Wednesday, April 24, 2024
Homeបរិយាយសុខៗ​យក​ជ័រ​ព្នៅ​ត្បៀត​ក្លៀក

សុខៗ​យក​ជ័រ​ព្នៅ​ត្បៀត​ក្លៀក

ឃាតកម្មដ៏សាហាវយង់ឃ្នងទៅលើលោកបណ្ឌិតកែម ឡី អ្នកវិភាគសង្គមដ៏ល្បីល្បាញ បានធ្វើឱ្យមានប្រតិកម្មពីគ្រប់ មជ្ឈដ្ឋាន សូម្បីសិល្បករ តារាចម្រៀង ក៏សម្តែងការឈឺចាប់ចំពោះមរណភាពនេះទៅតាមនិន្នាការរៀងៗខ្លួន។ ឃាតកម្ម នេះ បានក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកនយោបាយឆ្លើយឆ្លង ចោទប្រកាន់គ្នាទៅវិញទៅមក ប៉ុន្តែ បើអ្នកសិល្បៈ ចេញមុខកាន់ជើងបក្សម្ខាងៗ អាចធ្វើឱ្យប្រជាប្រិយភាពធ្លាក់ចុះ មិនខុសពី យកជ័រព្នៅមកត្បៀតក្លៀក នោះឡើយ ដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

ជាទូទៅ អ្នកនយោបាយ បានចាប់អាជីពនយោបាយ ដោយឈានពីបាតដៃទទេ រហូតមានអ្វីៗទាំងអស់ ដូចអ្នកខ្លះ ធ្លាប់តស៊ូស៊ីអត់ស៊ីឃ្លានក្នុងព្រៃ លុះក្លាយទៅជាអ្នកនយោបាយល្បីឈ្មោះ ក៏មានសម្បុកសម្បត្តិផ្ទះធំទ្រនំខ្ពស់ បរិវារបម្រើ ឆ្វេងស្តាំ ដោយសារអាជីពឬមុខរបរធ្វើនយោបាយនេះឯង។ ផ្ទុយទៅវិញ មុខរបរខ្លះដូចជា បើកភោជនីយដ្ឋាន ហាងស៊ីផឹក តារាភាពយន្ត តារាកំប្លែង តារាចម្រៀង ជាដើម បើហ៊ានចាប់អាជីពនយោបាយ ច្បាស់ជាបាត់បង់ការគាំទ្រ ពីទស្សនិកជន មិនខាន។ ធម្មតា ភោជនីយដ្ឋាន ក្លឹបរាត្រី ផ្ទះសំណាក់ សណ្ឋាគារជាដើម បើម្ចាស់ទីតាំងនោះជាសកម្មជននយោបាយ របស់គណបក្សណាមួយ គឺមានតែអ្នកគាំទ្រគណបក្សនោះចូលហូបគុយទាវ កាហ្វេ រាំកម្សាន្ត ឬស្នាក់អាស្រ័យ ខណៈដែល បក្សឯទៀត ជាគូទំនាស់មិនទៅជិត។ អ្នកសិល្បៈ ក៏យ៉ាងនោះដែរ បើគាត់ចេញមុខជួយឃោសនានយោបាយ ឬចូលរួម ចំណែកវាយប្រហារបក្សណាមួយ ដើម្បីលើកស្ទួយបក្សដែលគាត់ស្រឡាញ់ គឺមិនខុសពី យកជ័រព្នៅត្បៀតក្លៀក។ ពុំមែន មានន័យថា អ្នកសិល្បៈគ្មានសិទ្ធិធ្វើនយោបាយនោះទេ ប៉ុន្តែ និន្នាការនយោបាយធ្វើឱ្យប៉ះពាល់ដល់អាជីពសិល្បៈ។ សម្រាប់ មនុស្សឆ្លាត គេមិនបញ្ចោញនិន្នាការអ្វីឱ្យសាធារណជនបានដឹងឡើយ ដើម្បីរក្សាអាជីពឬមុខរបររបស់ខ្លួនឱ្យរីកចម្រើន ដូច ហាងកាហ្វេដែលមានអ្នកញៀនកាហ្វេ ចូលអង្គុយពេញៗរាល់ថ្ងៃនោះ ពុំមែនម្ចាស់ហាងមិនបោះឆ្នោត ឬមិនកាន់ជើង គណបក្សណានោះទេ ប៉ុន្តែ មកពីគាត់ចេះលាក់លៀមនិន្នាការនយោបាយ ទើបមានភ្ញៀវចូលផឹកកាហ្វេមិនដែលដាច់។ ពេល ភ្ញៀវជជែកគ្នាពីរឿងនយោបាយ ទៅតាមនិន្នាការ២ គឺ ប្រឆាំង និងមិនប្រឆាំង នោះ ម្ចាស់ហាងកាហ្វេបានត្រឹមតែសើច លើកទឹកចិត្តភ្ញៀវ ឱ្យបន្តការសន្ទនាប៉ុណ្ណោះ ដោយម្ចាស់ហាងនោះមិននិយាយឱ្យគេដឹងពីការគាំទ្ររបស់គាត់ ចំពោះគណបក្ស ដែលគាត់បោះឆ្នោតឱ្យនោះទេ។

ដូច្នេះយើងឃើញថា នយោបាយ គឺជា ជ័រព្នៅ ស្អិតណាស់ បើបុគ្គលមិនមែនជាអ្នកនយោបាយ យកទៅត្បៀតក្លៀក ច្បាស់ជាស្អិតបេះមិនចេញ។ យ៉ាងណាមិញ ករណីឃាតកម្មលើលោកបណ្ឌិតកែម ឡី ដែលបណ្តាលឱ្យញ័ររញ្ជួយដល់ពិភពលោកនោះ បានក្លាយជាប្រធានបទសម្រាប់អ្នកនយោបាយធំៗវាយប្រហារ លាបពណ៌គ្នា។ ថ្មីៗនេះ លោកសម រង្ស៊ី មេបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស បានសរសេរក្នុងហ្វេសប៊ុក សម្តែងការសោកស្តាយ ចំពោះមរណភាពនេះ ហើយ លោកបានទាំងដាក់ការសង្ស័យទៅលើបក្សកាន់អំណាច ថានៅពីក្រោយឃាតកម្មនេះ។ ដឹងអី! ស្រាប់តែតារាចម្រៀង ម្នាក់ ឆ្លើយតបទៅមេបក្សប្រឆាំងនោះវិញ ដោយពាក្យសម្តីធ្ងន់ៗ យកពាក្យអា អ្ហែង…” មកប្រើ ធ្វើឱ្យផ្អើលដល់អ្នក ចូលចិត្តទស្សនាការប្រគំតន្ត្រី ដែលធ្លាប់គាំទ្រតារាចម្រៀងរូបនោះ ឥឡូវស្រាប់តែប្តូរឥរិយាបថ នាំគ្នារិះគន់តារាចម្រៀង នោះទៅវិញ ដោយសារតែនិន្នាការនយោបាយ២ គឺ ប្រឆាំង និងមិនប្រឆាំង នេះឯង។

សព្វថ្ងៃយើងឃើញថា សិល្បករ សិល្បការិនី បានចែកនិន្នាការនយោបាយ ដែលមួយផ្នែកគាំទ្ររដ្ឋាភិបាល មួយផ្នែក ទៀត គាំទ្របក្សប្រឆាំង ប៉ុន្តែតារាណាឆ្លាត គេមិនបញ្ចោញនិន្នាការនោះឱ្យសាធារណជនបានដឹងទេ ដើម្បីរក្សាប្រាក់ចំណូល ពីអាជីពរបស់ខ្លួន។ ចំណែកសិល្បករ សិល្បការិនីដែលចូលប្រឡូកយ៉ាងពេញទំហឹងក្នុងឆាកនយោបាយ បើទៅច្រៀង ឬ លេងកំប្លែងឱ្យគេស្តាប់ គេទស្សនា ក៏មានតែអ្នកគាំទ្រគណបក្សម្ខាងប៉ុណ្ណោះ ដែលចាប់អារម្មណ៍ ឯអ្នកគាំទ្របក្សម្ខាងទៀត ដើរចេញអស់។ កាលពីសម័យលន់ នល់ គេបានបញ្ជាឱ្យក្រុមល្ខោនជាតិ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ចេញ សម្តែងគ្រប់ខេត្ត ជាពិសេស សម្តែងឱ្យទាហានបានទស្សនាក្នុងបន្ទាយតែម្តង បណ្តាលឱ្យខ្មែរក្រហម ខឹងសម្បា ចងគំនុំនឹង ពួកសិល្បៈ ជួនកាលក៏បាញ់កាំភ្លើងត្បាល់ ផ្តក់ដាក់កន្លែងលេងល្ខោននោះ ឱ្យរត់ជាន់ជើងគ្នាក៏មាន។

មុខរបរអ្វីដែលខ្លួនគ្មានជំនាញ អាចធ្វើឱ្យខាតបង់ផលប្រយោជន៍ ប៉ះពាល់ដល់ប្រាក់ចំណូល ជួនកាលប៉ះពាល់ដល់អាយុ ជីវិតក៏សឹងមាន ឧទាហរណ៍ដូចរឿងក្អែកទឹក និងក្អែកគោក ដែលតំណាលពីក្អែកគោកល្ងង់ខ្លៅ ហើរទៅទំលើមែកឈើ ក្បែរមាត់បឹងមួយ បានឃើញក្អែកទឹកសម្លបស្លាបចុះឆាបត្រីទៅស៊ី ក៏ធ្វើតាមគេ។ ហេតុតែគ្មានជំនាញក្នុងការមុជទឹក បណ្តាលឱ្យក្អែកគោកដែលធ្វើត្រាប់ក្អែកទឹក វ័ណ្ឌកនឹងសារាយ ងាប់ក្នុងទឹកបឹងនោះទៅ ដែលស្តែងឱ្យឃើញថា មុខរបរអ្វីដែល មិន មែនជាអាជីពរបស់ខ្លួន គួរកុំធ្វើតាមគេ

ដូច្នេះ បញ្ហានយោបាយ គួរទុកឱ្យអ្នកនយោបាយគេធ្វើទៅ គេកាច់កុងគ្នាយ៉ាងណា គឺជាយុទ្ធសាស្ត្ររបស់គេ ព្រោះថា អ្នកនយោបាយមានលុយចាយ មានឡានជិះ ក៏ព្រោះអាជីពនយោបាយហ្នឹងឯង ផ្ទុយទៅវិញ បើអ្នកសិល្បៈលូកដៃប្រឡូក ក្នុងឆាកនយោបាយ បានត្រឹមបាត់បង់ទស្សនិកជនប៉ុណ្ណោះ។ យើងឃ្លាំមើលឃើញថា មានតារាសម្តែងស្រីល្បីម្នាក់នោះ ក៏ធ្លាប់ រិះគន់លោកកឹម សុខា ពាក់ព័ន្ធដល់រឿងស្រីមុំ ក៏ស្រាប់តែអ្នកធ្លាប់គាំទ្រការសម្តែងរបស់នាង មានប្រតិកម្មជុំទិស ប៉ុន្តែ ក្រោយ មកតារាស្រីនោះ បានប្រកាសថា នាងមិនកាន់ជើងគណបក្សណាទេ ធ្វើឱ្យប្រតិកម្មនោះស្ងប់រម្ងាប់ទៅវិញ។ បើអ្នកសិល្បៈ ចង់ប្រឡូកក្នុងឆាកនយោបាយ លុះត្រាតែបោះបង់អាជីពសិល្បៈ ទើបបាន ប៉ុន្តែ បើលេងសិល្បៈផង យករឿងនយោបាយ ទៅក្លែមថែមថយ ក្នុងពេលសម្តែងផងនោះ ច្បាស់ជាធ្លាក់កូដមិនខាន។ សូម្បីតែប្តីប្រពន្ធរៀបការថ្មោងថ្មី ក៏មានទាស់ទែង ខ្វែងគំនិតគ្នា ពាក់ព័ន្ធនិន្នាការនយោបាយនោះដែរ ពោលគឺប្តីគាំទ្របក្សប្រឆាំង ឯប្រពន្ធគាំទ្ររដ្ឋាភិបាល ឬបក្សកាន់អំណាច បណ្តាលឱ្យមានទំនាស់ ប៉ះពាល់ដល់សេចក្តីស្នេហា ចែកគ្រែ ចែកផ្លូវគ្នាដើរក៏មាន ព្រោះតែពួកគេ សុខៗយកជ័រព្នៅត្បៀតក្លៀក ឬយកនិន្នាការនយោបាយមកដាក់ខ្លួន។

សរុបទៅសុខៗយកជ័រព្នៅត្បៀតក្លៀក ពុំមែនមានន័យហាមឃាត់សិល្បករ សិល្បការិនី តារាកំប្លែង តារាចម្រៀង ពិធីករ ពិធីការិនី មិនឱ្យគាំទ្រនយោបាយនោះទេ ប៉ុន្តែនេះជាទស្សនៈដែលចង់ឱ្យស្ងៀមជាងស្រដី ស៊ីចេកខ្ចីជាងនៅមាត់ ទំនេរ។ ដូច្នេះ បើតារាណាពេញចិត្តគណបក្សណា គួរលាក់ទុកតែក្នុងចិត្តល្អជាង ចាំដល់ពេលបោះឆ្នោត ចង់គូសសន្លឹកឆ្នោត ឱ្យបក្សណាក៏គូសទៅ ប៉ុន្តែ បើនៅសុខៗទៅបង្ហាញនិន្នាការនយោបាយផ្ទាល់ខ្លួន បញ្ចោញសារតាមហ្វេសប៊ុក ឬក្លែមវោហារ តាមមីក្រូ វាយប្រហារបក្សគេ លើកសរសើរបក្សខ្លួននោះ អាចធ្វើឱ្យធ្លាក់កូដបាត់បង់ការគាំទ្រ

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES