Thursday, March 28, 2024
Homeបរិយាយអ្នក​ពូកែ​និយាយ គឺជា​អ្នក​ពូកែ​កុហក

អ្នក​ពូកែ​និយាយ គឺជា​អ្នក​ពូកែ​កុហក

សុភាសិតអង់គ្លេស១ឃ្លា ចែងថា អ្នកពូកែនិយាយ គឺជាអ្នកពូកែកុហក” (Great talkers are great liars)មានន័យ ត្រង់ភ្លឹង មិនបញ្ឆិតបញ្ឆៀងដូចសុភាសិតមួយចំនួននោះឡើយ។ អ្នកពូកែនិយាយ គឺការប្រើភាសាតាមជាតិសាសន៍នីមួយៗ ដែលភាសាចែកជា២គឺ ភាសានិយាយ និង ភាសាសរសេរ។ ចំពោះអ្នកពូកែលើភាសានិយាយ មានតាំងពីអាចារ្យវត្ត អ្នកលេងប៉ាហីុលក់ថ្នាំបុរាណ អ្នកបញ្ចូលសំឡេងកុន រហូតដល់អ្នកនយោបាយ ពោលគឺបុគ្គលទាំងអស់នេះ ពូកែវោហារ ណាស់ ច្បាស់ជាមានកុហកខ្លះមិនខានឡើយ ដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

អ្នកពូកែនិយាយ ពុំមែនកើតឡើងពីការរៀនសូត្រនោះឡើយ ប៉ុន្តែ វាជាឧបនិស្ស័យពីកំណើតតែម្តង គឺគេនិយាយមិនចេះទាល់ ដែលជួនកាល គេយកវោហារសាស្ត្រនេះធ្វើជាអាជីពតែម្តង។ ធម្មតាអាចារ្យវត្ត បើគាត់មិនពូកែនិយាយ គឺមិនអាចកាន់ក្បាលមីក្រូឃោសនារកបច្ច័យកសាងវត្តបានឡើយ ដែលការឃោសនារបស់គាត់មានពិត មានភូតភរ ដើរទន្ទឹម គ្នារហូត។ រីឯអ្នកលេងប៉ាហីុលក់ឱសថបុរាណ បើគាត់មិនពូកែវោហារ ច្បាស់ជាលក់ថ្នាំមិនដាច់ ដូច្នេះគាត់ត្រូវមានវិធីសាស្ត្រ និយាយត្រង់ផង កុហកផង លៃយ៉ាងណាឱ្យអ្នកទិញថ្នាំជឿជាក់។ នេះសម្រាប់ភាសានិយាយ ប៉ុន្តែ បើជាភាសាសរសេរវិញ សំដៅដល់អ្នកនិពន្ធប្រលោមលោក ឬសរសេរសេណារីយ៉ូភាពយន្ត ជាដើម វាមានការពិត មានកុហក បញ្ចេញបញ្ចូលតាម សិល្ប៍វិធី ឯអ្នកអានរឿងប្រលោមលោកនោះ ក៏ដឹងថា ជារឿងកុហកដែរ តែគេនៅតែអាន ព្រោះជាសិល្បៈ។

កាលពីសម័យសង្គមរាស្ត្រនិយម ដែលខ្មែរយើងចាប់ផ្តើមនាំចូលឧគ្ឃោសនសព្ទ (មីក្រូ) និងបង្កើតបណ្តាញទូរស័ព្ទខ្សែ មុននឹងចាប់ផ្តើមនិយាយ គេប្រើពាក្យថា អម្ភោ!” (អាំភោ) ជាភាសាបាលី មានន័យថា ម្នាលអ្នកទាំងឡាយ!” ដូចជា តាអាចារ្យម្នាក់ ពេលចាប់ក្បាលមីក្រូនិយាយ គាត់ថា អម្ភោ! អម្ភោ!” ប៉ុន្តែ សព្វថ្ងៃពាក្យចាស់នេះ រលុបរលាយបាត់ទៅ ហើយ ដោយគេយកពាក្យអាឡូ!” មកជំនួសវិញ។ តាអាចារ្យដែលផ្តើមនិយាយដោយប្រើពាក្យអម្ភោ!” នោះ រអិលមាត់ដូចលាបខ្លាញ់ ដែលអ្នកស្រុកថា គាត់ រត់មីក្រូស្រួលណាស់!” ព្រោះនិយាយមិនចេះទាល់។ ពាក្យ រត់មីក្រូ សព្វថ្ងៃ ក៏បាត់អស់ទៀត នៅសល់តែពាក្យថា អ្នកពូកែនិយាយ វាគ្មិន ដែលអាចសរុបបានថា អ្នកពូកែនិយាយ សរសេរ អត្ថបទមិនបានល្អទេ ប៉ុន្តែ អ្នកពូកែសរសេរ បែរជានិយាយមិនសូវចេញទៅវិញ ដែលអ្នកទាំងពីរនេះ ចេះកុហកដូចគ្នា។

សព្វថ្ងៃយើងឃើញថា អ្នកនយោបាយស្ទើរតែទាំងអស់សុទ្ធតែពូកែនិយាយ ឬ រត់មីក្រូ នេះឯង ពោលគឺ ពេលឃោសនានយោបាយម្តងៗ រអិលមាត់ដូចលាបខ្លាញ់ ប៉ុន្តែ ពេលគាត់សរសេរក្នុងហ្វេសប៊ុក មានភាពរអាក់រអួល កន្លែងខ្លះ មើលមិនយល់។ ចំពោះការនិយាយនោះ ចំណុចខ្លះក៏មានកុហក មានបញ្ចេញបញ្ចូលដោយភាពបិុនប្រសប់ ប៉ុន្តែ បើអ្នកស្តាប់មិនចេះពិចារណា ច្បាស់ជាជឿគាត់មិនខាន។ តាំងពីមានឃាតកម្មដ៏ឃោរឃៅទៅលើលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញមក យើងសង្កេតឃើញអ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្ស ប្រើភាសានិយាយឆ្លើយឆ្លង កាច់កុងគ្នាទៅតាមភាពបិុនប្រសប់របស់ខ្លួន។ ខ្លះទៀតបានប្រើភាសាសរសេរក្នុងហ្វេសប៊ុក តទល់គ្នា ខ្លះថាអ៊ីចេះ ខ្លះថាអ៊ីចុះ រកភាពប្រាកដនិយមមិនឃើញ។ កាលលោកបណ្ឌិតកែម ឡី នៅមានជីវិត មិនសូវឃើញអ្នកនយោបាយណានិយាយពីសកម្មភាពរបស់បណ្ឌិតនេះទេ លុះដល់គាត់ស្លាប់ ស្រាប់តែអ្នកនយោបាយគាស់កកាយរឿងពិតខ្លះ មិនពិតខ្លះ ពាក់ព័ន្ធទៅនឹងឆាកជីវិតរបស់អ្នកវិភាគសង្គមដ៏ល្បីល្បាញនេះ។ សព្វថ្ងៃកុំថាឡើយតែអ្នកនយោបាយជាន់ខ្ពស់ សូម្បីអ្នកគាំទ្រនយោបាយល្អិតល្អោច ក៏ព្យាយាមបញ្ចេញទស្សនៈយ៉ាងនេះយ៉ាងនោះ ពោលគឺបើអ្នកពូកែនិយាយ ក៏បញ្ចេញបញ្ចូលថែមថយ បណ្តាលឱ្យសច្ចភាព ក្លាយទៅជា មុសាវាទ។ មនុស្សក្បាលខ្មៅដែលរុំស្រោបដោយលោភៈ ទោសៈ មោហៈ បើប្រាថ្នាចង់បានអ្វីមួយ ចាំបាច់ត្រូវតែចេះនិយាយកុហកខ្លះទើបបាន។ ឧទាហរណ៍រឿង អាកុហកសីុ ក្នុងរឿងព្រេងខ្មែរ ដែលតំណាលពី ក្មេងកំហូចម្នាក់ ចង់កាប់ជ្រូកដែលម៉ែវាចិញ្ចឹម ដើម្បីបានសីុឱ្យឆ្អែតស្កប់ស្កល់ហល់ពោះ ក៏បែកគំនិតកុហកម៉ែឱ្យទៅព្រៃ រួច កូនកំហូចនោះវិលមកផ្ទះវិញកាប់ជ្រូកសីុទាល់តែបាន។ នៅក្នុងរឿង មហោសថជាតក ក៏បានតំណាលពីអាចារ្យទាំង៤ ជា មនុស្សវង្វេងនឹងលាភសក្ការៈ ក៏បែកគំនិតកុហកស្តេចឱ្យធ្វើតាមទស្សនៈរបស់ខ្លួន ប៉ុន្តែការភូតភរនោះ ត្រូវតួអង្គព្រះពោធិសត្វ រកភ័ស្តុតាងឃើញ ដោយរុញអាចារ្យទាំង៤ ឱ្យដល់ផ្លូវទាល់។

ឥឡូវករណីឃាតកម្មទៅលើអ្នកវិភាគសង្គមដ៏ល្បីនេះ ក៏មានអ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្ស បញ្ចេញបញ្ចូលដណ្តើមគ្នាយកសពធ្វើអាជីវកម្មតែរៀងៗខ្លួន។ ជួនកាលអ្នកពូកែកុហក បានយកអ្នកពូកែកុហកដូចគ្នាជាមិត្ត ធ្វើឱ្យប្រជាពលរដ្ឋក្តាប់ចំណុចខ្សោយបាន ដោយហេតុថា រាស្ត្រសម័យវិទ្យាសាស្ត្រជឿនលឿននេះ មិនមែន កង្កែបក្នុងអណ្តូង នោះទេ។ ប្រជារាស្ត្រសព្វថ្ងៃ មានវិទ្យុស្តាប់ មានទូរទស្សន៍មើល មានហ្វេសប៊ុកឆែកមើល មានកាសែតអាន មានទូរស័ព្ទ ឆ្លើយឆ្លង ដឹងព័ត៌មានរំលងទ្វីប មិនល្ងង់អីឱ្យអ្នកនយោបាយ ឬអ្នកបម្រើនយោបាយកុហកបានតាមចិត្តនោះឡើយ។ ដើម្បីតទល់នឹងអ្នកពូកែកុហក ចាំបាច់ត្រូវតែមាន ភ្នែកសាច់ មិនសម្រេចដូចភ្នែកប្រាជ្ញា ពោលគឺបើមានគេប្រាប់ឱ្យតាមដាន រឿងអ្វីមួយ ដូចជាឃាតករសម្លាប់លោកកែម ឡី ជាដើម បើមើលនឹងភ្នែកសាច់ វាមិនបានការអ្វីទេ ប៉ុន្តែគេត្រូវយកភ្នែកប្រាជ្ញាមកពិនិត្យ ទើបឃើញច្បាស់។ គួរយល់ថា មនុស្សធ្លាប់និយាយកុហក ពេលនិយាយត្រង់ គេមិនជឿ យ៉ាងណាមិញ អ្នកពូកែវោហារសាសព្ទ ឧស្សាហ៍យករឿងមិនពិតមកថ្លែងឱ្យគេស្តាប់ លុះគាត់និយាយត្រង់ ច្បាស់ជាគ្មានអ្នកណាជឿគាតទេ។

ការឆ្លើយឆ្លងគ្នាតាមហ្វេសប៊ុក លាយឡំដោយពាក្យពិតនិងមិនពិតនោះ បានត្រឹមនាំមកនូវជម្លោះរវាងខ្មែរនិងខ្មែរ មិនចេះចប់ ជាពិសេស ការញុះញង់ស៊កសៀត វានាំឱ្យបាត់បង់ឯកភាពជាតិ។ បើការនិយាយកុហក ឬសរសេរកុហកនោះ នាំឱ្យកើតស្រូវអង្ករ កើតផលប្រយោជន៍ដល់សាធារណជន មិនអីទេ ដូចរឿងព្រះពុទ្ធអង្គ កុហកព្រះនន្ទត្ថេរ ជាព្រះអនុជ ឱ្យខំធ្វើសមាធិទៅ ព្រះអង្គនឹងរកស្រីទេពអប្សរមកថ្វាយ លុះព្រះអនុជជឿ ក៏ខំធ្វើសមាធិប្រាថ្នាចង់បានស្រីសួគ៌ ក៏ស្រាប់តែបានសម្រេចមគ្គផលដល់ព្រះអរហត្តនោះ គឺជាការភូតភរដ៏ឧត្តម។ ព្រះពុទ្ធអង្គ ក៏ពូកែនិយាយ ឬពូកែទេសនា បញ្ចុះបញ្ចូល ពុទ្ធបរិស័ទដែរ ប៉ុន្តែ ព្រះអង្គមិនដែលកុហកបុគ្គលណាទេ ផ្ទុយទៅវិញ បើព្រះអង្គកុហក លុះត្រាតែធ្វើឱ្យគេបានចំណេញ មិននាំអន្តរាយដល់គេ ទើបព្រះអង្គធ្វើ។ ចំណែកអ្នកនយោបាយសព្វថ្ងៃនេះ បើគាត់ចេញក្បួនភរ ច្បាស់ជាវរវឹកទទឹកស្លាប ទាំងអស់គ្នាមិនខាន ដែលចាំបាច់ត្រូវតែមានការកែលម្អ ដើម្បីឯកភាពជាតិ។

សរុបទៅអ្នកពូកែនិយាយ គឺជាអ្នកពូកែកុហក គឺមានន័យយ៉ាងនេះឯង។ ការញុះញង់បំបែកបំបាក់ ចាក់ដោតគ្នា ធ្វើឱ្យគេអន្តរាយ វានាំបាបកម្មដល់បុគ្គលកុហកគេនោះ ឱ្យរងផលវិបាកផ្សេងៗ បើសិនជាការភូតភររបស់ខ្លួនគ្មានប្រសិទ្ធភាព។ ដូចយើងលើកឡើងខាងលើរួចមកហើយថា ប្រជារាស្ត្រសម័យនេះ បានប្រើភ្នែកប្រាថ្នា មើលធ្លុះស្ថានការណ៍នយោបាយក្នុងសង្គម ដែលអ្នកនយោបាយមិនអាចកុហកពួកគាត់បានឡើយ ប៉ុន្តែ បើអ្នកនយោបាយនៅតែមិនចោលក្បួនភរ កាឡៃ បំភ្លៃសជាខ្មៅ អាក្រក់ជាល្អ ដើម្បីតែប្រយោជន៍បក្សនោះ បានត្រឹមនាំឱ្យបាត់បង់ការគាំទ្រតែប៉ុណ្ណោះ

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES