Friday, March 29, 2024
Homeសេដ្ឋកិច្ចជាតិកម្ពុជា​ដណ្តើម​ពាន​រង្វាន់ ស្ទើរ​តែ​ទាំង​អស់​ក្នុង​ការ​ប្រកួត​ប្រជែង​ផែន​ការ​អាជីវ​កម្ម

កម្ពុជា​ដណ្តើម​ពាន​រង្វាន់ ស្ទើរ​តែ​ទាំង​អស់​ក្នុង​ការ​ប្រកួត​ប្រជែង​ផែន​ការ​អាជីវ​កម្ម

ភ្នំពេញ ៖ ក្រុមសហគ្រិនវ័យក្មេងកម្ពុជាបានដណ្តើមពានរង្វាន់ស្ទើរតែទាំងអស់ ក្នុងការប្រកួតការរៀបចំផែនការអាជីវកម្ម ដែលបានធ្វើនៅប្រទេសឡាវកាលពីដើមសប្តាហ៍នេះ។

លោកឌិន សុមេធារិទ្ឋប្រធានសមាគមសណ្ឋាគារកម្ពុជា ដែលជាគណៈមេប្រយោគមួយរូបក្នុងចំណោម៥រូប ដើម្បីផ្តល់ពិន្ទុពីការរៀបចំផែនការអាជីវកម្ម ដែលមានការចូលរួម ពីអ្នករៀបចំផែនការអាជីវកម្មមកពីប្រទេសកម្ពុជា ថៃនិងប្រទេសឡាវម្ចាស់ផ្ទះបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ កក្កដានេះថា ការប្រកួតផែនការអាជីវកម្មនេះរៀបចំដោយអង្គការJICA និងអង្គការJETRO ជាលើកទី១នៅប្រទេសឡាវ ដែលប្រទេសចំនួនបីបានចូលរួម ហើយប្រទេសនិមួយៗតម្រូវឲ្យមានក្រុមប្រកួតប្រជែងចំនួន៤ក្រុម ជាលទ្ឋផលកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ លេខ២ លេខ៤ និងលេខ៦។

លោកបន្តថា “ប្រទេសថៃ និងអង្គការJICAមានការភ្ញាក់ផ្អើលចំពោះលទ្ឋផល ដែលកម្ពុជាទទួលបាននាពេលនេះ ព្រោះកម្ពុជាមិនធ្លាប់ឈ្នះពីមុនមកទេ”។លោកបន្តថា ការទទួលបានពានរង្វាន់នេះ ដោយសារយើងបានរៀបចំត្រៀមជាមុនរយៈពេលមួយថ្ងៃ មុនចាប់ផ្តើមប្រកួត។នេះជាកិត្តិយសរបស់កម្ពុជា”។

មេប្រយោគចូលរួមដាក់ពិន្ទុក្នុងការប្រកួតនេះ មានមកពីប្រទេសឡាវមួយរូប កម្ពុជាមួយរូប ប្រទេសថៃមួយរូប មកពីអង្គការJICA មួយរូប និងអង្គការJETROមួយរូប។

លោកឌិន សុមេធារិទ្ឋបានបន្តថា ការរៀបចំប្រកួតផែនការអាជីវកម្មលើកទី២នឹងធ្វើនៅកម្ពុជា ដោយលោករំពឹងនឹងអញ្ជើញប្រទេសចូលរួមច្រើនជាងឆ្នាំនេះ ប៉ុន្តែ អ្វីៗវាអាស្រ័យលើថវិកា ដែលអង្គការJICA និងអង្គការJETROផ្តល់សម្រាប់រៀបចំកម្មវិធីនេះ។លោកបន្តថា បុគ្គលដែលបានឈ្នះពានរង្វាន់នាឆ្នាំនេះ ត្រូវធ្វើយ៉ាងណាឲ្យគំរោងដែលបានឈ្នះក្នុងកម្មវិធីនេះចេញជារូបរាង ហើយយើងកំពុងពិចារណាថាតើត្រូវគាំទ្រគំរោងនោះយ៉ាងដូចម្តេច។

៧៨៩

លោកសោម សម្បត្តិនាយកប្រតិបត្តិក្រុមហ៊ុនCAMPAINថ្នាំព៌ណជាតិដែលបានដឹកនាំចូលរួមក្នុងការប្រកួតប្រជែងនោះបានថ្លែងថា ផលប្រយោជន៍ដែលយើងទទួលបានពីជ័យជំនះនេះ គឺជាកិត្តិយស និងជាមោទនៈភាពសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ព្រោះគោលដៅរបស់យើង គឺយើងចង់ជួយបណ្តុះបណ្តាលសហគ្រិនកម្ពុជាឲ្យមានស្មារតីសហគ្រិន មានគំនិតដុះដាលក្នុងការធ្វើអាជីវកម្ម បើទោះជាបច្ចុប្បន្នមានការបណ្តុះបណ្តាលសហគ្រិនផុលផុសនៅកម្ពុជាក្តី ប៉ុន្តែបើធៀបជាមួយប្រទេសរីកចំរើននៅក្នុងតំបន់ កម្រិតបណ្តុះបណ្តាលរបស់យើងនៅមានកម្រិតតិចណាស់។

លោកបន្តថា “អ្នករៀបចំកម្មវិធីនេះពួកគេជួយរៀបចំជាថ្នាល ដើម្បីបណ្តុះបណ្តាលសហគ្រិនរបស់យើង ជួយជាមធ្យោបាយដល់យើង ពោលគឺពួកគេជួយជាគំនិត ស្មារតីដល់យើង”។លោកបន្តថា “ដើមទុនពិតជាសំខាន់ តែអ្វីកាន់តែសំខាន់គឺ គំនិតច្នៃប្រឌិត និងការធ្វើយ៉ាងណាជួយប្រជាពលរដ្ឋរបស់យើងឲ្យមានគំនិតចេះរកស៊ី និងធ្វើអាជីវកម្មឲ្យទទួលបានជោគជ័យ។

លោកសោម សម្បត្តិបានបន្តថា អ្នកឈ្នះក្នុងកម្មវិធីនេះមិនបានទទួលទឹកប្រាក់នោះទេ ពួកគេទទួលបានតែពានរង្វាន់ និងវិញ្ញាបនបត្រជាប័ណ្ណសរសើរមួយប៉ុណ្ណោះ ក្រៅពីនោះនឹងត្រូវអញ្ជើញទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនរយៈពេលមួយសប្តាហ៍នៅខែវិច្ឆិកាខាងមុខនេះ។

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES