Friday, March 29, 2024
Homeកីឡាជាតិកីឡាករ​ កែវ​ រំ​ចង់​ ខាន​ឡើង​ប្រកួត​ដោយ​សារ​តែ​ជំងឺ​តម្រង​នោម​

កីឡាករ​ កែវ​ រំ​ចង់​ ខាន​ឡើង​ប្រកួត​ដោយ​សារ​តែ​ជំងឺ​តម្រង​នោម​

ភ្នំពេញ ៖ កីឡាករកែវ រំចង់ ការបាត់មុខប្រមាណជា៦ខែ មកនេះដោយសារជំងឺតម្រងនោមដែលកំពុងព្យាបាលនៅស្រុកកំណើត ហើយមួយរយៈ ចុងក្រោយតាំងពី ចុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ ត្រូវបានគេមើលឃើញថា វ៉ៃអន់ខ្លាំងណាស់ ជាមួយកីឡាករកម្ពុជាគ្នាឯង ដោយប្រកួតទាំង ដណ្តើមខ្សែក្រវាត់ និងទាំងលក្ខណៈមិត្តភាព កម្រឈ្នះគូប្រកួតក្នុងស្រុកណាស់សូម្បីតែកីឡាករស្រករក្រោយ ក៏វាយកម្រឈ្នះដែរ។ តែគេនៅតែទទួលស្គាល់ថា រំចង់វាយខ្លាំង និងឈ្នះកីឡាករបរទេស មិនសូវលស់ពេលឡើយ។

កែវ រំចង់ ជាកីឡាករជើងខ្លាំង វាយអាងកម្លាំង មានអាយុ២៨ឆ្នាំ អ្នកប្រដាល់មកពីក្លឹបភ្នំទ្រព្យខេត្តព្រះវិហារមានប្រវត្តិប្រកួត រហូតដល់ទៅជាង១២០ដង ចាញ់ជាង១០ដង ស្មើ៤ដង និងធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់នៅលើសង្វៀនមិនតិចជាង៥០ដងឡើយ។ ធ្លាប់គ្រងខ្សែក្រវាត់ ចំនួន ៤ដង ទាំងប្រកួតក្នុងស្រុកនិងក្រៅស្រុក បច្ចុប្បន្នត្រូវកីឡាករវង្ស ណយ ដណ្តើមយកអស់ពីរទៅហើយ។

កែវ រំចង់ ដែលជាកីឡាករមានប្រជាប្រីយ៍ភាពជាងគេក្នុងការប្រកួតជាមួយកីឡាករបរទេស នាឆ្នាំ២០១៥ កន្លងមក មានឪពុកឈ្មោះកែវ សំអាង មុខរបរគ្រូបង្វឹក កីឡាប្រដាល់ក្បាច់ខ្មែរបុរាណ និងជាអាជីវករនៅផ្សារ នាខត្តបាត់ដំបង ចំណែកម្តាយឈ្មោះម៉ែន ចេង មុខរបរមេផ្ទះ មានបងប្អូនចំនួន៣នាក់ រូបគេជាកូន ទី៣ មាន ស្រុកកំណើតនៅភូមិអូតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ក្នុងឆ្នាំ២០១៥ កន្លងមក កែវ រំចង់ វាយ ខ្លាំង និងឈ្នះបានតែកីឡាករបរទេសប៉ុណ្ណោះ បើជាមួយកីឡាករកម្ពុជាគ្នាឯងវិញ គឺប្រកួតអន់ខ្លាំងណាស់។

កីឡាករកម្លាំងយក្ស កែវ រំចង់ ការបាត់មុខរហូត មកដល់ពេលនេះ ប្រហែលជាជិត៦ខែហើយ បន្ទាប់ពីរូបគេ បានប្រកួតជាមួយកីឡាកររុស្ស៊ីនៅសង្វៀនអប្សរា កាលពីខែមករា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ។ អ្នកគាំទ្រ ជាច្រើនចង់ឃើញរូបគេឡើងវ៉ៃបន្តទៀត។ តែរយៈពេលប៉ុន្មាន ខែចុងក្រោយនេះ រូបគេមិនបានប្រកួតឡើយ បើទោះជាមានការផ្គូផ្គង ឲ្យប្រកួតច្រើនក៏ដោយ។

ប្រការដែលរូបគេអវត្តមាននេះ គឺដោយសារតែខ្លួនមានបញ្ហាសុខភាព ពោលគឺជំងឺតម្រងនោម ដែលកំពុង ព្យាបាលនៅស្រុកកំណើត ក្នុងខេត្តបាត់ដំបង។ ហើយរូបគេមិនដឹងថា ពេលណាទើបជាសះស្បើយបានឡើង ប្រកួតវិញដែរ។

អ្នកប្រដាល់ដែលអង្រួនសង្វៀន Thai Fight កក្រើកនៅប្រទេសថៃកាលពីខែធ្នូ ឆ្នាំ២០១៥ បានឲ្យដឹងថា តាមពិតទៅមានសង្វៀនប្រដាល់ របស់ទូរទស្សន៍ក្នុងស្រុក និងកម្មវិធីប្រដាល់ នៅក្រៅប្រទេសមួយចំនួន បានទាក់ទងរូបគេឲ្យ ឡើងប្រកួត ប៉ុន្តែរូបគេ មិនទាន់អាចឡើងវ៉ៃបានឡើយ នៅពេលនេះ។ ទោះជាយ៉ាងណា រូបគេក៏ចង់ឡើងវ៉ៃ ដើម្បីបម្រើដល់អ្នកគាំទ្រ ដែលនិយមចូលចិត្តទស្សនាការប្រកួត របស់គេដែរ តែមិនអាចទៅរួចដោយសារតែជម្ងឺ។ ការប្រកួតចុងក្រោយរបស់ កែវ រំចង់ បានយកឈ្នះ កីឡាកររុស្ស៊ីឈ្មោះអ៊ីបី របស់សង្វៀនអប្សរា ដែលរៀបចំការប្រកួត នៅខេត្តព្រះសីហនុ ដើម្បីអបអរសាទរ ទិវា៧មករា ឆ្នាំ២០១៦។ ហើយចាប់ពីនោះមកក៏បាត់មុខរហូត មកដល់ពេលនេះ៕

ដោយ៖ មរកត

RELATED ARTICLES