Thursday, April 18, 2024
Homeព្រឹត្តិការណ៍សង្គមរូប​សំណាក​​បណ្ឌិត​កែម ឡី សង់​ជិត​រួច​រាល់ ការ​សុំ​ទីតម្កល់​មិន​ទាន់​ឯក​ភាព

រូប​សំណាក​​បណ្ឌិត​កែម ឡី សង់​ជិត​រួច​រាល់ ការ​សុំ​ទីតម្កល់​មិន​ទាន់​ឯក​ភាព

ភ្នំពេញ ៖ តាមការអះអាងរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា មក ដល់ពេលនេះ រូបសំណាករបស់លោកបណ្ឌិត កែម ឡី អ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ និងជាអ្នកវិភាគឯករាជ្យ ដែលត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់នោះ ត្រូវបាននិងកំពុងសាងសង់ ជិតរួចរាល់ហើយ ប៉ុន្តែពុំទាន់មានការឆ្លើយតប ឯកភាពយល់ព្រមពីអាជ្ញាធររាជធានីភ្នំពេញ ចំពោះសំណើសុំតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យរាជធានី- ភ្នំពេញនោះទេ បន្ទាប់ពីបានដាក់ពាក្យស្នើសុំ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។
ជាមួយគ្នានេះ គណបក្សនយោបាយមួយ ចំនួន បានគាំទ្រឱ្យមានការតម្កល់រូបសំណាកលោក បណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យ បន្ទាប់ពីមានការស្នើរបស់តំណាងរាស្ត្រគណបក្ស ប្រឆាំង ដើម្បីរំលឹកទៅដល់វីរភាពរបស់លោកបណ្ឌិត។ ប៉ុន្តែក៏មានការលើកឡើងថា អាចមិន មានការឆ្លើយតបជាវិជ្ជមានពីរដ្ឋបាលរាជធានីភ្នំពេញ ដោយសារការស្នើនោះធ្វើឡើងដោយ គណបក្សនយោបាយ មិនជាការស្នើដោយក្រុម គ្រួសារលោកបណ្ឌិតកែម ឡី។
អតីតអនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ប្រធានគណបក្សខ្មែររួបរួមជាតិ លោកញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោកគាំទ្រការតម្កល់ រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលាន ប្រជាធិបតេយ្យ តែលោកមិនសង្ឃឹមថា អា- ជ្ញាធររាជ-ធានីភ្នំពេញអនុញ្ញាតទេ ដោយសារ តែពុំមែនជាការស្នើសុំរបស់ក្រុមគ្រួសារលោក បណ្ឌិតកែម ឡី។

kam-ley1
លោកញឹក ប៊ុនឆៃ មានប្រសាសន៍ថា “ខ្ញុំ សូមជម្រាបជូនថា បើតាមខ្ញុំមើល ការស្នើសុំ របស់គណបក្សប្រឆាំង អ៊ីចឹងប្រហែលជាពិបាក ហើយមើលទៅ មិនងាយបានការអនុញ្ញាតទេ។ បើសិនជាគ្រួសារគាត់សុំ អាហ្នឹងខ្ញុំជឿថាបាន ប៉ុន្តែដល់យើងជាបក្សនយោបាយ យើងទៅសុំ ជំនួសក្រុមគ្រួសាររបស់គេ ទៅថាវាជារឿង នយោបាយអីទៅ ដល់អ៊ីចឹងពិបាកសុំណាស់។ ដូចកាលជា វិជ្ជា នោះ ជា មុនី គាត់សុំ នោះគឺ លក្ខណៈជាប្អូនទៅសុំទៅ អាហ្នឹងគឺសាងសង់ បាន ប៉ុន្តែដល់លោកបណ្ឌិតកែម ឡី ដល់បក្ស- នយោបាយខាងសង្គ្រោះជាតិ ទៅចេញមុខ សុំអ៊ីចឹងទៅ ខ្ញុំថាប្រហែលជាពិបាក”។
លោកញឹក ប៊ុនឆៃ មានប្រសាសន៍បន្តថា “ខ្ញុំគាំទ្រ ប្រសិនជាគ្រួសារគាត់ជាអ្នកសុំ ដើម្បី សាងសង់ នៅទីលានប្រជាធិបតេយ្យ វាជាការ ល្អហើយ ព្រោះបណ្ឌិតកែម ឡី ជាអ្នកតស៊ូ ដើម្បីប្រជាធិបតេយ្យហ្នឹងឯង ជាអ្នកវិភាគអី។ គួរតែសង់ឱ្យធំ ឱ្យសមនឹងអ្វីដែលជាគុណបំណាច់ គុណសម្បត្តិដែលលោកបណ្ឌិតកែម ឡី បានធ្វើ រយៈកាលកន្លងមក។ ខ្ញុំសំណូមពរចង់ឱ្យក្រុម គ្រួសារគាត់ជាអ្នកសុំ ហើយច្បាស់ថា នឹងបាន សម្រាប់ទស្សនៈខ្ញុំ”។
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានលើកឡើងថា ក្នុងនាមជា អ្នកនយោបាយ លោកពិតជាគាំទ្រឱ្យមានការ តម្កល់រូសំណាកលោកបណ្ឌិតកែម ឡី នៅទី- លានប្រជាធិបតេយ្យ ហើយលោកយល់ថា រដ្ឋា- ភិបាល គួរតែអនុញ្ញាតមិនចាំបាច់មានការស្នើ សុំពីគណបក្សនយោបាយ ឬក្រុមគ្រួសារនោះ ទេ។
លោកពេជ្រ ស្រស់ មានប្រសាសន៍ថា “ខ្ញុំ ស្រលាញ់លោកបណ្ឌិតកែម ឡី ត្រង់ថា ក្លាហាន ហ៊ានការពារនូវសេរីភាពបញ្ចោញមតិខ្លួនគាត់ ដើម្បីទាមទារឱ្យមានលក្ខណៈប្រជាធិបតេយ្យ ពិតប្រាកដ។ ដូច្នេះក្នុងនាមរដ្ឋាភិបាល ត្រូវតែ យកចិតទុកដាក់ដើម្បីបុព្វហេតុជាតិ។ ឧទាហរណ៍ ថា នាយទាហានស្លាប់ ត្រូវតែមានការគោរព។ លោកកែម ឡី ដូចជានាយទាហានមួយរូបដែរ តែនាយទាហានចុងប៊ិកនៃគនិតបញ្ញា ដើម្បី ផ្លាស់ពីកុម្មុយនិស្ត មកលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះរដ្ឋាភិបាល ត្រូវតែមានកាតព្វកិច្ចលើក- តម្កើងបុគ្គលបែបហ្នឹង ត្រូវតែសង់រូបសំណាក មិនចាំបាច់ក្រុមគ្រួសារ ឬក៏គណបក្សណាស្នើ សុំទេ”។

kam-ley2
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន លោកសាម អ៊ីន បានលើកឡើងថា លោកមិនជំទាស់ទេដែលតំណាងរាស្ត្រគណ- បក្សសង្គ្រោះជាតិ ធ្វើលិខិតទៅរដ្ឋបាលរាជ- ធានីភ្នំពេញ ស្នើសុំតម្កល់រូបសំណាកលោក បណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែលោកយល់ថា ការស្នើនេះ គួរតែធ្វើឡើង ដោយក្រុមគ្រួសារលោកបណ្ឌិតកែម ឡី ឬតំណាង ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល។
លោកសាម អ៊ីន មានប្រសាសន៍ថា “បាទ ជារួមយើងស្វាគមន៍ឱ្យមានការសាងសង់រូប- សំណាកលោកបណ្ឌិតកែម ឡី វាមិនជាបញ្ហា ប្រឈមអីទេ ជំហរអ៊ីចឹងយើងស្វាគមន៍ ប៉ុន្តែ ខ្ញុំគិតថា ជារឿងល្អប្រសិនបើការស្នើសុំនេះកើត ចេញពីតំណាងសង្គមស៊ីវិល តំណាងប្រជាពលរដ្ខ។ បុន្តែយើងមិនជំទាស់ជាមួយគណបក្សនយោបាយ ដែលគាត់បានស្នើសុំនោះទេ។ ក្នុងនាមគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន យើងចាត់ទុកលោក បណ្ឌិតកែម ឡី ជាវីរជនសេរីភាពនៃការបញ្ចោញ មតិ។ អ៊ីចឹងហើយ ខ្ញុំគិតថា ជារឿងល្អប្រសើរ ប្រសិនបើរដ្ឋាភិបាល លោកយកចិត្តទុកដាក់ចាត់- ទុកថ្ងៃ១០ កក្កដា ជាទិវាសរីភាពបញ្ចោញមតិ ឬមួយក៏ការឆ្លើយតបក្នុងការសាងសង់រូបសំណាក លោកបណ្ឌិតកែម ឡី នៅទីកន្លែងសាធារណៈ ណាមួយ ជារឿងល្អប្រពៃសម្រាប់ជាតិខ្មែរទាំង មូល ព្រោះថា លោកបណ្ឌិតកែម ឡី តំណាង កុលបុត្រខ្មែរ គួរតែជួយលើកតម្កើងស្នាដៃគាត់ ដើម្បីទុកជាគំរូដល់យុវជនជំនាន់ក្រោយ”។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តព្រៃវែង លោកសុខ ឥសាន បានលើកឡើង ថា គណបក្សប្រជាជនកម្ពុជា មិនមានយោបល់ អ្វីទេជុំវិញការស្នើសុំសង់រូបសំណាកលោកកែម ឡី ប៉ុន្តែលោកយល់ថា មុននឹងដាក់ជនណាម្នាក់ ជាវីរបុរស ឬវរជន ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរក្សាកិត្តិយសរបស់បុគ្គលម្នាក់ៗនោះ។
លោកសុខ ឥសាន មានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជា មិនមានយោបល់អីទេ ដែលគេចាត់ទុកថាជាវីរជន វីរបុរសអី អាហ្នឹង វាត្រូវមានលក្ខណៈសម្បត្តិ លក្ខណៈវិនិច្ឆ័យមិន ចេះតែធ្វើតាមការគិតឃើញទេ។ អ៊ីចឹងយើងអត់ មានយោបល់អីទេ វាអាស្រ័យទៅលើប្រជាជន គាំទ្រយ៉ាងណានោះ អាហ្នឹងគិតទៅតាមនីតិវិធី ច្បាប់ទៅ ព្រោះយើងឃើញហើយ មន្ត្រីជាន់ គណបក្សប្រជាជន គរគោក គេមិនទាន់ចាត់ទុក ថា វីរបុរសវីរជនអីផង។ អ៊ីចឹងយើងត្រូវមើល ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងដាក់ថាជនណា ម្នាក់ ជាវីរបុរស ជាវីរជន វាត្រូវមានលក្ខណៈ សម្បត្តិ លក្ខណៈវិនិច្ឆ័យឱ្យបានសមស្រប ដើម្បី ធ្វើម៉េចរក្សាកិត្តិយសរបស់បុគ្គលម្នាក់ៗនោះ”។
ដោយឡែក លោកមាន ចាន់យ៉ាដា អ្នក នាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានមានប្រ-សាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានទទួល លិខិតស្នើសុំរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះ- ជាតិ ប៉ុន្តែមិនទាន់សម្រេចយ៉ាងម៉ចទេ ព្រោះ ត្រូវប្រជុំពិភាក្សាសិន។
លោកមាន ចាន់យ៉ាដា បញ្ជាក់ថា “បាទ! យើងបានទួលសំណើពីលោកអ៊ូ ច័ន្ទរ័ត្ន ដែល ស្នើសុំឱ្យមានការដាក់រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលានប្រជាធិបតេយ្យ។ ប៉ុន្តែមក ដល់ពេលនេះយើងមិនទាន់បានឆ្លើយតបយ៉ាង- ណាទេ យើងកំពុងស្នើសុំមតិយោបល់ពីថ្នាក់ ដឹកនាំ”។
តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជា អភិបាលរងនៃក្រុមសមាជិកសភាគណបក្ស សង្គ្រោះជាតិ លោកអ៊ូ ច័ន្ទរ័ត្ន ដែលជាអ្នកធ្វើ លិខិតស្នើទៅរដ្ឋបាលរាជធានីភ្នំពេញ សុំតម្កល់ រូបសំណាកលោកបណ្ឌិតកែម ឡី នៅទីលាន ប្រជាធិបតេយ្យនោះ បានបញ្ជាក់ថា មកដល់ ពេលនេះ រូបសំណាកលោកបណ្ឌិតកែម ឡី បានរៀបចំសង់រួចរាល់ហើយ នៅតែរង់ចាំការ អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការ ផ្តល់កន្លែងតម្កល់តែប៉ុណ្ណោះ។
លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា “ខ្ញុំ បានជួបជាមួយគណៈកម្មការដែលរៀបចំបុណ្យ សព ជាពិសេសអស់លោកមួយចំនួនដែលស្និទ្ធ ជាមួយលោកបណ្ឌិតកែម ឡី ហើយខ្ញុំបានឱ្យ ជម្រាបទៅក្រុមគ្រួសារផង ហើយចំពោះរឿង នេះ ខ្ញុំចង់ជម្រាបជូនដែរថា មិនមែនជារឿង របស់គណបក្សសង្គ្រោះជាតិទេ ហើយគណបក្ស សង្គ្រោះជាតិ អត់បានរៀបចំរឿងតម្កល់រូប ហ្នឹងទេ ដោយសារខ្ញុំទទួលសំណើមួយចំនួនពី ប្រជាពលរដ្ឋអ្នកដែលគាំទ្រលោកបណ្ឌិតកែម ឡី ហ្នឹង អ្នកដែលគាត់ស្រលាញ់គោរព ហើយ ចំពោះរូបខ្ញុំផ្ទាល់ ក៏អ៊ីចឹងដែរ ខ្ញុំគោរពគាត់ ចំពោះវីរភាពរបស់គាត់ ម៉្លោះហើយខ្ញុំផ្តួចផ្តើម គំនិតហ្នឹងទៅ ហើយរូបនេះចេញជារូបរាងហើយ មកដល់ថ្ងៃនេះ យើងចង់ធ្វើឱ្យហើយមុនពេល គម្រប់ខួប១០០ថ្ងៃ របស់លោកបណ្ឌិតកែម ឡី។ ដូច្នេះខ្ញុំសូមបញ្ជាក់ថា មិនមែនជាជំហររបស់ ខ្ញុំទេ ហើយរឿងគេយល់ថាប្រហែលឱ្យ ឬមិន ឱ្យ ខ្ញុំយល់ថា ដូចជាមិនមានមូលហេតុអីដែល សាលារាជធានីភ្នំពេញ បដិសេធសំណើរបស់ខ្ញុំ ហ្នឹងទេ ទី១ ហើយទី២ វាជារឿងរបស់សង្គម ទាំងមូលទេ មិនមែនសម្រាប់បុគ្គលណាទេ ព្រោះ មតិមហាជន លោកក៏បានសម្តែងច្រើនដងដែរ ថា លោកបណ្ឌិតកែម ឡី ហ្នឹងហាក់ដូចទ្រព្យ- សម្បត្តិ ជាតិយើងទាំងមូលអ៊ីចឹង។ ម៉្លោះហើយ វាអត់មានពាក់ព័ន្ធសម្រាប់បុគ្គលណាហួងហែង ថា ជាកម្មវត្ថុ ឬក៏ជារបស់អ្នកណាម្នាក់ ដើម្បី យកមកធ្វើកេងចំណេញអី វាអត់មានទេ អាហ្នឹង ជាការគោរពសុទ្ធសាធតែម្តង”។
លោកអ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍បន្តថា “រូបយើងចេញហើយ រូបមួយជំហររបស់គាត់ តែម្តង ហើយរូបប៉ុនរូបបណ្ឌិតកែម ឡី ហ្នឹង តែម្តង។ ខ្ញុំត្រូវទៅពិនិត្យ ត្រូវថែមអី ខ្វះអី មិនទាន់សមរម្យ ហើយយើងនឹងចាប់ផ្តើមចាក់ ហើយចាក់ជាស្ពាន់លេខ១ ហើយខ្ញុំជឿថា ធំ ជាងរូបជា វិជ្ជា ព្រោះមានសំណើមួយចំនួនដែរ ថា កុំឱ្យធ្វើតូចអ៊ីចឹងពេក។ ចាំមើលស្តាប់យោបល់ សាលារាជធានីភ្នំពេញ តើលោកជូនយោបល់ របៀបម៉េច? ហើយបើសិនជាអាចជជែកគ្នា សម្របសម្រួល ខ្ញុំជឿថា លោកប្រាកដជាមិន បដិសេធទេគ្រាន់តែកន្លែងទីលានប្រជាធិបតេយ្យ ហ្នឹង ដី២ម៉ែត្រ៤ជ្រុងអី ដូចមិនធំដុំពេកទេ។ ខ្ញុំសូមអំពាវនាវដែរ ដល់សាលារាជធានីភ្នំពេញ សូមឱ្យមានការយោគយល់ ហើយខ្ញុំសូមជម្រាប ជូនថា មិនមែនជាការកេងចំណេញនយោបាយ ទេ វាជាការគោរពពីបេះដូងរបស់ប្រជាពលរដ្ឋ ខ្មែរ រួមទាំងខ្ញុំក្នុងនាមជាអ្នកតំណាងរាស្ត្រផង ចង់រំលឹកនូវវីរភាពលោកបណ្ឌិតកែម ឡី ព្រោះ រឿងបណ្ឌិតកែម ឡី នេះ យើងឃើញគ្រប់ មជ្ឈដ្ឋាន គ្រប់និន្នការទាំងអស់ សុទ្ធតែមានការ សោកស្តាយ មានការគោរពដល់លោកបណ្ឌិត កែម ឡី”។
ដោយឡែកជាការកត់សម្គាល់ មកដល់ ពេលនេះ ទោះបីសពលោកបណ្ឌិតកែម ឡី ត្រូវ បានបញ្ចុះរួចរាល់ជិត១ខែមកហើយ នៅឯទឹក ដីកំណើតរបស់លោក ស្ថិតនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ក៏នៅ តែមានប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋានទៅ គោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី នៅ ផ្នូរសពរបស់លោករាល់ថ្ងៃជាបន្តបន្ទាប់ ទើប លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានហៅផ្នូរសពរបស់លោកបណ្ឌិតកែម ឡី ជាទីសក្ការបូជារបស់ប្រជាពលរដ្ឋខ្មែរ ដែល គោរពស្រលាញ់លោកបណ្ឌិតដែលជាអ្នកស្រាវ- ជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ និងជាអ្នកវិភាគ ឯករាជ្យរូបនេះ។
គួរបញ្ជាក់ថា លោកបណ្ឌិតកែម ឡី ត្រូវ បានឃាតករដៃឆៅម្នាក់បាញ់ប្រហារ២គ្រាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មក្នុងថ្លុក ឈាម កាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច (ស្តុបបូកគោ) តាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងមហា វិថីម៉ៅសេទុង ស្ថិតក្រុម៧៦ ភូមិ១៣ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ខណៈដែលលោក កំពុងអង្គុយទទួលទានកាហ្វេនៅទីនោះ។ ជន- ដៃដល់ជាខ្មាន់កាំភ្លើងឈ្មោះជួប សម្លាប់ ត្រូវ បានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានភ្លាមៗក្រោយ ពេលជនដៃដល់បានព្យាយាមរត់គេចខ្លួនដោយ ថ្មើរជើង រហូតមកដល់មុខផ្សារទំនើបអ៊ីអន តាម ផ្លូវសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ដោយដកហូតកាំភ្លើងខ្លី ម៉ាកឡុក១៩ ផលិតនៅប្រទេសចិន១ដើម ពណ៌ខ្មៅ និង បង់ចំនួន២។
ជនសង្ស័យជួប សម្លាប់ ត្រូវបានតុលាការ សម្រេចចោទប្រកាន់ពីបទ “មនុស្សឃាតគិត ទុកជាមុន និងប្រើអាវុធដោយគ្មានការអនុញ្ញាត” រួចត្រូវបានសម្រេចឱ្យឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០១៦។ យ៉ាងណា ជុំវិញករណី ឃាតកម្មលើរូបលោកបណ្ឌិតកែម ឡី សមត្ថកិច្ច កំពុងបន្តស្រាវជ្រាវរកអ្នកនៅពីក្រោយអំពើ ឃាតកម្មដ៏សាហាវនេះ ដើម្បីចាប់ខ្លួនយកមក ផ្តន្ទាទោសតាមច្បាប់៕
ដោយ ៖ កុលបុត្រ

RELATED ARTICLES