Thursday, April 25, 2024
Homeបរិយាយមិន​ក្លា​សម្តី មិន​មាន​ផ្លូវ​ឈ្នះ

មិន​ក្លា​សម្តី មិន​មាន​ផ្លូវ​ឈ្នះ

កាលពីពេលថ្មីៗនេះ លោកសួន សេរីរដ្ឋា មេបក្សអំណាចខ្មែរ បានសរសេរក្នុងហ្វេសប៊ុករបស់លោក រិះគន់ការហែក្បួន បោះឆ្នោតថា ជាទម្លាប់អាក្រក់នាំឱ្យស្ទះចរាចរណ៍ ហើយលោកបានទាំងបបួលអ្នកនយោបាយដែលឈរឈ្មោះជានាយករដ្ឋ- មន្ត្រី ឡើងវេទិកាសាធារណៈតទល់គ្នាទៀតផង។ ការបបួលនេះ ទំនងជាគ្មានអ្នកណាធ្វើតាមទេ ដោយហេតុថា អ្នកនយោ- បាយ បើ “មិនក្លាសម្តី មិនមានផ្លូវឈ្នះ” ពាក់ព័ន្ធដល់សុភាសិតខ្មែរបុរាណ ដែល “នគរធំ” សូមលើករឿងសម្តី មកធ្វើ ប្រធានបទបរិយាយថ្ងៃនេះ…។

នៅលើហ្វេសប៊ុកនោះ ប្រធានបក្សអំណាចខ្មែរ បានសរសេរជាអាទិ៍ថា “…ត្រូវតែបេក្ខជននាយករដ្ឋមន្ត្រី មកពីគ្រប់ គណបក្សនយោបាយ ឡើងជជែកដេញដោលប្រជែងសមត្ថភាពគ្នា ដោយទុកពេលវេលាឱ្យពលរដ្ឋសួរ និងដោះស្រាយឆ្លើយតប ទៅនឹងសំណួររបស់ពលរដ្ឋ…” បើយកសំណេរនេះមកវិភាគឱ្យល្អិតល្អន់ទៅ មិនខុសអ្វីទេ ព្រោះថា អ្នកនយោបាយជាន់ខ្ពស់ ត្រូវតែហ៊ានចេញមុខជជែកដេញដោលគ្នា និងបើកសិទ្ធិឱ្យពលរដ្ឋសាកសួរពីបញ្ហាប្រទេសជាតិ សូម្បីនៅសហរដ្ឋអាមេរិក ក៏មានយន្តការបែបនេះដែរ ពោលគឺមុនពេលបោះឆ្នោត តម្រូវឱ្យបេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងគណបក្ស ប្រជាធិបតេយ្យ បង្ហាញមុខលើកញ្ចក់ទូរទស្សន៍ ជជែកដេញដោលគ្នាឱ្យពលរដ្ឋអាមេរិក តាមដានវាយតម្លៃ មុននឹងគូសសន្លឹក- ឆ្នោត។ ការដេញដោលនោះ បើបេក្ខជនណាពូកែវោហារ មិនដែលចាញ់គេទេ ប៉ុន្តែបើនិយាយមិនចេញ នឹងត្រូវគេសង្កត់ ជាប់ ចាញ់ប្រៀបគេមិនខានឡើយ ស្របតាមសុភាសិតថា “មិនក្លាសម្តី មិនមានផ្លូវឈ្នះ” នេះឯង។

យើងអាចចែកអ្នកនយោបាយជា២ប្រភេទ គឺអ្នកពូកែនិយាយ និងអ្នកពូកែសរសេរ។ អ្នកពូកែនិយាយ ក៏មានគំនិត ជ្រៅដែរ ប៉ុន្តែ ជួនកាលគាត់និយាយញាប់ពេក ជ្រុលមាត់ជ្រុលពាក្យ រហូតដល់ពិបាកជួសជុល ក៏ប្រើអ្នកនាំពាក្យឱ្យកែតម្រូវ ពាក្យសម្តីរបស់ខ្លួនឡើងវិញ។ ចំណែកអ្នកពូកែសរសេរ ក៏សុទ្ធតែមានគំនិតជ្រៅដូចគ្នា ប៉ុន្តែ គាត់មានភាពប្រុងប្រយ័ត្ន ក៏ សរសេរជាសុន្ទរកថា យកទៅសូត្រលើវេទិកាតែម្តង ដោយហេតុថា វោហារគាត់ខ្សោយ ចាំបាច់ត្រូវតែពឹងសំណេរ។ ទោះយ៉ាងណា អ្នកនយោបាយពូកែវោហារ ខ្លាំងជាងអ្នកពូកែសរសេរ ដោយហេតុថា វោហារសាស្ត្រទាក់ទាញការគាំទ្រ បើមាន លាយកំប្លុកកំប្លែងខ្លះ គេចូលចិត្តស្តាប់ ឯការសរសេរជាសុន្ទរកថា យកតែពាក្យខ្ពស់ៗពិបាកយល់ នាំឱ្យអ្នកស្តាប់ធុញទ្រាន់។

តាំងពីកម្ពុជា ដើរតាមមាគ៌ាប្រជាធិបតេយ្យ សេរី ពហុបក្ស មកយើងឃើញអ្នកនយោបាយ ឬបេក្ខជននាយករដ្ឋមន្ត្រី សុទ្ធតែពូកែវោហារដូចគ្នា។ អ្នកនយោបាយខ្លះ ពូកែខាងសន្យាជួយកសាងសាលារៀន ស្ពានថ្នល់ វត្តអារាម លុះចាញ់ឆ្នោត បានត្រឹម “សន្យាខ្យល់” ប៉ុណ្ណោះ។ សម្រាប់អ្នកនយោបាយបក្សកាន់អំណាច បើហ៊ានសន្យា ក៏អាចធ្វើកើត ព្រោះគេក្តាប់ ថវិកាជាតិក្នុងដៃ ផ្ទុយទៅវិញ អ្នកនយោបាយប្រឆាំង ឬអត់អំណាច សន្យាមិនបានដូចបំណងទេ។

ដូច្នេះយើងឃើញថា អ្នកនយោបាយពូកែវោហារ កុំចូលចិត្តសន្យាខ្លាំងពេក ព្រោះត្រចៀករាស្ត្រនៅតែចងចាំការសន្យា នោះមិនភ្លេចទេ ប៉ុន្តែ រាស្ត្រមានការយោគយល់ពីរឿងអត់អំណាច អត់លុយ។ ចំណែកអ្នកនយោបាយមិនទាន់ឈោងចាប់ បានអំណាច ចាំបាច់ត្រូវតែយកវោហារសាស្ត្រទៅប្រើក្នុងការឃោសនាអូសទាញប្រជាពលរដ្ឋ។ កាលពីសម័យសង្គមរាស្ត្រ- និយម បេក្ខជនតំណាងរាស្ត្រណាដែលពូកែវោហារ មិនសូវចាញ់គេទេ ឧទាហរណ៍ ស្មៀនយ៉ុង បានយកវោហារសាស្ត្រសិល្បៈ អាយ៉ៃ ទៅប្រើ ដោយគាត់ច្រៀងបង្អាប់គេផង លើកខ្លួនឯងផង ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រ។ លោកអ៊ូច ឯក ហៅ អាចារ្យឯក, លោកម៉ម សុទ្ធ ទុតិយម្បិ លោកឡុង ធិន ជាដើម សុទ្ធតែពូកែវោហារ ត្រូវរាស្ត្របោះឆ្នោតឱ្យធ្វើតំណាងរាស្ត្រ ជាច្រើនអាណត្តិ។ ពេលប្រជុំសភាម្តងៗ ឮតែអស់លោកប៉ុន្មាននាក់ហ្នឹងឡើងនិយាយ ធ្វើឱ្យអ្នកស្តាប់វិទ្យុដកកចំហមាត់តាម ដានពាក្យពេចន៍ពួកគាត់មិនរំលង។ ចំពោះអ្នកមិនពូកែវោហារ ក៏ចាត់តាំងឃោសនិកជាតំណាងខ្លួន ជួនកាលគាត់ឱ្យយក ខ្សែភាពយន្តដើរបញ្ចាំងតាមវត្តអារាម ចែកជូនប្រជារាស្ត្រទស្សនាកម្សាន្ត ក៏បានជាប់ឆ្នោតដែរ ដូចករណីលោកឡូ ផុន ធ្លាប់ ជាប់ឆ្នោត២អាណត្តិ នៅមណ្ឌលខេត្តកំពត ដោយសារយកកុនធ្វើធ្នាក់ជំនួសវោហារ។

ក្រឡេកមើលបច្ចុប្បន្នភាពវិញ យើងឃើញអ្នកនយោបាយណាក៏ពូកែវោហារដូចគ្នា ក្នុងនោះមាន សម្តេចនាយករដ្ឋ- មន្ត្រីហ៊ុន សែន លោកសម រង្ស៊ី លោកកឹម សុខា សម្តេចក្រុមព្រះ ជាដើម។ ចំណែកអ្នកនយោបាយខ្លះទៀត និយាយមិន សូវចេញទេ ខ្លះទៀត “ដំឡាន់” ដោយសារអណ្តាតគាត់ធំពេក គ្រលៀសមិនទាន់ ស្តាប់ទៅមិនពីរោះ ឬមិនចូលត្រចៀក សោះ។ ដូច្នេះ បើលោកសួន សេរីរដ្ឋា បបួលឡើងដេញដោលគ្នាលើកញ្ចក់ទូរទស្សន៍ ឬលើវេទិកាសាធារណៈនោះ “អ្នក-នយោបាយដំឡាន់” ចាំតែចាញ់គេទៅ។ ការបោះឆ្នោតជ្រើសមេឃុំ-ចៅសង្កាត់ កាន់តែកៀកណាស់ហើយ បើយើងពិចារណា ទៅ វាសំខាន់ជាងបោះឆ្នោតតំណាងរាស្ត្រទៅទៀត ព្រោះថា បើបក្សណាបានកៅអីមេឃុំ ចៅសង្កាត់ ច្រើនជាងគេ ក៏ដូចជា បានកៅអីព្រឹទ្ធសភាច្រើនដែរ ព្រោះមេឃុំ ចៅសង្កាត់ ជាអ្នកបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា។ ឧបមាថា បក្សកាន់អំណាច មានកៅអីរដ្ឋសភាតិចជាង ខណៈដែលបក្សប្រឆាំង មានកៅអីព្រឹទ្ធសភាច្រើនលើសលប់នោះ ច្បាប់ដែលរដ្ឋសភា បញ្ជូន ទៅអនុម័ត ច្បាស់ជាគាំងស្តូកមិនខានឡើយ។ ហេតុនេះហើយ ទើបយើងមានទស្សនៈថា កៅអីមេឃុំ ចៅសង្កាត់សំខាន់ ណាស់ ព្រោះជាអ្នកបង្កើតព្រឹទ្ធសភា។ បើចង់បានកៅអីមេឃុំ-ចៅសង្កាត់ច្រើន លុះត្រាតែប្រធានគណបក្សនីមួយៗ ពូកែ វោហារបំផុត ដោយមានសហការីស្មោះត្រង់ ចេះយកចិត្តរាស្ត្រ មិនរំលោភជិះជាន់ សង្កត់ករាស្ត្រ។

សូមរំព្ញកថា មានគ្រួសារប្រជាពលរដ្ឋនៅជនបទមួយចំនួន ពេលបោះឆ្នោតជ្រើសមេឃុំ និងតំណាងរាស្ត្រ គាត់ពិចារណាថា មេឃុំជាមនុស្សស្គាល់គ្នា និងជាប់សាច់ញាតិផង ពេលត្រូវការធ្វើសំបុត្រស្នាមអី ស្រួលពឹងពាក់ ក៏សម្រេចបោះឆ្នោតឱ្យ មេឃុំចាស់នោះទៅ ទោះជាដឹងថា មេឃុំជាសមាជិកគណបក្សប្រជាជនកម្ពុជា។ លុះដល់ពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រ គាត់ពិចារណាថា បេក្ខជនតំណាងរាស្ត្រនោះមានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់ ខ្លះមានដីធ្លីរាប់សិបហិកតារ បានមកពីការ កិបកេងរំលោភបំពាន បើបោះឆ្នោតឱ្យលោកនោះកាន់តែមានទៅៗ ឯអ្នកក្រកាន់តែក្រទៅៗ ទើបគាត់សម្រេចបោះឆ្នោត ឱ្យបក្សប្រឆាំង ដែលបេក្ខជនតំណាងរាស្ត្រសុទ្ធតែស្គមៗ ពឹងតែលើប្រាក់ខែ។ កាលបើរាស្ត្រមានរបៀបបោះឆ្នោតពីរយ៉ាង បែបនេះ បើអ្នកនយោបាយឆ្លាត ត្រូវយកវោហារសាស្ត្ររបស់ខ្លួនទៅពន្យល់គាត់ឱ្យល្អិតល្អន់ ពោលគឺបើបក្សណាបានកៅអី មេឃុំ ចៅសង្កាត់ច្រើន ក៏ដូចជាបានកៅអីព្រឹទ្ធសភាច្រើនដែរ ដែលយើងមិនចាំបាច់រៀបរាប់វែងឆ្ងាយ។

សរុបទៅ “មិនក្លាសម្តី មិនមានផ្លូវឈ្នះ” មានន័យយ៉ាងនេះឯង តម្រូវឱ្យអ្នកនយោបាយគ្រប់និន្នាការ យកវោហារសាស្ត្រ ទៅប្រើ ក្នុងការទាក់ទាញប្រជាប្រិយភាព។ ការប្រើវោហារជ្រុលជ្រួស ក៏ជាហេតុនាំទៅរកបរាជ័យដែរ ស្របតាមសុភាសិត ថា “រនាបបាក់ យករនាបជួស សម្តីហួសរកអ្វីជួសគ្មាន”។ ដូច្នេះករណីប្រធានបក្សអំណាចខ្មែរ បបួលបេក្ខជននាយករដ្ឋមន្ត្រី ឡើងតទល់គ្នានោះ ជារឿងល្អហើយ ព្រោះនៅអាមេរិក ក៏ធ្វើយ៉ាងនេះដែរ ប៉ុន្តែ អ្នកអន់វេហារ ឬដំឡាន់ ចាំតែលើកទង់ស ចុះចាញ់គេទៅ៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES