Friday, April 19, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី ថា មុន​ស្លាប់​1ខែ លោក កែម ឡី នាំ​ប្រពន្ធ​ជួប​លោក​កឹម សុខា

លោក​សម រង្ស៊ី ថា មុន​ស្លាប់​1ខែ លោក កែម ឡី នាំ​ប្រពន្ធ​ជួប​លោក​កឹម សុខា

ភ្នំពេញ ៖ ប្រមុខដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានលើកឡើងថា នៅមុនពេល ទទួលរងនូវការបាញ់សម្លាប់1ខែ លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ និងជាអ្នកវិភាគឯករាជ្យបាននាំភរិយារបស់លោក ទៅជួបសួរសុខទុក្ខ លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងបានផ្តល់ជាគំនិត ល្អៗជូនគណបក្សសង្គ្រោះជាតិ ក្នុងការរៀបចំ នយោបាយគណបក្សប្រឆាំង នេះ ទៀតផង។

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកនៅថ្ងៃទី12 ខែកក្កដា ឆ្នាំ2016 ថា “ប្រមាណមួយខែមុនគេបាញ់សម្លាប់ លោក កែម ឡី លោកកែម ឡី ជាមួយភរិយាលោក បានមកសួរសុខទុក្ខលោកកឹម សុខា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី 03 ខែមិថុនា ឆ្នាំ2016. លោកកែម ឡី តែងតែផ្តល់គំនិតល្អៗជូនគណបក្សសង្គ្រោះជាតិ ដើម្បីជួយរៀបចំកម្មវិធីនយោបាយរបស់គណបក្ស ជាពិសេសក្នុងវិស័យវិមជ្ឈការ និងលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន”។

ទាក់ទងទៅនឹងការបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តាម៉ាតស្ថានីយប្រេងកាល់តិច (ស្តុបបូកគោ) នេះដែរ កាលពីថ្ងៃទី10 ខែ កក្កដា ឆ្នាំ2016 នៅប៉ុន្មានម៉ោងក្រោយកើត មានករណីបាញ់សម្លាប់លោកកែម ឡី លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា “ខ្ញុំសូមលំឱនកាយគោរព វិញ្ញាណក្ខន្ធលោកកែម ឡី ដែលត្រូវបានគេ បាញ់សម្លាប់ថ្ងៃនេះ នៅទីក្រុងភ្នំពេញ។ លោក កែម ឡី ជាកូនខ្មែរដ៏ឆ្នើមមួយរូប ដែលបាន ចូលរួមយ៉ាងសកម្មក្នុងការទាមទារលិទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌ ជូនប្រជារាស្ត្រខ្មែរ។ លោកមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយមានទេពកោសល្យ និងសក្តានុពលនយោបាយគួរឱ្យកត់សម្គាល់។ ដោយសារតែលោកជាគ្រោះថ្នាក់ នយោបាយសម្រាប់ពួកគេម្ខាងទៀត បានជា ពួកគេម្ខាងទៀតនោះ បានជួលឃាតករឱ្យសម្លាប់ លោកកែម ឡី ដូចគេបានជួលឃាតករ កាល ពីអតីតកាលថ្មី²នេះ ឱ្យសម្លាប់លោកជា វិជ្ជា និងលោកឈុត វុទ្ធី ដែលជាកូនខ្មែរដ៏ឆ្នើមពីរ រូបទៀត ដែលបានចេញមុខការពារផលប្រយោជន៍ ប្រជារាស្ត្រខ្មែរ ដូចលោកកែម ឡី អ៊ីចឹងដែរ។ ដូចចំពោះការវាយប្រហារដោយគ្រាប់បែក កាល ពីថ្ងៃ30 មីនា 1997 នៅទីក្រុងភ្នំពេញ ហើយ ដូចចំពោះការបាញ់សម្លាប់កណ្តាលថ្ងៃ ក្រោយ មកជាបន្តបន្ទាប់ នូវអ្នកប្រឆាំងដទៃទៀតដែល ហ៊ានទិតៀនរដ្ឋាភិបាលអ៊ីចឹងដែរ ការបាញ់ សម្លាប់លោកកែម ឡី ថ្ងៃនេះ ជាអំពើភេរវកម្ម មួយទៀត រៀបចំដោយរដ្ឋអំណាច”។

ប្រតិកម្មឆ្លើយតបទៅនឹងការលើកឡើង របស់លោកសម រង្ស៊ី ដែលថា ករណីសម្លាប់ លោកកែម ឡី ត្រូវបានរៀបចំឡើងដោយរដ្ឋអំណាចនោះ លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណះរដ្ឋមន្ត្រី បាន ថ្លែងថា លោកសម រង្ស៊ី បានលាបពណ៌ធ្ងន់ធ្ងរ មកលើរាជរដ្ឋាភិបាល ហើយលោកបានហៅ ទង្វើរបស់លោកសម រង្ស៊ី គឺដើម្បីតែអំណាច ផ្ទាល់ខ្លួនប៉ុណ្ណោះ។

លោកផៃ ស៊ីផាន បានសរសេរនៅលើ ទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពី រសៀលថ្ងៃទី13 ខែកក្កដា ឆ្នាំ2016ថា “ការសុំជួបចរចារបស់គណបក្សប្រឆាំង CNRP ជាមួយនិង CPP ក្នុងគោលបំណងជជែកកុំឱ្យ មានការលាបពណ៌ទៅវិញទៅមកជុំវិញឃាតកម្ម សម្លាប់ លោកបណ្ឌិតកែម ឡី គឺជាបំណងចង់ ការពារនៃការចោទប្រកាន់ជាសាធារណះ តាមរយះ Facebook របស់លោកសម រង្ស៊ី ដែល បានផ្សព្វផ្សាយកាលពីថ្ងៃទី10 ខែកក្កដា 2016. ការប្រឌិតបរិហារកេរ្តិ៍ ដែលលោកសម រង្ស៊ី ធ្វើ ឡើង មិនត្រឹមតែបំភ័ន្តមតិជាតិនិងអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាទឡ្ហីករណ៍សម្រាប់សម្ព័ន្ធ ផ្សព្វផ្សាយរបស់ពួកគេ ក្នុងការដាក់ចូលក្នុង របាយការណ៍ក្នុងកិច្ចចោទប្រកាន់មកលើរាជ រដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ដើម្បីផ្លូវ ច្បាប់តែប៉ុណ្ណោះ”។

លោកផៃ ស៊ីផាន បានសរសេរបន្តថា “លោកសម រង្ស៊ី ជាអ្នកនយោបាយមាត់ដាច ភូតភរ ដើម្បីស្វែងរកអំណាចផ្ទាល់ខ្លួន មិនរន្ធត់ ក្នុងការយកឈាមខ្មែរ ដើម្បីអំណាចផ្ទាល់ខ្លួន នោះឡើយ ដែលលោកបានសរសេរថា “ការ បាញ់សម្លាប់លោកកែម ឡី ថ្ងៃនេះ ជាអំពើ   ភេរវកម្មមួយទៀត រៀបចំដោយរដ្ឋអំណាច” នេះគឺជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ដែលគ្មាន មូលដ្ឋាន។ អាស្រ័យហេតុនេះ មានតែផ្លូវច្បាប់ នោះទេ ដែលអាចការពារសេចក្តីថ្លៃថ្នូររបស់ រដ្ឋអំណាច ក្នុងកិច្ចការពារ និងបម្រើប្រជាពលរដ្ឋ…”៕

RELATED ARTICLES