Friday, March 29, 2024
Homeព័ត៌មានជាតិឃាត់​ខ្លួន​ចោរ​គាស់​ទូ​ដែក​រោង​ចក្រ ​លួច​លុយ​១៥​ម៉ឺន​ដុល្លារ​

ឃាត់​ខ្លួន​ចោរ​គាស់​ទូ​ដែក​រោង​ចក្រ ​លួច​លុយ​១៥​ម៉ឺន​ដុល្លារ​

ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីកាត់សោទ្វាររោងចក្រ ស្បែកជើងមួយកន្លែង ស្ថិតក្នុងភូមិអង្គគន្ធា ឃុំមហាប្ញស្សី ស្រុកគងពិសី ចូលទៅគាស់ ទូដែក ប្រមូលយកលុយដែលរោងចក្រត្រៀម បម្រុងទុក សម្រាប់បើកឱ្យក្រុមកម្មករអស់ ប្រមាណ១៥ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងមកនោះ ត្រូវបាន សមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពី វេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ជួលក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យគាស់ទូដែករោងចក្រ លួចលុយ ប្រមាណ១៥ម៉ឺនដុល្លារ ដែលត្រូវសមត្ថកិច្ច ស្រាវជ្រាវចាប់ឃាត់ខ្លួនបាននោះ មានឈ្មោះវ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ មុខរបរអតីតជំនួយការ រដ្ឋបាលរោងចក្រ វីងស្តារ ស៊ូ ស្នាក់នៅផ្ទះជួល ក្នុងភូមិ-សង្កាត់ដែលសមត្ថកិច្ចចុះចាប់ខ្លួន និង មានលំនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌ ប្ញស្សីកែវ។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យគាស់ ទូដែករោងចក្រនោះ ធ្វើឡើងក្រោមកិច្ចសហការវាងកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សហការ ជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ។

ddfsga
ជនសង្ស័យពេលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកសាកសួរ

លោកវរសេនីយ៍ត្រី កែវ វាសនា នាយរង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នង- ការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនសង្ស័យរូបនោះ មានជាប់ពាក់ព័ន្ធទៅនឹង ករណីលួចគាស់ទូដែករោងចក្រ ប្រមូល យកលុយប្រមាណ១៥ម៉ឺនដុល្លារ ហើយរត់គេចខ្លួន និងត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកា បញ្ជាឱ្យជនសង្ស័យចូលខ្លួន លេខ១៩៧១ ដ.ប.ច /១៦ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ចេញ ដោយលោកកែវ សុធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ។

លោកកែវ វាសនា បន្តថា ក្រោយពីមាន ដីការបស់តុលាការ លោកក៏បានដឹកនាំកម្លាំង ជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចុះឃាត់ខ្លួន ជនសង្ស័យខាងលើ ដែលកំពុងសំងំលាក់ខ្លួន នៅផ្ទះជួលក្នុងភូមិ-សង្កាត់ខាងលើតែម្តង។ ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បី ធ្វើការសាកសួរ មុននឹងនាំខ្លួនជនសង្ស័យទៅ កាន់ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំព្ញកថា កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ មាន ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាត់សោ ទ្វាររោងចក្រស្បែកជើង យីហោ “វីងស្តារ ស៊ូ” ដែលមានទីតាំងស្ថិតក្នុងភូមិអង្គគន្ធា ឃុំមហា- ប្ញស្សី ស្រុកគងពិសី រួចបានចូលទៅគាស់ទូដែក ប្រមូលយកលុយដែលរោងចក្រត្រៀមបម្រុង ទុកសម្រាប់បើកឱ្យក្រុមកម្មករ-កម្មការិនី អស់ ប្រមាណជិត១៥ម៉ឺនដុល្លារ។

តាមសម្តីរបស់ស្ត្រីជាប្រធានរដ្ឋបាលរោង- ចក្រ “វីងស្តារស៊ូ” ឈ្មោះគឹម ទៀង បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នៅព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៦ ខណៈដែលនាងចូល មកបំពេញការងារ ទើបដឹងថា ទូដែកសម្រាប់ ដាក់លុយនៅក្នុងរោងចក្រ ត្រូវបានចោរគាស់ ក៏ធ្វើឱ្យមានការផ្អើលឆោឡោឡើងតែម្តង។

dsffdfd
សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យ ក្រោយឃាត់ខ្លួនបាន

ស្ត្រីជាប្រធានរដ្ឋបាលរោងចក្ររូបនេះ បញ្ជាក់ថា ប្រាក់ដែលដាក់នៅក្នុងទូដែក សរុប មានចំនួន២៥៨៧៣៤ ដុល្លារ ដែលប្រាក់ទាំងនេះ គឺត្រៀមទុកសម្រាប់បើកឱ្យក្រុមកម្មករ-កម្មការិនី នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៦នេះ ។ ក្រោយពីប្រទះឃើញទូដែកត្រូវចោរគាស់ប្រមូល យកលុយអស់បែបនេះ ខាងរោងចក្រក៏ប្រញាប់ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ តែម្តង។

ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា មានក្រុមចោរ គាស់ទូដែកយក លុយពីរោងចក្រភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យដល់ទីតាំងកើតហេតុភ្លាមៗ បន្ទាប់មកសមត្ថកិច្ចរួមនិងតំណាងរោងចក្រ បាន រាប់ប្រាក់ទាំងនោះឡើងវិញ ទើបដឹងថាក្រុម ចោរ បានលួចយកប្រាក់ដុល្លារចំនួន ៩៧៨១៥ ដុល្លារ ចំណែកលុយខ្មែរ មានចំនួន១៩៩លាន ៩៨ម៉ឺន និង៣៨០០រៀល ដែលសរុបជាប្រាក់ ដុល្លារ ប្រមាណជិត១៥ម៉ឺនដុល្លារឯណោះ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ក្រុមចោរអាច មានគ្នាចាប់ពី២នាក់ឡើងទៅ និងបានធ្វើសកម្ម- ភាពនៅអំឡុងពាក់កណ្តាលអធ្រាត្រឈាន ចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ ៕

RELATED ARTICLES