Friday, April 19, 2024
Homeព័ត៌មានជាតិប្ដូរឈ្មោះ​ផ្សារ​ស្ទឹង​ត្រែង ​ទៅ​ជា​ "ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​" នឹង​ឲ្យ​អាជីវករ​លក់ ​ពេញ​១​ជីវិត​

ប្ដូរឈ្មោះ​ផ្សារ​ស្ទឹង​ត្រែង ​ទៅ​ជា​ “ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង​” នឹង​ឲ្យ​អាជីវករ​លក់ ​ពេញ​១​ជីវិត​

ខេត្តស្ទឹងត្រែង៖ អាជីវករផ្សារធំខេត្តស្ទឹងត្រែង បានសម្តែងការត្រេកអររកទីបំផុតគ្មាន គ្រាដែលសម្តេច បានបង្ហាញវត្តមាន នៅក្នុងផ្សារធំខេត្ត នាព្រឹកថ្ងៃ២៧កក្កដានេះ ដោយសម្តេចបានសន្យាថា នឹងជួយដោះស្រាយទុក្ខកង្វល់របស់អាជីវករ ក៏ដូចប្រជាពលរដ្ឋនោះផងដែរ ក្នុងការកើតរឿងចម្រូងចម្រាស់ជាបន្តបន្ទាប់ ក្រោយការឆាបឆេះផ្សារ ដោយអណ្តាតភ្លើងនាច្រើនខែកន្លងមកនេះ ។ ហើយអាជីវករមានការពេញចិត្តយ៉ាងខ្លាំង និងយល់ព្រមទទួលយកនូវដំណោះស្រាយដ៏សមគួរ ពីសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល ។

អាជីវករលក់សម្លៀកបំពាក់នៅផ្សារធំស្ទឹងត្រែង អ្នកស្រីសុន រតនា បានប្រាប់ឲ្យដឹងថាអ្នកស្រីមានក្តីរំភើបរីករាយខ្លាំងណាស់ ជាមួយនឹងការយកចិត្តទុកដាក់គិតគូ ជួយដោះស្រាយបញ្ហាប្រឈមនានារបស់អាជីវករ នូវហរទ័យសណ្តោសប្រោសប្រណី ផ្តល់នូវអ្វីដែលអាជីវករ ចង់បានពីមុនមក ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី ។

fgbfdhnhg
អាជីវករផ្សារ ស្វាគមន៍ការអញ្ជើញដល់របស់សម្ដេច

អ្នកស្រីរតនា បានបន្តទៀតថា សម្តេចមិនត្រឹមតែជួយសាងសង់ផ្សារ និងតូបឲ្យជាថ្មីប៉ុណ្ណោះទេ  សម្តេចតេជោ ថែមទាំងបានដោះស្រាយបញ្ហាដែលបានកើតឡើងនាពេលកន្លងមក បានសមស្របតាមបំណងប្រាថ្នា របស់អាជីវករដែលចង់បានថែមទៀតផង។ អ្នកស្រីថា ដំណោះស្រាយរបស់សម្តេចនៅពេលនេះ ខ្ញុំមានការពេញចិត្តខ្លាំងណាស់ ហើយសូមអរគុណជាពន្លឹកចំពោះសម្តេច ដែលបានជួយដល់ប្រជាពលរដ្ឋនៅស្ទឹងត្រែងទាំងមូល ។ចំណែក អ្នកកាត់សំលៀកបំពាក់ និងលក់ក្រណាត់ នៅផ្សារធំស្ទឹងត្រែង អ្នកស្រីពៅ  សំអាត  បានទទួលយកនូវដំណោះស្រាយរបស់សម្តេច ដោយការពេញចិត្តពេញថ្លើមបំផុត និងគ្មានការតវ៉ាអ្វីទាំងអស់។ អ្នកស្រីបន្តថា អាជីវករគ្រប់គ្នាក៍សប្បាយចិត្តដូចខ្ញុំដែរ  ព្រោះថាឆេះឥវ៉ាន់អស់ហើយ ប៉ុន្តែ បានសម្តេចជួយឡើងវិញ ខ្ញុំសប្បាយចិត្តណាស់ ។

xfbfggfn
សម្ដេច សប្បាយរីករាយជាមួយអាជីវករ ដែលទទួលបានកន្លែងលក់ដូចដើម មិនបាច់បង់ប្រាក់

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយមន្ត្រីរាជការ  និងកងកម្លាំងប្រដាប់អាវុធនៅខេត្តស្ទឹងត្រែង កាលពីល្ងាចថ្ងៃទី២៦ កក្កដាម្សិលមិញនោះមក សម្តេចតេជោសែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក៍បានបន្តជួបជាមួយបងប្អូនអាជីវកររាប់រយនាក់ ដើម្បីបានស្វែងយល់ពីរឿងរ៉ាវចម្រូងចម្រាស់មិនដាច់ស្រេច ពីការឆេះផ្សារធំស្ទឹងត្រែង នាច្រើនខែកន្លងមកនោះ។ ហើយនៅខណៈនោះ សម្តេច បានដោះស្រាយបញ្ហាជូនពួកគាត់ នូវការផ្តល់ឲ្យអាជីវករទាំងអស់ អាចប្រកបរបររកទទួលទាន នៅក្នុងផ្សារនេះអស់មួយជីវិត រហូតតកូនតចៅ ដោយគ្មានបង់លុយកាក់អ្វីទាំងអស់  តែគ្រាន់តែមិនចេញប័ណ្ណកម្មសិទ្ឋិឲ្យប៉ុណ្ណោះ។   សម្តេចក៍បានឲ្យបងប្អូនអាជីវករ ត្រូវតែបំពេញកាតព្វកិច្ចក្នុងការបង់ពន្ឋ និងភាស៊ី និងស្នើឲ្យធ្វើការជ្រើសរើសគណៈកម្មការផ្សារដោយខ្លួនឯង។ ការកំណត់នូវការកសាងទំហំតូបនីមួយៗ ឲ្យទទួលបានសិទ្ធិស្មើភាពគឺ តូប១មានទំហំ 2mx2m ហើយអាជីវករនីមួយៗនឹងទទួលបានចំនួនតូប ទៅតាមទំហំតូបដែលអាជីវករធ្លាប់មានពីមុនមក។ ការរៀបចំផ្សារថ្មីនេះ មានកន្លែងបម្រុង សម្រា ប់ផ្តល់ជូនបងប្អូន អ្នកលក់ដូរតាមកញ្ច្រែងមួយចំនួនទៀតផងដែរ និងនៅក្រោយពេលផ្សារបានសាងសង់រួចរាល់ មិនអនុញ្ញាតិឲ្យមានការចាប់ឆ្នោតកន្លែងលក់ដូរនោះឡើយ ហើយចំណុចចុងក្រោយនេះ សម្តេចសូមប្តូរឈ្មោះផ្សារនេះថាជា ( ផ្សារសាមគ្គីស្ទឹងត្រែង ) ចាប់ពីពេលនេះតទៅ ។

dsfgvfdsh
សម្ដេច កំពុងជួបពិភាក្សាជាមួយអាជីវករ

បន្ទាប់ពពីមានការយល់ព្រមទទួលយក នូវដំណោះស្រាយពី ប្រមុខរាជរដ្ឋាភិបាល កាលពីល្ងាចថ្ងៃ២៦ កក្កដានោះរួចមក នៅព្រឹកថ្ងៃទី២៧ កក្កដានេះ  សម្តេចតេជោសែន ក៍បានអញ្ចើញចុះពិនិត្យមើលដោយផ្ទាល់ នូវដំណើរការសាងសង់ផ្សារ ក្រោយការឆេះបំផ្លាញ រហូតមកទល់នឹងពេលនេះ ហើយផ្សារនោះត្រូវបានស្ថាបនា ដោយកម្លាំងកងវិស្វកម្មសម្តេចតេជោ បានប្រមាណ៧០ភាគរយនោះហើយ។

សូមជម្រាបថា ផ្សារស្ទឹងត្រែងនេះបានទទួលរងគ្រោះ ដោយអគ្គីភ័យបំផ្លិចបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃ៧មេសា២០១៦ ។បន្ទាប់ពីទទួលបានដំណឹងស្តីពីគ្រោះមហន្តរាយនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យកងវិស្វកម្មអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរៈភូមិន្ទ ចុះសាងសង់ផ្សារឡើងវិញ ជូនអាជីវការឲ្យបានឆាប់បំផុត  ហើយថវិកាសម្តេចនឹងចេញទាំងអស់ ដើម្បីសាងសង់ផ្សារស្ទឹងត្រែង ដើម្បីឲ្យអាជីវករបានលក់ដូរដូចដើមឡើងវិញ ៕

ដោយ៖ឡុង សំបូរ

RELATED ARTICLES