Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​ម៉ម សូណង់ដូ​ គំរាម​ប្តឹង​ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ ពីបទ​បរិហារ​កេរ្តិ៌

លោក​ម៉ម សូណង់ដូ​ គំរាម​ប្តឹង​ព្រះ​សង្ឃ​ប៊ុត ប៊ុន​តិញ ពីបទ​បរិហារ​កេរ្តិ៌

ភ្នំពេញ ៖ លោកម៉ម សូណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និង ជាប្រធានវិទ្យុសំបុកឃ្មុំ បានព្រមានប្តឹងព្រះតេជ គុណប៊ុត ប៊ុនតិញ ព្រះប្រធានអង្គការព្រះពុទ្ធ សាសនាដើម្បីសន្តិភាព និងជាស្ថាបនិកបណ្តាញ ព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ពីបទលាប ពណ៌ មួលបង្កាច់បរិហារកេរ្តិ៍រឿងចោទថា រូប លោកខឹងលោកសម រង្ស៊ី មិនឱ្យតំណែងតំណាងរាស្ត្រតាមការសុំ ទើបទៅបង្កើតគណបក្សថ្មី ដើម្បីផ្ចាញ់ផ្ចាលលោកសម រង្ស៊ី។

លោកម៉ម សូណង់ដូ បានធ្វើលិខិតមួយ ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ គោរព ប្រគេនព្រះតេជគុណប៊ុត ប៊ុនតិញ ដែលមាន ខ្លឹមសារថា ខ្ញុំព្រះករុណាម៉ម សូណង់ដូ ប្រធាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មាន ការភ្ញាក់ផ្អើលនិងសោកស្តាយដែលខ្ញុំព្រះករុណា បានឮព័ត៌មានមួយចេញពីសម្តីរបស់លោកប៊ុន ធឿន ក្នុងកម្មវិធីមតិប្រជាពលរដ្ឋ នៅថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០ៈ០០ ដល់១១ៈ០០ព្រឹក។

លោកប៊ុនធឿន បានបញ្ចោញមតិតាម រលកធាតុអាកាសវិទ្យុ FM105MHz ក្នុងកម្មវិធីមតិប្រជាពលរដ្ឋ ដោយបញ្ជាក់ច្បាស់ថាលោកអង្គម្ចាស់ប៊ុត ប៊ុនតិញ ធ្លាប់បានមាន បន្ទូលតាមបណ្តាញសង្គមថា លោកម៉ម សូណង់ដូ បានទៅសុំលោកសម រង្ស៊ី យកតំណាងរាស្ត្រ ២នាក់ ប៉ុន្តែឯកឧត្តមសម រង្ស៊ី ឱ្យតែ១នាក់ បើអ៊ីចឹងលោកម៉ម សូណង់ដូ មិនពេញចិត្ត បង្កើតគណបក្សហ្នឹងមក ដើម្បីផ្ចាញ់ផ្ចាល ខឹង គេអត់ឱ្យតំណែងនេះជាសម្តីទាំងស្រុងរបស់ លោកប៊ុនធឿន។

ខ្ញុំព្រះករុណាម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិតេយ្យ មានកិត្តិយសទូលសួរព្រះតេជគុណប៊ុត ប៊ុនតិញ តើពាក្យ របស់លោកប៊ុនធឿន ដែលខ្ញុំបានរៀបរាប់ខាងលើ ពិតឬមិនពិត?

សូមព្រះតេជគុណប៊ុត ប៊ុនតិញ មេត្តា ឆ្លើយបំភ្លឺជាលាយលក្ខណ៍អក្សរ ឱ្យបានឆាប់រហ័ស ពីខ្ញុំព្រះករុណា មានបំណងដាក់ពាក្យបណ្តឹងទៅតុលាការ ក្នុងបទលាបពណ៌ មួលបង្កាច់ និងបរិហារកេរ្តិ៍ ដែលធ្វើឱ្យប៉ះពាល់ដល់ កិត្តិយសខ្ញុំព្រះករុណាផ្ទាល់ ហើយធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ យ៉ាងធ្ងន់ធ្ងរ

បន្ថែមលើលិខិតខាងលើនេះ លោកម៉ម សូណង់ដូ បានបញ្ជាក់ប្រាប់នគរធំនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៦ ថា អ្វីដែលលោក ចង់ធ្វើគណបក្ស គឺចង់អភិវឌ្ឍប្រទេសជាតិ ហើយចង់កែតម្រូវរដ្ឋាភិបាលសព្វថ្ងៃ។ ដូច្នេះ លោកមិនអាចទទួលបានទេនូវការមួលបង្កាច់ លោក។

លោកម៉ម សូណង់ដូ មានប្រសាសន៍ថា ខ្ញុំខ្វល់តែមួយមុខទេ ខ្ញុំចង់បង្ហាញប្រជាពលរដ្ឋ ឱ្យយល់ថា អ្វីគាត់និយាយហ្នឹងវាមិនពិត ហើយ ខ្ញុំមិនបានទៅជួបសម រង្ស៊ី អីឯណា ទៅសុំធ្វើ តំណាងរាស្ត្រ វាអត់ទាល់តែសោះ អារឿង តំណាងរាស្ត្រអី គឺអត់ចង់បាន អាតួនាទីអី គឺ អត់ចង់បាន ខ្ញុំជាអ្នកប្រជាធិបតេយ្យ ហើយខ្ញុំ មានគំនិតតែមួយគត់ ពង្រឹងអ្នកប្រជាធិបតេយ្យ និងប្រទេសខ្មែរយើង ហើយឥឡូវហ្នឹង ខ្ញុំថាជា បញ្ហាធ្ងន់ធ្ងរបំផុត ពេលដែលខ្ញុំបានព័ត៌មាន សព្វគ្រប់បែបយ៉ាងអស់ហើយ ខ្ញុំនឹងដាក់ទៅ តុលាការ គឺមិនមែន១០០ភាគរយទេ គឺ១០០ ភាគរយ។ វាធ្ងន់ធ្ងរបំផុត ដែលគេមួលបង្កាច់ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយមានកិត្តិយស ហើយស្មោះសរចំពោះជាតិ ហើយខ្ញុំជាប្រធាន គណបក្សនយោបាយមួយដែលកំពុងតែដំណើរការពិតប្រាកដ ហើយអារឿងហ្នឹង ធ្វើឱ្យខ្ញុំនឹក ឃើញថា បើសិនជាគាត់មិនបំភ្លឺអាបញ្ហាដែល គាត់និយាយមួលបង្កាច់ខ្ញុំជាមួយលោកសម រង្ស៊ី ហ្នឹង ធ្វើឱ្យខ្ញុំមានគំនិតមួយទៀត គឺខ្ញុំមានការ សង្ស័យអ្នកដែលនៅក្រោយឃាតករលោក កែម ឡី ហ្នឹង បើសិនជាគេមិនបានបំភ្លឺការពិត ឱ្យខ្ញុំ គឺសម រង្ស៊ី និងលោកប៊ុត ប៊ុនតិញ ហ្នឹង គឺខ្ញុំសង្ស័យថា អ្នកទាំងអស់ហ្នឹងនៅពីក្រោយ  ឃាតករដែលសម្លាប់លោកកែម ឡី ទៅវិញ។ ខ្ញុំចង់បាន តែការពិតប៉ុណ្ណឹងទេ ហើយខ្ញុំចង់ដឹង ថា អ្នកណាបំផុសបំផុលនិយាយមួលបង្កាច់ខ្ញុំ។  ដូច្នេះវប្បធម៌លាបពណ៌ហ្នឹង គឺធ្ងន់ធ្ងរណាស់ ត្រូវ បំបាត់ចោល។ បំបាត់ចោលត្រឹមតែអំពាវនាវ សំណូមពរ គឺអត់អាចបំបាត់បានទេ គឺអ្នកណា មួលបង្កាច់ ហើយគ្មានការពិត ត្រូវយកច្បាប់ ជាធំ

លោកម៉ម សូណង់ដូ មានប្រសាសន៍បន្ត ថាអាហ្នឹងជាការល្អមួយ ដើម្បីកុំឱ្យព្រះសង្ឃ ខូចខិល យកស្បង់ចីវរ ជាវាំងនន ហើយលក់ ព្រះពុទ្ធសាសនា ហើយដើរបំផុសបំផុលសព្វ គ្រប់បែបយ៉ាង ធ្វើឱ្យមានអសន្តិសុខនៅក្នុង ប្រទេស។ គាត់ដើរហែកហួរសព្វគ្រប់បែបយ៉ាង លូកដៃទៅនយោបាយ ទៅគ្រប់ផ្នែកទាំងអស់ ហ្នឹង នៅក្នុងសង្គមខ្មែរយើង ហើយយើងមាន សំណួរថា តើថ្ងៃមុខថ្ងៃក្រោយហ្នឹង ព្រះពុទ្ធសាសនាយើងទៅយ៉ាងម៉េចកើត? ធ្ងន់ធ្ងរណាស់ មិនមែនស្រួលទេ។ ខ្ញុំអត់អាចអនុគ្រោះបានទេ ខ្ញុំត្រូវតែបំផុសបំផុល ហើយខ្ញុំមិនចង់ឱ្យអ្នកណាមកបំបាត់ព្រះពុទ្ធសាសនា ដោយសារតែ ព្រះសង្ឃមិនពេញលក្ខណៈ មានគំនិតខូចខិល ហើយដូចលោកប៊ុត ប៊ុនតិញ ហ្នឹង ខ្ញុំមិនអនុញ្ញាត ឱ្យរំលងខ្ញុំបានទេ។ ហើយអ្វីដែលខ្ញុំធ្វើគណបក្ស គឺចង់អភិវឌ្ឍប្រទេសជាតិ ហើយចង់កែតម្រូវ រដ្ឋាភិបាលសព្វថ្ងៃនេះ បើគាត់មានចន្លោះ ប្រហោង ខ្ញុំនឹងធ្វើ ហើយបើបញ្ហាទាក់ទងទៅ សន្តិសុខជាតិ គាត់មិនហ៊ានធ្វើ ខ្ញុំធ្វើ មានតែ ប៉ុណ្ណឹង។ យើងកុំឈ្លោះគ្នា យើងទុកឱ្យប្រជាពលរដ្ឋគេវិនិច្ឆ័យតែប៉ុណ្ណឹងទេ អត់មានកាប់ ចាក់ អត់មានលាបពណ៌ អត់មានថាយើងពូកែ ជាងគេ គេអន់ជាងយើង គឺអត់អាមួលបង្កាច់ ហ្នឹង គឺអត់មានអ៊ីចឹងតែម្តង

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មិនអាច ទាក់ទងសុំការបញ្ជាក់បំភ្លឺដោយផ្ទាល់ពីព្រះតេជ គុណប៊ុត ប៊ុនតិញ បានទេ កាលពីម្សិលមិញ។ ប៉ុន្តែព្រះអង្គបានសរសេរបញ្ជាក់នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុករបស់ព្រះអង្គថាតាម៉ម សូណង់ដូ បានស្នើសុំឱ្យអាត្មាតបជាលាយលក្ខណ៍អក្សរចំពោះ ព័ត៌មានជុំវិញការចូលរួមបក្សសង្គ្រោះជាតិ។ តាសូណង់ដូ នឹងប្តឹងអាត្មាភាពប៊ុត ប៊ុនតិញ ទៅ តុលាការក្នុងករណីមិនឆ្លើយតបជាលាយលក្ខណ៍ អក្សរទាន់ពេលវេលា។

អាត្មានឹងមិនឆ្លើយតបចំពោះការស្នើសុំ នេះទេ។ នេះជាសិទ្ធិបញ្ចោញមតិ បើតាដូ ជា ប្រធានបក្ស ខ្លាចការរិះគន់ មិនគួរធ្វើជាអ្នកនយោបាយទេ

ដោយ ៖ កុលបុត្រ

RELATED ARTICLES