Friday, March 29, 2024
Homeព័ត៌មានជាតិផឹក​ស្រវឹង​ឈ្លោះ​នឹង​ម្ដាយ ​វាយ​បំផ្លាញ​ទ្រព្យ ​រត់​ទៅ​ដេក​លើ​ផ្លូវ​ដែក ​រថ​ភ្លើង​កិន​ស្លាប់

ផឹក​ស្រវឹង​ឈ្លោះ​នឹង​ម្ដាយ ​វាយ​បំផ្លាញ​ទ្រព្យ ​រត់​ទៅ​ដេក​លើ​ផ្លូវ​ដែក ​រថ​ភ្លើង​កិន​ស្លាប់

ខេត្ដកំពត៖ បុរសម្នាក់ បន្ទាប់ពីផឹកស៊ីស្រវឹង បានឈ្លោះប្រកែកគ្នានឹងម្ដាយ វាយបំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ រួចបានគេចពីផ្ទះបាត់១យប់ ព្រឹកឡើងស្រាប់តែប្រទះឃើញដាច់ដៃដាច់ជើង ដេកស្លាប់លើផ្លូវរថភ្លើង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី១៧ សីហា ស្ថិតនៅចំណុចចន្លោះគីឡូម៉ែត្រលេខ១២៣ ១២៤ ក្នុងភូមិព្រៃតាព្រឹត ឃុំស្តេចគង់ខាងលិច ខេត្តកំពត ។

បើតាមការរៀបរាប់របស់ឪពុកជន រងគ្រោះឱ្យដឹងថា បុរសឈ្មោះរៀល ស្នា អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិរំពើន ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស និងមានប្រពន្ធនៅខេត្តក្រចេះឯណោះ ហើយប្រពន្ធទើបតែឆ្លងទន្លេបាន២០ថ្ងៃប៉ុណ្ណោះ ។ កូនប្រុសគាត់ចេញពីផ្ទះទៅរកការងារធ្វើ ប៉ុន្តែនៅយប់មុនពេលកើតហេតុ កូនប្រុសគាត់និយាយប្រាប់ថា ខ្លួនរកការងារធ្វើបាន ដោយធ្វើការនៅព្រឹកថ្ងៃទី១៧ សីហា នៅរោងចក្រស៊ីម៉ង់ ។ លុះនៅយប់ថ្ងៃទី១៦សីហា នេះ ក៏បានផឹកស្រាជាមួយមិត្តភក្តិនៅក្នុងភូមិ ហើយក៏ទាស់ពាក្យសម្តីជាមួយម្តាយ ដោយជនរងគ្រោះបានបោកអាគុយបែកអស់ និងទូរស័ព្ទក៏បែកខ្ចាត់ខ្ចាយនៅក្រោមផ្ទះ ហើយក៏ដើរចេញទៅបាត់ទាំងយប់ ។ លុះព្រឹកឡើងគាត់ទទួលដំណឹងថា ត្រូវរថភ្លើងកិនស្លាប់ទៅហើយ ។

លោកង៉ែត វ៉ាត នាយនគរបាលប៉ុស្តិ៍ស្តេចគង់ខាងលិចបានប្រាប់ថា រថភ្លើងគឺមាន២ខ្សែ ដែលនៅថ្ងៃទី១៦ សីហា មួយខ្សែរត់ម៉ោងប្រហែល១០យប់ និងមួយខ្សែទៀតរត់ម៉ោង៣ទៀបភ្លឺ ។ ហើយគេឮរថភ្លើង១ខ្សែរត់ម៉ោង៣ទៀបភ្លឺ ពីភ្នំពេញ-ទៅកំពង់សោម ស៊ីផ្លេយ៉ាងកងរំពងពេញភូមិ ហើយរថភ្លើងខ្សែនោះហើយដែលកិនជនរងគ្រោះ ស៊ីផ្លេមិនងើប ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសពរួចហើយ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររថភ្លើងកិនប្រាកដមែន ដោយពុំពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ ទើបប្រគល់សពឲ្យក្រុមគ្រួសារជនរងគ្រោះយកមកធ្វើបុណ្យតាមប្រពៃណី ៕

 

RELATED ARTICLES