ប្រវត្តិ​បណ្ឌិត​កែម ឡី-​ក្រមុំ​លក់​ពង​ទា ស្ងោរ

0
493

ភ្នំពេញ ៖ ករណីឃាតកម្មបាញ់សម្លាប់លោកបណ្ឌិតកែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ដ៏មាន ប្រជាប្រិយភាពបានធ្វើឱ្យក្មេងប្រុសចំនួន4នាក់ ក្លាយជាកូនកំព្រា ចំណែកភរិយាត្រូវក្លាយជា ស្ត្រីមេម៉ាយ ទទួលបន្ទុកមើលថែកូនសរុប5 នាក់ (រួមទាំងក្នុងផ្ទៃ)។

ករណីមរណភាពរបស់លោកបណ្ឌិតកែម ឡី ដោយសារអំពើឃាតកម្មដ៏សាហាវឃោរឃៅ នោះ ធ្វើឱ្យមហាជនគ្រប់មជ្ឈដ្ឋាន មានការ ចាប់អារម្មណ៍ភ្ញាក់ផ្អើល។ ជាមួយគ្នានេះក្រៅ ពីមានការចាប់អារម្មណ៍ពីសកម្មភាពការងារ ក្នុងសង្គមរបស់លោកបណ្ឌិតកែម ឡី ក៏មាន ការចាប់អារម្មណ៍ចង់ដឹងពីប្រវត្តិផ្ទាល់ខ្លួន និង ប្រវត្តិស្នេហាជាមួយឧត្តមភរិយារបស់លោក ផងដែរ។

ពាក់ព័ន្ធប្រវត្តិស្នេហារបស់លោកបណ្ឌិត កែម ឡី នេះ លោកជុន ចន្ទបុត្រ អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ដែលអះអាងថា ធ្លាប់ ត្រូវបានលោកបណ្ឌិតកែម ឡី រៀបរាប់ប្រាប់ ពីប្រវត្តិស្នេហាផ្ទាល់ខ្លួនប្រាប់លោក កាលពី លោកកែម ឡី នៅមានជីវិតនោះ បានសរសេរ ប្រវត្តិស្នេហ៍លោកបណ្ឌិតកែម ឡី បង្ហោះនៅ ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ ខ្លួន កាលពីវេលាពាក់កណ្តាលយប់ ថ្ងៃទី13 ខែកក្កដា ឆ្នាំ2016 ថា “ថ្ងៃមួយ កំលោះកែម ឡី មានបេសកកម្មធ្វើដំណើរ តាមទូកទៅខេត្ត ក្រចេះ ប៉ុន្តែមុននឹងទៅដល់ខេត្តក្រចេះ ទូក ត្រូវចូលចតនៅកំពង់ដជំនីកសិន ដើម្បីដាក់ អ្នកដំណើរដែលត្រូវចុះនៅស្រុកនេះ និងទទួល អ្នកដំណើរថ្មី ដែលត្រូវចេញពីជំនីកទៅក្រចេះ។ នេះក៏ជាឱកាសល្អមួយ សម្រាប់អ្នកដំណើរ បានស្រស់ស្រូបអាហារ ព្រោះទម្រាំដល់ជំនីក ថ្ងៃត្រង់ល្មម។ គ្រាន់តែទូកចតដល់មាត់ច្រាំង ភ្លាម អ្នកលក់បាយ នំនែក និងចំណីអាហារ ដែលងាយកាន់បរិភោគ នាំគ្នាសម្រុកចុះទូក ប្រជែងគ្នាលក់ទំនិញរបស់ខ្លួន។ ថ្វីត្បិតតែកំលោះ កែម ឡី ចង់ទិញបាយ ដើម្បីបំពេញការស្រេកឃ្លានមួយព្រឹកទៅហើយក្តី តែលោកបែរជាទៅ ទាក់ចិត្តនឹងអ្នកលក់ពងទាស្ងោរជាងគេទៅវិញ ព្រោះអ្នកលក់ពងទាស្ងោរនោះ មានទឹកមុខ- ញញឹមញញែម ប្ញកពារម្យទម នាងមានសម្បុរ ស្រអែម សក់ស្លូត វែងប្រះស្មា នាងហាក់ទើប នឹងឈានចូលដល់វ័យពេញរូបពេញរាង ដែល បង្ហាញនូវសម្រស់ដ៏ត្រកាលពីធម្មជាតិរបស់នាង។ កំលោះកែម ឡី មិនអាចដកភ្នែកចេញពីសម្រស់ ដ៏គ្មានពីររបស់ក្រមុំលក់ពងទាស្ងោរនោះទេ។ លោកក៏សម្រេចចិត្តហៅអ្នកលក់ពងទាស្ងោរ មកទិញ តែបើទិញហើយឱ្យលុយភ្លាម លោក នឹងបាត់ឱកាសបានគយគន់ និងជជែកស្វែងយល់ ពីនាង។ លោកក៏ចាប់ផ្តើមរើសពងទាស្ងោរផង ជជែកពីនេះពីនោះផង។ ធ្វើដំណើរតែម្នាក់ឯង សោះ តែលោករើសពងទាស្ងោរ សឹងអស់ពី ថាស។ រើសបានហើយ លោកក៏មិនទាន់ឱ្យលុយ នាងភ្លាមទេ លោកនៅសួរពីនេះពីនោះ។ នាង អៀនណាស់ នាងមិនត្រូវការសំណួរអីច្រើនពេក ទេ។ ទិញហើយ ឱ្យលុយមក ដើម្បីនាងបានទៅ លក់ទៀត តែនាងរក្សាការគួរសមរហូត”។

សំណេរដដែលបន្តថា “អ្នកដំណើរដែល ត្រូវចុះនៅជំនីក ក៏ចុះអស់ អ្នកឡើងថ្មី ក៏ឡើង មកបំពេញអ្នកដំណើរដទៃទៀត ក៏បានទិញ អាហារថ្ងៃត្រង់រៀងៗខ្លួន អ្នកលក់ទាំងឡាយ ចុះពីទូកវិញអស់ហើយ នៅឡើយតែក្រមុំលក់ ពងទាស្ងោរ កំពុងរង់ចាំទទួលលុយពីម៉ូយកំលោះ  ដែលហាក់ដូចជាកំពុងភ័ន្តភាំងមិនព្រមដកលុយ ចេញ រួចសងថ្លៃពងទានាងសោះ។ ដោយគិត ថាអ្នកលក់ចុះអស់ពីទូកហើយ តៃកុងទូកក៏ចាប់ផ្តើមបើកចាកចេញពីច្រាំងទៅ។ ប្រឈមមុខ នឹងស្ថានភាពនេះ ក្រមុំលក់ពងទាស្ងោរ លែង នៅចង់បានលុយទៀតហើយ នាងប្រញាប់ប្រញាប់ ស្ទុះសំដៅទ្វារចេញ រួចលោតចូលទៅក្នុងទឹក ប្រូង ហែលសំដៅទៅមាត់ច្រាំងវិញ ចោលថាស ពងទា និងលុយដែលមិនទាន់ទារបាននៅឡើយ។ មកដល់ពេលនេះ ទើបកំលោះកែម ឡី ភ្ញាក់ ខ្លួន ហើយស្តាយក្រោយ ចំពោះការដែលលោក បានបន្ទច់បង្អាក់ដំណើរនាងលក់ពងទា រហូត ដល់នាងលោតចោលថាស និងលុយ។ លោក បន្តសម្លឹងមើលនាងហែលរហូតដល់ច្រាំង ឡើង គោកវិញ ទើបលោកដកភ្នែកបាន។ លោកបន្ត ដំណើទៅខេត្តក្រចេះ ដោយនាំទាំងថាសពងទាស្ងោរ និងវិប្បដិសារទៅជាមួយផង។ លោក បំពេញការងារលើកនេះទាំងចិត្តវិលវល់ នឹក ភ្នកដល់នាងក្រមុំលក់ពងទាស្ងោរ ស្រុកក្រូចឆ្មារ មិនភ្លេចមួយវិនាទីណាឡើយ។ ម៉្យាងគិតដល់ កំហុសដែលបានធ្វើឱ្យនាងខកខានមិនបានចុះ ទូកទៅវិញបានត្រឹមត្រូវ ម៉្យាងស្តាយមិនបាន សួរឈ្មោះនិងផ្ទះនាង ដើម្បីបានយកថាស និង លុយទៅសងនាងវិញ។ បួនប្រាំថ្ងៃក្រោយមក បន្ទាប់ពីកំលោះអ្នកស្រាវជ្រាវបញ្ហាសង្គមនេះ បញ្ចប់ការងារនៅខេត្តក្រចេះ លោកក៏ធ្វើដំណើរ តាមទូកត្រឡប់មកភ្នំពេញ កាត់តាមជំនីក ស្រុកក្រូចឆ្មារដដែល។ កំលោះកែម ឡី សង្ឃឹម ថា នេះជាឱកាសមួយដែលលោកបានជួបនាង លក់ពងទាស្ងោរម្តងទៀត ដើម្បីបានប្រគល់ ថាស និងសងលុយនាងវិញ។

គ្រាន់តែទូកចតចូលច្រាំងភ្លាម លោក ខំសម្លឹងរកនាង… អ្នកលក់ប្រញាប់ប្រញាល់ ប្រជែងគ្នាចុះទូក កំលោះកែម ឡី មិនចាប់ អារម្មណ៍នឹងអ្នកណាទាំងអស់ ភ្នែកគាត់រំពៃរក មើលអ្នកលក់ពងទាស្ងោរដែលគាត់ជំពាក់ទាំង លុយជំពាក់ទាំងចិត្តតែប៉ុណ្ណោះ។ អ្នកលក់ចុះ មកអស់ហើយ ម្តេចឡើយបាត់តែនាងមិនឃើញ មកលក់នឹងគេ? តិចនាងអស់ចុងអស់ដើមហើយ រកទុនមកលក់លែងបាន? តិចនាងត្រូវឪពុក- ម្តាយដាក់ទណ្ឌកម្មពីការលក់អស់ចុងអស់ដើម អស់ទាំងថាស ហើយរកទុនមកលក់លែងបាន? តិចនាងត្រូវឪពុកម្តាយដាក់ទណ្ឌកម្មពីការលក់ អស់ចុងអស់ដើម អស់ទាំងថាស ហើយលែង ឱ្យមកលក់ទៀតទៅ? ដួងចិត្តលោកច្របូក ច្របល់ណាស់។ សួរអ្នកលក់ដទៃទៀត ក៏គេ ហាក់មិនចាប់អារម្មណ៍នឹងសំណួររបស់លោក ទេ ម្នាក់ៗគិតតែពីខំលក់ទំនិញ អាលឆាប់បាន ចេញពីទូកវិញ។ គ្មាននរណាម្នាក់យល់ពីដួងចិត្តតក់ក្រហល់របស់លោកសោះ។ អ្នកលក់ ចេញពីទូកវិញម្តងមួយ²ហើយនៅតែរកនាង មិនឃើញនៅឡើយ។ ទូកបញ្ឆោះម៉ាស៊ីនរៀប បន្តដំណើរទៅភ្នំពេញវិញ។ លោកកែម ឡី មិនអាចចាកចេញពីទីនេះដោយមិនបានសង លុយនិងថាស និងមិនបានសុំទោសនាងទេ។ ទីបំផុត លោកសម្រេចចិត្តថា ត្រូវតែចុះនៅទីនេះសិន ដើម្បីស្វែងរកនាង។ លោកបានសាកសួរ គេឯងនៅពេលដែលស្ងប់ពីការរវល់លក់ហើយ ទើបអ្នកលក់មានឱកាសស្តាប់សំណួររបស់កំលោះ កែម ឡី។ គេបានប្រាប់លោកថា នាងមិនមាន អ្នកណាធ្វើបាបធ្វើកម្ម ឬក៏ខាតចុងខាតដើម អ្វីទេ។ ព្រឹកនេះ នាងជាប់រៀន ទើបនាងខកខាន មិនបានមកលក់។ បានឮដំណឹងនេះ កំលោះ កែម ឡី ក៏ស្ងប់អារម្មណ៍ណាស់ដែរ។ លោក បានសួរដឹងពីផ្ទះរបស់ម្ចាស់ថាស រួចក៏ស្កាត់ទៅ ជួបអាណាព្យាបាលនាង ប្រគល់ទាំងថាស និង ប្រាក់សំណងដល់ម្តាយនាង។ ចាប់ពីពេលនោះ មក លោកក៏នៅតែបន្តទំនាក់ទំនងរហូតដល់ ចូលស្តីដណ្តឹងជាគូភរិយារហូតមក”។

គួរបញ្ជាក់ថា លោកកែម ឡី បានរៀបអាពាហ៍ពិពាហ៍នៅអំឡុងឆ្នាំ2001 ភរិយា របស់លោកឈ្មោះប៊ូ រចនា សព្វថ្ងៃជាអាជីវករ លក់ខោនៅផ្សារបឹងកេងកង ក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្នក្រុមគ្រួសារលោកកែម ឡី មានកូន ប្រុស4នាក់ ក្នុងបន្ទុក ក្នុងនោះ កូនច្បងមាន អាយុ14ឆ្នាំ ចំណែកកូនប្អូនអាយុ6ឆ្នាំ និងកូន ប្រុសនៅក្នុងផ្ទៃមួយទៀតផង។

លោកកែម ឡី កើតក្នុងគ្រួសារក្រីក្រមួយ នៅភូមិអង្គតាកុក ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោកជាកូនទី2 ក្នុងចំណោម បងប្អូនប្រុសស្រី3នាក់ និងមានម្តាយជាស្ត្រីមេម៉ាយ ចំណែកឪពុកស្លាប់នៅជំនាន់ប៉ុល ពត។ លោកបានចាកចេញពីខេត្តតាកែវ មកស្នាក់អាស្រ័យនៅវត្តបទុមវតី ក្នុងរាជធានីភ្នំពេញ ដើម្បី បន្តការសិក្សា និងទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សានៅសាកលវិទ្យាល័យជូឡាលុងកន ប្រទេសថៃ ផ្នែកជំនាញសិក្សាស្រាវជ្រាវលើផ្នែកសុខភាពសាធារណះ និងទទួល បានសញ្ញាបត្រពីសាកលវិទ្យាល័យម៉ាឡៃយ៉ា ប្រទេសម៉ាឡេស៊ី លើផ្នែកវិទ្យាសាស្ត្រសង្គម រួចបានចូលបម្រើការនៅក្រសួងសុខាភិបាល។ នៅឆ្នាំ2000 លោកបានឈប់ពីការងាររដ្ឋ ទៅធ្វើការនៅកាកបាទក្រហមកម្ពុជា  បន្ទាប់ មកក៏ចេញទៅធ្វើការនៅអង្គការក្រៅរដ្ឋាភិបាល និងធ្វើជាអ្នកប្រឹក្សាឱ្យអង្គការ UNDP អស់ រយះពេល4ឆ្នាំ។ ក្រោយបញ្ចប់ការងារនៅ UNDP លោកបានធ្វើការឱ្យក្រុមហ៊ុនមួយនៅ ថៃ ដែលក្រុមហ៊ុននោះធ្វើការងារជួយសង្គម ច្រើន ជាពិសេសជួយដល់ជនក្រីក្រនៅថៃ កម្ពុជា ចិន និងនៅឥណ្ឌា ហើយបន្ទាប់ពីនោះ លោក បានទៅធ្វើជាទីប្រឹក្សាឱ្យក្រសួងសុខាភិបាល ខាងមូលនិធិសកល។ ក្រោយមក លោកបាន ទៅកាន់ខាងបណ្តាញអង្គការក្រៅរដ្ឋាភិបាល ហៅ HACC បានមួយរយះ. លោកកែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែក សង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេល ថ្មីៗនេះលោកបានធ្វើការសិក្សាស្រាវជ្រាវភាគ ច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៘ លោកកែម ឡី ត្រូវ បានប្រព័ន្ធផ្សព្វផ្សាយ ហៅថា “ជាអ្នកវិភាគ ឯករាជ្យ” ដោយសារតែលោកមិនប្រកាន់និន្នាការនយោបាយ និងមានសេចក្តីក្លាហានលាត ត្រដាងពីបញ្ហាដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឱ្យសង្គមខ្មែរ មាន ការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុត ពីហានិភ័យ។

គួររំព្ញកថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់បាញ់ប្រហារ2គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម កាលពីវេលាម៉ោង9និង10នាទីព្រឹក ថ្ងៃទី10 ខែកក្កដា ឆ្នាំ2016 នៅក្នុងស្តារម៉ាតស្ថានីយប្រេងឥន្ធនះកាល់តិច តាមបណ្តោយ មហាវិថីព្រះមុនីវង្ស កែងមហាវិថីម៉ៅសេទុង ស្ថិតក្រុម76 ភូមិ13 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ខណះដែលលោកកំពុងអង្គុយ ទទួលទានកាហ្វេនៅទីនោះ។ ជនដៃដល់ជាខ្មាន់ កាំភ្លើងឈ្មោះជួប សម្លាប់ ដែលបាញ់សម្លាប់ លោកបណ្ឌិតកែម ឡី ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលកើតហេតុ រួច បានបញ្ជូនទៅតុលាការ ហើយត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “មនុស្សឃាតគិតទុក ជាមុន” និងប្រើអាវុធដោយគ្មានការអនុញ្ញាត” រួចត្រូវបានសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី13 ខែកក្កដា ឆ្នាំ2016. យ៉ាងណាសមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរកអ្នកនៅពីក្រោយអំពើ ឃាតកម្មដ៏សាហាវនេះ ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់”៕

Ley 001 (1) image-267 Ley 007