Saturday, April 20, 2024
Homeសេដ្ឋកិច្ចជាតិទេសចរ​ទៅ​ទស្សនា​នៅ​ភូមិ​ភាគ​ឦសានមាន​កំណើន​តិច​តួច​នាឆ្នាំ​នេះ

ទេសចរ​ទៅ​ទស្សនា​នៅ​ភូមិ​ភាគ​ឦសានមាន​កំណើន​តិច​តួច​នាឆ្នាំ​នេះ

ភ្នំពេញ ៖ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅទស្សនានៅភូមិភាគឦសាន នាដំណាច់ឆមាសទី១ឆ្នាំនេះ មានកំណើនតិចតួចធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោករស់ ភារុណ ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកនៃមន្ទីរទេសចរណ៍ខេត្តរតនគិរីបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីម្សិលមិញថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅទស្សនារមនណីយដ្ឋាននានាក្នុងខេត្តរតនគិរីបានកើនពី១៤៥.៣៦៨នាក់កាលពីឆ្នាំមុន ដល់១៤៦.៥៧០នាក់នាដំណាច់ឆមាសទី១ឆ្នាំនេះ ស្មើនឹងកំណើន០.៨៣ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបន្តថា ក្នុងចំណោមភ្ញៀវទេសចរទៅទស្សនាខេត្តភូមិភាគឦសាននេះ មានភ្ញៀវទេសចរអន្តរជាតិកើន ០.៦២ភាគរយ ដោយចំនួនភ្ញៀវបានកើនពី ១៤.៤២០នាក់កាលពីឆ្នាំមុន ដល់ចំនួន ១៤.៥១០នាក់នៅដំណាច់ឆមាសទី១ឆ្នាំនេះ។

2

លោកបន្តថា “ទោះបីជាកំណើនភ្ញៀវមានចំនួនតិចតួចគិតជាភាគរយក្តី ប៉ុន្តែបើគិតពីចំនួនមនុស្សមកទស្សនាខេត្តនេះ គឺមានចំនួនច្រើន ដែលពួកគេមកទស្សនារមណីយដ្ឋាននានានៅក្នុងខេត្ត” ។

ខេត្តរតនគិរីមានរមណីយដ្ឋាន ដែលភ្ញៀវទេសចរអាចទៅកម្សាន្តបានចំនួន១៤កន្លែង មានសណ្ឋាគារចំនួន១៤ មានបន្ទប់សរុប៥៤៨បន្ទប់ និងផ្ទះសំណាក់ចំនួន៣៦ ស្មើនឹងបន្ទប់ចំនួន៥៤១បន្ទប់។

ចំណែកខេត្តមណ្ឌលគិរីឯណោះវិញ ភ្ញៀវទេសចរទៅទស្សនាខេត្តនេះ មិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។

លោកគង់ វិមានប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានថ្លែងឲ្យដឹងផងដែរថា គិតត្រឹមរយៈពេល៦ខែឆ្នាំនេះ ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តមណ្ឌលគិរីកើនឡើងចំនួន៣.៣២ភាគរយ ដោយចំនួនភ្ញៀវបានកើនពី ៨៦.៧០៨នាក់កាលពីឆ្នាំមុន ដល់ចំនួន៨៩.៧១១នាក់នៅដំណាច់ឆមាសទី១ឆ្នាំនេះ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិបានកើនពីបានកើនពីចំនួន៣.២៧៨នាក់កាលពីឆ្នាំមុន ដល់ចំនួន៣.៥០៣នាក់ស្មើនឹងកំណើន៣.៤៦ភាគរយផងដែរ ។

០៩៩

លោកធួន សីុណានប្រធានសមាគមទេសចរណ៍អាសីុប៉ាសីុហ្វិកបានថ្លែងថា តំបន់ភូមិភាគឦសាន ពិតជាមានភាពទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប៉ុន្តែបើនិយាយពីការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅខេត្តនេះ ហាក់មានចម្ងាយឆ្លាយ ដោយសារមិនមានក្រុមហ៊ុនអាកាសចរណ៍ធ្វើការហោះហើរទៅកាន់តំបន់នេះ និងមិនមានហេដ្ឋារចនាសម្ព័ន្ធដទៃទៀតឲ្យបានសមរម្យនៅឡើយ។ លោកបន្តថា អាជ្ញាធរខេត្ត គួរមានការរៀបចំកន្លែងអង្គុយរង់ចាំ នៅតាមស្ថានីយ៍រថយន្តឲ្យបានសមរម្យ និងប្រព័ន្ធព័ត៌មាននានា ដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរដែលទៅទស្សនានៅតាមបណ្តាខេត្តខាងលើនេះ ។

លោកបន្តថា “ខេត្តភូមិភាគឦសានមានរមណីយដ្ឋានទាក់ទាញភ្ញៀវច្រើន ពិសេសភ្ញៀវទេសចរបារាំង និងអង់គ្លេសទៅទស្សនានៅទីនោះច្រើន ហើយភ្ញៀវទេសចរសម្ពាយ ដែលនិយមការដើរកម្សាន្តក្នុងព្រៃ ក៏មានការចាប់អារម្មណ៍នៅភូមិភាគខាងលើច្រើនផងដែរ”។ លោកបន្តថា ខេត្តរតនគិរី និងមណ្ឌលគិរី គួរមានព្រលានយន្តហោះ ហើយអាជ្ញាធរខេត្តគួររៀបចំផែនការផ្សព្វផ្សាយពីសក្តានុពលនៅខេត្តរបស់ខ្លួនផង កុំរង់ចាំតែក្រសួងទេសចរណ៍ និងវិស័យឯកជនជាអ្នកធ្វើ ប៉ុន្តែអាជ្ញាធរទេសចរណ៍ខេត្តមិនធ្វើអ្វីសោះ ដោយរង់ចាំដេកសីុតែប្រាក់ខែរបស់រដ្ឋ៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES