Thursday, April 25, 2024
Homeសេដ្ឋកិច្ចជាតិអេសស៊ីជី​ប្រកាស​ទិន្ន​ន័យ​ត្រី​មាស​ទី២ និង​ព្យា​ករណ៍​សក្តា​នុពល​កំណើន​ខ្ពស់​នៅ​អាស៊ាន

អេសស៊ីជី​ប្រកាស​ទិន្ន​ន័យ​ត្រី​មាស​ទី២ និង​ព្យា​ករណ៍​សក្តា​នុពល​កំណើន​ខ្ពស់​នៅ​អាស៊ាន

ភ្នំពេញ៖ ក្រុមហ៊ុនអេសស៊ីជី ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយក្នុងតំបន់អាស៊ានបានបញ្ចេញរបាយការណ៍លទ្ធផលប្រតិបត្តិការរបស់ខ្លួន សម្រាប់ត្រីមាសទី២ និងសម្រាប់ឆមាសទី ១ នៃឆ្នាំ២០១៦ ដោយបង្ហាញពីកំណើនរឹងមាំ ដោយសារភាពរីកចំរើនក្នុងអាជីវកម្មសារធាតុគីមី ។ ក្រុមហ៊ុនក៏បានព្យាករណ៍ថា ទីផ្សារនៅក្នុងតំបន់អាស៊ានអាចនឹងរីកចំរើនខ្លាំងដោយសារសក្តានុពលក្នុងវិស័យសំណង់ សម្ភារៈសំណង់ និងឧស្សាហកម្មវេចខ្ចប់ ព្រោះតំបន់នេះបាននឹងកំពុងក្លាយជា មូលដ្ឋានផលិតកម្ម និងមូលដ្ឋាននាំចេញដ៏ធំមួយរបស់ពិភពលោក ។

លោក RoongroteRangsiyopashប្រធាន និងអគ្គនាយកក្រុមហ៊ុនអេសស៊ីជី បានបង្ហាញលទ្ធផលប្រតិបត្តិការរួមរបស់ខ្លួនសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០១៦ (ទិន្នន័យមុនធ្វើសវនកម្ម)ដែលក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចមានទំហំទឹកប្រាក់ ១២.៣៧២ ពាន់លានរៀល (ឬ ៣.០៨៦លានដុល្លារអាមេរិក) ។ ចំណែក ប្រាក់ចំណេញក្នុងត្រីមាសទីពីរនេះ បានកើនឡើងដល់ ១.៨២១ ពាន់លានរៀល (ឬ ៤៥៤ លានដុល្លារអាមេរិក) ពោលគឺកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន ដោយសារតែភាពរីកចំរើនឡើងក្នុងអាជីវកម្មវេចខ្ចប់ និងសារធាតុគីមីរបស់ក្រុមហ៊ុន ។

លោក RoongroteRangsiyopashប្រធាន និងអគ្គនាយកក្រុមហ៊ុនអេសស៊ីជី បានមានប្រសាសន៍ថា៖ “យើងមើលឃើញអនាគតត្រចះត្រចង់សម្រាប់ទីផ្សារទូទាំងតំបន់ តាមរយៈអត្រាកំណើនជាលំដាប់ ។ ប្រទេសកម្ពុជាក៏បន្តមើលឃើញពីកំណើនជាលំដាប់សម្រាប់ឧស្សាហកម្មរបស់ខ្លួនផងដែរ ។ ចំណែកឯប្រទេសឥណ្ឌូនេស៊ីវិញ ក៏បានចាប់ផ្ដើមមើលឃើញពីភាពល្អប្រសើរឡើងវិញនៃសេដ្ឋកិច្ចរបស់ខ្លួន ដោយមានការសាងសង់គម្រោងធំៗជាច្រើនរបស់រដ្ឋាភិបាល ។ ជាមួយគ្នានេះដែរ ពាណិជ្ជកម្មតាមតំបន់ព្រំដែនរបស់ប្រទេសថៃ និងប្រទេសជិតខាងក៏មានភាពល្អប្រសើរថែមទៀតផង” ។

លោក បានបន្តថា៖ “ការវិនិយោគនៅក្នុងប្រទេសផ្សេងទៀតកំពុងមានវឌ្ឍនភាពទៅតាមផែនការ ។ រោងចក្រស៊ីម៉ង់ត៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានរំពឹងថា នឹងចាប់ផ្ដើមប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០១៦ នេះ ចំណែកឯរោងចក្រនៅក្នុងប្រទេសឡាវ កំពុងតែសាងសង់ក្នុងល្បឿនយ៉ាងលឿនជាងការរំពឹងទុក ហើយអាចនឹងចាប់ផ្ដើមប្រតិបត្តិការនៅដើមឆ្នាំ ២០១៧ ។ ក្រុមហ៊ុនអេសស៊ីជីបន្តពង្រីកការវិនិយោគរបស់ខ្លួន ដោយផ្ដោតលើដៃគូពាណិជ្ជកម្មដែលមានស្រាប់ និងរួមគ្នារីកចំរើនទាំងអស់គ្នា” ។

នៅក្នុងប្រទេសកម្ពុជា ផ្អែកតាមរបាយការណ៍ឆមាសទីពីរ នៃឆ្នាំ ២០១៦ ក្រុមហ៊ុនមានទ្រព្យសកម្ម សរុបជាទឹកប្រាក់ ១.៣៤៦ ពាន់លានរៀល (ឬ ៣២៩ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ១៥% បើធៀបនឹងឆ្នាំមុន ។ របាយការណ៍ក្រុមហ៊ុនបង្ហាញថា ប្រាក់ចំណូលពីការលក់សម្រាប់ត្រីមាសទីពីរ ឆ្នាំ ២០១៦ មានទំហំទឹកប្រាក់ស្មើនឹង ១៩៥ ពាន់លានរៀល (ឬ ៤៩ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ៤៥% បើធៀបនឹងឆ្នាំមុន ដែលកំណើននេះទទួលបានពីភាពរីកចំរើននៃអាជីវកម្មសម្ភារៈសំណង់របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ។ សម្រាប់ឆមាសទី ១ ទាំងមូល ប្រាក់ចំណូលពីការលក់សរុប គឺមានទំហំទឹកប្រាក់ ៣៩០ ពាន់លានរៀល (ឬ៩៧ លានដុល្លារអាមេរិក) ។

សម្រាប់វឌ្ឍនភាពថ្មីៗមួយចំនួនអំពីក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ស៊ីម៉ង់ត៍ដំរីបានប្រែក្លាយម៉ាកយីហោជាស៊ីម៉ង់ អេស ស៊ី ជី ស្របតាមយុទ្ធសាស្ត្រកែលម្អម៉ាកយីហោរបស់ក្រុមហ៊ុន នៅក្នុងទីផ្សារអាស៊ាន និងដើម្បីផ្ដល់ជូនអតិថិជននូវផលិតផលដែលមានគុណភាពកាន់តែប្រសើរ ក្រោមម៉ាកយីហោតែមួយគឺ អេស ស៊ី ជី ។

គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៦ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅទូទាំងពិភពលោក មានទំហំជាទឹកប្រាក់ស្មើនឹង ៦០.៨១៨ ពាន់លានរៀន (ឬ ១៤.៨៦១ លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មរបស់ អេស ស៊ី ជី ក្នុងតំបន់អាស៊ាន (មិនរាប់បញ្ចូលប្រទេសថៃ) មានទំហំទឹកប្រាក់ស្មើនឹង ១៤.១៨០ ពាន់លានរៀល (ឬ ៣.៤៦៥ លានដុល្លារអាមេរិក) ដែលស្មើនឹង ២៣% នៃទ្រព្យសម្បត្តិរួមសរុបរបស់ អេស ស៊ី ជី ទាំងមូល ៕

អត្ថបទក្រុមហ៊ុន

RELATED ARTICLES