Friday, March 29, 2024
Homeព័ត៌មានជាតិសំណុំ​រឿង​លោក​កឹម សុខា តុលា​ការ បញ្ជូន​ទៅ​ជំនុំ​ជម្រះ

សំណុំ​រឿង​លោក​កឹម សុខា តុលា​ការ បញ្ជូន​ទៅ​ជំនុំ​ជម្រះ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ  បានសម្រេចបិទការស៊ើបសួរ និងបញ្ជូនសំណុំរឿងចោទប្រកាន់លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ពីបទ បដិសេធក្នុងការ ចូលខ្លួនទៅជំនុំជម្រះ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ហើយនៅព្រឹកថ្ងៃទី២៤ ខែសីហា   កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានយកដីកាខាងលើទៅបិទនៅជញ្ជាំងរបងផ្ទះរបស់លោក កឹម សុខា ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដើម្បីជូនដំណឹងដល់លោកកឹម សុខា។

យោងតាមដីកាជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ៣០៦ ក១.ព្រ.ទ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកថាន់ ឡេង ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ មាន ខ្លឹមសារទាំងស្រុងថាយើងថាន់ ឡេង ចៅក្រម ស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ

បានឃើញក្រមនីតិវិធីព្រហ្មទណ្ឌដែល ប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/- រកម/០៨០៧/០២៤ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៧។

បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០១ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។

បានឃើញដីកាសន្និដ្ឋានស្ថាពរលេខ  ២២៣៣ អ..ឋ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

បានឃើញដីកាដំណោះស្រាយលេខ២៨៩១ ក១..ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

ប្រាប់មកជនត្រូវចោទឈ្មោះកឹម សុខា  ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ទីកន្លែង  កំណើត ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ លំនៅបច្ចុប្បន្ន ស្នាក់នៅផ្ទះលេខ៩៧  ផ្លូវលេខ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ ២៤០១  ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដែលបាន ចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យ  ស៊ើបសួរ លេខ១៣៨២ អ..ឋ ចុះថ្ងៃទី២៦  ខែសីហា ឆ្នាំ២០១៦ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ បដិសេធ ក្នុងការចូលខ្លួនប្រព្រឹត្តនៅរាជធានីភ្នំពេញ  កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ យើង បានចាត់ការស៊ើបសួរចប់សព្វគ្រប់ និងបាន សម្រេចបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ តាមដីកាដំណោះស្រាយ លេខ២៨៩១ ក១..ដ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ ហេតុនេះ សូមជ្រាបជាដំណឹង

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចដាក់ លោកកឹម សុខា ឱ្យស្ថិតក្នុងការពិនិត្យ ពីបទ  “បដិសេធក្នុងការចូលខ្លួនប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ ជាបទល្មើសដែលច្បាប់ តម្រូវឱ្យ ផ្តន្ទាទោសដាក់ពន្ធនាគារ។ ក្នុងដីកាក៏បាន បញ្ជាក់ផងដែរថា លោកកឹម សុខា ត្រូវគោរព  នូវការតព្វកិច្ច ដោយមិនត្រូវចាកចេញក្រៅ ដែនដីនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។

គួររំឭកថា លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានសំងំលាក់ខ្លួននៅ ក្នុងទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ  ឯសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ អស់រយៈពេលជិត២ខែមកហើយ ពោលគឺបន្ទាប់ពី លោកមិនចូលខ្លួនតាមដីកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងឋានៈជាសាក្សី ពាក់ព័ន្ធសំណុំរឿងសញ្ចារកម្មដែលប្តឹងដោយ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបាន  អះអាងថា ជាអតីតគូកំណាន់របស់លោកកឹម សុខា។

ទោះយ៉ាងណា ជុំវិញការចេញដីកាជូនដំណឹងស្តីពីការសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះរបស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ខាងលើនេះ នគរធំមិនអាចទាក់ទងសុំយោបល់ពីលោក  កឹម សុខា បានទេ កាលពីម្សិលមិញ។ ប៉ុន្តែ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ  បានបញ្ចោញនូវទស្សនៈផ្ទាល់ខ្លួន តាមរយៈទំព័រហ្វេសប៊ុករបស់លោកថា កូនខ្មែរគ្រប់គ្នា  ចាំមើលយើង

ខ្មែរល្មមឈប់ឆោត ចោទដាក់គ្នា  លាបពណ៌ ចងពៀរ កាប់សម្លាប់តែពូជសាសន៍ ឯង មិនចេះចប់ តើថ្ងៃណាស្ងប់ ឈប់ឈ្លោះគ្នា?

នយោបាយចាញ់ឈ្នះ មិនមែនមារ យើងជាគ្រួសារខ្មែរដូចគ្នា គោលដៅចម្បង  ជាតិប្រជា កូនខ្មែរគ្រប់គ្នា ចាំមើលអ្នក

RELATED ARTICLES