ខេន ព្រួយចិត្តគ្មានទ្រនំជ្រក

0
405

ខេន តារាចម្រៀងដែលមានទម្រង់មុខ និងទឹកដមសំឡេងស្អកស្រដៀងតារាចម្រៀងល្បី ខេម ហើយបទមួយចំនួ នត្រូវបានគេយល់ច្រឡំជាបទរបស់ខេម ផងនោះ កំពុងតែព្រួយចិត្តគ្មានទ្រនំថ្មីជ្រក ខណៈដែលទើបផុតកុងត្រាពីផលិតកម្ម BKS…។

Khen1
ស្ថិតក្នុងវ័យ២៨ឆ្នាំ លោកមិល រតនៈ ហៅខេន បានប្រឡូកសិល្បៈ ជាង៤ឆ្នាំមកហើយ ហើយលោកក៏ជាតារាចម្រៀងរបស់ផលិតកម្ម BKS ផងដែរដែល ទាញបានការគាំទ្រតាមរយៈបទចម្រៀងមួយចំនួន។ ប៉ុន្តែគេចាប់អារម្មណ៍ថា ខេន មានទឹកដមសំឡេង និងទម្រង់មុខដូចខេម ហើយស្ទីលច្រៀង ក៏ស្រដៀងខេម ដែរដែលមជ្ឈដ្ឋានជាច្រើនគិតថា ខេន យកស្ទីលតាមខេម។

Khen3
ក្នុងជំនួបជាមួយខេន កាលពីថ្មីៗនេះ បានទទួលស្គាល់ថា ពិតជាមានការយល់ច្រឡំថា លោកយកស្ទីលតាមខេម ខណៈដែលមានទម្រង់មុខ ទឹកដមសំឡេង ហើយឈ្មោះក៏ស្រដៀងគ្មាដែរនោះ។ ខេន បញ្ជាក់ថា ”បច្ចុប្បន្ននេះ សូម្បីតែបទរបស់ខ្ញុំមួយចំនួន ក៏គេយល់ច្រឡំជាបទរបស់ខេម ដែរដូចជាបទ”សន្យាបានទេ” និងបទ”ហេតុអ្វីចាកចេញ“ ជាដើម តែខ្ញុំសូមបញ្ជាក់ថា ខ្ញុំពុំបានយកស្ទីល ឬយកត្រាប់តាមគាត់ (ខេម) ទេ គឺខ្ញុំមាននិស្ស័យពីកំណើតបែបនឹង។ ផ្ទុយទៅវិញ ខ្ញុំតែងតែព្យាយាមទាញស្ទីលច្រៀងឲ្យប្លែកពីគាត់ ដូចជាងាកមកច្រៀងបទបែបចង្វាក់ Rock ឲ្យបានច្រើន ជាដើម ដើម្បីកុំឲ្យទស្សនិកជនមានការយល់ច្រឡំ។ ចំពោះឈ្មោះរបស់ខ្ញុំ (ខេន) ពុំមែនខ្ញុំទើបតែដាក់ឲ្យស្រដៀង គាត់ទេ គឺខ្ញុំបានដាក់តាំងពីខេម មិនទាន់ល្បីម្លេះដែលជារឿងមួយចៃដន្យបំផុត ដែលខ្ញុំខ្លួនឯងស្ទើរមិនចង់ជឿ”។

Khen2
ខេន បានឲ្យដឹងដែរថា “នារដូវក្ដៅកន្លងទៅនេះ លោកក៏មានឱកាសចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីតាមបណ្ដាខេត្តជាច្រើនផងដែរ បន្ទាប់ពីមានបទចម្រៀងមួយចំនួន លេចធ្លោនៅផលិតកម្ម BKS ប៉ុន្តែអ្វីដែលលោកកំពុងតែព្រួយចិត្តបំផុតនោះ គឺទើបតែផុតកុងត្រាជាមួយ BKS ដោយមិនទាន់មានទ្រនំថ្មីជ្រកនៅឡើយ។ ខេន បញ្ជាក់ថា ”បច្ចុប្បន្ននេះ BKS សម្រុកផលិតភាពយន្ត ដូច្នេះផ្នែកចម្រៀងក៏ត្រូវស្ងប់ស្ងាត់ ហើយខ្ញុំក៏ចង់បានទ្រនំថ្មីមួយដ៏រឹងមាំផងដែរ”។
ខេន បានបង្ហាញពីជំនឿចិត្តថា បើលោកបានចូលច្រៀងនៅក្នុងផលិតកម្មដ៏រឹងមាំណាមួយមានបទថ្មីចេញនៅលើទីផ្សារ លោកនឹងអាចទាញបានការគាំទ្រខ្លាំង។ ខេន បន្ថែមថា “ខ្ញុំអាចច្រៀងបានគ្រប់ចង្វាក់ ហើយខ្ញុំជឿជាក់លើសមត្ថភាពរបស់ខ្ញុំ ដូច្នេះបើខ្ញុំមានទ្រនំច្រៀងខ្ញុំ និងប្រឹងប្រែងឲ្យបានល្អបំផុត ដោយមិនឲ្យទស្សនិជនខកបំណងឡើយ”។
ខេន ជាកូនច្បងក្នុងចំណោមបងប្អូន២នាក់ ស្រី១ ដែលមានស្រុកកំណើតនៅរាជធានីភ្នំពេញ ហើយឪពុករបស់លោកបានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ពោលគឺលោកជាបង្គោល នៅក្នុងគ្រួសារដែលបានចេញច្រៀងរកប្រាក់ផ្គត់ផ្គង់គ្រួសារនៅតាមក្លឹប ភោជនីយដ្ឋាន និងធ្លាប់ច្រៀងនៅផ្សាររាត្រី នៅរាជធានីភ្នំពេញ មុនពេលចូលច្រៀងនៅផលិតកម្ម BKS នៅអំឡុងឆ្នាំ២០១៣។ គោលបំណងរបស់ខេន នាពេលបច្ចុប្បន្ននេះ គឺចង់ចូលច្រៀងនៅក្នុងផលិតកម្ម មួយ ដើម្បីចង់សម្រេចក្ដីស្រមៃលើវិថីចម្រៀង៕                                                                                            សុខ ស៊ីឡាង