្ច័យ លើកករប្រណម្យបន់ស្រន់ឱ្យវិញ្ញាណក្ខន្ធរបស់លោកបាន ស្គាល់សុគតិភព។ បើគ្រប់គណបក្សនយោបាយ រួមគ្នាលើកតម្កើងបែបនេះ “នគរធំ” មានទស្សនៈថា កិត្តិយសកិត្តិសព្ទលោក បណ្ឌិតកែម ឡី នឹងល្បីរន្ទឺអស់កាលជាអង្វែង ជាប់ឈ្មោះក្នុងទំព័រប្រវត្តិសាស្ត្រ គ្មានពេលរលុបរលាយឡើយ។ ចាត់ទុកថា បណ្ឌិតកែម ឡី ជាមនុស្សអភ័ព្វក៏បាន មានសំណាងក៏បាន គឺអភ័ព្វនៅត្រង់លោកមានសុខភាពល្អបរិបូណ៌សោះ ស្រាប់តែមាន ឃាតករបាញ់ប្រហារគ្មានត្រាប្រណី ឯថាមានសំណាងនោះនៅត្រង់អ្នកនយោបាយគ្រប់និន្នាការ ទាំងបក្សកាន់អំណាច ទាំង បក្សប្រឆាំង បានសម្តែងមនោសញ្ចោតនាក្តុកក្តួល ស្តាយស្រណោះអាឡោះអាល័យលោកគ្រប់គ្នា។ មនុស្សល្បីរញ្ជួយដល់ ពិភពលោក មានតិចតួចណាស់ ដែលជួនកាលមនុស្សសាហាវយង់ឃ្នង មានឈ្មោះល្បីរន្ទឺជាងវីរបុរសទៅទៀត ឧទាហរណ៍ ដូចហ៊ីត្លែរ អតីតអធិការបតីនៃប្រទេសអាល្លឺម៉ង់ ល្បីល្បាញជាងលោកហ្សាល ដឺហ្គោល វីរបុរសនៃប្រទេសបារាំង ចំណែក ប៉ុល ពត នៃកម្ពុជា ល្បីល្បាញជាងអាចារ្យហែម ចៀវ ដែលទំព័រប្រវត្តិសាស្ត្រចាត់ទុកជាវីរសង្ឃប្រឆាំងអាណានិគមបារាំង។

ទោះយ៉ាងណា ការមានឈ្មោះល្បីតាមរយៈអំពើព្រៃផ្សៃ អមនុស្សធម៌ គ្មានអ្នកណាចង់បានទេ ប៉ុន្តែ មកពីបុគ្គលនោះ បានកសាងអំពើអាក្រក់ដោយមិនដឹងខ្លួន ឬធ្វើជ្រុលជ្រួស លុះចែកឋានទៅ ក៏មានឈ្មោះអាស្រូវក្នុងប្រវត្តិសាស្ត្រ។ យ៉ាង ណាមិញ មេដឹកនាំខ្មែរក្រហម កាលនៅកាន់អំណាច មិនបានដឹងថា ខ្លួនធ្វើជ្រុលជ្រួស ឬជាតិនិយមជ្រុលនោះទេ លុះដល់ តុលាការសាលាក្តីខ្មែរក្រហម ជីកគាស់សកម្មភាពពួកគាត់ពីអតីតកាល ទើបដឹងថា មកពីពួកគាត់បញ្ជាឱ្យជម្លៀសប្រជាពលរដ្ឋ ចេញពីទីក្រុង និងបញ្ជាឱ្យបោសសម្អាតខ្មាំងស៊ីរូងផ្ទៃក្នុង បង្ខំឱ្យពលរដ្ឋធ្វើការហួសកម្លាំង ទើបបណ្តាលឱ្យជនជាតិឯងស្លាប់ រាប់លាននាក់។ ដូច្នេះ ការមានឈ្មោះល្បីខាងប្រល័យពូជសាសន៍ ទោះជាពួកគាត់មិនចង់បាន ក៏សាធារណជនទាំងជាតិ និង អន្តរជាតិ បានដាក់ឱ្យពួកគាត់ ដែលត្រូវទទួលដោយខានមិនបាន។

ដូច្នេះយើងឃើញថា “ទូកនៅកំពង់នៅ” បើទូកនោះគ្មានហូរប្រេងម៉ាស៊ីន នឹងធ្វើឱ្យកំពង់នោះស្អាត គ្មានក្លិនឆួល ប្រេង ប៉ុន្តែបើជាទូកចាស់ មានការហូរប្រេងនោះ ច្បាស់ណាស់ថា កំពង់នោះនឹងជាប់ក្លិនឥន្ធនៈឆួលច្រមុះមិនខានឡើយ។ តើមាន កូនចៅប្រជារាស្ត្រណាដែលបំភ្លេចព្រះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រនោះ? ព្រះអង្គសោយព្រះទិវង្គតមែន ប៉ុន្តែ ព្រះកេរ្តិ៍គង់នៅជានិរន្តរ៍ក្នុងក្រអៅបេះដូងកូនចៅប្រជារាស្ត្រខ្មែរ។ ទោះបីជានាវាដ៏ធំ នេះ រសាត់បាត់ទៅក្នុងលម្ហសាគរទៅហើយក្តី ក៏កំពង់ផែ ទីចតនាវានេះមិនរសាត់ទៅណាឡើយ។

ដោយឡែក ទូកបណ្ឌិតកែម ឡី ទោះបីរសាត់បាត់ទៅក្នុងផ្ទៃជលសា ក៏កំពង់នៅតែមានសកម្មភាពទទួលទូកដទៃទៀត ឱ្យចូលចត មិនប្រែប្រួលទៅណា។ ការត្រួតត្រាយផ្លូវក្នុងការវិភាគសង្គម របស់លោកបណ្ឌិត នឹងត្រូវមនុស្សស្រករក្រោយ យកជាគំរូ គឺមានន័យថា មនុស្សស្រករក្រោយនេះឯង ជាអ្នកបន្តវេនចូលចតក្នុងកំពង់ដែលលោកបណ្ឌិតកែម ឡី បន្សល់ទុក

សរុបទៅ “ទូកទៅ កំពង់នៅ” មានន័យយ៉ាងនេះឯង។ ហេតុនេះបុគ្គលទាំងឡាយណាដែលចង់ក្លាយជាមនុស្សល្បី ទោះ ស្លាប់ទៅក៏កាន់តែល្បីទ្វេឡើងនោះ លុះត្រាតែហ៊ានលះបង់អ្វីៗ ដើម្បីប្រយោជន៍ជាតិដូចបណ្ឌិតកែម ឡី។ មរណភាពនេះ អ្នកណាក៏សោកស្តាយដែរ គ្មានអ្នករិះគន់បន្ទាបបន្ថោកនោះទេ ដែលការលីកតម្កើងនេះស្តែងឱ្យឃើញថា ជីវិតមនុស្ស បាត់បង់ ទៅ តែកេរ្តិ៍ឈ្មោះល្អប្រពៃគង់នៅមិនសាបសូន្យ

 

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES