Thursday, March 28, 2024
Homeសេដ្ឋកិច្ចជាតិCentury 21 កម្ពុជា ពង្រីកទីផ្សារខុនដូក្រៅប្រទេស

Century 21 កម្ពុជា ពង្រីកទីផ្សារខុនដូក្រៅប្រទេស

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍ខុនដូ នៅរាជធានីភ្នំពេញ មានសន្ទុះកើនឡើងយ៉ាងខ្លាំង បើប្រៀបធៀបជាមួយនឹង រយៈពេលមុនៗ។ គិតរហូតមកដល់ពេលបច្ចុប្បន្ន មានគម្រោងអគារខុនដូ ទាំងសាងសង់ហើយ និងកំពុងដំណើរការ សាងសង់ សរុបចំនួន១១០គម្រោង ស្មើនឹង១៤៨អគារ គិតជាយូនិត មានចំនួនប្រមាណជា៣៦.៧៤២ឯកតា។

ថ្វីបើគម្រោងអភិវឌ្ឍន៍យូនិតខុនដូ ខាងលើ មានចំនួនច្រើនគួរឱ្យកត់សម្គាល់ដូច្នេះក៏ដោយ ក៏តម្រូវការក្នុងស្រុក ដែលគេមើលឃើញ ហាក់ដូចជាពុំបានស្រូបយកលឿន មានសមាមាត្រទៅនឹង ចំនួននៃយូនិតខុនដូ ដែលកំពុងដំណើរការទាំងអស់នោះដែរ នេះបើគេធ្វើការប្រៀបធៀប ជាមួយនឹងការស្រូបយក ដែលមាននៅក្នុងទីផ្សារ នៃទីក្រុងបាងកក និងទីផ្សារនៃទីក្រុងហូជីមិញ។

លោកគុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកក្រុមហ៊ុន Century21 កម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោក បាននិងកំពុងតែព្យាយាមធ្វើការ ពង្រីកទីផ្សារខុនដូ ឱ្យមានលក្ខណៈកាន់តែធំឡើង តាមរយៈនៃការធ្វើដំណើរទស្សនកិច្ច យុទ្ធសាស្ត្រ និងការអភិវឌ្ឍ អាជីវកម្មសកល ទៅកាន់បណ្តាប្រទេសនានា ជាច្រើននៅជុំវិញពិភពលោក ជាពិសេស គឺក្រុមប្រទេសដែលមានមហាគ្រួសារខ្មែរ រស់នៅច្រើន តួយ៉ាងដូចជា ប្រទេសបារាំង សហរដ្ឋអាមេរិក អូស្ត្រាលី និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។

លោកគុយ វ៉ាត បានគូសបញ្ជាក់ថា “យើងទៅបើកទីផ្សារ នៅក្នុងបណ្តាប្រទេសទាំងនោះ ពីព្រោះ យើងមើលឃើញថា សព្វថ្ងៃនេះ ក្រុមហ៊ុនដែលមានលទ្ធភាពបើកទីផ្សារ នៅខាងក្រៅប្រទេស គឺមានមិន ច្រើនទេ។ បច្ចុប្បន្នយើងទៅប្រទេសជិតៗសិន ហើយជាជំហានបន្ទាប់ យើងនឹងទៅប្រទេសបារាំង អាមេរិក អូស្ត្រាលី ដែលសុទ្ធសឹង ជាប្រទេសមានប្រជាពលរដ្ឋខ្មែរយើងរស់នៅច្រើន។ គោលដៅសំខាន់បំផុតដែលយើងទៅក្រៅប្រទេស គឺបើកទីផ្សារ និងផ្សព្វផ្សាយពីប្រទេសកម្ពុជា ឱ្យគេស្គាល់ ដើម្បីឱ្យគេចូលមកទិញ និងធ្វើវិនិយោគលើវិស័យមួយនេះនៅក្នុងប្រទេស របស់យើងបានកាន់តែច្រើន”។

យោងតាមរបាយការណ៍ស្តីពី ទីផ្សារខុនដូ ប្រចាំឆមាសទី១ ឆ្នាំ២០១៦ ដែលធ្វើការផ្សព្វផ្សាយ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្នុងរាជធានីភ្នំពេញ បានឱ្យដឹងថា  ការទិញយូនិតខុនដូ ក្នុងទីក្រុងភ្នំពេញ ពីសហគមន៍អន្តរជាតិ មានប្រហែលជា៧០ភាគរយ នៃចំនួនខុនដូសរុប ដែលបានលក់ ហើយផ្អែកលើរបាយការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញថា វិស័យខុនដូនៅកម្ពុជា ពឹងផ្អែកខ្លាំងទៅលើទីផ្សារបរទេស មិនដូចជាទីផ្សារទីក្រុងបាងកក និង ហូជីមិញ ជាដើម ដែលមានតម្រូវការក្នុងស្រុកខ្លាំង។

ផ្អែកតាមការកត់សម្គាល់ នៃរបាយការណ៍ខាងលើ មានកម្លាំងជំរុញទីផ្សារ ចម្បងចំនួន៣ ចំពោះទីផ្សារខុនដូ ក្នុងទីក្រុងភ្នំពេញ។ ទី១ គឺបរិមាណទិញច្រើនពីបរទេស ជាពិសេសពីប្រទេសចិន ហុងកុង តៃវ៉ាន់ ជប៉ុន និងសិង្ហបុរី។ បរិមាណទិញច្រើន ពីបណ្តាប្រទេសទាំងនោះ កើតឡើង គឺដោយសារតម្រូវការបឋម ដែលអ្នកទិញសម្លឹងឃើញ ប្រាក់ចំណេញនៅពេល លក់វិញក្នុងទីផ្សារបន្ទាប់។ ទី២ គឺការទិញពីសំណាក់ជនបរទេស ដែលមកស្នាក់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា និងទី៣ គឺទំនោរនៃការ ទិញពីសំណាក់ក្រុមយុវជនក្រោមអាយុ៣០ឆ្នាំ ដែលមានបទពិសោធន៍ធ្លាប់ទៅសិក្សា និងរស់នៅក្នុងប្រទេសអភិវឌ្ឍន៍នាពេលកន្លងមក។

តាមការកត់សម្គាល់កម្លាំង ស្រូបទាញទីផ្សារ អំឡុងឆមាសដំបូង នៃឆ្នាំ២០១៦ គឺ៤៦ខែ ដែលមានន័យថា គម្រោងខុនដូនីមួយៗ ជាមធ្យមអាចត្រូវការពេល៤៦ខែ ក្នុងការលក់ចេញ នូវចំនួនយូនិត សរុបរបស់គេ ដែលរយៈពេលនេះយឺតជាងការលក់ នៅក្នុងប្រទេសថៃ ដែលគ្រាលំបាកបំផុត គេអាចលក់អស់ សម្រាប់គម្រោងខុនដូមួយ ក្នុងរយៈពេលជាមធ្យម តែប្រមាណជា១៦ខែនោះ។

លោក Seraj Sutton ក្រុមអភិវឌ្ឍន៍យុទ្ធសាស្ត្រ អាជីវកម្មសកលលោក នៃក្រុមហ៊ុន Century21 កម្ពុជា បានមានប្រសាសន៍ថា ក្រុមហ៊ុននឹងធ្វើដំណើរទស្សនកិច្ច រយៈពេលពេញមួយខែ នៅក្នុងខែកក្កដា នេះ ដើម្បីស្វែងរក ឱកាសសម្រាប់វិនិយោគលើអចលនទ្រព្យ នៅបរទេសដល់អ្នកវិនិយោគ នៅកម្ពុជា ក៏ដូចជាឱកាសវិនិយោគ អចលនទ្រព្យរបស់កម្ពុជា ដល់អ្នកវិនិយោគបរទេសផងដែរ។

លោក Seraj Sutton បានមានប្រសាសន៍បន្តទៀតថា “យើងមានការរំភើបរីករាយ និងមានទស្សនវិជ្ជមាន អំពីទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ដែលកំពុងអភិវឌ្ឍ ក៏ដូចជាមានមោទនភាព ក្នុងការបង្ហាញប្រទេសកម្ពុជា ឱ្យគេស្គាល់នៅទូទាំងពិភពលោក”។

លោកគុយ វ៉ាត និង Seraj Sutton
លោកគុយ វ៉ាត និង Seraj Sutton

សូមបញ្ជាក់ថា ក្នុងការធ្វើយុទ្ធសាស្ត្រពង្រីក ទីផ្សារខុនដូកម្ពុជា ទៅទីផ្សារបរទេសនេះ ក្រុមហ៊ុន Century 21 កម្ពុជា បានដឹកនាំក្រុមការងារ ទៅធ្វើទស្សនកិច្ចនៅក្នុង ប្រទេសចិន ហុងកុង ម៉ាកាវ តែវ៉ាន់ ថៃ សិង្ហបុរី ជប៉ុន ហើយនៅពេលខាងមុខឆាប់ៗនេះ នឹងទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បន្តទៀត។ ក្រោយពេលបញ្ចប់ដំណើរទៅកាន់ ប្រទេសទាំង៩នេះ បុគ្គលិកក្រុមហ៊ុនខាងលើនឹងធ្វើដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប៊ែលហ្សិក និង បារាំង បន្តទៀត ដើម្បីចែករំលែកព័ត៌មាន និងផ្សព្វផ្សាយអំពីការវិនិយោគអចលនទ្រព្យនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា ដំណើរទស្សនកិច្ចដំណាក់កាលទី១ ទៅកាន់ប្រទេសទាំង៩នេះ គឺជាដំណើរទស្សនកិច្ចយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍអាជីវកម្ម ហើយតាមរយៈនេះ គណៈប្រតិភូរបស់ក្រុមហ៊ុននឹងប្រើប្រាស់បណ្តាញគ្រួសារ Century21 Global ដែលមាននៅក្នុងប្រទេស ទាំងនោះនីមួយៗ ធ្វើការទាក់ទងនឹងបណ្តាញ ម្ចាស់អាជីវកម្មរបស់ប្រទេសទាំងនោះ ដើម្បីទាញយក វិនិយោគិន អ្នកលក់ និងម្ចាស់អចលនទ្រព្យ។

គួររម្លឹកឱ្យដឹងផងដែរថា ក្រុមហ៊ុន Century 21 គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យ ដែលធំបំផុត នៅក្នុងពិភពលោក ហើយក៏ជាក្រុមហ៊ុនផ្តល់សិទ្ធិអាជីវកម្មផ្នែក អចលនទ្រព្យថ្នាក់កំពូល នៅក្នុងសហរដ្ឋអាមេរិក ដែលមានឯកទេសលើសេវាកម្ម ភ្នាក់ងារអចលនទ្រព្យ ផ្នែកខាងលំនៅដ្ឋាន។ ក្រុមហ៊ុននេះបានមកដល់ ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤។ បច្ចុប្បន្ន ក្រុមហ៊ុនយក្សមួយនេះមានការិយាល័យចំនួន៧.១០០តាំង នៅក្នុងប្រទេសចំនួន៧៨ នៅជុំវិញ ពិភពលោក៕                                                   ជុន សុផល

03

 

RELATED ARTICLES