Tuesday, April 16, 2024
Homeព័ត៌មានជាតិឧទ្ទិស​កុសល​តប​គុណ​លោក​បណ្ឌិត​កែម ឡី ប្រធាន​បណ្តាញ​សង្ឃ​ឯក​រាជ្យ​ជំរុញ​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ

ឧទ្ទិស​កុសល​តប​គុណ​លោក​បណ្ឌិត​កែម ឡី ប្រធាន​បណ្តាញ​សង្ឃ​ឯក​រាជ្យ​ជំរុញ​យុទ្ធ​នា​ការ​ដាំ​ដើម​ឈើ

ភ្នំពេញ ៖ បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី យុត្តិធម៌សង្គម ដឹកនាំដោយព្រះតេជគុណ ប៊ុត ប៊ុនតិញ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នេះ ត្រូវនិមន្តទៅដាំដើមឈើ ដើម្បីឧទ្ទិសបុណ្យ ជូនលោកបណ្ឌិតកែម ឡី និងដើម្បីតបស្នងនូវ វិរភាពរបស់លោក ដែលបានបន្សល់ទុកនូវគំនិត ជាតិនិយម និងមនសិការជាតិ និងរួមចំណែក ក្នុងការជួយសង្គម ពិសេសនិយាយដោយឡែក ក្នុងសកម្មភាពការពារព្រៃឈើ និងធនធាន ធម្មជាតិ។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបញ្ជាក់ ថា កាលនៅរស់ លោកបណ្ឌិតកែម ឡី បាន ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការការពារព្រៃ ឈើ និងធនធានធម្មជាតិ ពិសេសព្រៃឡង់ ហើយលោកធ្លាប់លើកឡើងថា បើមានលទ្ធភាព លោកនឹងពន្យល់ឱ្យប្រជាពលរដ្ឋចូលរួមដាំដើម ឈើ និងថែរក្សាព្រៃឈើដែលនៅសល់។ ដូច្នេះ ពេលលោកស្លាប់ទៅ ព្រះអង្គនិងព្រះសង្ឃដទៃ ទៀត មិនមានអ្វីតបគុណដល់លោក ដែលបាន ផ្តល់គំនិត និងចំណេះដឹងច្រើនដល់ពួកព្រះអង្គ ទាក់ទងបញ្ហាព្រៃឈើនេះ ទើបព្រះអង្គបាន បង្កើតឱ្យមានកម្មវិធីដាំដើមឈើនេះ ដើម្បី ឧទ្ទិសដល់លោក។

ខាងក្រោមនេះ ជាបទសម្ភាសន៍រវាង “នគរធំ” ជាមួយព្រះតេជគុណប៊ុត ប៊ុនតិញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ៖

2

នគរធំ ៖ សូមក្រាមថ្វាយបង្គំព្រះតេជគុណ ប៊ុត ប៊ុនតិញ! តើគោលបំណងនិមន្តទៅដាំដើម ឈើ ដើម្បីឧទ្ទិសកុសលដល់លោកបណ្ឌិតកែម ឡី នោះ មានសារសំខាន់ ឬមានន័យជ្រាលជ្រៅ យ៉ាងណា?

ព្រះតេជេគុណប៊ុត ប៊ុនតិញ ៖ ចម្រើន ពរ! ដោយសារកាលពីញោមបណ្ឌិតកែម ឡី គាត់នៅរស់ គាត់ចូលចិត្តទៅព្រៃ ហើយគាត់ ធ្លាប់មានសេចក្តីប្រាថ្នាមួយ ប្រសិនបើគាត់មាន លទ្ធភាព គាត់នឹងប្រឹងប្រែងពន្យល់ឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ហើយនិងថែរក្សា ព្រៃដែលនៅសេសសល់។ ដល់ពេលគាត់ស្លាប់ ទៅ អាត្មាអត់មានអីភ្លេចគុណគាត់ទេ ពីព្រោះ គាត់បានផ្តល់ចំណេះដឹងច្រើនណាស់ដល់ក្រុម បណ្តាញព្រះសង្ឃឯរាជ្យ ហើយគាត់បានប្រើប្រាស់ ពេលរបស់គាត់ច្រើនមែនទែន ក្នុងការបណ្តុះបណ្តាលឱ្យព្រះសង្ឃហ្នឹងចូលរួមការពារព្រៃ។ ដល់អ៊ីចឹងបានយើងដឹងគុណគាត់ដែរ យើងធ្វើ នេះ យើងនឹកឃើញដឹងគុណពេលដែលគាត់ នៅរស់ គាត់បានបណ្តុះឆន្ទៈក្នុងការការពារព្រៃ ដល់គាត់លាចាកលោកទៅ យើងត្រូវតែបន្ត សកម្មភាពការដាំដើមឈើ ហើយនិងការថែ រក្សាព្រៃហ្នឹង ហើយយើងបានធ្វើតូចឬធំ តិច ឬច្រើន មិនសំខាន់ទេ ឱ្យតែយើងបានធ្វើ គឺតាំងចិត្តដើម្បីឧទ្ទិសកុសលជូនលោក ព្រោះលោក ស្រឡាញ់ព្រៃឈើ។ យើងដាំនេះ គឺដាំជារូបភាពព្រះសង្ឃចូលរួមដាំដើមឈើ និងឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត ហើយធ្វើនេះ មិនមានលក្ខណៈអីធំដុំ មនុស្សច្រើនចូលរួមទេ ព្រះសង្ឃ១០អង្គ ចូលរួមដាំអ៊ីចឹងទៅ ហើយ យើងផ្តាំផ្ញើតាមនាយកសាលា ហើយផ្ញើកូន- ឈើតាមនាយកសាលា លោកគ្រូ អ្នកគ្រូណា ដែលពេញចិត្តចង់ដាំ យើងផ្ញើកូនឈើឱ្យគាត់ ដាំទៅ។

1

នគរធំ ៖ តើការដាំកូនឈើនេះធ្វើនៅខេត្ត ណាខ្លះដែរ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ សម្រាប់ ការដាំក្នុងខែនេះ គឺអាត្មាដាំនៅបាត់ដំបង នៅ បវេល នៅបន្ទាយមានជ័យ នៅក្រុងសិរីសោ- ភ័ណ នៅក្នុងសង្កាត់កោះពោធិ៍សាត់ សាលា បឋមសិក្សាកោះពោធិ៍សាត់។ ពីមុនយើងបាន នាំនៅក្នុងខ្នាយរមាស ឥឡូវយើងជ្រើសយក សាលា៥ នៅក្នុងស្រុកបវេលហ្នឹង ប៉ុន្តែមិនទាន់ បានព័ត៌មានថា សាលាណាទទួលយកប៉ុន្មាន ដើម ហើយសាលាដែលត្រូវដាំថ្ងៃនេះ បរិវេណ តូច ដាំបានតែ៥០ដើមទេ។

នគរធំ ៖ អ៊ីចឹងទាក់ទងនឹងការដាំដើម ឈើ ដើម្បីឧទ្ទិសកុសលជូនលោកបណ្ឌិតកែម ឡី នេះ តើបណ្តាញព្រះសង្ឃឯករាជ្យ និងយុត្តិធម៌ សង្គម សម្រេចយកថ្ងៃ១៣ សីហា ជារៀង រាល់ឆ្នាំ ឬយ៉ាងណា?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ មិនទេ! ឱ្យ តែមានពេលទំនេរ គឺធ្វើរហូត ដូចអាត្មាថា ធ្វើ ថ្ងៃទី១៣ ហើយទៅធ្វើថ្ងៃទី១៨ អាចធ្វើថ្ងៃ ទី១៧ទៀតបើទំនេរ។ អ៊ីចឹងមិនកំណត់យក ថ្ងៃណាជាថ្ងៃដាំឧទ្ទិសកុសលជូនដល់លោកបណ្ឌិតទេ ប៉ុន្តែដោយសារយើងទំនេរ ថ្ងៃ១៣ យើងធ្វើ ថ្ងៃ១៨ យើងក៏ធ្វើ។ ប៉ុន្តែគ្រប់សកម្មភាពនៃការដាំតាមពេលទាំងអស់ គឺយើងឧទ្ទិស ជូនគាត់ ដោយសារគាត់ស្រឡាញ់ព្រៃឈើ ណាស់ គាត់ទៅដេកតែក្នុងព្រៃទេ។ គាត់ចង អង្រឹងដេក គាត់វេចបាយ វេចផ្លែចេក យកទៅ កន្លែងណាអត់មានម្ហូបអាហារ ស្ពាយអាហារ ស្ពាយចេកអីទៅពីភូមិ ទៅសម្រាកក្នុងព្រៃហ្នឹង។ ដូច្នេះបានយើងស្រឡាញ់ឆន្ទៈគាត់ណាស់ យើង ចង់ដាំហើយឧទ្ទិសជូនគាត់។

នគរធំ ៖ ចំពោះសកម្មភាពរបស់លោកបណ្ឌិតកែម ឡី ក្នុងការចូលរួមថែរក្សាព្រៃឈើ កាលនៅរស់នោះ តើព្រះតេជគុណអាចរំលឹក បានខ្លះទេ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ លោក- បណ្ឌិតកែម ឡី គាត់បានចូលរួមសកម្មភាព តាំងពីដើមឆ្នាំ២០១៤ ហើយគាត់បានចុះទៅ កាន់តំបន់ព្រៃជាច្រើនកន្លែង ប៉ុន្តែសកម្មភាព ដែលបានចុះធ្វើដិតដល់ខ្លាំងហ្នឹង គឺចាប់ពីថ្ងៃទី ២៩ ខែ០៤ ឆ្នាំ២០១៥ ហ្នឹង បានធ្វើច្រើនមែន ទែន យើងទៅដាំនៅសណ្តាន់ ទៅដាំនៅស្រុក ជ័យសែន ទៅស្ទឹងត្រែង ទៅឆែប ខេត្តព្រះ- វិហារ ទៅស្រុកថាឡាបរិវ៉ាត់ ទៅភូមិលុងហេ តែសកម្មភាពរបស់គាត់ទៅចូលក្នុងព្រៃតែម្តង ហើយយើងពិបាកនឹងធ្វើអត្ថាធិប្បាយថា គាត់ បានធ្វើអីធំប៉ុនណា? ក៏ប៉ុន្តែសកម្មភាពដែល គាត់ធ្វើ គឺធ្វើជាប្រចាំ។ មិនមែនគាត់ជាអ្នក ចំណាយដើមទុន ឬជាអ្នកមេគំនិតធ្វើអាហ្នឹង ទេ ក៏ប៉ុន្តែគាត់តែងតែចូលរួមជានិច្ច ឱ្យតែមាន យុវជនមានអង្គការណាដែលធ្វើកិច្ចការរឿង ព្រៃឈើ គឺគាត់ទៅចូលរួម។ អ្វីដែលយើងឃើញ សកម្មភាពដែលគាត់ធ្វើ ហើយមានប្រយោជន៍ ធំហ្នឹង គឺថា គ្រប់សិក្ខាសាលាទាំងអស់ ឱ្យតែ ពាក់ព័ន្ធនឹងសិក្ខាសាលាបញ្ហាការពារព្រៃឈើ គឺលោកបណ្ឌិតកែម ឡី តែងតែធ្វើជាវាគ្មិន ដើម្បី ផ្តល់គំនិត ហើយមានអង្គការវីនរដ្ឋ អង្គការ អភិវឌ្ឍធនធានយុវជនអីដែលបានចូលរួមការ- ងារនេះ គឺគាត់តែងតែធ្វើជាវាគ្មិន ហើយផ្តល់ គំនិតសំខាន់ៗ ក្នុងការតស៊ូដាំដើមឈើនេះ។ គាត់បានផ្តល់គំនិតមួយថា ព្រៃដែលអស់បាត់ ទៅហើយ ហើយមិនអាចយំឱ្យវាកើតព្រៃមក វិញទេ ក៏ប៉ុន្តែសកម្មភាពដែលយើងអាចធ្វើ ព្រៃមកវិញបាន គឺដាំ ហើយអ្វីដែលយើងអាច ថែរក្សា គឺព្រៃដែលនៅសល់ យើងខំប្រឹងការពារតាមចំណែកណាមួយដែលយើងអាចការពារបានទៅ វាមានប្រយោជន៍ជាងយើងអង្គុយ យំ អង្គុយទិតៀនអ្នកដែលកាប់ឈើ។ ផ្ទុយ ទៅវិញ យើងចុះចូលរួមធ្វើទៅ អ្នកដែលកាប់ អ្នកដែលបំផ្លាញ វាអាចមានការអាចិត្តខ្លះ ហើយចូលរួមការពារមកវិញ ហើយកាត់បន្ថយ ការកាប់ អាហ្នឹងអាចមានប្រយោជន៍។ អាហ្នឹង ជាឆន្ទៈនិងបំណងដែលគាត់បានចូលរួមជំរុញ ឱ្យយុវជន និងព្រះសង្ឃធ្វើ។

នគរធំ ៖ ចុះតើព្រះអង្គមាននៅចងចាំ ដែលឬទេ នូវសម្តីលោកបណ្ឌិតកែម ឡី ដែល ព្រះអង្គយល់ថា មានប្រយោជន៍បំផុត ជុំវិញ បញ្ហាព្រៃឈើ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ ចម្រើនពរ! បើសិនជាយើងមើលពីទស្សនៈរបស់គាត់ គឺ គាត់ប្រើពាក្យ២ធំ ដែលមានប្រយោជន៍ គាត់ថា ព្រៃឈើជាប្រភពនៃឱសថ ដែលអាចព្យាបាល មនុស្ស ដែលអាចយកមកប្រើប្រាស់ ហើយ មិនត្រឹមតែអាចជាថ្នាំពេទ្យទេ ព្យាបាលមនុស្ស ធូរអារម្មណ៍ ព្រោះនៅក្នុងទីក្រុង បរិយាកាសមិន ល្អមនុស្សទៅឃើញព្រៃ អាចមានបរិយាកាស ល្អ ស្រូបយកខ្យល់ឱកាសបរិសុទ្ធអីអ៊ីចឹងទៅ។  អ៊ីចឹងគាត់ប្រើពាក្យថា “ព្រៃឈើជាប្រភពនៃ ឱសថ” ដូច្នេះអាហ្នឹងយើងថ្លែងថ្លឹងមើលទៅល្អ ជាគំនិតគួរឱ្យចងចាំ ហើយដើម្បីចូលរួមបង្កើត ឱសថ ដោយមិនចាំបាច់ចំណាយធនធានបាន គឺយុវជន ជនរួមជាតិ ត្រូវតែចូលរួមការពារ ឱសថ មិនចាំបាច់ទិញឱសថទេ គឺការពារឱសថ ដោយខ្លួនឯង គឺព្រៃឈើហ្នឹងហើយ។ អាហ្នឹង ជាចំណុចសំខាន់ ដែលយើងចងចាំ ហើយយើង ប្រឹងបង្កើតឱសថ សម្រាប់ការពារជនរួមជាតិ របស់យើង។ អាត្មាមើលទៅឃើញថា បញ្ហា ដូចអ្វីដែលលោកបណ្ឌិតបានមានប្រសាសន៍មែន ឆ្នាំ២០១៦ នេះ យើងថាមានខ្យល់ព្យុះកន្ត្រាក់ គ្រោះរាំងស្ងួត ហើយគោក្របីងាប់ច្រើន ដោយ សារវាខ្វះឱសថនេះ។ ឱសថនេះ គឺមិនត្រឹមធ្វើ ថ្នាំព្យាបាលទេ គឺថា ការពារកម្តៅថ្ងៃ ការពារ គ្រោះរាំងស្ងួត ការពារទឹកជំនន់។ អ៊ីចឹង អា- ខ្លឹមសារមួយម៉ាត់ហ្នឹង ដែលធ្វើឱ្យយើងចងចាំ ហើយយើងស្រឡាញ់ និងប្តេជ្ញាថា លទ្ធភាព ណាមួយដែលយើងអាចធ្វើបាន គឺយើងត្រូវ ធ្វើបន្ត។

នគរធំ ៖ ពេលនឹកឃើញដល់សកម្មភាព របស់លោកបណ្ឌិតកែម ឡី ទាំងអស់នោះ តើ ព្រះអង្គក្តុកក្តួលឬទេ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ មកដល់ ម៉ោងនេះ យើងមិនទាន់បានធូរស្បើយនៃការ នឹករលឹកដល់គាត់ទេ បើសិនជាស្តាប់សំឡេង ហើយមើលរូបថតរូបអីទៅ យើងនៅតែក្តុកក្តួល ដដែល។ ប៉ុន្តែយើងនៅចាំថា ខ្លឹមសារមុនគាត់ ស្លាប់ សុភាសិតមុនគាត់ស្លាប់ថា “ជូតទឹកភ្នែក បន្តដំណើរទៅមុខ”។ បើយើងគ្រាន់តែយំស្តាយ សព កែម ឡី ស្តាយខ្មោចលោកបណ្ឌិតកែម ឡី វាអត់មានន័យអីទេ។ បើយើងស្តាយ យើង អាណិត ត្រូវខំប្រឹងធ្វើកិច្ចការល្អ ហើយលោក បណ្ឌិតផ្តាំផ្ញើថា កុំតាំងខ្លួនជាមនុស្សល្អ តែ ព្យាយាមធ្វើអំពើល្អឱ្យបានច្រើន។ អាហ្នឹងយើង ពេញចិត្ត យើងម្នាក់ៗមិនល្អទេ ហើយយើងក៏ មិនអួតថាមនុស្សល្អ ក៏ប៉ុន្តែលទ្ធភាពណាមួយ ដែលយើងប្រឹងធ្វើអំពើល្អបាន យើងប្រឹង។ កាល ណាធ្វើកិច្ចការ យើងនឹកឃើញស្មារតីនៃការជំរុញ របស់គាត់ យើងក៏អាចគិតពីទស្សនៈគំនិតរបស់ គាត់ជាឱសថព្យាបាលក្នុងជីវិតរបស់យើងដែរ។ អាហ្នឹងអាត្មាមើលឃើញថា គាត់បានផ្តល់មន- សិការរឹងមាំណាស់ នៅក្នុងបេះដូងព្រះសង្ឃ ដែលធ្លាប់ដើរតាមគាត់។

នគរធំ ៖ ក្រៅពីដាំដើមឈើឧទ្ទិសកុសល ដល់លោកបណ្ឌិតកែម ឡី តើបណ្តាញព្រះសង្ឃ ឯករាជ្យ នឹងធ្វើកិច្ចការអ្វីទៀត?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ ចំពោះ ក្រុមអាត្មា ញោមកែម ឡី គាត់ថា ធ្វើម៉េច ឱ្យប្រជាពលរដ្ឋសកម្មចូលរួមការងារសង្គម ទោះជាការងារប្រភេទណាក៏ដោយ ឱ្យចូលរួម ឱ្យបានច្រើន ហើយអាត្មា ក្រៅពីការដាំដើម- ឈើ ក៏មានការជីកស្រះ បិទទំនប់ បិទអីដែរ។ នៅថ្ងៃទី១៣ ហ្នឹង ក្រៅពីដាំដើមឈើ យើងទៅ សម្ពោធស្រះដែលយើងបានជីកឱ្យអ្នកស្រុក។ អ៊ីចឹងសកម្មភាពក្រៅពីការដាំដើមឈើ យើង ធ្វើការងារសង្គម ជាពិសេស ជំរុញវិស័យកសិកម្ម ដែលជាអាទិភាពចម្បងសម្រាប់ការអភិវឌ្ឍ សហគមន៍ ហើយលោកកែម ឡី ចង់ឃើញការ អភិវឌ្ឍចេញពីសហគមន៍ ដែលឱ្យសហគមន៍ ទទួលផ្លែផ្កា ជាជាងអភិវឌ្ឍពីខាងផ្នែកជាតិ ហើយឱ្យថ្នាក់ខាងក្រោមជាតិ មិនបានទទួល ផ្លែផ្កាដោយផ្ទាល់។ អ៊ីចឹងយើងធ្វើកិច្ចការហ្នឹង ហើយមួយទៀត យើងនឹងខិតខំប្រឹងប្រែងធ្វើ កិច្ចការចងក្រងស្រាវជ្រាវទស្សនៈគំនិតរបស់ គាត់ យកមកធ្វើការចែកចាយដល់អ្នកដែលគោរព កែម ឡី ឬក៏ហៅថា “អ្នកកែម ឡី និយម”។ នេះជាការងារអាទិភាពចម្បង៣ចំណុច ដែល ក្រុមអាត្មានឹងបន្តធ្វើ ហើយយុវជននឹងចូលរួម ធ្វើខាងកិច្ចការចងក្រងឯកសារ។

នគរធំ ៖ សំណួរចុងក្រោយ តើព្រះតេជ- គុណ អំពាវនាវអ្វីបន្ថែម ជុំវិញបញ្ហានេះ?

ព្រះតេជគុណប៊ុត ប៊ុនតិញ ៖ អាត្មា បិណ្ឌបាតជូនទៅលើឆន្ទៈនិងមនសិការរបស់ ឧត្តមបណ្ឌិតកែម ឡី សូមបវារណាព្រះករុណា គ្រប់អង្គ ញាតិញោមពុទ្ធបរិស័ទទាំងអស់ មេត្តា រួមចំណែកដាំដើមឈើនៅជុំវិញផ្ទះក៏ដោយ នៅតាមផ្លូវថ្នល់ក៏ដោយ បរិវេណវត្តអារាម ទីធ្លា សាលារៀនអីនោះក៏ដោយ យើងខំប្រឹងដាំទៅ តិចតួចស្តួចស្តើងយ៉ាងណា ក៏ជាការរួមចំណែក ដើម្បីជួយផ្តល់សុខុមាលភាពសង្គម ដល់សង្គម យើង ព្រោះអាត្មាមើលឃើញថា ប្រសិនបើ មានតែរដ្ឋាភិបាល ធ្វើកិច្ចការព្រៃម្នាក់ឯង ហើយ មិនមានការចូលរួមពីមជ្ឈដ្ឋានទូទៅទេ មិនអាច ធ្វើការបានជោគជ័យដែរ។ ដូច្នេះបិណ្ឌបាត មហាជន ប្រជាពលរដ្ឋ ពុទ្ធបរិស័ទខ្មែរហ្នឹង ត្រូវ តែចាប់ផ្តើមចូលរួមចាប់ភ្លឹកនឹកឃើញងាកមក ធ្វើកិច្ចការមួយដែលត្រឹមត្រូវ ហើយវាអត់ ប៉ះពាល់ដល់អ្នកណាទាំងអស់។ ការដាំដើម ឈើហ្នឹង វាអត់មានហុចផលអាក្រក់ ឬក៏អត់ មានជំទាស់ទៅលើច្បាប់ណាមួយទេ។ អ៊ីចឹង យើងសុំជំរុញលើកទឹកចិត្តឱ្យធ្វើការចូលរួមចំណែកដាំ ទោះជាក្នុងរូបភាពតូចធំយ៉ាងណា ក៏ដោយ យើងចូលរួមធ្វើទាំងអស់គ្នា ដើម្បីផល- ប្រយោជន៍ជាតិខ្មែរទាំងមូល”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES