Tuesday, April 16, 2024
Homeព័ត៌មានជាតិសិស្ស​ក្រមុំ​មាន​ផ្ទៃពោះ ប្រុស​ស្នេហ៍ និង​ម្តាយ​បង្ខំ​ឱ្យ​រំលូត​កូន

សិស្ស​ក្រមុំ​មាន​ផ្ទៃពោះ ប្រុស​ស្នេហ៍ និង​ម្តាយ​បង្ខំ​ឱ្យ​រំលូត​កូន

បាត់ដំបង ៖ យុវតីជាសិស្សសាលាម្នាក់ បានលង់ខ្លួនផុងប្រាណជាមួយបុរសជាសង្សារ  រហូតដល់មានផ្ទៃពោះ លុះម្តាយខាងប្រុស បាន ដឹង ខ្លាចកូនប្រុសជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ ទើប ស្ត្រីជាម្តាយ បង្ខំឱ្យយុវតីជាសង្សារកូនប្រុស របស់ខ្លួនរំលូតកូនចោល។ ចំណែកយុវតីរងគ្រោះ ក៏យល់ព្រមធ្វើតាម ទីបំផុតរឿងអាស្រូវមួយនេះ បានបែកធ្លាយដឹងដល់អាណាព្យាបាលខាងស្រី ក៏ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ឃាត់ខ្លួនទាំង ម្តាយ និងកូនប្រុស មកចាត់ការតាមផ្លូវច្បាប់ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល។

អ្នកស្រីហ៊ាម សារឿន ឬត្រូវជាម្តាយរបស់ ឥន ចាន់ណា
អ្នកស្រីហ៊ាម សារឿន ឬត្រូវជាម្តាយរបស់ ឥន ចាន់ណា

ជនសង្ស័យទាំង២នាក់ម្តាយកូន ដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួននោះ ទី១ឈ្មោះហ៊ាម សារឿន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ (ជាម្តាយ) និងទី២ឈ្មោះឥន ចាន់ណា ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ នៃវិទ្យាល័យបវេល (ជាកូន)។ ជនសង្ស័យ ទាំង២នាក់ម្តាយកូន មានលំនៅក្នុងភូមិដែល សមត្ថកិច្ចចុះឃាត់ខ្លួនខាងលើ។ ចំណែកយុវតី រងគ្រោះ មានឈ្មោះឡ..ល អាយុ១៧ឆ្នាំ មុខរបរសិស្សសាលា។

តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវតី រងគ្រោះ និងជនសង្ស័យឈ្មោះឥន ចាន់ណា ដែលជាសិស្សសាលាជាមួយគ្នា បានទាក់ទង មានស្នេហានឹងគ្នាមួយរយៈមកហើយ និងបាន ជ្រុលជ្រួសរំលងហួសប្រពៃណីលួចរួមរ័កមេត្រី រហូតមានផ្ទៃពោះទៀតផង។ ក្រោយពេលដឹង ថា ខ្លួនមានផ្ទៃពោះ យុវតីរងគ្រោះបានព្យាយាមលាក់បាំងមិនឱ្យឪពុកម្តាយរបស់ខ្លួនបាន ដឹងឡើយ ព្រោះខ្លាចឪពុកម្តាយស្តីបន្ទោស តែ នាងបានយករឿងនេះទៅប្រាប់ដល់ជនសង្ស័យ ដែលជាសង្សារបណ្តូលចិត្ត ដើម្បីឱ្យជួយរកវិធី ដោះស្រាយ។

យុវជន ឥន ចាន់ណា
យុវជន ឥន ចាន់ណា

 

ប្រភពដដែលបន្តថា នៅពេលដែលឮ សម្តីយុវតីរងគ្រោះជាសង្សារប្រាប់ថា នាងកំពុង ពពោះ ជនសង្ស័យក៏ចាប់ផ្តើមចង់គេចវេះមិន ទទួលខុសត្រូវ តែមិនដឹងជារកវិធីណា ក៏យក រឿងនេះប្រាប់ម្តាយរបស់ខ្លួនឱ្យបានដឹង។ លុះ ស្ត្រីជាម្តាយខាងប្រុសដឹងរឿង នឹកព្រួយខ្លាច កូនប្រុសរបស់ខ្លួនមានទោសទណ្ឌ ដោយសារ បង្កាត់ភ្លើងស្នេហ៍លួចលាក់ឱ្យកូនស្រីគេមាន ផ្ទៃពោះ ក៏ឱ្យកូនប្រុសនាំយុវតីរងគ្រោះមកជួប និងបានសម្លុតគំរាមបង្ខំឱ្យនាងរំលូតកូនក្នុងផ្ទៃ នោះចោលដោយព្រមានថា បើរឿងនេះ បែក ធ្លាយគ្រូនឹងមិនអនុញ្ញាតឱ្យកូនប្រុសរបស់គាត់ ចូលរៀនថ្នាក់ទី១២ នៅឆ្នាំក្រោយទេ។ ហេតុ នេះបើស្រលាញ់អាណិតកូនប្រុសគាត់ក្នុងនាម ជាសង្សារ នាងត្រូវរំលូតកូន ក្នុងផ្ទៃនេះចោល ទៅ។ ចំណែកយុវតីរងគ្រោះ ដោយសារតែ ឆោតល្ងង់ ម៉្យាងខ្លាចរឿងមានផ្ទៃពោះដឹង ដល់ឪពុកម្តាយនាំឱ្យមានរឿងវែងឆ្ងាយផង ក៏ យល់ព្រមធ្វើតាមការបង្ខំ និងគំរាមរបស់ស្ត្រី ជាម្តាយខាងប្រុស ពោលគឺ សុខចិត្តរំលូតកូន ទាំងការឈឺចាប់។

ប្រភពខាងលើ បានបន្ថែមថា បន្ទាប់ពីរំលូត កូនរួចរាល់ ដោយសារតែយុវតីរងគ្រោះមាន សុខភាពមិនល្អ ទើបធ្វើឱ្យឪពុកម្តាយរបស់នាង ចាប់ថ្នាក់បាន ក៏ឈ្លេចសួរជីកប្ញសគល់ ទីបំផុត នាងក៏រៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់ឱ្យម្តាយ បានដឹងថា នាងលង់ខ្លួនមានផ្ទៃពោះជាមួយ សង្សារ និងត្រូវបានម្តាយយុវជនជាសង្សារបង្ខំ ឱ្យរំលូតកូនចេញ លុះនាងគ្មានជម្រើសក៏សម្រេច ចិត្តរំលូតកូនក្នុងផ្ទៃតាមការបង្ខំរបស់ម្តាយប្រុស ស្នេហ៍តែម្តង។ នៅពេលស្តាប់សម្តីកូនស្រី ចប់ ឪពុកម្តាយយុវតីរងគ្រោះ មានការតក់ស្លុតចិត្ត យ៉ាងខ្លាំង រួចក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យ សមត្ថកិច្ច ជួយអន្តរាគមន៍ឃាត់ខ្លួន២នាក់ម្តាយ កូនខាងលើ យកមកចាត់ការតាមច្បាប់តែម្តង។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយ ពីទទួលបានពាក្យបណ្តឹងរបស់អាណាព្យាបាលយុវតីរងគ្រោះ សមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ម្តាយកូន នៅវេលាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៦ រួចបញ្ជូនខ្លួនមក សាកសួរតាមនីតិវិធី។ លុះក្រោយបញ្ចប់ការ សាកសួរចម្លើយ សមត្ថកិច្ចបានរកឃើញថា ម្តាយ និងកូនប្រុសនោះ ពិតជាបានសមគំនិតគ្នាគំរាម បង្ខំឱ្យយុវតីរីងគ្រោះរំលូតកូនចោលមែន ដើម្បី គេចវេះពីការទទួលខុសត្រូវ។

ជនសង្ស័យទាំង២នាក់ម្តាយនិងកូនប្រុស ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES