Tuesday, April 23, 2024
Homeបច្ចេកវិទ្យាអត្ត​​ព​លិ​ក​​អូឡាំពិក​​កូរ៉េ​ខាង​ជើង​​ត្រូវ​​ហាម​​ទទួល​​កាដូ ​Galaxy ​S7 ​edge

អត្ត​​ព​លិ​ក​​អូឡាំពិក​​កូរ៉េ​ខាង​ជើង​​ត្រូវ​​ហាម​​ទទួល​​កាដូ ​Galaxy ​S7 ​edge

កូរ៉េខាងជើង បានហាមអត្តពលិក ១៣រូប ចូលរួម Olympic Rio 2016 ទទួលយកកាដូជាទូរស័ព្ទ Samsung Galaxy S7 edge ព្រោះផលិតផលនេះមានប្រភពពីប្រទេសកូរ៉េខាងត្បូង ។
Samsung គឺជាអ្នកឧបត្ថម្ភព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីល ។ ក្នុងខែកក្កដា ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងបានបង្ហាញមុខកំណែថ្មី Olympic Games Edition របស់ Galaxy S7 edge និងត្រៀមចំណាយ ១១.២០០គ្រឿង ដើម្បីធ្វើជាកាដូដល់អត្តពលិកចូលរួម ។ ក៏ប៉ុន្តែ ស្មាតហ្វូននេះ នឹងមិនអាចទៅដល់ដៃបណ្តាអត្តពិលិកកូរ៉េខាងជើងបានទេ ដោយសារគណ:កម្មាធិការអូឡាំពិកប្រទេសនេះ បានបដិសេធកាដូនោះ ។
តាម IBTimes ប្រធានក្រុមអូឡាំពិកកូរ៉េខាងជើងបានប្រមូលមកវិញទាំងអស់នូវទូរស័ព្ទ Galaxy S7 edge ចំនួន៣១គ្រឿង ដោយមិននិយាយច្បាស់ពីមូលហេតុ ។ បណ្តាអត្តពលិក ក៏បដិសេធផ្តល់បទសម្ភាសន៍ដែរ ពេលត្រូវបានសួរ ។ ក៏ប៉ុន្តែ តាមការទម្លាយរបស់អត្តពលិកកូរ៉េខាងត្បូងម្នាក់ មិនត្រឹមតែនៅអូឡាំពិកទេ កូរ៉េខាងជើងតែងតែប្រមូលកាដូ ដែលអ្នកឧបត្ថម្ភផ្តល់ឲ្យប្រជាពលរដ្ឋរបស់ខ្លួន ។
ក៏នៅអូឡាំពិកដែរ សាធារណជនកំពុងព្រួយបារម្ភថា អត្តពលិកអត្តពលកម្ម Hong Un Jong នឹងរងការដាក់ពិន័យក្រោយពេលថតរូប Selfie ជាមួយអត្តពលិក Lee Eun Ju របស់កូរ៉េខាងត្បូង ។ តាម Daily Star ជាមួយច្បាប់កូរ៉េខាងជើង Hong Un Jong ប្រសិនបើស្រាល នឹងត្រូវធ្វើពលកម្មឥតឈប់ ១៦ម៉ោង/ថ្ងៃ នៅតាមបណ្តាពន្ធនាគារ ប៉ុន្តែបើធ្ងន់ធ្ងរនោះ គឺជាប់ពន្ធនាគារ ។ ក៏ប៉ុន្តែ ខាងកូរ៉េខាងជើងនៅមិនទាន់លើកឡើងការអត្ថាធិប្បាយណាមួយឡើយ ។
គិតចាប់តាំងពីពេលបានចូលរួមអូឡាំពិកកាលពីឆ្នាំ១៩៧២ កូរ៉េខាងជើងតែងតែកំហិតអត្តពលិករបស់ខ្លួនប្រាស្រ័យទាក់ទងជាមួយមនុស្សខាងក្រៅ ពិសេសគឺកូរ៉េខាងត្បូង ។ ប្រទេសទាំងពីរនេះ កំពុងមានភាពតានតឹងពាក់ព័ន្ធនឹងនយោបាយ និងយោធាមិនអាចដោះស្រាយបាន សំខាន់គឺបញ្ហាការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់កូរ៉េខាងជើង ៕
ដោយ: តូច រំលឹក

RELATED ARTICLES