Thursday, March 28, 2024
Homeព័ត៌មានជាតិតំណាង​សហ​ជីព​កម្ម​ករ​ព្រមាន​ធ្វើ​បាតុ​កម្ម រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ

តំណាង​សហ​ជីព​កម្ម​ករ​ព្រមាន​ធ្វើ​បាតុ​កម្ម រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ

ភ្នំពេញ ៖ តំណាងសហជីពកម្មករ និង យុវជន រួមមានកញ្ញាធី សុវណ្ណថា និងលោក ស្រី ចំរើន ជាដើម បានធ្វើលិខិតព្រមានគណបក្សសង្គ្រោះជាតិ ដោយបញ្ជាក់ថា នឹងធ្វើ បាតុកម្មរំលាយគណបក្សប្រឆាំងមួយនេះចោល ប្រសិនបើសហភាពអឺរ៉ុប បិទការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាមសំណើរបស់លោក សម រង្ស៊ី។

សេចក្តីព្រមានគណបក្សសង្គ្រោះជាតិ របស់តំណាងសហជីពកម្មករ-កម្មការិនី និង យុវជន ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែលមានស្នាមមេដៃតំណាងកម្មករ-កម្មការិនី រោងចក្រនានា លោក ស្រី ចំរើន តំណាងយុវជន កញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ច- ការសង្គម និងជាអតីតយុវជនគាំទ្រគណបក្ស សង្គ្រោះជាតិ ជាដើមនោះ បានបញ្ជាក់ថា “សេចក្តីព្រមានគណបក្សសង្គ្រោះជាតិ

កញ្ញាធី សុវណ្ណថា
កញ្ញាធី សុវណ្ណថា

កម្មវត្ថុ ៖ គម្រោងធ្វើបាតុកម្ម “រំលាយ គណបក្សសង្គ្រោះជាតិ” ប្រសិនបើសហភាព អឺរ៉ុបបិទការនាំចូលសម្លៀកបំពាក់ពីប្រទេស កម្ពុជា តាមសំណើរបស់លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ។

យោង ៖ ការចុះផ្សាយអត្ថបទ របស់ វិទ្យុបារាំង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦។

តបតាមកម្មវត្ថុនិងយោងខាងលើ យើង ខ្ញុំតំណាងសហជីព កម្មករ-កម្មការិនី តាមបណ្តា រោងចក្រនានា ក្នុងប្រទេសកម្ពុជា ចំនួន១០ រោងចក្រ មានសមាជិកកម្មករ-កម្មការិនីជាង ១១ម៉ឺននាក់ នឹងធ្វើបាតុកម្ម “រំលាយគណបក្សសង្គ្រោះជាតិ” ប្រសិនបើសហភាពអឺរ៉ុប បិទការនាំចូលសម្លៀកបំពាក់ពីប្រទេសកម្ពុជា តាមសំណើរបស់លោកសម រង្ស៊ី។ សំណើរបស់ លោកសម រង្ស៊ី នឹងធ្វើឱ្យកម្មករ-កម្មការិនី ជិត១លាននាក់ បាត់បង់ការងារ ដែលធ្វើឱ្យ ប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពកម្មករ-កម្មការិនី និងគ្រួសារ។

សូមលោកសម រង្ស៊ី លោកកឹម សុខា ថ្នាក់ដឹកនាំ និងសកម្មជនបក្សសង្គ្រោះជាតិ ជ្រាបជាព័ត៌មាន”។

សេចក្តីព្រមានរបស់តំណាងយុវជន និង តំណាងកម្មករ ដឹកនាំដោយកញ្ញាធី សុវណ្ណថា នេះ បានធ្វើឡើងស្របពេលដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរាជរដ្ឋា- ភិបាលកម្ពុជា សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា 9អៅំជប និងសហភាពសហព័ន្ធ សហជីពជាច្រើន បានចេញសេចក្តីប្រកាសព័ត៌មាន និងសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយ និងថ្កោលទោសចំពោះការលើកឡើង របស់លោកសម រង្ស៊ី នៅសភាអឺរ៉ុប ទាក់ទង នឹងការបិទទីផ្សារនាំចេញពីប្រទេសកម្ពុជា ទៅ សហគមន៍អឺរ៉ុប។

ទោះយ៉ាងណា សហភាពសហព័ន្ធសហជីព មួយចំនួន បានចាត់ទុកសកម្មភាពរបស់កញ្ញា ធី សុវណ្ណថា ដែលចូលរួមជាមួយតំណាង កម្មករ ប្រកាសព្រមានគណបក្សប្រឆាំងនោះ ជាសកម្មភាពមិនច្បាស់លាស់។

ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានលើកឡើងថា ប្រសិនបើមាន ការបិទនាំចេញសេដ្ឋកិច្ច ដូចការស្នើសុំរបស់ លោកសម រង្ស៊ី មែន អ្នកដែលរងផលប៉ះពាល់ ប្រាកដជាមិននៅស្ងៀមទេ តែក្នុងកាលៈទេសៈ ម៉ោងនេះ ស្ថិតនៅក្នុងទិដ្ឋភាពដែលកំពុងតែ មើលទាំងអស់គ្នា។ ដូច្នេះមិនចាំបាច់មានការ ញុះញង់ ការបញ្ជា ឬការអំពាវនាវពីក្រុមណា មួយទេ។

លោកប៉ាវ ស៊ីណា បញ្ជាក់ថា “សម្រាប់ ទស្សនៈរបស់ខ្ញុំៗមើលឃើញថា មួយរយៈពេល ចុងក្រោយនេះ ខ្ញុំឃើញថា ទាក់ទងទៅនឹង សកម្មភាពរបស់កញ្ញាធី សុវណ្ណថា នេះ ខ្ញុំឃើញ គាត់ទទួលបានការរិះគន់ខ្លាំងពីស្រទាប់មហាជន។ ដូច្នេះខ្ញុំយល់ថា អ្វីដែលគាត់ប្រកាស អំពីការព្រមានរំលាយគណបក្សនយោបាយ វាមិនអាចធ្វើទៅរួចទេ ពីព្រោះអីគណបក្ស នយោបាយ ទាល់តែមានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋដែលជាអ្នកជ្រើសរើសបក្សនយោបាយ មិនមែនខ្លួនគាត់១ក្រុម ចេះតែនឹកឃើញ ចង់រំលាយអ្នកនេះ រំលាយខាងនោះស្រេចតែ នឹងចិត្តគាត់នឹកឃើញ គឺមិនអាចទេ។ ប្រសិន ជាគាត់អាចប្តឹងរំលាយ ចុះប្រជាជន ឬសមាជិក បក្សដែលគេគាំទ្រ យើងទៅរំលាយគេម៉េច កើត។ តែសម្រាប់ខ្ញុំ មើលឃើញថា វាជាសិទ្ធិ របស់បុគ្គលម្នាក់ៗក្នុងការប្រកាសពីមតិរបស់ ខ្លួន។ សម្រាប់ខ្ញុំគ្រាន់តែមើលឃើញថា ប្រសិន- បើគណបក្សសង្គ្រោះជាតិ ជាពិសេស លោក- ប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកថ្លែង ឱ្យសហគមន៍អឺរ៉ុប បង្កកការនាំចេញអីផ្សេងៗ ហ្នឹង ខ្ញុំមានការសោកស្តាយ ហើយក្នុងនោះ ខ្ញុំ ក៏បានចេញសេចក្តីប្រកាសព័ត៌មាន ក៏ដូចសេច- ក្តីថ្លែងការណ៍ដែរ គឺយើងសោកស្តាយ ប្រសិន សភាអឺរ៉ុប បិទការនាំចេញមែន។ អ្នកដែលរង ផលប៉ះពាល់មុនគេ ប្រជាពលរដ្ឋខ្មែរ ប៉ុន្តែខ្ញុំ មើលឃើញថា ប្រសិនបើបិទការនាំចេញមែន មិនចាំបាច់ខាងណាគេអំពាវនាវ ឬខាងណាគេ មកបញ្ជា មកកៀងគរ មកញុះញង់អីទេ ប្រជា- ពលរដ្ឋ កម្មករ កម្មការិនីរាប់សែនរាប់លាននាក់ ជាអ្នកទទួលផលប៉ះពាល់ពីការបិទការនាំចេញ ហ្នឹងមែន ច្បាស់ជាបញ្ចោញទស្សនៈខឹងសម្បា រិះគន់ លែងគាំទ្រយ៉ាងម៉េច ខ្ញុំគិតថា វានឹង មើលឃើញ”។

ចំណែកប្រធានសហព័ន្ធសហជីពមិត្តភាព កម្មករ លោកសៀង សម្បត្តិ បានសរសេរនៅ ក្នុងហ្វេសប៊ុករបស់លោក ទាក់ទងនឹងសេចក្តី ព្រមានរបស់ក្រុមកញ្ញាធី សុវណ្ណថា នោះដែរ ថា “ខ្ញុំពិតជាមិនចូលចិត្តធី សុវណ្ណថា ចូលចិត្ត យកគេឯងមកពាក់ព័ន្ធ ព្រោះម្នាក់នេះនិយាយ មិនដែលពិតសោះ កម្មករ១១ម៉ឺននាក់ មកពី ១០ រោងចក្រ ១រោងចក្រ១០០០០នាក់ ហត្ថ- លេខា តំណាងសហជីព ដូចជាអត់មានឈ្មោះ ក្រុមសហជីពសោះ បើកុហកបាន កុហកទៅ ប្អូន”។

ជាមួយគ្នានោះដែរ លោកសៀង សម្បត្តិ ក៏បានចេញលិខិតចំហអំពាវនាវឱ្យប្រធានគណ- បក្សធំទាំង២ មេត្តាបន្ថយកម្តៅនយោបាយ ដើម្បីជួយស្តារប្រជាជនទាំងអស់គ្នា។

លិខិតរបស់លោកសៀង សម្បត្តិ បានបញ្ជាក់ ថា “តើអ្នកនយោបាយគួរធ្វើអ្វីខ្លះ សម្រាប់ ប្រយោជន៍ជាតិទាំងមូល?

សម្រាប់ខ្ញុំដែលជាពលរដ្ឋខ្មែរមួយរូប មិន ចង់ឱ្យខ្មែរកាប់សម្លាប់គ្នាដើម្បីអំណាចទេ យើង ត្រូវតែការពារទឹកដី ដែលបុព្វបុរសយើងទុក ឱ្យ រក្សាសាមគ្គីភាព រវាងបងប្អូនខេមរា ឱ្យមាន ភាពថ្លៃថ្នូរ រួមរស់ជាមួយគ្នា ជួយអភិវឌ្ឍន៍ សង្គមយើងទាំងអស់គ្នា ផ្តល់ឱកាសឱ្យគ្នាទៅ វិញទៅមក ពង្រីកវប្បធម៌ខ្មែរ ឱ្យល្បីសព្វផ្សាយ ដូចបុព្វបុរសយើង។

អ្នកនយោបាយគួរតែងាកមករកការចរចា គ្នានៅលើតុ គួរធ្វើអ្វីដែលនាំឱ្យមានស្ថិរភាព ជូនសង្គម កុំឱ្យគេខ្ចីដៃខ្មែរយើងបំផ្លាញប្រទេស យើងតទៀត។ យើងឃើញហើយថា ប្រវត្តិ- សាស្ត្របានផ្តល់នៅការឈឺចាប់ច្រើនណាស់ សម្រាប់ខ្មែរយើងពីមួយជំនាន់ទៅមួយជំនាន់ បាត់បង់វិនាសហិនហោចគ្រប់បែបយ៉ាង សឹង ថាគ្មានសល់នៅទេ។

ខ្ញុំសៀង សម្បត្តិ សូមសំណូមពរដល់ សម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជន និងឯកឧត្តមសម រង្ស៊ី មេត្តាបន្ថយកម្តៅ នយោបាយ ដើម្បីជួយស្តារប្រជាជនទាំងអស់គ្នា។

សូមសម្តេចនិងឯកឧត្តម ងាកមករកការ ចរចាណាមួយ ដើម្បីបញ្ចប់ជម្លោះនយោបាយ នេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សម្តេចហ៊ុន សែន និងឯកឧត្តមសម រង្ស៊ី នឹងយល់ពីទឹកចិត្តពលរដ្ឋ និងបញ្ចប់បញ្ហាបានឆាប់។

ក្មួយសូមអភ័យទោស បើសិនមានពាក្យ លើសលស់ដល់សម្តេច និងឯកឧត្តម សូមអរគុណ ខ្ញុំសូមជូនពរសម្តេចហ៊ុន សែន និងឯកឧត្តម សម រង្ស៊ី មានសុខភាពល្អ រឹងមាំបំផុត”។

កញ្ញាធី សុវណ្ណថា មិនអាចទាក់ទងសុំ មតិយោបល់បន្ថែមលើការចូលរួមធ្វើសេចក្តី ព្រមានធ្វើបាតុកម្មរំលាយគណបក្សសង្គ្រោះជាតិ ខាងលើនេះបានទេ កាលពីម្សិលមិញ។

ទោះជាយ៉ាងណា លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ដែលកំពុងរងប្រតិកម្ម ជុំទិស ជុំវិញការលើកឡើងរបស់លោកទៅ កាន់សភាអឺរ៉ុបនោះ បានបដិសេធថា លោក មិនបានអំពាវនាវឱ្យសហគមន៍អឺរ៉ុបបិទទីផ្សារ នាំចូលពីកម្ពុជានោះទេ ដោយលោកបានសរសេរ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ អមជាមួយវីដេអូឃ្លីប ស្តីពីប្រសាសន៍របស់លោកក្នុងកិច្ចប្រជុំសភា អឺរ៉ុបនោះថា “ភ័ស្តុតាងបង្ហាញពីការភូតកុហក របស់រដ្ឋាភិបាល វីដេអូដ៏ខ្លីនេះ ជាភ័ស្តុតាងដែល បង្ហាញថា រដ្ឋាភិបាលបានភូតកុហកប្រជា- ពលរដ្ឋ ជាពិសេសកម្មករ ដោយមួលបង្កាច់ខ្ញុំ ថា ខ្ញុំបានស្នើសហគមន៍អឺរ៉ុប ឱ្យបិទទីផ្សារសម្រាប់ សម្លៀកបំពាក់ ដែលនាំចេញពីប្រទេសកម្ពុជា។ វីដេអូនេះ ជាការថតសំឡេងនៅពេលដែលខ្ញុំ និយាយជាភាសាបារាំង នៅចំពោះមុខតំណាង រាស្ត្រសភាអឺរ៉ុប កាលពីថ្ងៃ១៣ កក្កដា ២០១៦។ បន្ទាប់ពីបញ្ជាក់ថា ក្រុមហ៊ុនកាត់ដេរ នៅប្រទេស កម្ពុជា ចំណេញលុយច្រើនណាស់ ហើយមួយ ផ្នែកនៃប្រាក់ចំណេញនេះ ត្រូវផ្ទេរជាសំណូក សូកប៉ាន់ឱ្យទៅមេដឹកនាំពុករលួយនៅស្រុក យើង ខ្ញុំបានលើកឡើងថា ៖ “បើអស់លោក អ្នកតំណាងរាស្ត្រសភាអឺរ៉ុប ធ្វើឱ្យអាជ្ញាធរ ប្រទេសកម្ពុជា យល់ថា ទីផ្សារសម្លៀកបំពាក់ នេះមិនមែនបើកចំហជានិច្ចកាល ដោយគ្មាន លក្ខខណ្ឌនោះទេ ពួកគេទាំងនោះអាចចាប់ ផ្តើមគិតគូរពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា”។ ដូច្នេះខ្ញុំមិន បានអំពាវនាវទាល់តែសោះឱ្យសហគមន៍អឺរ៉ុប បិទទីផ្សាររបស់គេតែម្តង។ នេះបង្ហាញថា រដ្ឋាភិបាល កំពុងតែឃោសនាយ៉ាងអកុសល ដោយ បកប្រែពាក្យសម្តីរបស់ខ្ញុំពីភាសាបារាំង មក ភាសាខ្មែរ ខុសស្រឡះទាំងស្រុង។

អ្វីដែលខ្ញុំបានលើកឡើងនោះ ក៏មិនខុស ពីអ្វីដែលសហជីពធំៗនៅប្រទេសកម្ពុជា បាន លើកឡើងជាមួយក្រុមហ៊ុនអន្តរជាតិធំៗជា អ្នកបញ្ជាទិញ (ពុយរេស) ដើម្បីទាក់ទាញ អារម្មណ៍ក្រុមហ៊ុនបរទេសទាំងនោះ ឱ្យគិតគូរ អំពីលក្ខខណ្ឌការងារដ៏លំបាកវេទនារបស់កម្មករ ខ្មែរនៅប្រទេសកម្ពុជា។ ការលើកឡើងបែប នេះ គឺជាវិធីសាស្ត្រក្នុងការចរចា ដើម្បីស្នើឱ្យ ពួក ពុយរេស ដាក់សម្ពាធទៅលើថៅកែរោង ចក្រកាត់ដេរ នៅប្រទេសកម្ពុជា ឱ្យដំឡើង ប្រាក់ខែ និងកែលម្អលក្ខខណ្ឌការងារ សម្រាប់ ជួយដល់កម្មករខ្មែរ”៕

ដោយ ៖ កុលបុត្រ

 

 

RELATED ARTICLES