សំណុំ​រឿង​ស្រីមុំ-​​លោក​កឹម សុខា តុលា​ការ កោះ​ហៅ​មន្ត្រី​អាដ​ហុក​ម្នាក់​ទៀត

0
352

ភ្នំពេញ ៖ ជុំវិញសំណុំរឿងអាស្រូវផ្លូវភេទ រវាងកញ្ញាស្រីមុំ និងលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ សាលាដំបូងរាជ- ធានីភ្នំពេញ បានកោះហៅមន្ត្រីអង្គការអាដហុក ម្នាក់ទៀត មកធ្វើការសាកសួរ ក្នុងនាមជាសាក្សី ក្នុងដំណើររឿងសូកប៉ាន់សាក្សី ដែលបានចោទ ប្រកាន់ទៅលើមន្ត្រីអាដហុក ចំនួន៤រូប កាលពី ពេលកន្លងមក។

លោកលី សុផាណា អ្នកនាំពាក្យសាលា ដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មន្ត្រី សមាគមអាដហុកមួយរូបទៀត ដែលត្រូវបាន លោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការកោះ ហៅមកសាកសួរនោះ មានឈ្មោះឆន សុគន្ធា មានតួនាទីជាប្រធានផ្នែកស្ត្រីនៃសមាគមអាដ- ហុក។

យោងតាមដីកាកោះរបស់សាលាដំបូង- រាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយលោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញឈ្មោះឆន សុគន្ធា ជាប្រធានផ្នែក ស្ត្រីប្រចាំសមាគមអាដហុក ឱ្យចូលខ្លួនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ “ស” ជាន់ទី ៥ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង ៩ព្រឹក ដើម្បីសាកសួរក្នុឋានៈជាសាក្សី ជុំវិញ ដំណើររឿង “សូកប៉ាន់សាក្សី តាមមាត្រា៥៤៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា-មេសា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ទាក់ទងនឹងសំណុំរឿងខាង លើនេះ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ លោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរនៃ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកា កោះហៅលោកប៉ា ងួនទៀង នាយកប្រតិបត្តិ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯក រាជ្យ ឱ្យចូលខ្លួនទៅបំភ្លឺក្នុងនាមជាសាក្សី ដើម្បី ធ្វើការសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សី នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ផងដែរ។

គួររំលឹកថា ជុំវិញករណីរឿងអាស្រូវផ្លូវ ភេទ រវាងលោកកឹម សុខា និងកញ្ញាខុម ចាន់- តារាទី ហៅស្រីមុំ បានធ្វើឱ្យមនុស្សចំនួន៥នាក់ បានរងការចោទប្រកាន់ពីបទ “សូកប៉ាន់សាក្សី “ និង “សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី” និងត្រូវ បានចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស។ អ្នកទាំង ៥ដែលត្រូវបានចោទប្រកាន់ និងឃុំខ្លួននោះ រួមមាន ១-លោកនី សុខា ប្រធានផ្នែកស៊ើប- អង្កេតសមាគមអាដហុក ២-លោកយី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក ៣-លោកណៃ វ៉ង់ដា អនុប្រធានផ្នែកស៊ើប អង្កេតសមាគមអាដហុក ៤-អ្នកស្រីលឹម មុនី មន្ត្រីអង្កេតជាន់ខ្ពស់ សមាគមអាដហុក និង ទី៥-លោកនី ចរិយា អគ្គលេខាធិការរងគណៈ- កម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ការចាប់ឃុំខ្លួនមន្ត្រីសមាគមអាដហុក ទាំង ៤រូប រួមនិងអគ្គលេខាធិការរង គ.ជ.ប មួយ រូបខាងលើនេះ ធ្វើឡើងបន្ទាប់ពីកញ្ញាខុម ចាន់- តារាទី ហៅស្រីមុំ ដែលជាប់ពាក់ព័ន្ធរឿងអាស្រូវ ផ្លូវភេទជាមួយនឹងលោកកឹម សុខា អនុប្រធាន គណបក្សសង្គ្រោះជាតិ បានសរសេរនូវលិខិត ចំហមួយ រៀបរាប់ថា បុគ្គលទាំង៥រូបខាងលើ បានព្យាយាមបង្គាប់ឱ្យនាងលាក់បាំងការពិត និងឆ្លើយកុហកប្រាប់សមត្ថកិច្ចអំពីទំនាក់ទំនង រវាងនាង និងលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បន្ទាប់ពីបែកធ្លាយខ្សែ អាត់សំឡេងសន្ទនាតាមហ្វេសប៊ុក៕