Saturday, April 20, 2024
Homeព័ត៌មានជាតិមេបក្ស​ប្រឆាំង​ថា សម្តេច​ហ៊ុន សែន មិន​ហ៊ាន​ប្រកួត​ជា​មួយ​លោក​សម រង្ស៊ី

មេបក្ស​ប្រឆាំង​ថា សម្តេច​ហ៊ុន សែន មិន​ហ៊ាន​ប្រកួត​ជា​មួយ​លោក​សម រង្ស៊ី

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ដែលជាបក្សកាន់អំណាច មិនហ៊ានប្រកួត ជាមួយលោកដែលជាប្រធានគណបក្សប្រឆាំង ទេ ទើបយកប្រព័ន្ធតុលាការកាបសង្កត់រូបលោក  មិនឱ្យមានឱកាសចូលស្រុកប្រកួតប្រជែងលើ សង្វៀនបាន។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់ អំណាច បានប្រតិកម្មតបទៅលោកសម រង្ស៊ី វិញថា សម្តេចហ៊ុន សែន មិនដែលខ្លាចលោក ឬរារាំងលោកសម រង្ស៊ី មិនឱ្យចូលស្រុកនោះ ទេ ផ្ទុយទៅវិញ លោកសម រង្ស៊ី ខ្លួនឯងទេ ដែលខ្លាចគុក មិនហ៊ានចូលស្រុក ដោយសារ ខ្លួនប្រព្រឺត្តកំហុស និងមានឈ្មោះជាបណ្ឌិតអស់ សិទ្ធិជាពលរដ្ឋ និងគ្មានសិទ្ធិចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះឱ្យគេបោះឆ្នោត។

ថ្លែងនៅក្នុងវេទិកាសាធារណៈនៅទីក្រុង  Spartanburg រដ្ឋ South Carolina សហរដ្ឋ  អាមេរិក កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង បាន បញ្ជាក់ថា ការប្រជែងគ្នាក្នុងឆាកនយោបាយ លុះត្រាតែមានគូប្រកួត ទើបអាចប្រជែងគ្នាបាន។ ប៉ុន្តែសម្តេចហ៊ុន សែន ប្រធានគណបក្សកាន់ អំណាច កំពុងគាបសង្កត់ រករឿងទាំងរូបលោក និងលោកកឹម សុខា ព្រោះតែសម្តេចហ៊ុន សែន មិនហ៊ានប្រកួតជាមួយរូបលោកដែលជាមេបក្ស ប្រឆាំង។ 

លោកសម រង្ស៊ី មានប្រសាសន៍នៅពេល នោះថាលោកហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា គាត់ជាបេក្ខជននាយករដ្ឋមន្ត្រី។  ខ្ញុំ សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំជាបេក្ខជននាយករដ្ឋមន្ត្រី ដូច្នេះបេក្ខជននាយករដ្ឋមន្ត្រី មានតែពីរនាក់ហ្នឹងទេ តែលោក ហ៊ុន សែន ជាមនុស្សកំសាក គាត់ខ្លាចសម រង្ស៊ី ដូចគូប្រដាល់ៗត្រូវឡើងវ៉ៃតទល់គ្នា ដាល់គ្នា នៅលើសង្វៀន។ ដូច្នេះពួកគាត់អត់ឱ្យសម រង្ស៊ី ឡើងលើសង្វៀនទេ។ គាត់នៅលើសង្វៀនតែ ម្នាក់ឯង គាត់ដាល់តែម្នាក់ឯង គាត់ដាល់ជាមួយ ខ្យល់។ អ៊ីចឹងបានថា គាត់ឈ្នះអ៊ីចឹងហើយ បានអន្តរជាតិប្រាប់ទៅហ៊ុន សែន លោកឯង កុំនឹកថា លោកឯងជាប់ឆ្នោតជានាយករដ្ឋមន្ត្រី  ដោយគ្មានគូប្រកួត។ គូប្រកួតរបស់លោកឯង គឺសមរង្ស៊ី។ បើលោកឯងយកប៉ូលិស យកទាហាន យកតុលាការអាយ៉ងលោកឯង រារាំងមិនឱ្យ សម រង្ស៊ី ឡើងដាល់ អ្នកឯងដាល់គ្នានៅលើ សង្វៀនឱ្យប្រជារាស្ត្រមើល អ្នកឯងឡើងលើ សង្វៀនតែម្នាក់ឯង អ្នកឯងដាល់តែម្នាក់ឯង អ្នកឯងដាល់ជាមួយខ្យល់ អ្នកឯងថាអ្នកឯង ឈ្នះ អ្នកឯងមិនចាញ់ អ្នកឯងឈ្នះខ្យល់ហ្នឹង។ ដូច្នេះអត់មានអ្នកណាទទួលស្គាល់ទេ ទទួលស្គាល់ទាល់តែមានការប្រកួត ទាល់តែមាន គូប្រកួត២ ឥឡូវនេះ គាត់រករឿងគណបក្ស សង្គ្រោះជាតិ រករឿងទាំងកឹម សុខា រករឿង ទាំងសម រង្ស៊ី គឺគាត់មិនចង់ ហើយគាត់មិន ហ៊ានប្រកួតជាមួយគូប្រកួតដែលជាប្រធាន គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយអ្វីបន្ថែមលើ ការលើកឡើងរបស់លោកសម រង្ស៊ី នេះទេ ដោយទុកឱ្យមហាជន និងមជ្ឍដ្ឋាន សារព័ត៌មានចាប់អារម្មណ៍យល់ឃើញដោយខ្លួនឯង។

ដោយឡែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពូជា លោកសុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនដែលខ្លាចលោក សម រង្ស៊ី និងគណបក្សប្រឆាំងឡើយ តែមកពីមេបក្សប្រឆាំងរូបនេះ ជាប់ឈ្មោះជាទណ្ឌិត គ្មានសិទ្ធិប្រជែងនយោបាយដោយខ្លួនឯង។ ដូច្នេះការលើកឡើងរបស់លោកសម រង្ស៊ី គ្រាន់តែជាពាក្យសម្តីនយោបាយប្រជាភិថុតិលើប្រជាពលរដ្ឋប៉ុណ្ណោះ។

លោកសុខ ឥសាន មានប្រសាសន៍ថា សម រង្ស៊ី តែដែលខ្លាចស្រុកខ្មែរ មិនហ៊ាន ចូលស្រុកខ្មែរនោះ ដោយសារគាត់ខ្លាចគុកទេ រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន មិន ខ្លាចគាត់ទេ។ អ៊ីចឹងគាត់មិនបានឈរប្រកួត ប្រជែងនោះ មិនមែនដោយសារគណបក្សកាន់អំណាច មិនឱ្យគាត់ប្រកួតប្រជែងទេ ឬខ្លាច គាត់ មិនឱ្យប្រកួតប្រជែងទេ។ បញ្ហាសំខាន់គឺ គាត់មានទោសខ្លួនឯង ហើយគាត់មិនមានសិទ្ធិ ក្នុងការប្រកួតប្រជែង។ ឥឡូវនេះ គាត់ក្លាយ ទៅជាអនុជនហើយ អនុជនហ្នឹង បានសេចក្តី ថា គាត់អត់មានសិទ្ធិជាពលរដ្ឋទេ ពីព្រោះគាត់ បាត់សិទ្ធិបាត់បុព្វសិទ្ធិជាអ្នកតំណាងរាស្ត្រហើយ។ អ៊ីចឹងគាត់គ្រាន់តែឈរឈ្មោះឱ្យគេបោះឆ្នោត  ក៏មិនបានផង ទៅបោះឆ្នោតឱ្យគេក៏មិនបាន ទៅចុះឈ្មោះបោះឆ្នោតក៏មិនបានដែរ ព្រោះ គាត់ជាទណ្ឌិតអស់សិទ្ធិជាពលរដ្ឋហើយ។ អ៊ីចឹង មានអ្នកណាបង្កើតឱ្យគាត់ បើថាសម្តេចនាយក ហាមគាត់មិនឱ្យចូលប្រកួតបេជែងក្នុងពេល ដែលគាត់ មានសិទ្ធិប្រកួតប្រជែង អាហ្នឹងបាន ថា សម្តេចនាយកខ្លាចគាត់។ ប៉ុន្តែឥឡូវគាត់ ថា ខ្លួនឯង គាត់បាត់សិទ្ធិខ្លួនឯង គាត់មិនហ៊ាន ចូលស្រុកខ្លួនឯង មានអ្នកណាហាមឃាត់គាត់ មិនឱ្យចូលស្រុក ដោយសារគាត់ខ្លាចគុកហ្នឹង ហើយបានជាគាត់បាត់សិទ្ធិក្នុងការឈរឈ្មោះ អីទាំងអស់ហ្នឹង។ អ៊ីចឹងទេ ការគាត់និយាយ នេះ គឺថាវាផ្ទុយអំពីការពិតជាក់ស្តែងហើយ។ ជីវិតនយោបាយរបស់គាត់ចប់ខ្លួនឯង ដោយសារ រឿងគាត់បង្កើត

លោកសុខ ឥសាន មានប្រសាសន៍បន្តថា គឺថា សម រង្ស៊ី ក្លាយទៅជាជនអត់មានសិទ្ធិ នយោបាយដូចពលរដ្ឋទូទៅទេ។ អ៊ីចឹងទេ គ្មាន អ្នកណាបង្កើតខ្លួនឯង ដោយសារតែអត់សិទ្ធិ ជាពលេដ្ឋហ្នឹង ហើយកុំបន្ទោសអ្នកដទៃ ការ ដែលគាត់និយាយវាយប្រហារមកលើសម្តេច តេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនថា ខ្លាចគាត់នេះ គាត់ថា អីថាទៅ សម្តេចប្រកាស តាំងពីដើមហើយ សម្តេចចង់បានដៃគូខ្លាំង ក៏ប៉ុន្តែ ឥឡូវដៃគូខ្លាំង វាទៅជាខ្សោយមែនទែន ហើយ អន់ជា់ងប្រជាជនសាមញ្ញោទៅទៀត អាហ្នឹងធ្វើ ម៉េច? អាហ្នឹងរឿងគាត់អ្នកបង្កើតខ្លួនឯង

គួរបញ្ជាក់ដែរថា កន្លងមក សម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាសថា លោក មិនខ្លាចដៃគូប្រកួតប្រជែងនយោបាយណាឡើយ ដោយសម្តេចអំពាវនាវឱ្យអ្នកចង់ប្រកួតនយោបាយ ចុះឈ្មោះគណបក្សឱ្យបានច្រើន ដើម្បី ប្រជែងគ្នាក្នុងការបោះឆ្នោត។ ដោយឡែក បញ្ហាលោកសម រង្ស៊ី និងលោកកឹម សុខា នោះ សម្តេចចាត់ទុកជារឿងបុគ្គល ដែលមិនពាក់ព័ន្ធ នឹងរឿងនយោបាយឡើយ ហើយក៏មិនអាច ចរចាគ្នាដោះស្រាយបានដែរ ព្រោះវាប៉ះពាល់ ដល់សិទ្ធិអំណាច និងនីតិវិធីតុលាការ។ 

ចំពោះករណីលោកកឹម សុខា ដែលកំពុង ជាប់ចោទពីបទបដិសេធក្នុងការចូលខ្លួននោះ ប្រមុខរដ្ឋាភិបាល ក៏ធ្លាប់បានមានប្រសាសន៍ ដោយប្រយោលមិនចំឈ្មោះថា សម្តេចគ្មាន សិទ្ធិអំណាចបញ្ជាលើប្រព័ន្ធតុលាការ ដែល កំពុងបន្តនីតិវិធីទេ លុះត្រាតែតុលាការសម្រេច សាលក្រមស្ថាពរ ទើបនាយករដ្ឋមន្ត្រីអាចមាន សិទ្ធិស្នើទៅព្រះមហាក្សត្រសុំឡាយព្រះហស្តលេខា លើកលែងទោសឱ្យបាន។ លើសពីនេះ ករណីលោកសម រង្ស៊ី ដែលកំពុងគេចខ្លួននៅ ក្រៅប្រទេស ដោយសាររងបទចោទជាច្រើន ករណីមានដីកាបង្គាប់ឱ្យចាប់ខ្លួននិងមានឈ្មោះ ជាទណ្ឌិតនោះ សម្តេចហ៊ុន សែន ប្រកាសថា នឹងកាត់ដៃស្តាំ ចោលភ្លាម ប្រសិនជាសម្តេចសុំ ចុះហត្ថលេខាទូលថ្វាយព្រះមហាក្សត្រលើកលែងទោសឱ្យលោកសម រង្ស៊ី ម្តងទៀតនោះ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES