Saturday, April 20, 2024
Homeបរិយាយរៀន​ច្រើន ល្ងង់​កាន់​តែ​ខ្លាំង

រៀន​ច្រើន ល្ងង់​កាន់​តែ​ខ្លាំង

ពាក្យស្លោកបុរាណខ្មែរថា “អ្នកណាដឹងខ្លួនថាល្ងង់ អ្នកនោះជាមនុស្សចេះ អ្នកណាដឹងខ្លួនថាចេះ អ្នកនោះជាមនុស្ស ល្ងង់” ស្របគ្នានឹងសុភាសិតសាកលថា “អ្នករៀនកាន់តែច្រើន មើលឃើញថាខ្លួនមិនចេះកាន់តែច្រើន” 9ទហេ មៀរេ ា មាន លរោនស្ប តហេ មៀរេ ហេ សេសេ ហិស ងិនៀរានចបេ។ ពាក្យស្លោក ក៏ដូចជាសុភាសិតនេះ គឺជាម៉ែត្រវាស់ស្ទង់កម្រិតអ្នកចេះ និងអ្នកល្ងង់នេះឯង ទើប “នគរធំ” សម្រេចលើកករណី “រៀនច្រើន ល្ងង់កាន់តែខ្លាំង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសបើកវេទិកាសាធារណៈ នៅវិមានសន្តិភាព ស្តីពីបញ្ហាការពារព្រៃឈើនិងធនធាន ធម្មជាតិ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា “ចាត់ទុកខ្ញុំជាអ្នកខុសទៅចុះ ព្រោះខ្ញុំល្ងង់ពេក។ ថាអស់លោកអ្នក- ពូកែយកមកជួយ។ អស់លោកធ្វើសំណើខុសច្បាប់ ខ្ញុំក៏ចេះតែព្រមទៅ។ ខ្ញុំមិនបន្ទោសអ្នកណាទេ បន្ទោសតែខ្លួនឯង ដែល ល្ងង់ពេក…”។ ការថ្លែងដាក់ខ្លួនដាក់កាយទទួលស្គាល់កំហុសថា “ល្ងង់” បែបនេះ មានន័យថា សម្តេចនាយករដ្ឋមន្ត្រី “មិន ល្ងង់ទេ” គឺស្របតាមពាក្យស្លោកខ្មែរបុរាណ ដែលថា “អ្នកណាដឹងខ្លួនថាល្ងង់ អ្នកនោះជាមនុស្សចេះ” នោះហើយ។ បើ នាយករដ្ឋមន្ត្រី ដាក់ខ្លួនល្ងង់យ៉ាងនេះទៅហើយ តើមានមន្ត្រីក្រោមឱវាទណាហ៊ានថាខ្លួនល្ងង់យ៉ាងនេះទេ? ដូចជាមិនដែល ឮសោះ ព្រោះតាំងពីអស់លោកខ្លះ បានកាន់តំណែងមក ច្រើនតែអួតសញ្ញាបត្រ “បណ្ឌិត” បើមានគេសរសេរថា “ឯកឧត្តម” មិនសូវពេញចិត្តទេ ដោយចង់ឱ្យដាក់ថា “ឯកឧត្តមបណ្ឌិត” ទើបស្ងប់ចិត្ត។

ជាទូទៅមនុស្សម្នាក់ៗ “រៀនកាន់តែច្រើន ល្ងង់កាន់តែខ្លាំង” ឧទាហរណ៍ កាលទើបចេញបួសដំបូង ព្រះសមណគោតម ខំស្វះស្វែងរកគ្រូអាចារ្យ ដើម្បីសុំរៀនធម៌អាថ៌ ឬទស្សនវិជ្ជា ដើម្បីរលាស់ខ្លួនចាកភព ដូចជា “ឧទកតាបស រាមបុត្រ” និង “អាឡារតាបស កាឡាមគោត្រ” ជាដើម ប៉ុន្តែ ព្រះអង្គរៀនរហូតអស់ចំណេះគ្រូ ក៏នៅតែមិនចេះ ដោយមិនអាចរកផ្លូវទៅ ព្រះនិព្វានឃើញ។ ក្រោយមក ព្រះអង្គខំរៀនខ្លួនឯង ឬស្វ័យសិក្សា តាមរយៈការធ្វើសមាធិកម្មដ្ឋាន ទើបបានសម្រេច អនុត្តរសម្មាសម្ពោធិញ្ញាណដូចបំណង។ រីឯសម្តេចព្រះសង្ឃរាជជួន ណាត អ្នកប្រាជ្ញអក្សរសាស្ត្រខ្មែរ ធ្លាប់ត្អូញត្អែរប្រាប់ សិស្សគណថា “ព្រះអង្គល្ងង់ណាស់ រៀនកាន់តែច្រើន ល្ងង់កាន់តែខ្លាំង”។ ព្រះអង្គមិនរើសគ្រូទេ ឱ្យតែចេះប្រាកដ ក៏ហៅឱ្យ បង្រៀនភ្លាម ដូចពេលមួយ ព្រះអង្គបានហៅក្លិង្គលក់សណ្តែកដី ក្នុងវត្តឧណ្ណាលោម ឱ្យជួយបង្រៀនភាសាសំស្ក្រឹតកម្រិត បឋម មុននឹងបន្តទៅសិក្សាយកកម្រិតឧត្តម ក្នុងសំណាក់លោកល្វីស៍ ហ្វីណូត៍ 9ឡៀស៉ិ ធិនៀតប អ្នកប្រាជ្ញបារាំង នៅសាលា ចុងបូព៌ាប្រទេស ទីក្រុងហាណូយ។ ព្រះអង្គ ចង់ចេះភាសាបារាំង ក៏ហៅប្អូនប្រុសបង្កើតឈ្មោះឧកញ៉ាសោភ័ណមន្ត្រី ជួន នុត ឱ្យជួយបង្រៀន ដោយបិទទ្វារកុដិជិតឈឹង និងសំងំរៀនជាមួយព្រះគ្រូហួត តាត ជាកល្យាណមិត្ត។ ទោះជារៀនយ៉ាងណា ក៏សម្តេចជួន ណាត នៅតែត្អូញល្ងង់ ប៉ុន្តែ ស្នាព្រះហស្តវចនានុក្រមខ្មែរ របស់ព្រះអង្គ ត្រូវបានអ្នកសិក្សាជំនាន់ក្រោយ វាយ តម្លៃថា ជាមរតកវប្បធម៌មានតម្លៃមហាសាល មិនអាចធ្វើដូចបាន។

ឧទាហរណ៍ខាងលើនេះបង្ហាញថា សូម្បីព្រះពុទ្ធអង្គ ក៏ដូចសម្តេចព្រះសង្ឃរាជជួន ណាត មិនដែលអួតអាងថា ព្រះអង្គ ជាអ្នកប្រាជ្ញនោះទេ ប៉ុន្តែ ពាក្យ “អ្នកប្រាជ្ញ លោកវិទូ ឬព្រះសព្វញ្ញូ” នោះ គឺបរិស័ទជាអ្នកដាក់ឱ្យ។ ចុះអ្នកចេះដឹងខ្មែរ យើងសម័យនេះ យ៉ាងម៉េចដែរ? បើតាមការឃ្លាំមើល ដូចជាមិនដែលឃើញ ឬឮអស់លោកណាដាក់ខ្លួនដាក់កាយថា “ល្ងង់” នោះឡើយ ច្រើនតែអួតថា “ចេះ” បើអ្នកណាបង្អាប់ថា “ល្ងង់” ក៏ខឹងតូងភ្លាម ឃើញមានតែសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ម្នាក់គត់ ដែលប្រកាសជាសាធារណៈថា “ល្ងង់ពេក”។ ខណៈដែលអ្នកនយោបាយកំពុងប្រើយុទ្ធសាស្ត្រកៀងគររកការគាំទ្រ ពីប្រជារាស្ត្រនោះ ការសម្ញែងសញ្ញាបត្រ ក៏កាន់តែហ៊ឹកហ៊ាក់ជាងមុន។ អ្នកនយោបាយយើងដល់ចេះពេកទៅ ស្រាប់តែនាំគ្នា បកស្រាយមាត្រាច្បាប់ខុសៗគ្នា ដូចករណីមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ខ្លះថាអ៊ីចេះ ខ្លះថាអ៊ីចុះ គ្មានឯកភាព។

ជាទូទៅ ចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជី ប្រចាំតុលាការគ្រប់ជាន់ថ្នាក់ សុទ្ធតែធ្លាប់ឆ្លងកាត់ការសិក្សានីតិ- សាស្ត្រ ទទួលបានសញ្ញាបត្រឧត្តមសិក្សាគ្រប់គ្នា ដែលខ្លះទទួលបានពីសាកលវិទ្យាល័យបរទេស ខ្លះទៀតបានពីក្នុងប្រទេស មុននឹងឈានចូលក្របខ័ណ្ឌក្នុងប្រព័ន្ធយុត្តិធម៌។ ដឹងអី! ពេលបកស្រាយច្បាប់ពាក់ព័ន្ធនឹងមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ ស្តីពី “អភ័យឯកសិទ្ធិតំណាងរាស្ត្រ” ខ្លះថាយ៉ាងនេះ ខ្លះថាយ៉ាងនោះ ធ្វើឱ្យអ្នកមិនចេះច្បាប់គ្រវីក្បាលថ្ងូរដូចព្រាប សូម្បីអ្នកកាសែត ក៏វិលក្បុងដែរ។

នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរស្ថានទូតចិន ក៏មានតាៗញៀនកាហ្វេខ្លះនាំគ្នានិយាយដើមអ្នកចេះទាំងនោះ ដែល បកស្រាយច្បាប់គ្មានឯកភាព។ តាម្នាក់នោះនិយាយថា “ប៉ុន្មានថ្ងៃខាងមុខនេះ លោកកឹម សុខា ត្រូវតុលាការជំនុំជម្រះពីបទ “បដិសេធក្នុងការចូលខ្លួន” តាមការចោទប្រកាន់ពីចៅក្រម និងព្រះរាជអាជ្ញា ប៉ុន្តែ មេធាវីចុងចោទថា “តុលាការរំលោភ រដ្ឋធម្មនុញ្ញ និងអភ័យឯកសិទ្ធិតំណាងរាស្ត្រ”។ តានោះបន្ថែមថា “បើអ្នកចេះច្បាប់បកស្រាយខុសគ្នាអ៊ីចឹងនោះ មិនមែនហៅ អ្នកចេះទេ តែជាអ្នកល្ងង់ ធ្វើឱ្យរាស្ត្រល្ងង់តាម”។

ដូច្នេះយើងឃើញថា បើអ្នកចេះច្បាប់ធ្វើការមិនឯកភាព សូម្បីអ្នកកាសែតក៏វិលក្បុងដែរ កុំថាដល់ទៅតាៗញៀនកាហ្វេ ដែលភាគច្រើនជាមន្ត្រីចូលនិវត្តន៍។ ដោយឡែក កាលពីពេលថ្មីៗនេះដែរ លោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងថា “លោកសម រង្ស៊ី មេបក្សប្រឆាំង មិនអាចចុះឈ្មោះបោះឆ្នោតបានឡើយ ព្រោះជាទណ្ឌិត” ប៉ុន្តែ លោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានថ្លែងផ្ទុយពីប្រធានថា “លោកសម រង្ស៊ី មេបក្សប្រឆាំង មានសិទ្ធិចុះឈ្មោះបោះឆ្នោត ប៉ុន្តែ ពលរដ្ឋមានសិទ្ធិប្តឹង ជំទាស់…”។ ការបកស្រាយខុសគ្នាបែបនេះ សម្រាប់មនុស្សអព្យាក្រឹត មិនដឹងជាជឿខាងណាទេ ប៉ុន្តែ ក៏យល់ថាធម្មតា នយោបាយ ប្រទង់ប្រទាញ ជាប់និន្នាការ “ប្រឆាំង និងមិនប្រឆាំង” គេត្រូវតែនិយាយយ៉ាងនេះ ព្រោះថា អ្នកចេះដល់ កម្រិតណាក៏ដោយ កាលបើនិន្នាការនយោបាយទាញ ច្បាស់ជាទៅតាម ព្រោះតែមនោសញ្ចោតនាបក្សមិនអាចកាត់ផ្តាច់បាន។

ករណីអ្នកនាំពាក្យគណបក្សនីមួយៗ ដែលបកស្រាយពីបញ្ហាអ្វីមួយខុសគ្នានោះ ក៏មកពី “រៀនកាន់តែច្រើន ល្ងង់កាន់ តែខ្លាំង” នេះឯង ព្រោះជួនកាល គាត់បកស្រាយហូរហែត្រប៉ែលតហួសប្រធានបទ ជួនកាលទៀតក៏ជ្រុលប្រើពាក្យសម្តីអសុរោះ អសីលធម៌ក៏មាន។ បើជា “បណ្ឌិតពិតប្រាកដ” ពុំមែនមានត្រឹមតែចំណេះ ឬជំនាញដែលខ្លួនបានរៀនប៉ុណ្ណោះទេ តែត្រូវកាន់ “សុចរិតធម៌១០ប្រការ” សំដៅដល់ “កាយសុចរិត” (ការប្រព្រឹត្តិល្អដោយកាយ), “វចីសុចរិត” (ការប្រព្រឹត្តិល្អដោយវាចា) និង “មនោសុចរិត” (ការប្រព្រឹត្តិល្អដោយចិត្តបរិសុទ្ធ)។ បើមានឋានៈបណ្ឌិត ស្រាប់តែជេរបញ្ចោរ វាយតប់គេ ឬលាក់ គំនុំសងសឹកជាមួយគូប្រជែងខ្លួននោះ មិនហៅថា បណ្ឌិតនោះទេ តែអាចហៅថា “បណ្ឌិតមានះ” ឬ “ពាល” នេះឯង។ បណ្ឌិត ពិត ចូលចិត្តដាក់ខ្លួនដាក់កាយ ឬត្អូញថា ល្ងង់ខ្លៅណាស់ រៀនយ៉ាងណាក៏មិនចេះដែរ ដូចសម្តេចព្រះសង្ឃរាជជួន ណាត រៀនរហូតដល់សោយព្រះទិវង្គត ក៏ព្រះអង្គនៅតែត្អូញថា ចេះមិនអស់។ ជាក់ស្តែង វចនានុក្រមខ្មែរ របស់ព្រះអង្គ នៅបាត់ មេពាក្យមួយចំនួន គឺបណ្តាលមកពីការ “នឹកមិនឃើញ” លុះដល់រាជបណ្ឌិត្យសភា សរសេរថែម បោះពុម្ពជាវចនានុក្រមថ្មី ក៏នៅតែបាត់មេពាក្យខ្លះ ព្រោះនឹកមិនឃើញដែរ ដែលស្តែងឱ្យឃើញថា “រៀនកាន់តែច្រើន ល្ងង់កាន់តែខ្លាំង” នេះឯង។

សរុបទៅ ពាក្យស្លោក ក៏ដូចសុភាសិតពាក់ព័ន្ធនឹង “រៀនច្រើន ល្ងង់កាន់តែខ្លាំង” មានន័យយ៉ាងនេះឯង ចាត់ទុកជា ម៉ែត្រវាស់ស្ទង់កម្រិតអ្នកចេះដឹង។ ហេតុនេះគួរតែអ្នកចេះច្បាប់ បកស្រាយច្បាប់ឱ្យមានឯកភាព កុំទោរទន់ទៅតាមនិន្នាការ នយោបាយ និងគួរចេះដាក់ខ្លួនថា “ល្ងង់” ដូចសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបល្អ។ បើអ្នកចេះព្យាយាមអួតអាង តម្កើង សញ្ញាបត្រ មិនចេះដាក់ខ្លួនថា ល្ងង់ នឹងញ៉ាំង “អស្មិមានះ” ឱ្យកើតឡើងមិនខាន ហើយកាលបើមានអស្មិមានះ ធ្វើឱ្យជម្លោះ នយោបាយកើតឡើងមិនចេះចប់។ ប៉ុន្តែ បើមិនចេះអួតអាង និងដាក់ខ្លួនថាល្ងង់នោះ “មនោសញ្ចោតនាទន់ភ្លន់” នឹងកើត ឡើង រលាយអស់នូវជម្លោះ ដែលជាផ្លូវឆ្ពោះទៅរកសុខសន្តិភាព ឯកភាពជាតិ និងស្ថិរភាពសង្គម៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES