Thursday, March 28, 2024
Homeបរិយាយអង្គុយ​ហួស​ស័ក្តិ បង់​បោយ​ហួស​ស្មា

អង្គុយ​ហួស​ស័ក្តិ បង់​បោយ​ហួស​ស្មា

“ច្បាប់បណ្តាំបិតា” ត្រង់ល្បះទី២៥ សរសេរថា “អង្គុយហួសស័ក្តិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា ពុំមើលប្រមាណ នឹងប្រាណអាត្មា ហាហួសចង្កា ថាហួសសេចក្តី” មានខ្លឹមសារអប់រំល្អណាស់ ប៉ុន្តែ មនុស្សសម័យនេះ មិនសូវយកច្បាប់បុរាណ មកទុកទូន្មានខ្លួនទេ។ សព្វថ្ងៃ អ្នកនយោបាយ ក៏ដូចជាអ្នកបម្រើនយោបាយគ្រប់និន្នាការ មានមួយចំនួនបានរិះគន់ឆ្លើយឆ្លង គ្នា ហួសស័ក្តិហួសស្មារបស់ខ្លួន បណ្តាលឱ្យបាត់បង់តម្លៃគុណធម៌ ទើប “នគរធំ” សម្រេចលើកយក “ច្បាប់បណ្តាំបិតា” មក ធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ជាទូទៅ មន្ត្រីរាជការ ឬមន្ត្រីគណបក្ស តែងមានថ្នាក់ឋានានុក្រម សូម្បីតែមន្ត្រីសង្ឃ ក៏មានសមណស័ក្តិ រាជាគណៈ ឋានានុក្រមដែរ។ កាលពីបុរាណ នៅពេលបើកព្រះរាជសវនាការក្នុងព្រះបរមរាជវាំងម្តងៗ តម្រូវឱ្យនាហ្មឺនសព្វមុខមន្ត្រី ចូលអង្គុយគាល់ព្រះមហាក្សត្រ តាមលំដាប់យសស័ក្តិ គិតតាំងពីព្រះរាជវង្សានុវង្ស មន្ត្រីស្តាំ មន្ត្រីឆ្វេង ជំទាវខុនណាង អ្នក- មុខអ្នកការតាមលំដាប់លំដោយ។ ចំណែកនៅក្នុងអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ក៏មានរៀបកៅអីសម្រាប់ព្រះសង្ឃ គង់តាមលំដាប់សមណស័ក្តិ ដូចជា រាជាគណៈថ្នាក់ឯក ទោ ត្រី ចត្វា មេគណ អនុគណ ចៅអធិការ តាមលំដាប់លំដោយ ពុំ អាចបំពានបានឡើយ។ នេះជាខ្លឹមសារហាមឃាត់ ករណី “អង្គុយហួសស័ក្តិ” ដែលនាំឱ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ ខ្មែរ។ ដោយឡែក ពាក្យថា “បង់បោយហួសស្មា” គឺសំដៅដល់ការធ្វើដំណើររបស់មនុស្សត្រូវបង់បោយធម្មតា ប៉ុន្តែ បើដើរ លឿន ឬចង់ឆាប់ទៅដល់ទីដៅត្រូវបោះជំហានឱ្យវែង បង់បោយឱ្យខ្លាំង។ ទោះយ៉ាងណា ចាស់ទុំផ្តាំតែអ្នកដើរធម្មតាប៉ុណ្ណោះ មិនត្រូវបង់បោយខុសរបៀបស្ទើររបូតដៃពីស្មានោះទេ ដោយទុកការបង់បោយហួសស្មានោះ ឱ្យអ្នកដើរព្យុហយាត្រា 9ឌថៃលិបៃ គេធ្វើចុះ។
បើយករឿង “អង្គុយហួសស័ក្តិ បង់បោយហួសស្មា” មកឆ្លុះមើលតថភាពសង្គម យើងឃើញថា អ្នកបម្រើនយោបាយសម័យ នេះ ហ៊ានធ្វើអ្វីៗហួសពីអ្នកនយោបាយ ឬដើរហួសប្រធានគណបក្ស។ ធម្មតា យុទ្ធសាស្ត្រនយោបាយ តែងតែមានកាច់កុង វាយប្រហារគ្នាដោយពាក្យសម្តី ចៀសមិនរួចទេ ប៉ុន្តែ បើឆ្លើយឆ្លងខុសឋានានុក្រម ធ្វើឱ្យបាត់បង់តម្លៃមនុស្ស។ ឧបមាថា រដ្ឋមន្ត្រីការបរទេសអឺរ៉ុបណាមួយរិះគន់រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែរដ្ឋមន្ត្រីការបរទេសកម្ពុជា ឆ្លើយតប ព្រោះជា សមភាគី ឬបុណ្យស័ក្តិស្មើគ្នា ប៉ុន្តែ បើមានជនបរទេសឋានៈល្អិតល្អោចរិះគន់ ត្រូវឱ្យមន្ត្រីថ្នាក់ប្រហាក់ប្រហែលឆ្លើយតប ទើបគួរ។ ជួនកាលរដ្ឋមន្ត្រីការបរទេស ត្រូវកោះហៅមន្ត្រីទូតប្រទេសដែលរិះគន់នោះ មកណែនាំតែម្តង ព្រោះអង្គទូតជា តំណាងប្រទេសមួយ មានសិទ្ធិពាំនាំការស្តីបន្ទោសណែនាំនោះទៅប្រាប់រដ្ឋាភិបាលខ្លួន។ បើអ្នកលេងហ្វេសប៊ុកកំប៉ិកកំប៉ុក រិះគន់រដ្ឋាភិបាល ត្រូវឱ្យអ្នកគាំទ្ររដ្ឋាភិបាល បង្ហោះហ្វេសប៊ុករិះគន់តទល់វិញទើបល្អ ប៉ុន្តែ បើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ទៅឆ្លើយឆ្លងជាមួយអ្នកលេងហ្វេសប៊ុកនោះ នាំឱ្យថយរាសីខ្លួន។
សព្វថ្ងៃ ករណីរិះគន់គ្នាហួសស័ក្តិ ហួសស្មានេះ បានក្លាយជាវប្បធម៌ទៅហើយ ប៉ុន្តែ សម្រាប់អ្នកចេះដឹងជ្រៅជ្រះ គេ មិនដែលតបតអ្វីទេ ឬថា “បណ្ឌិតមិនដែលឈ្លោះជាមួយជនពាល”។ អ្នកខ្លះមានឋានៈត្រឹមជាអ្នកបម្រើនយោបាយសោះ តែ ដោយខ្លួនចង់ល្បី ក៏ប្រឹងរិះគន់មេគណបក្សដែលខ្លួនស្អប់ ធ្វើឱ្យអរិភាពកើតឡើងមិនចេះចប់។ ជាក់ស្តែង មានអង្គការមួយ ឈ្មោះ “សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា” បានសរសេរលិខិតផ្ញើជូនសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ “ស្តីពីករណីកញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម ធ្វើសកម្មភាពស្ទង់មតិ និងបរិហាររិះគន់លើគណបក្ស នយោបាយមួយជាប្រចាំ”។ ខ្លឹមសារលិខិតនោះ គឺចង់ឱ្យក្រសួងមហាផ្ទៃ ទប់ស្កាត់សកម្មភាពរបស់នាងកញ្ញា ដែល “អង្គុយ ហួសស័ក្តិ បង់បោយហួសស្មា” នេះឯង ពោលគឺលោកសម រង្ស៊ី និងលោកកឹម សុខា ដែលត្រូវកញ្ញារិះគន់ មិនឆ្លើយតបទេ ព្រោះខុសឋានានុក្រម តម្រូវឱ្យប្រធានសហព័ន្ធនិស្សិតជាអ្នកឆ្លើយជំនួស។ ករណីលោកហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ ដែលបានរិះគន់ពីរឿង “របបតិរច្ឆាន” នោះ គួរទុកឱ្យអ្នកនាំពាក្យរដ្ឋសភា ឆ្លើយតបវិញទើបគួរ ប៉ុន្តែ បើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយ វាខុសឋានានុក្រម។
ដោយឡែក ទ្រង់ស៊ីសុវត្ថិ ធម្មិកោ ដែលបានរិះគន់រដ្ឋាភិបាល ថាបានដឹកនាំ “របបតិរច្ឆាន” ដែរនោះ គួរតែរដ្ឋាភិបាល ជ្រើសសមាជិករាជវង្ស១អង្គ ដែលគាំទ្ររដ្ឋាភិបាល ឱ្យឆ្លើយបកជាការល្អ ប៉ុន្តែ បើឱ្យអ្នកនាំពាក្យជារាស្ត្រឆ្លើយឆ្លង មិន សូវសមទេ។ គួរយល់ថា ប្រទេសកម្ពុជា បច្ចុប្បន្ន មានព្រះមហាក្សត្រគ្រងរាជសម្បត្តិ មានព្រះរាជវង្សានុវង្ស ដូចរាជា- ណាចក្រឯទៀតដែរ ចាំបាច់ត្រូវតែប្រើរាជសព្ទ។ លុះទ្រង់ធម្មិកោ រិះគន់រដ្ឋាភិបាល ក៏ស្រាប់តែអ្នកនាំពាក្យ និងអ្នកកាសែត ខ្លះ ពន្លះព្រះអង្គម្ចាស់នេះធ្ងន់ៗ ដូចពាក្យថា “បុគ្គលធម្មិកោ” ឬ “បុគ្គលគ្មានខួរក្បាល” ជាដើម ធ្វើឱ្យថយតម្លៃរាជវង្ស និងបាត់បង់រាជសព្ទ។ ធម្មតារាជវង្ស ទោះជាធ្វើខុសយ៉ាងណា ក៏ប្រជារាស្ត្រនៅតែមានការអត់ឱនជានិច្ច ឧទាហរណ៍ កាល “អជាតសត្រូវរាជកុមារ” សៀតកាំបិតស្នៀតនៅចង្កេះ យាងចូលប្រាសាទ ប៉ងធ្វើគុត “ព្រះបាទពិម្ពិសារ” ជាព្រះបិតា។ ពេលនោះ ឆ្មាំទ្វារចាប់ឆែកឃើញកាំបិត ក៏មិនហ៊ានដាក់ទណ្ឌកម្មរាជកុមារនេះដែរ ទោះជាខុសច្បាប់ក្តី ក៏នាំទៅថ្វាយស្តេច កាត់ទោស ប៉ុន្តែ ព្រះបាទពិម្ពិសារ បានលើកលែងទោសដល់ព្រះរាជបុត្រ ហើយទីបំផុត អជាតសត្រូវ ព្យាយាមធ្វើគុតព្រះ- បិតាទាល់តែបាន។ ចំណែក “ចៅពញាអុង” ដែលក្បត់ជាតិ ត្រូវស្តេចសៀម បញ្ជាឱ្យលើកទ័ពមកវាយខ្មែរនោះ ពេលត្រូវ ព្រួញធ្លាក់ពីលើខ្នងដំរី ក៏ត្រូវព្រះចន្ទរាជា ត្រាស់បង្គាប់ឱ្យលើកព្រះសពទៅធ្វើបុណ្យថ្វាយព្រះភ្លើងតាមប្រពៃណីក្សត្រ។ រីឯ “ចៅពញាញោម” ដែលត្រូវសម្តេចព្រះទេវីក្សត្រី និងក្រុមប្រឹក្សារាជបល្ល័ង្ក ដកចេញពីព្រះឋានៈជាព្រះមហាក្សត្រ ព្រោះ ខ្វះទសពិធរាជធម៌ និងបានយាងព្រះឧភយោរាជ “ស្រីសុរិយោពណ៌” ឱ្យឡើងសោយរាជ្យនោះ ធ្វើឱ្យចៅពញាញោម ខឹង សម្បា ចេញទៅបង្កចលនាប្រឆាំងជាតិឯង។ ពេលនោះ ព្រះបាទស្រីសុរិយោពណ៌ បានត្រាស់បង្គាប់ “តេជោមាស” ឱ្យទៅ បង្ក្រាបចលនានេះ ដោយចាប់បានចៅពញាញោមមកកាត់ទោស។ តេជោមាស មានជាតិជារាស្ត្រ មិនហ៊ានប៉ះពាល់ចៅ- ពញាញោម ជារាជវង្សនោះទេ ហើយទីបំផុត ព្រះបាទស្រីសុរិយោពណ៌ ដោយមានឯកភាពពីនាហ្មឺនសព្វមុខមន្ត្រី បាន ត្រាស់បង្គាប់ពេជ្ឈឃាត ឱ្យយកចៅពញាញោម ទៅធ្វើគុតតាមទោស “ប្រហារជីវិត” ពីបទធ្វើឱ្យរាស្ត្រក្តៅក្រហាយ។ ពេជ្ឈ- ឃាត មុននឹងធ្វើគុត ត្រូវឱនកាយថ្វាយបង្គំអ្នកទោស ក្បាលដល់ដី៣ដង រួចលើក “ដំបងខ្លឹមចន្ទន៍” វាយទម្លាក់រាជវង្សក្បត់ នោះទៅក្នុងទឹកបឹង នេះបើយោងតាមឯកសារមហាបុរសខ្មែរ ត្រង់រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
ដូច្នេះយើងឃើញថា បើប្រធានាធិបតីអាមេរិក បារ៉ាក់ខ៍ អូបាម៉ា រិះគន់ប្រទេសរុស្ស៊ី ច្បាស់ជាលោកពូទីន ប្រធា- នាធិបតីរុស្ស៊ី ឆ្លើយតបមិនខាន ព្រោះឋានៈស្មើគ្នា។ ពេលនាយករដ្ឋមន្ត្រីថៃ អៈភិស៊ីត វេឆាឈីវ៉ៈ រិះគន់កម្ពុជា យើងឃើញ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឆ្លើយតបភ្លាម មិនអាចឱ្យអ្នកនាំពាក្យឆ្លើយជំនួសបានទេ។ បើកញ្ញាធី សុវណ្ណថា ពន្លះលោកសម រង្ស៊ី លោកកឹម សុខា ថាជា “មនុស្សតិរច្ឆាន” ត្រូវប្រធានសហព័ន្ធនិស្សិតឆ្លើយតប ព្រោះវាស្មើឋានានុក្រម។ ផ្ទុយទៅវិញ បើលោកអូប៉ាម៉ា រិះគន់រុស្ស៊ី ក៏ស្រាប់តែមន្ត្រីជាន់ទាបរុស្ស៊ី ឆ្លើយតប ហើយបើលោកសម រង្ស៊ី-កឹម សុខា ឆ្លើយតបកញ្ញាធី សុវណ្ណថា នោះច្បាស់ជាខុសឋានានុក្រម។ ឯរឿងរាជវង្ស ក៏គួរទុកឱ្យរាជវង្សឆ្លើយឆ្លងគ្នាទើបល្អ ព្រោះ បើរាស្ត្រឆ្លើយឆ្លងនាំជ្រុលជ្រួសប្រើពាក្យ “បុគ្គល” ជំនួស “ព្រះអង្គ” ដែលមិនសូវសមរម្យ។ របបប៉ុល ពត បានជេរព្រះអង្គ ម្ចាស់ស៊ីសុវត្ថិ សិរីមតៈ ថា “អាតាក់” ខ្លះជេរថា “អាសិរីមតៈ” ឃើញថា ធ្ងន់ណាស់ គួរអ្នកចេះដឹងសម័យនេះ កុំធ្វើដូចខ្មែរ ក្រហម។
សរុបទៅ “អង្គុយហួសស័ក្តិ បង់បោយហួសស្មា” មានន័យយ៉ាងនេះឯង តម្រូវឱ្យអ្នកនយោបាយ ឬមន្ត្រីរដ្ឋាភិបាល ឆ្លើយឆ្លងគ្នាកុំឱ្យហួសស័ក្តិ ហួសឋានានុក្រម។ អ្នកតូចមិនគួរជេរដៀលអ្នកធំនោះទេ ហើយបើមានអ្នកតូចជេរ ក៏អ្នកធំមិន ត្រូវឆ្លើយតបដែរ គួរទុកឱ្យមនុស្សមានឋានៈប្រហាក់ប្រហែលវាយបកល្អជាង។ ឯសមាជិករាជវង្ស ទោះជាធ្វើខុសយ៉ាងណា ក៏រាស្ត្រមិនអាចប៉ះពាល់បានដែរ ខណៈដែលប្រទេសកាន់របបរាជានិយម សូម្បីចៅពញាញោម ដែលធ្វើឱ្យរាស្ត្រក្តៅក្រហាយ លុះត្រាតែព្រះមហាក្សត្រ ទើបសម្រេចបាន ដោយតម្រូវឱ្យវាយនឹង “ដំបងខ្លឹមចន្ទន៍” មិនមែនគល់ប្ញស្សី ដូចរបបប៉ុល ពត នោះទេ។ ហេតុនេះ គួរតែអ្នកនយោបាយ និងអ្នកបម្រើនយោបាយ ឆ្លើយឆ្លងគ្នាឱ្យមើលឋានានុក្រម ស្របតាម “ច្បាប់បណ្តាំ បិតា” ទើបធានាថា ជាមនុស្សមានគុណធម៌ ដើរតាមព្រះពុទ្ធោវាទ៕
ដោយ ៖ អាចារ្យថាំ

RELATED ARTICLES