Friday, March 29, 2024
Homeព័ត៌មានជាតិវៀត​​ណា​ម​មួយ​​ក្រុម ​​ព្រួត​​គ្នា​​វាយ​​បុរស​​ខ្មែរ​​ម្នាក់​​​ស្លាប់​ ​នៅ​​អ្នក​លឿង​​

វៀត​​ណា​ម​មួយ​​ក្រុម ​​ព្រួត​​គ្នា​​វាយ​​បុរស​​ខ្មែរ​​ម្នាក់​​​ស្លាប់​ ​នៅ​​អ្នក​លឿង​​

ខេត្ដព្រៃវែង៖ ជនជាតិវៀតណាមមួយក្រុម បានលើកគ្នាមកព្រួតគ្នាវាយបុរសជនជាតិខ្មែរម្នាក់ដល់ផ្ទះ បណ្ដាលឲ្យសម្លាប់បាត់បង់ជីវិត ដោយគ្រាន់តែរឿងទំនាស់ពាក្យសម្ដីបន្ដិចបន្ដួច ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនជាតិវៀតណាមព្រួតគ្នាវាយសម្លាប់ មានឈ្មោះ សេង រ័ត្នធី អាយុ៣៣ឆ្នាំ និងមានប្រពន្ធឈ្មោះ ចាន់ ស៊ីណា អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។

បើតាមការឲ្យដឹងពីស្រ្ដីជាប្រពន្ធថា នៅវេលាម៉ោងប្រហែល៩ និង៣០នាទីយប់កើតហេតុ គឺមុនពេលកើតហេតុ ប្តីអ្នកស្រីបានទៅទិញបារីជក់ នៅផ្ទះតាង៉ុក (ជនជាតិវៀតណាម) ស្ថិតនៅភូមិ៦ ឃុំព្រែកខ្សាយ«ខ» ស្រុកពាមរក៍ ពេលនោះជនសង្ស័យបានសុំបារីប្តីរបស់គាត់ជក់ តែប្តីរបស់គាត់មិនឲ្យក៏កើតជាជម្លោះពាក្យសម្តី ជេរដៀមដាមគ្នាទៅវិញទៅមក ។ ពេលនោះប្តីរបស់អ្នកស្រីបានជេរថា អាកូនមីចោរ…ឯងចង់កាងនៅភូមិនេះឬ ? ឮដូច្នេះជនជាតិវៀតណាមដែលជាជនសង្ស័យបានស្ទុះមកដាល់ប្តីរបស់គាត់ ១ដៃ ចំមាត់ តែប្តីរបស់គាត់នៅតែជេរទៀតថា អាចុយម្រ៉ាយ ហេតុអ្វីបានជាឯងមករករឿងអញតែម្នាក់ឯងយ៉ាងដូច្នេះ ? ឯងចាំមើលអញទៅផ្ទះយកកាំបិតមកកាប់ពួកហ្អែងម្តង ។ ភ្លាមៗនោះប្តីរបស់គាត់បានរត់ពីកន្លែងទិញបារីមកផ្ទះរបស់ខ្លួន ដែលមានចម្ងាយប្រមាណ៦០ម៉ែត្រដែលនៅជាប់ព្រំប្រទល់គ្នារវាងភូមិ៦ និងភូមិអ្នកលឿង ។ ពេលប្តីរបស់គាត់រត់មកជនជាតិវៀតណាម៣-៤នាក់ បានតាមដេញវ៉ៃដល់ផ្ទះទៀត តែប្តីរបស់គាត់បានយកកាំបិតដេញកាប់ជនជាតិវៀតណាមទាំងនោះរត់គេចអស់វិញ ។

ប្រភពបន្ដថា ក្រោយមកមួយសន្ទុះធំ ស្រាប់តែមានក្រុមជនជាតិវៀតណាមជាច្រើន បាននាំគ្នាមកចោមរោមព័ទ្ធផ្ទះគាត់ ដោយមានប្រដាប់ដោយព្រនង់ ដំបង ឈើជ្រុង ដែកត្បែង ដែកគាស់ កាំបិត… រួចបានឡើងទៅកាប់ វាយទៅលើប្ដីរបស់គាត់រហូតដល់ស្លាប់ និងថែមទាំងវាយគាត់ ទាំងកំពុងមានផ្ទះពោះផង បណ្ដាលឲ្យរងរបួសផងដែរ ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះ រួមនិងអ្នកភូមិ បាននាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក អ្នកលឿង ប៉ុន្តែក្រោយពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ក៏នាំគ្នាដឹកយកមកលំនៅឋានវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។

ពាក់ព័ន្ធករណីខាងលើនេះ លោក អ៊ុំ គឹមសាន អធិការរងនគរបាលស្រុកពាមរក៍ បានឲ្យដឹងថា ខាងសមត្ថកិច្ចពុំទាន់កំណត់មូលហេតុពិតប្រាកដនៅឡើយទេ ព្រោះករណីហិង្សានេះ ភាគីវៀតណាមក៏មានអ្នកស្លាប់ម្នាក់ដែរ ដូចច្នោះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ ។

រហូតមកដល់ពេលនេះ កម្លាំងនគរបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ យកទៅសាកសួរហើយ ៕

 

RELATED ARTICLES