Thursday, April 25, 2024
Homeព័ត៌មានជាតិសហ​ជីព​សេរី​កម្ម​ករ ស្នើ​រដ្ឋ​មន្ត្រី​ក្រសួង ការ​ងារ ចាត់​វិធាន​ការ​លើ​កញ្ញា​ធី សុវណ្ណ​ថា

សហ​ជីព​សេរី​កម្ម​ករ ស្នើ​រដ្ឋ​មន្ត្រី​ក្រសួង ការ​ងារ ចាត់​វិធាន​ការ​លើ​កញ្ញា​ធី សុវណ្ណ​ថា

ភ្នំពេញ ៖ សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតគោរពជូន លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើសុំមានវិធានការផ្លូវ ច្បាប់ ទៅលើសកម្មភាពរបស់លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ដែលអះអាងថាជាតំណាង សហជីព ដោយបានបញ្ជាក់ថា សកម្មភាព ទាំងនោះ អាចប្រព្រឹត្តឡើងដោយមិនចុះបញ្ជី សហជីព និងរំលោភបំពានទៅលើមាត្រា៨០ និងមាត្រា៨១ នៃច្បាប់ស្តីពីសហជីព។

លិខិតរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ លោកម៉ាន់ សេងហាក់ ជាអនុប្រធាន មានខ្លឹមសារថាសូម គោរពជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ

កម្មវត្ថុ ៖ ស្តីអំពីករណីលោក ស្រី ចំរើន អាយុ២២ឆ្នាំ និងកញ្ញាធី សុវណ្ណថា អាយុ២១ឆ្នាំ ប្រតិបត្តិការងារមួយចំនួនដោយអះអាងថា ខ្លួនជាតំណាងសហជីព។

យោង ច្បាប់ស្តីពីសហជីព។

ញត្តិសុំអន្តរាគមន៍ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

លិខិតលេខ៦២១/១៦កត.ច ចុះថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦។

តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូម គោរពជម្រាបជូនឯកឧត្តម មេត្តាបានជ្រាបថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅថ្មីៗនេះ លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ព្រមទាំង បក្ខពួក បានប្រតិបត្តិការងារមួយចំនួន ដោយ អះអាងថា ខ្លួនជាតំណាងសហជីព (ដូចមាន ឯកសារជាភ័ស្តុតាងយោងជូនភ្ជាប់មកជាមួយ) ធ្វើឱ្យមជ្ឈដ្ឋាននានាផ្តោតអារម្មណ៍សង្ស័យថា សកម្មភាពទាំងនោះអាចប្រព្រឹត្តឡើងដោយ មិនចុះបញ្ជីសហជីព និងក្រៅដែនអនុវត្ត ដែល ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា ៨០ និងមាត្រា៨១ នៃច្បាប់ស្តីពីសហជីព។

ដូច្នេះដើម្បីធានាដល់ផលប្រយោជន៍ និង រក្សាកិត្យានុភាពនៃច្បាប់ស្តីពីសហជីព ខ្ញុំសូម សំណូមពរឯកឧត្តម មេត្តាត្រួតពិនិត្យមើលនិង មានវិធានការផ្លូវច្បាប់ទៅលើសកម្មភាពរបស់ លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ព្រម ទាំងបក្ខពួក (ក្នុងករណីមានការប្រព្រឹត្តល្មើស ច្បាប់) ដោយក្តីអនុគ្រោះ

ស្របតាមខ្លឹមសារលិខិតរបស់សហជីព សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាខាងលើ នេះ មានសហភាពសហព័ន្ធសហជីពមួយចំនួន បានសម្តែងការគាំទ្រ និងជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់លើ បញ្ហានេះឱ្យបានម៉ឺងម៉ាត់។

ប្រធានសហព័ន្ធសហជីពជាតិ លោកហ្វាសាលី បានលើកឡើងថា លោកមិនជឿជាក់ ចំពោះចំណាត់ការរបស់ក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈនោះទេ ប៉ុន្តែទោះយ៉ាង ណា លោកក៏ស្នើសុំយ៉ាងទទូចទៅស្ថាប័នទាំង អស់ មេត្តាបញ្ឈប់សកម្មភាពលោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ជាបន្ទាន់ មិនអាច បណ្តោយឱ្យពួកគេធ្វើអ្វីស្រេចនឹងចិត្តពួកគេ នៅក្នុងសង្គមកម្ពុជា បានទេ

លោកហ្វា សាលី បញ្ជាក់ថាវាមិនជា កាតព្វកិច្ចរបស់លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា នោះទេ ព្រោះកម្មករគឺមានសហជីព របស់គេ ដើម្បីធ្វើយុទ្ធនាការប្តឹងផ្តល់ ឬទាមទារ នូវសិទ្ធិសេរីភាពជូនកម្មករ វាមិនមែនជាកាតព្វកិច្ចរបស់ពលរដ្ឋដែលមិនមានបញ្ជិកា មិនមាន អង្គការវិជ្ជាជីវៈ សហជីព ហើយគាត់មកដើរ តួនាទីជាអង្គការវិជ្ជាជីវៈ មកតំណាងឱ្យសហជីព មកតំណាងឱ្យកម្មករ គឺវាអត់ត្រូវតែម្តង ហើយ ស្របពេលដែលសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកម៉ាន សេងហាក់ ស្នើទៅឯកឧត្តមរដ្ឋមន្ត្រី ហ្នឹង វាជារឿងត្រឹមត្រូវ យើងទទួលស្គាល់ថា វាមិនមែនជាកាតព្វកិច្ចរបស់គាត់ ហើយគាត់អត់មានអីត្រូវមក លូកលាន់ក្នុងកិច្ចការអស់ហ្នឹងដែរ។ ហើយបើ សិនជាមានការផ្តាច់ការបញ្ជាទិញ ការនាំចេញ អីនោះ យើងក៏មិននៅស្ងៀមដែរ ក្នុងនាមយើង ជាកម្មករ ជាមេដឹកនាំកម្មករ ពីព្រោះកម្មករ អត់ការងារធ្វើ សហជីពក៏អត់ការងារធ្វើដូចគ្នា។ អ៊ីចឹងវាជាកាតព្វកិច្ចរបស់ពួកខ្ញុំ មិនមែនជា កាតព្វកិច្ចរបស់ពួកគាត់ដែលគាត់ដើរតែធ្វើអី តាមអំពើចិត្តរបស់គាត់ទេ គឺអត់ត្រូវពួកគាត់ ដើរតួជាមេដឹកនាំសហជីព ឬក៏ជាតំណាងឱ្យ កម្មករ ព្រោះគាត់ជាកម្មករ តែបើគាត់ទៅធ្វើ រឿងផ្តេសផ្តាសកន្លងមក គឺជារឿងរបស់គាត់ យើងអត់ដែលទៅប៉ះពារអីជាមួយគាត់ទេ ប៉ុន្តែ អានេះជារឿងរបស់សហជីព មិនត្រូវបានគាត់ លូកលាន់ទេ

លោកហ្វា សាលី បញ្ជាក់បន្តថា ខ្ញុំមិន ជឿជាក់ចំពោះចំណាត់ការរបស់រដ្ឋមន្ត្រីក្រសួង ការងារនោះទេ ព្រោះយើងរំពឹងទុកបើសិនជា មានភាគីណាប្តឹងពួកគាត់ទៅតុលាការ អាហ្នឹង ជារឿងមួយចាំបាច់។ ប៉ុន្តែ អានេះវាគ្រាន់តែ ជាការដាស់តឿនទៅវិញទេ ហើយសម្រាប់ខ្ញុំ យើងចង់ឱ្យមានការសាមគ្គីជាខ្មែរ មិនចង់ឱ្យ មានការប្តឹងចុះប្តឹងឡើង ព្រោះយើងមិនជួប ប្តឹងទេ ពួកគាត់បានជួបប្តឹង។ អ៊ីចឹងយើងខុស ពីពួកគាត់ គ្រាន់តែថា ស្នើឱ្យអ្នកទាំង២ ទាំង ៣ហ្នឹង មេត្តាបញ្ឈប់នូវសកម្មភាពរបស់ពួក គាត់ដែលពាក់ព័ន្ធជាមួយនឹងកម្មករនិយោជិត ហ្នឹង កុំបោកប្រាស់គាត់ទៀត ពីព្រោះយើងក៏ ចេះធ្វើកិច្ចការអស់ហ្នឹងដែរ។ សរុបទៅ ជាការ សំណូមពរ ទី១ខ្ញុំសំណូមពរទៅដល់លោក ស្រី ចំរើន និងកញ្ញាធី សុវណ្ណថា ដូចគ្នាថា មេត្តាបញ្ឈប់នូវសកម្មភាពដ៏អាក្រក់មើលនេះ ពីព្រោះយើងមានសហជីពដល់ជិត១០០សហជីពធំៗ អ៊ីចឹងមិនចាំពួកគាត់មកខ្វាយខ្វល់ ពាក់ព័ន្ធរឿងហ្នឹងទេ។ ទី២ខ្ញុំអំពាវនាវគ្រប់ស្ថាប័ន ទាំងអស់ មេត្តាបញ្ឈប់សកម្មភាពពួកគាត់ជា បន្ទាន់ ហើយបើអាចធ្វើទៅបាន ក៏ធ្វើទៅតាម ផ្លូវច្បាប់ មិនអាចបណ្តែតបណ្តោយឱ្យសង្គម កម្ពុជាទាំងមូល ឱ្យពួកគាត់ដើរប៉ាតណាប៉ាតណី ស្រេចចិត្តពួកគាត់នោះទេ ហើយក៏សុំអំពាវនាវ ដូចគ្នាចំពោះអ្នកនយោបាយទាំងអស់ មេត្តា កុំយកកម្មករធ្វើជាឈ្នាន់នយោបាយ ហើយ អ្នកនយោបាយ គួរតែដោះស្រាយបញ្ហាដោយ សន្តិវិធី ឬរកនីតិវិធីផ្សេងក្រៅពីឱ្យគេផ្តាច់កូតា នាំចេញនាំអីអ៊ីចឹង យើងអត់សប្បាយចិត្តទេ យើងចង់ឱ្យអ្នកនយោបាយប្រើសារអ្វីដែល ផ្សេងពីសកម្មភាពហ្នឹង

គួរបញ្ជាក់ដែរថា ការស្នើរបស់សហជីព សេរីកម្មនៃព្រះរាជាណាចក្រម្ពុជា ទៅរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ធ្វើឡើងក្រោយពេលដែលលោក ស្រី ចំរើន តំណាងយុវជន និងកញ្ញាធី សុវណ្ណថា ប្រធាន អង្គការយុវជនកិច្ចការសង្គម ព្រមទាំងអ្នក ដែលអះអាងថា ជាតំណាងកម្មករមួយចំនួន ទៀត បានចេញសេចក្តីព្រមានដឹកនាំកម្មករ ជាង១០ម៉ឺននាក់ ធ្វើមហាបាតុកម្មរំលាយគណបក្ស សង្គ្រោះជាតិ ប្រសិនបើសហភាពអឺរ៉ុប បិទការ នាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាម សំណើរបស់លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ សហជីពកម្មករកម្មការិនី និងយុវជនចំនួន១៥០នាក់ ដឹកនាំដោយលោក ស្រី ចំរើន ក៏បានយកញត្តិទៅដាក់ជូនប្រធាន រដ្ឋសភា ស្នើសុំជួយអន្តរាគមន៍ទៅកាន់សហភាព អឺរ៉ុប កុំបិទទីផ្សារនាំចូលពីប្រទេសកម្ពុជា និង ចាត់វិធានការចំពោះលោកសម រង្ស៊ី ប្រសិន សហភាពអឺរ៉ុប បិទទីផ្សារនាំចូលពីប្រទេសកម្ពុជា តាមសំណើរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។

យោងតាមញត្តិសុំអន្តរាគមន៍ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នោះ តំណាងសហជីព កម្មករកម្មការិនី និងយុវជនចំនួន១៥០នាក់ ដែលមានស្នាមមេដៃរបស់លោក ស្រី ចំរើន ផង ដែរ បានបញ្ជាក់ជូនសម្តេចហេង សំរិន ប្រធាន រដ្ឋសភា ថារដ្ឋសភា មេត្តាជ្រាបថា កាលពី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឱ្យសហ ភាពអឺរ៉ុប បិទទីផ្សារនាំចូលពីកម្ពុជា។ សំណើ លោកសម រង្ស៊ី នឹងធ្វើឱ្យកម្មករកម្មការិនី រោងចក្រជិត១លាននាក់ បាត់បង់ការងារ ដែល ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពកម្មករ កម្មការិនី និងគ្រួសារ។

អាស្រ័យដូចបានគោរពជម្រាបជូនខាង លើ សូមសម្តេច ប្រធានរដ្ឋសភា មេត្តាជួយ អន្តរាគមន៍ទៅកាន់សហភាពអឺរ៉ុប ដោយសេចក្តី អនុគ្រោះ

កញ្ញាធី សុវណ្ណថា និងលោក ស្រី ចំរើន មិនអាចទាក់ទងសុំមតិយោបល់ការឆ្លើយតប ពាក់ព័ន្ធនឹងលិខិតរបស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នើរដ្ឋមន្ត្រី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាត់ វិធានការផ្លូវច្បាប់លើអ្នកទាំង២នេះ បានទេ កាលពីម្សិលមិញ។

យ៉ាងណាលោកសម រង្ស៊ី បានបដិសេធ ថា លោកមិនបាននិយាយស្នើឱ្យសហភាពអឺរ៉ុប បិទទីផ្សារនាំចូលផលិតផលកាត់ដេរពីកម្ពុជា នោះទេ ហើយលោកចោទថា គេបកប្រែភាសា បារាំងដែលលោកបាននិយាយនៅពេលនោះ ខុស ទើបនាំឱ្យមានការយល់ច្រឡំ។

ដោយឡែក អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកហេង សួរ បាន បញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ថា ក្រសួងបានទទួលលិខិតរបស់ សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នោះហើយៗក្រសួង នឹងពិនិត្យមើលតាមសំណើ នោះ។

លោកហេង សួរ មានប្រសាសន៍ថា ជា ការពិតក្រសួង បានទទួលលិខិតរបស់សហជីព សេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហើយៗ ក៏អរគុណចំពោះសហជីពនេះ ដែលបានជួយ ជូនដំណឹងមកក្រសួង អំពីការសង្ស័យមានបុគ្គល ដែលធ្វើសកម្មភាពសហជីព ដោយមិនបានចុះ បញ្ជិកា ឬក៏ធ្វើខុសដែន ឬក៏វិសាលភាពដែល បានចុះបញ្ជិកាហើយនោះ ហើយអ្វីដែលខ្ញុំចង់ ទាញចំណាប់អារម្មណ៍នេះ គឺថាក្រសួងបានទទួល ហើយកំពុងពិនិត្យមើលរវាងទំនាក់ទំនងនៃពាក្យ ថា ធ្វើសកម្មភាពសហជីព។ ពាក្យថា សហជីព គឺជាអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត ដែល បានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារ ផលប្រយោជន៍របស់កម្មករ និយោជិត នៅក្នុង រោងចក្រ សហគ្រាសមួយ ហើយក៏ជាអ្នកនាំពាក្យ និងជាអ្នកចរចាជាមួយនឹងនិយោជក នៅក្នុងរោងចក្រសហគ្រាស ឬមួយក៏នៅក្នុង វិស័យរបស់ខ្លួន។ អាហ្នឹងដែលគេហៅថា សកម្មភាពសហជីព ដោយសកម្មភាពផ្សេងទៀត ដែលមិនមែនជាសកម្មភាពសហជីពនេះ គឺយើង មិនបានចាត់ទុកវាជាផ្នែកមួយនៃច្បាប់ស្តីពី សហជីពនោះទេ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ គឺក្រសួងនឹងពិនិត្យលម្អិតបន្ថែមទៀត ហើយ និងបន្តតាមដានថា តើបុគ្គលទាំង២រូបនោះ គឺគាត់ប្រើក្នុងនាមជាប្រធានសហជីព ឬមួយ គាត់គ្រាន់តែជាតំណាងឱ្យប្រធានសហជីព ៤១០នាក់ ដែលគាត់បានជួប ប៉ុន្តែប្រធានសហជីពទាំង៤១០នាក់នោះ មិនមានពេលវេលា ដើម្បីសរសេរញត្តិអី អ៊ីចឹងអាចឱ្យគាត់គ្រាន់តែ ពាំនាំនូវកង្វល់របស់សហជីពគាត់ថាអ៊ីចេះ ថា អ៊ីចុះអី អាហ្នឹងវាជារឿងមួយផ្សេងទៀត ដែល ជាសកម្មភាពសហជីពនោះទេ។ អ៊ីចឹង សុំឱ្យ ទាំងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហើយនិងសាធារណជន ចាប់អារម្មណ៍ នៅក្នុងច្បាប់របស់យើងអំពីការធ្វើសកម្មភាព សហជីពដែលខុសដែន ខុសវិសាលភាព ឬមួយ ក៏បានធ្វើសកម្មភាពដោយមិនបានចុះបញ្ជិកា។ អ៊ីចឹងចំណុចនេះ យើងនឹងបន្តតាមដាន ហើយ ចាត់វិធានការ គឺយើងនឹងពិនិត្យមើល បើសិនជាវា ធ្វើរំលោភទៅលើច្បាប់ស្តីពីសហជីព វិធានការ ទី១ របស់យើងគឺ ទី១ចេញលិខិតអញ្ជើញបុគ្គល ទាំង២នោះ ដើម្បីមកជម្រាបហើយ ទី២ គឺអាច ចេញជាលិខិតព្រមាន ហើយបើសិនជាព្រមាន ហើយ នៅតែបន្តធ្វើសកម្មភាពសហជីព ដោយ មិនចុះបញ្ជិកា ឬដោយខុសច្បាប់នេះ គឺយើង អាចនឹងឈានទៅដល់ការធ្វើពិន័យអន្តរកាល

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES