Thursday, April 18, 2024
Homeតារាខ្មែរមហាហង្សចាយទុន១០ម៉ឺនដុល្លារ ផលិតរឿង ”បំភ្លេចមិនបាន”

មហាហង្សចាយទុន១០ម៉ឺនដុល្លារ ផលិតរឿង ”បំភ្លេចមិនបាន”

នាព្រឹកថ្ងៃទី៨ខែ សីហា ឆ្នាំ២០១៦ នេះ ផលិតកម្មមហាហង្ស បានក្រុងពលីចេញថតខ្សែភាពភាគថ្មីមួយទៀត រឿង ”បំភ្លេចមិនបាន” ដែលជារឿងប្រលោមលោកដ៏ល្បីល្បាញ កាលពីឆ្នាំ១៩៩៥ របស់អ្នកនិពន្ធជើងចាស់ អ្នកស្រីប៉ាល់ វណ្ណារីរក្ស ដែលរឿងនេះគ្រោងចំណាយទុនផលិត ខ្ទង់១០ ម៉ឺនដុល្លារ។

Moha-Hong1
ចាងហ្វាងផលិតកម្មមហាហង្ស លោកអ៊ិន សុភិន បានថ្លែងឲ្យដឹងថា “មូលហេតុដែល លោកជ្រើសរើសរឿងប្រលោមលោក ”បំភ្លេចមិនបាន” មកផលិតជារឿងភា គដោយសារតែរឿងនេះល្បីល្បាញខ្លាំង រហូតទទួលបានចំណាត់ថ្នាក់លេខ១ស្ទួន ពាន់រង្វាន់ព្រះសីហនុរាជ កាលពីឆ្នាំ១៩៩៥។ ជាពិសេសនោះ រឿងនេះមានសាច់រឿងល្អ និងមានអត្ថន័យជ្រាលជ្រៅ គួបផ្សំនិងការអប់រំខ្លាំងផងដែរទើបលោកសុំសិទ្ធិឲ្យអ្នកស្រីប៉ាល់ វណ្ណារីរក្ស សរសេរជាសេណារីយូភាពយន្តឡើង។

Moha-Hong3
ថៅកែផលិតកម្មមហាហង្ស ដែលសម្បូរទ្រព្យស្ដុករូបនេះ បន្ថែមថារឿងនេះ គ្រោងផលិត៥០ ភាគ ដោយត្រូវប្រើពេលផលិត៥ខែ និងត្រៀមការចំណាយខ្ទង់១០ ម៉ឺនដុល្លារ ហើយនិងគ្រោងដាក់បញ្ចាំង នៅស្ថានីយ៍ទូរទស្សន៍ PNN នៅអំឡុងចុងឆ្នាំ២០១៦ ខាងមុខនេះ។
លោកសុភិន បានឲ្យដឹងដែរថា “សម្រាប់រឿង ”បំភ្លេចមិនបាន” នេះ ជារឿងទី២០ របស់មហាហង្ស ហើយបច្ចុប្បន្ននេះ ក្រៅពីផលិតរឿងខ្នាតធំដាក់បញ្ចាំងតាមរោងភាពយន្តនានា មហាហង្ស បានផលិតខ្សែភាពយន្តភាគ ឲ្យខាងស្ថានីយទូរទស្សន៍មួយចំនួន ដូចជា CTN PNN ប៉ុស្តិ៍បាយ័ន និងស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាដើម។ នៅឆ្នាំ២០១៦នេះ មហាហង្ស គ្រោងផលិតខ្សែភាពយន្តភាគឲ្យបាន៦រឿង ខណៈដែលទទួលកុងត្រាផលិតឲ្យ PNN ក្នុងរយៈពេល២ឆ្នាំ ចំនួន១៥រឿង។

លោកសុភិន បញ្ជាក់ថា “ការចាយទុនច្រើនបែបនេះ ដោយសារតែមហាហង្ស ចង់ពង្រឹងការផលិតឲ្យមានគុណភាពល្អ តម្រូវទីផ្សារ ពោលគឺក្រៅពីមានសាច់រឿងល្អ តួសម្ដែងល្អ អ្នកដឹកល្អក៏ត្រូវពង្រឹងខាងបច្ចេកទេសផងដែរ។
អ្នកស្រីប៉ាល់ វណ្ណារីរក្ស អ្នកនិពន្ធឆ្នើមបានឲ្យដឹងដែរថា “រឿង”បំភ្លេចមិនបាន” ជាប្រលោមលោកល្បីល្បាញ និងលក់ដាច់ច្រើនបំផុត កាលពីអំឡុងឆ្នាំ១៩៩៥ ហើយក៏ត្រូវបានបរទេសជាច្រើន សុំសិទ្ធិយកទៅបកប្រែជាភាសារបស់ខ្លួ នហើយក៏មាននិស្សិតកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទាំងក្នុងនិងក្រៅប្រទេស ជាច្រើនបានយកទៅធ្វើនិក្ខេបបទ (សរសេរសារណា) បញ្ចប់ការសិក្សាផងដែរ។
អ្នកនិពន្ធដែលមានបទពិសោធជាង២ទស្សវត្ស និងនិពន្ធរឿងប្រលោមលោក បានជាង១០០រឿងរូបនេះបានឲ្យដឹងទៀតថា “ការដែលយករឿងប្រលោមលោកទៅផលិតជាខ្សែភាពយន្ត ពិតជាជួបការលំបាកច្រើន ក៏ព្រោះតែត្រូវបំលែងពីមនោសញ្ចេតនា អារម្មណ៍មកជារូបភាព។ តែទោះជាយ៉ាងណាអ្នកស្រីរំពឹងថា នឹងទាញបានការចាប់អារម្មណ៍ខ្លាំង នៅពេលដាក់បញ្ចាំង ព្រោះរឿងនេះមានចំណុចទាក់ទាញខ្លាំង។ ម្យ៉ាងជាខ្សែរឿងដែលល្បីស្រាប់ទៅហើយ។
គួរបញ្ជាក់ថា រឿង ”បំភ្លេចមិនបាន” មានការចូលរួមសម្ដែងដោយកញ្ញានី មុន្នីនាថ, លោកអូន ឧស្សាហ៍, លោកហម ឈរ៉ា, អ្នកស្រីចាន់ តារាទី, លោកលាង ឧត្តម កញ្ញាអាង សូនីតា, កញ្ញាម៉ៅ គីម ធីតា, អ្នកស្រីនិន សុធារ៉ា, លោកអៀង ចេនឡា និងតារាសម្ដែងជាច្រើនរូបទៀត៕      សុខ ស៊ីឡាង

Moha-Hong5
អ្នកស្រីប៉ាល់ វណ្ណារីរក្ស
Moha-Hong4
លោកអុិន សុភិន ពេលផ្តល់សម្ភាសន៍
RELATED ARTICLES