Friday, March 29, 2024
Homeបរិយាយកុក​ស-ក​វែង ប៉ាន់​ចំនួន​ត្រី​ក្នុង​ទឹក

កុក​ស-ក​វែង ប៉ាន់​ចំនួន​ត្រី​ក្នុង​ទឹក

គម្ពីរពុទ្ធទំនាយ១ល្បះសរសេរថា ស្វាក្រិសក្រញេសប្រឹងហាត់គុន លុះឃើញសេះលុនទើបភ័យខ្លួន កុកសកវែងឯង អួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹកពុំមែនជាពុទ្ធព្យាករណ៍នោះទេ តែជាទំនាយហោរបានចារទុកនៅសម័យអាណាព្យាបាល បារាំង។ ខណៈដែលអ្នកនយោបាយ មន្ត្រីរាជការ ក៏ដូចប្រជាពលរដ្ឋ ខ្វែងយោបល់គ្នារឿងចំនួនមនុស្សចូលរួមហែសព លោកបណ្ឌិតកែម ឡី ធ្វើឱ្យយើងនឹកឃើញដល់ឃ្លាថា កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹក មានន័យថា កុកមើលត្រីមិនឃើញទេ តែវាអាចប៉ាន់ចំនួនប៉ុណ្ណេះប៉ុណ្ណោះ ដែល នគរធំសូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ ឱ្យ មានលក្ខណៈសមស្របល្មមទទួលយកបានទាំងអស់គ្នា

ពីម្សិលមិញ យើងបានបរិយាយពី ត្រូវត្រាប់កុកសាប់ កុំត្រាប់កុកស ព្រោះកុកស មិនសូវបានប្រយោជន៍អ្វីទេ វា ដឹងតែស្រែកក្រកៗ ឈរនៅមាត់បឹង ចាំចឹកចង្វា ជួនកាលវាដើរមិនប្រយ័ត្នក៏ជាប់ជង់ បានដៃព្រានយកទៅធ្វើម្ហូប។ ឯក្បួន ពុទ្ធទំនាយ ក៏បានចារទុកថា កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹកពោលគឺ កុកនោះដកកមើលផ្ទៃទឹកបឹងដ៏ ធំល្វឹងល្វើយ ក៏ប៉ាន់ប្រមាណដឹងថា បឹងនោះមានត្រីរាប់លានក្បាល ឯកុកខ្លះទៀតប៉ាន់ថា វាមានតែ៣៤រយក្បាលប៉ុណ្ណោះ។ ទោះជាកុកប៉ាន់ប្រមាណតួលេខខុសគ្នាយ៉ាងណា ក៏គ្មានបានប្រយោជន៍អ្វីដែរ ព្រោះកុកចាប់ត្រីស៊ីត្រឹមតែមួយចម្អែត ក៏ហើរ ទៅបាត់។

យ៉ាងណាមិញ ករណីមនុស្សមាននិន្នាការនយោបាយ២ គឺ ប្រឆាំង និងមិនប្រឆាំងមិនដែលមានទស្សនៈស្របគ្នាទេ បើម្ខាងថាអ៊ីចេះ ម្ខាងទៀតក៏ថាអ៊ីចុះ មិនខុសពីកុកប៉ាន់ចំនួនត្រីក្នុងទឹកខុសគ្នានោះឡើយ។ បន្ទាប់ពីពិធីហែសពលោកបណ្ឌិត កែម ឡី ទៅបញ្ចុះរួចរាល់ ស្រាប់តែលេចឮរឿងចំនួនមនុស្សហែសពមិនស្របយោបល់គ្នា ដែលភាគីម្ខាងថា មានចំនួន២ លាននាក់ ឯភាគីម្ខាងទៀតថា មានប្រហែល៤៥រយនាក់ប៉ុណ្ណោះ។ មន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីបក្សប្រឆាំង ក៏ធ្វើការ បកស្រាយពីចំនួនមនុស្ស ទៅតាមនិន្នាការរៀងៗខ្លួន ខ្លះទៀតបញ្ចោញទស្សនៈហាក់បន្ទោសអ្នកកាសែតដែលចុះផ្សាយពី តួលេខនេះ។ តាមពិត សារព័ត៌មានគ្រាន់តែចុះផ្សាយតាមការអះអាងរបស់អ្នករាយការណ៍ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគណៈកម្មការរៀបចំបុណ្យសពនោះប៉ុណ្ណោះ មិនអាចដឹងពិតប្រាកដពីចំនួនមនុស្សនោះទេ ហើយក៏គ្មានពេលឯណាទៅវាស់ផ្លូវ គណនាចំនួនមនុស្សតាមក្បួនគណិតវិទ្យានោះដែរ បើគេប្រាប់ថា ប៉ុន្មាន ក៏ផ្សព្វផ្សាយតាមតែគេប្រាប់ មិនអាចសរសេរបំផ្លើស ពាក្យសម្តីរបស់គេបានឡើយ។

ដូច្នេះ មានន័យថា ទាំងមន្ត្រីរដ្ឋាភិបាល ទាំងមន្ត្រីបក្សប្រឆាំង ទាំងប្រជាពលរដ្ឋ ទាំងអ្នកកាសែត មិនអាចដឹងពីចំនួន មនុស្សចូលរួមហែសពលោកបណ្ឌិត កែម ឡី ច្បាស់ទេ ប៉ុន្តែ ការប៉ាន់ប្រមាណទៅតាមនិន្នាការនយោបាយម៉្យាង និងម៉្យាង ទៀត សម្រាប់មនុស្សល្បីដូចបណ្ឌិតកែម ឡី គេអាចពន្លើសតួលេខឱ្យដល់៣លាននាក់ ក៏មិនអាចទម្លាក់កំហុសអ្នកពន្លើស នោះបានដែរ ដោយហេតុថា ការបំប៉ោងតួលេខនោះ មានចេតនាលើកកិត្តិយសសពដែលរងភាពអយុត្តិធម៌ រហូតដល់ចាក ឋានលាលោកនេះទៅ។ បើវិភាគឱ្យល្អិតល្អន់ទៅ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានប្រមាណជាង២លាននាក់ ក្នុង ចំណោមប្រជាពលរដ្ឋជាង១៥លាននាក់ នៅទូទាំងប្រទេស។ ក្នុងពេលហែសពនោះ ប្រជាពលរដ្ឋនៅរាជធានី អាចទៅចូល រួមយ៉ាងច្រើន៥០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែ ពេលក្បួនហែសពសន្សឹមៗ ដែលក្បាលក្បួនដល់ពេទ្យលោកសង្ឃ ឯកន្ទុយក្បួននៅ ពេទ្យកាល់ម៉ែត លុះឆ្លងទៅដល់ផ្លូវជាតិលេខ៣ ក្បាលក្បួនដល់ត្រាំខ្នារ កន្ទុយក្បួនត្រឹមទំនប់កំពង់ទួលនោះ អាចថា អ្នក ដំណើរដែលត្រូវជិះរថយន្តទៅខេត្តកំពត តាកែវ ចាំបាច់ត្រូវតែបើកយឺតៗតាមពីក្រោយក្បួន រីឯប្រជាពលរដ្ឋមួយចំនួន ទោះ បីមិនបានចូលរួមហែ ក៏ឈរអមសងខាងផ្លូវ ជូនដំណើរសពដែរ។ មានន័យថា ទោះជាអ្នកមាននិន្នាការខាងណាក៏ជាប់ក្នុង ក្បួនហែនេះដែរ លុះអ្នករាយការណ៍បូកសរុប ក៏ប៉ាន់ទៅតាមចម្ងាយផ្លូវហ្នឹង។ ដូច្នេះគេថា មានមនុស្សចូលរួមហែសព ២លាន នាក់នោះ មិនខុសប៉ុន្មានទេ ព្រោះអ្នក ប្រឆាំង ឬមិនប្រឆាំង ជាប់ក្នុងក្បួនទាំងអស់គ្នា។ រីឯអ្នកថា មានចំនួន៤៥រយ នាក់នោះ មិនឈ្នះគេទេ ហើយក៏មិនត្រូវបន្ទោសអ្នកកាសែត ដែលសរសេរតាមសេចក្តីរាយការណ៍ និងការផ្តល់ព័ត៌មាន ពីគណៈកម្មការរៀបចំបុណ្យសពនោះដែរ។

បើវិភាគឱ្យច្បាស់ជាងនេះទៀត វាមិនខុសពី កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹក នោះទេ ពោលគឺ ភាគី ខាងណាក៏ កុក ដូចតែគ្នាហ្នឹង។ ព្រឹត្តិការណ៍នេះ ហាក់ស្របនឹងសុភាសិតថាភ្នែកសាច់ មិនសម្រេចដូចភ្នែកប្រាជ្ញាមានន័យថា បើមើលនឹងភ្នែកសាច់ មិនបានសាច់ការអ្វីទេ តែគេត្រូវយកប្រាជ្ញាមកពិចារណាថ្លឹងថ្លែង ទើបបានលទ្ធផលល្អ។ ដូច យើងបង្ហាញទឡ្ហីករណ៍រួចហើយថា អ្នកដំណើរដែលជាប់ក្នុងក្បួនហែសព ទោះចង់ឬមិនចង់ ក៏ត្រូវតែដើរតាម ឬជិះម៉ូតូ រថយន្ត តាមពីក្រោយក្បួន មិនអាចបើកលឿនតាមចិត្តខ្លួនបានឡើយ ឬអាចនិយាយបានថា អ្នកដំណើរទៅខេត្ត ត្រូវគេបូកសរុប ដោយស្វ័យប្រវត្តិ ប្រកែកមិនឈ្នះគេទេ ព្រោះគាត់ពិតជាបានចូលក្នុងក្បួនហែប្រាកដមែន ធ្វើឱ្យចំនួនកើនពី១ ដល់១០ ដូច រឿង ក្អែក១ ជាក្អែក១០ ក៏ថាបាន។

ទោះយ៉ាងនេះក៏ដោយចុះ ការយកចំនួនមនុស្សមកកាច់កុងគ្នា មានន័យស្មើនឹង ការឈ្លោះជាមួយខ្មោច ដូចអ្វីដែល នគរធំបានបរិយាយពីលេខមុន ក្រោមប្រធានបទ ឈ្លោះនឹងខ្មោច អសោចកេរ្តិ៍។ ករណីមន្ត្រីរាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រី បក្សប្រឆាំង លើកឡើងស្របគ្នាថា គួរតែស្វែងរកឃាតករពិត និងអ្នកនៅពីក្រោយឃាតករបណ្ឌិតកែម ឡី ឱ្យឃើញ វាប្រសើរ ជាងគាស់កកាយចំនួនមនុស្សហែសព មកកាច់កុងគ្នា។ ទស្សនៈបែបនេះនគរធំសូមគាំទ្រ និងលើកទឹកចិត្តឱ្យសមត្ថកិច្ច រាជរដ្ឋាភិបាល បន្តការស៊ើបអង្កេតស្រាវជ្រាវករណីឃាតកម្មនេះឱ្យបានឆាប់ ក្នុងន័យផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជា ធ្វើឱ្យសាធារណជនអស់មន្ទិលសង្ស័យ។ ផ្ទុយទៅវិញ បើម្នាក់ៗនាំគ្នាធ្វើ កុក ចេះតែស្រែកក្រកៗ ប៉ាន់ចំនួនត្រីក្នុងទឹក នោះ បានត្រឹមខ្មាសជនបរទេសតែប៉ុណ្ណោះ។

ក្បួនហែសពដូនចាស់អនាថាម្នាក់ ដោយបានមេភូមិ និងអ្នកជិតខាងជាង១០នាក់ នាំគ្នាហែទៅបូជាក្នុងវត្ត គាប់ជួន ពេលនោះ មានហ្វូងកម្មករ កម្មការិនី លើកគ្នាធ្វើបាតុកម្ម ដើរតាមពីក្រោយ ក៏មើលទៅឃើញមនុស្សរាប់រយនាក់ ជូនដំណើរ លោកយាយអភ័ព្វ ឱ្យបានស្គាល់សុគតិភព។ ដោយហេតុថា ពេលជាប់ពីក្រោយក្បួនហែសព កម្មករ កម្មការិនី រាប់រយនាក់នោះ មិនស្រែកតវ៉ាទាមទារឱ្យថៅកែរោងចក្រគោរពលក្ខខណ្ឌការងារនោះទេ បែរជានាំគ្នាស្មឹងស្មាធិ៍ អាណិតអាសូរដូនចាស់ អនាថាទៅវិញ។ ដូច្នេះ ចាត់ទុកថា ដូនចាស់នោះជាមនុស្សមានសំណាង ដែលកាលនៅរស់ គាត់នៅម្នាក់ឯង លុះពេលស្លាប់ ក៏មានអ្នកហែសពគគ្រឹកគគ្រេងដោយចៃដន្យ។ យ៉ាងណាមិញ ទំនងជាលោកបណ្ឌិតកែម ឡី មានគុណវុឌ្ឍីខ្ពស់ក្នុងការ រិះគន់កែលម្អសង្គម ទើបបានជាក្បួនហែសពរបស់លោក មានអ្នកចូលរួមខ្នាប់ដូចស្រមោច កើតបានជាការកាច់កុងគ្នាពីរឿង ចំនួនមនុស្ស។

សរុបទៅ កុកសកវែង ប៉ាន់ចំនួនត្រីក្នុងទឹក មានន័យយ៉ាងនេះឯង សំដៅដល់អ្នករាយការណ៍ពីគ្រប់មជ្ឈដ្ឋាន ខ្លះថា ២លាននាក់ ខ្លះថា៤៥រយនាក់ យោងទៅតាមនិន្នាការនយោបាយ។ ដូចអ្វីដែល នគរធំផ្តល់ទឡ្ហីករណ៍រួចហើយ ពីរឿង ចំនួនមនុស្សនោះ ទោះគេថា ៣លាននាក់ ក៏មិនដឹងធ្វើម៉េចដែរ ព្រោះមនុស្សជាប់ក្នុងក្បួនហែ មើលដាច់កន្ទុយភ្នែកពិតមែន។ ដូច្នេះយើងគួរកុំធ្វើដូចកុក ប៉ុន្តែយើងក៏ត្រូវស្ងើចសរសើរបុរាណាចារ្យខ្មែរដែរ ដែលចេះព្យាករតាមបែបប្រាកដនិយមពីលក្ខណៈ កុកសកវែងឯងអួតខ្លួន ថាដឹងចំនួនត្រីក្នុងទឹកទុកជាមេរៀនជីវិត សម្រាប់មនុស្សគ្រប់រូប ជាពិសេសអ្នកនយោបាយយក ទៅពិចារណា៕

ដោយ ៖ អាចារ្យាថាំ

RELATED ARTICLES