Wednesday, April 24, 2024
Homeព័ត៌មានជាតិបុណ្យ​​១០០​​ថ្ងៃ សព​​លោក​​កែម ឡី ធ្វើ​​ម្តង​​ទៀត​​ថ្ងៃ​​នេះ

បុណ្យ​​១០០​​ថ្ងៃ សព​​លោក​​កែម ឡី ធ្វើ​​ម្តង​​ទៀត​​ថ្ងៃ​​នេះ

ភ្នំពេញ ៖ នៅថ្ងែទី២២ ខែតុលា ឆ្នាំ២០១៦ នេះ សមណនិស្សិត និស្សិត ថ្នាក់បរិញ្ញាបត្រ ជាន់ខ្ពស់ មុខវិជ្ជាស្រាវជាវ តាមដាន និងវាយ តម្លៃ នៅសាកលវិទ្យាល័យខេត្តបាត់ដំបង រួម ជាមួយក្រុមយុវជនស្លឹករឹត និងបណ្តាញព្រះឯករាជ្យដើម្បីយុត្តិធម៌សង្គម ប្រចាំខេត្តបាត់ដំបង បានរៀបចំបុណ្យខួបគម្រប់១០០ថ្ងៃ ឧទ្ទិស កុសលជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតកែម ឡី បន្ទាប់ពីពិធីបុណ្យ១០០ថ្ងៃ សពលោកបណ្ឌិត កែម ឡី ត្រូវបានធ្វើនៅរាជធានីភ្នំពេញ និង ខេត្តតាកែវ រួចម្តងមកហើយ កាលពីថ្ងៃទី១៤ ដល់១៧ ខែតុលា ឆ្នាំ២០១៦។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តី ពីបុណ្យខួបគម្រប់១០០ថៃ ឧ្ងទ្ទិសកុសលចំពោះ លោកបណ្ឌិតកែម ឡី នៅខេត្តបាត់ដំបង បាន ឱ្យដឹងថា “យើងខ្ញុំទាំងអស់គ្នា ជាសមណនិស្សិត និស្សិត និងសិស្សានុសិស្ស ព្រមទាំងពុទ្ធបរិស័ទ ជិតឆ្ងាយ បានមូលមតិគ្នាជាឯកច្ឆន្ទ ដើម្បីប្រារឰ កម្មវិធីបុណខួបគម្រប់់១០០ថ្ងៃ ឧទ្ទិសកុសល ជូនលោកបណ្ឌិតកែម ឡី ដែលោកមានគុណូបការៈចំពោះសមណនិស្សិត និងសិស្សានុសិស្ស និងបរិស័ទគ្រប់រូប ដោយបានបាត់បង់ជិវិត កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ដោយសារ ឃាតកម្ម បាញ់សម្លាប់កន្លងទៅនេះ។

កម្មវិធីបុណ្យ

ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៦ ៖ 

ម៉ោង៥ៈ០០រសៀលល្ងាច និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត

ម៉ោង៦ៈ០០ រសៀល និមន្តព្រះអង្គក្រូសិរីបញ្ញោ កែវ សំពង្ស ចៅអធិការវត្តកណ្តាល សម្តែងធម៌ទេសនា។

ថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំវក អដ្ឋស័ក ព។ស ២៥៦០ ត្រូវនឹងថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៦ ៖

ម៉ោង៦ៈ៤០ព្រឹក ប្រគេនយាគូព្រះសង្ឃ នៅឧបដ្ឋានសាលាវត្តកណ្តាល

ម៉ោង៨ៈ០០ព្រឹក អានប្រវត្តិរូបសង្ខេប លោកបណ្ឌិតកែម ឡី នៅវត្តកណ្តាល, មតិ ចូលរួមរបស់តំណាងនិស្សិត ស្រាវជាវតាមដាន និងវាយតម្លៃ នៅខេត្តបាត់ដំបង, មតិចូលរួម របស់ប្រធានក្រុម យុវជនស្លឹករឹត, មតិចូលរួម របស់សាស្ត្រាចារ្យ និស្សិត និងលោកយាយ លោកតា។

kam-lay1

ម៉ោង១០ៈ១០ព្រឹក បញ្ចប់ការសំណេះសំណាល

ម៉ោង១០ៈ៣០ព្រឹក វេរភត្តាហារប្រគេន ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ”។       

ទីកន្លែងប្រារឰពិធីបុណ្យនេះ នៅវត្តកណ្តាល ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

អ្នកសម្របសម្រួលបណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ប្រចាំខេត្តបាត់ដំបង ព្រះតេជគុណឡុញ សុខជា បានបញ្ជាក់ ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ថា ការរៀបចំបុណ្យ១០០ថ្ងៃ ឧទ្ទិសកុសល ជូនលោកបណ្ឌិតកែម ឡី នៅខេត្តបាត់ដំបងនេះ អ្នកផ្តើមបុណ្យមិនបានជូនដំណឹងទៅអាជ្ញាធរ ក្រុងទេ ដោយយល់ថា ជាពិធីបែបសាសនា ប្រារឰក្នុងទីអារាម ដែលបានការអនុញ្ញាតពី ព្រះចៅអធិការ។

ព្រះតេជគុណឡុញ សុខជា មានពុទ្ធដីកា ថា “ចម្រើនពរ! កម្មវិធីគម្រប់១០០ថ្ងៃ ញោម ឧត្តមបណ្ឌិតកែម ឡី ដែលប្រារឰធ្វើនៅខេត្ត បាត់ដំបង នេះ តាមការជជែកពិភាក្សារបស់ ក្រុមអ្នករៀបចំផ្តួចផ្តើមធ្វើហ្នឹង គឺយើងអត់ បានដាក់លិខិតជូនដំណឹងទៅសាលាក្រុងបាត់ដំបងទេ ដោយសារតែយើងបានការអនុញ្ញាត ពីលោកគ្រូចៅអធិការវត្តកណ្តាល ដែលយើង បានសុំព្រះអង្គ ហើយយើងគិតថា យើងធ្វើ នៅក្នុងវត្ត ទទួលបានការអនុញ្ញាតពីព្រះសង្ឃ ហើយ យើងអត់បានជូនដំណឹងទៅសាលាក្រុង ដែរ ដោយសារវាជាបុណ្យប្រពៃណី វាអត់មាន ច្បាប់ណាមួយតម្រូវឱ្យយើងហ្នឹងដាក់លិខិត ទៅសាលាក្រុងទេ ដោយសារតែយើងធ្វើនៅ ក្នុងទីធ្លាមួយដែលមានការគ្រប់គ្រងត្រឹមត្រូវ របស់ព្រះសង្ឃ ហើយយើងបានទទួលព័ត៌មាន ខ្លះដែរថា ឃើញមានអាជ្ញាធរនៅថ្នាក់មូលដ្ឋាន មួយចំនួន បានមកសួរថាអ្នកណាអនុញ្ញាតឱ្យ ធ្វើកម្មវិធីបុណ្យហ្នឹង ក៏ប៉ុន្តែយើងបានប្រាប់ទៅ វិញថា ហេតុដែលយើងធ្វើ យើងមិនជូនដំណឹង ដោយសារតែយើងសម្រេចធ្វើនៅទីតាំងជាក់លាក់។ ហើយរហូតមកដល់ពេលនេះ មិនទាន់ មានការហាមឃាត់ ឬលិខិតចេញពីសាលាក្រុង  មិនឱ្យព្រះសង្ឃ ព្រមទាំងសមណនិស្សិត ដែល ជាកូនសិស្សលោកឧត្តមបណ្ឌិតកែម ឡី ហ្នឹង នៅឡើយទេ”។

ចំពោះគោលបំណងនៃការប្រារឰពិធីបុណ្យនេះ ទាំងបណ្តាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គម ប្រចាំខេត្តបាត់ដំបង និងសមណនិស្សិតទាំងអស់ អះអាងថា ដើម្បីបញ្ជាក់ ពីការដឹងគុណ និងបង្ហាញពីអារម្មណ៍សោកស្តាយ ព្រមទាំងចង់ឱ្យចងចាំគ្រប់គ្នាគ្មានថ្ងៃបំភ្លេច បាន។

ព្រះតេជគុណឡុញ សុខជា មានពុទ្ធដីកា បន្តថា “កម្មវិធីបុណ្យនេះ គឺយើងផ្តោតសំខាន់ យើងចង់ឱ្យសមណនិស្សិតរលឹកនឹកឃើញទៅ ដល់គុណូបការៈលោកបណ្ឌិតកែម ឡី ដែលលោក បានខិតខំបង្រៀនចំណេះដឹងដ៏មានតម្លៃដល់ សមណសិស្ស និស្សិត ហើយមួយទៀតនោះ គឺ យើងចង់បង្ហាញពីកតញ្ញូកតវេទី ការដឹងគុណ លោកបណ្ឌិតកែម ឡី ដែលលោកខំឆ្លៀតពេល វេលាដ៏មានតម្លៃ ដោយមមាញឹកហើយ ព្យាយាម មកបង្រៀនសមណសិស្សនិស្សិតនៅតាមខេត្ត ជាពិសេស ខេត្តបាត់ដំបង លោកឧស្សាហ៍មក ហើយមួយទៀត យើងចង់បង្ហាញថា មានការ សោកស្តាយយា់ងខ្លាំងមិនទាន់អស់ចិត្តនោះទេ  យើងនៅតែស្រលាញ់ រក្សា ហើយយើងនៅតែ ព្យាយាមស្វែងរកយុត្តិធម៌ តាមរយៈការនាំគ្នា ធ្វើបុណ្យតាមបែបប្រពៃណីសាសនា បង្ហាញថា យើងមានការសោកស្តាយ យើងនៅតែចងចាំ ជានិច្ចចំពោះការបាត់បង់លោកបណ្ឌិតកែម ឡី”។

សមណនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែក ស្រាវជ្រាវ តាមដាន និងវាយតម្លៃ ភិក្ខុនិសភោ ស៊ុន ស៊ីន គង់នៅវត្តកណ្តាល បានបញ្ជាក់ថា ក្រៅពីធ្វើបុណ្យក្នុងន័យរំលឹកដឹងគុណដល់លោកបណ្ឌិតកែម ឡី នេះ សមណសិស្ស និស្សិតទាំងអស់ ក៏ចង់បានយុត្តិធម៌នៅក្នុងករណីឃាតកម្ម នេះដែរ ព្រោះបើមិនមានយុត្តិធមទេ អ្នកសិក្សា ជំនាន់ក្រោយ នឹងអស់សង្ឃឹម ជាពិសេស បញ្ញវន្តដែលលោកខិតខំប្រឹងលះបង់ជីវិតដើម្បីជាតិ។

ភិក្ខុនិសភោ ស៊ុន ស៊ីន មានពុទ្ធដីកាថា “សម្រាប់ពួកអាត្មាដែលជានិស្សិតទាំងអស់គ្នា នេះ ធ្វើបុណ្យនេះ ដើម្បីរំលឹកនឹកគុណរបស់ គាត់ ដែលគាត់ធ្លាប់មានភាពអស្ចារ្យមកលើ ពួកយើង ដូចជាការបង្ហាត់បង្រៀន ហើយគាត់ តែងតែឱ្យពួកយើងហ្នឹងយល់អំពីសង្គម ហើយ គាត់ជាមនុស្សមួយ ដែលចង្អុលពួកយើងឱ្យចេះ ស្រាវជ្រាវនូវអ្វីដែលជាការពិតនៅក្នុងសង្គម នេះ។ អ៊ីចឹងកម្មវិធីបុណ្យនេះ យើងអត់បានធ្វើ ពាក់ព័នទៅនឹងរឿងនយោបាយ បក្សណាបក្សណីទេ គឺយើងធ្វើក្នុងគោលបំណងគ្រាន់តែថា ដឹងគុណគាត់តែប៉ុណ្ណោះ”។

ភក្ខុនិសភោ ស៊ុន ស៊ីន បានបន្តថា “ចំពោះ ក្រុមអាត្មា ទី១ យើងសោកស្តាយជាមួយនឹង ការបាត់បង់ជិវិតរបស់គាត់ ហើយទី២យើងចង់ ឱ្យមានយុត្តិធម៌មួយសម្រាប់ក្រុមគ្រួសារគាត់ ក៏ដូចជាអ្នករៀនជំនាន់ក្រោយទៀត បានឃើញ ថា នៅក្នងសង្គមយើងនេះ មានន័យថា មនុស្ស ត្រូវបានគេសម្លាប់ហើយ យុត្តិធម៌ ត្រូវតែមាន បើមិនមានយុត្តិធមទេ អ្នកសិក្សាជំនាន់ក្រោយ នឹងអស់សង្ឃឹម ជាពិសេស បញ្ញវន្តដដែលលោក ខិតខំប្រឺងលះបង់ជីវិត ដើម្បីជាតិ។

ប្រធានយុវជនស្លឹករឹត លោកវ៉ាន់ វ៉ាន់ឌី បានលើកឡើងថា លោកបណ្ឌិតកែម ឡី ពិត ជាវីរជនសម្រាប់ដួងចិត្តយុវជន ដូច្នេះក្រៅពី ធ្វើបុណ្យនេះ ដើម្បីរំលឹកគុណដល់គាត់ ក្នុង នាមជាយុវជន លោកក៏ចង់ឱ្យប្រជាពលរដ្ឋខ្មែរ តាមដានរឿងនេះ ដោយកុំបំភ្លេចរឿងនេះ ចោល ទោះបីជាដំណើរការក្តីរយៈពេលប៉ុន្មាន ទៀតក៏ដោយ ព្រោះបើបំភ្លេចចោល យុត្តិធម៌ មិនងាយនឹងមកដល់ឡើយ។

លោកវ៉ាន់ វា់ន់ឌី បានបញ្ជាក់ថា “បាទ! សម្រាប់ខ្ញុំផ្ទាល់ដែលបានចូលរួគ្នាសហការរៀបចំ ជាមួយនឹងក្រុមនិស្សិត ហើយនិងក្រុមបណ្តាញ ព្រះសង្ឃឯករាជ្យហ្នឹង គោលបំណងយើងធំ គឺដោយយើងចង់រំលឹកដល់លោកបណ្ឌិតកែម ឡី ដែលគាត់ជាវីរបុសមួយរូប ព្រោះគាត់ធ្លាប់ សហការការងារមួយចំនួនជាមួយក្រុមពួកយើង ហ្នឹង។ មួយទៀត យើងចង់ឱ្យអ្នកដែលអត់មាន ឱកាសបានទៅចូលរួមនៅភ្នំពេញ អាចមកចូលរួមគោរពវិញ្ញាណក្ខន្ធលោកកែម ឡី នៅខេត្ត បាត់ដំបង នេះផងដែរ។ កន្លងមក ក្នុងនាម ក្រុមយុវជនស្លឹករឹត របស់ខ្ញុំផ្ទាល់ យើងធ្លាប់ បានសហការជាមួយលោកបណ្ឌិតកែម ឡី ក្នុង ការរៀបចំនូវបទសម្ភាស បទវិភាគសង្គមផ្សេងៗ ហើយយើងបានទទួលនូវទសស្សនៈអប់រំល្អៗ  ពីលោកគ្រូកែម ឡី ដើម្បីបន្តសកម្មភាពរបស់ យើង ហើយនៅពេលដែលលោកបណ្ឌិតកែម ឡី អញ្ជើញមកខេត្តបាត់ដំបងម្តងៗ គាត់តែងតែ ហៅក្រុមនិស្សិតនិងយុវជនយើងហ្នឹង ទៅជួបជុំ ដើម្បីភីភាក្សា ដោះដូរបទពិសោធន៍ និងចែក រំលែកអ្វីគាត់មានហ្នឹង មកកាន់ពួកខ្ញុំ។ សូម សំណូមពរទៅកាន់រាជរដ្ឋាភិបាល ក៏ដូចជាមន្ត្រី ពាក់ព័ន្ធទាំងំអស់ សូមមេត្តាពន្លឿននូវដំណើរការរឿងក្តីនេះ ឱ្យកាន់តែឆាប់រហ័ស ដើម្បីឱ្យ ផ្តល់យុត្តិធម៌ជូនដល់ក្រុមគ្រួសារសព ក៏ដូចជា ប្រជាជាតិខ្មែរទាំងមូល។ ហើយជាការសំណូមពរ មួយទៀត សូមឱ្យប្រជាពលររដ្ឋខ្មែរ យើងមេត្តា តាមដានរឿងនេះ ដោយកុំបំភ្លេចរឿងនេះចោល ទោះបីជាដំណើរការក្តីរយៈពេលប៉ុន្មានទៀតក៏ ដោយ ក៏សូមបងប្អូនមេត្តាចូលរួមតាមដានកុំ ដាច់ឱ្យសោះ ព្រោះបើយើងមិនសូវជាមិនខ្វល់ខ្វាយទៀត អ៊ីចឹងដំណើការក្តី ឬក៏រឿងបញ្ហា ផ្សេងៗ វាអាចនឹងរយាលទៅ អ៊ីចឹងយុត្តិធម៌ក៏ មិនងាយនឹងមកដល់ដែរ”។

និស្សិតនិល តំណាង អ្នកចូលរួមផ្តើម បុណ្យម្នាក់ដែរ បានបញ្ជាក់ថា “បាទ! តាមពិត យើងប្រារឰហ្នឹងមក ទី១ ដើម្បីអរគុណលោក ពណ្ឌិត ដែលគាត់ជាស្ត្រាចារ្យមួយរូប ដែលបាន បង្រៀនយើងនៅក្នុងមុខវិជ្ជាស្រាវជ្រាវ តាមដាន និងវាយតម្លៃ នៅក្នុងសាកលវិទ្យាល័យហ្នឹង គឺ សាកលវិទ្យាល័យអន្តរជាតិឌូវី ដែលមានស្សិត ៣០នាក់ និងមានព្រះសង្ឃ២អង្គ។ តាមពិតទៅ ការបង្កើតមុខវិជ្ជាស្រាវជ្រាវ វាយតម្លៃ និងតាមដាន ថ្នាក់អនុបណ្ឌិតដំបូងហ្នឹង គឺដោយសារ តែលោកបណ្ឌិតគាត់មើលឃើញថា នៅក្នុងស្រុក យើងមិនទាន់មានជាមុខវិជ្ជាថ្នាក់អនុបណ្ឌិតផ្នែក ហ្នឹង។ អ៊ីចឹងគាត់បានផ្តួចផ្តើមបង្កើត បន្ទាប់ ពីបានប្រជុំជាមួយសាកលវិទ្យាធិការ ក៏ដូចជា ម្ចាស់ជំនួយនៃសាកលវិទ្យាល័យហ្នឹង ហើយក៏ បានបង្រៀនមុខវិជ្ជាហ្នឹង តាមរយៈអាហារូបករណ៍ មាន១០០5 និង៧០5 ហើយ៥០5 សម្រាប់នស្សិតទាំងអស់នៅបាត់ដំបង។ អ៊ីចឹង គំនិតផ្តួចផ្តើមដំបូង គឺគាត់មើលឃើញកន្លែងហ្នឹង ថា មុខវិជ្ជាហ្នឹងមិនទាន់មានអ្នករៀន ហើយ ដោយសារតែគាត់មើលឃើញថា នៅបាត់ដំបង យើងផ្នែកខាងលិចនេះ មិនសូវជាមានអ្នកចេះ ដឹង ឬក៏ចូលរួមនៅក្នុងការស្រាវជ្រាវបានច្រើន ដូចនៅភ្នំពេញទេ។ អ៊ីចឹងហើយបានជាគាត់ ចង់បង្កើតមុខវិជ្ជាហ្នឹង ដែលមាននិស្សិតចូលរួម រៀនបានច្រើន”។

លោកនិល តំណាង បញ្ជាក់បន្តថា “សម្រាប់ ខ្ញុំផ្ទាល់មានអារម្មណ៍សោកស្តាយ ដែលលោក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ធ្វើឱ្យបាត់បង់ អ្នកចេះដឹង។ មិនមែនថា សង្គមយើងអត់អ្នក ចេះដឹងទេ ប៉ុន្តែ អ្នកចេះដឹងដែលចេះពន្យល់ ប្រជាពលរដ្ឋ ក៏ដូចជានិស្សិតឱ្យយល់ពីបញ្ហាសង្គម ពិតជាសោកស្តាយមែនទេន ហើយជាសំណូមពរ របស់ខ្ញុ់ក្នុំងការរៀបចំពិធីបុណ្យហ្នឹង សូមឱ្យ អាជ្ញាធរដែនដី បើកចិតត្តទូលាយឱ្យយើងបាន ធ្វើ”។

កូនសិស្សលោកកែម ឡី មួយរូបទៀត គឺ កញ្ញាប៊ូ ចាន់សោភា ក៏បានថ្លែងប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះ ថា “ក្នុងនាមយើងជាសិស្ស ការដែលយើងធ្វើប៉ុណ្ណឹង គ្រាន់តែជាតបស្នង តិចតួច ចំពោះគុណូបការៈរបស់គាត់ ដែលគាត បា់នបញ្ចោញអស់ពីសមត្ថភាព ដើម្បីបង្រៀនដល់ ពួកខ្ញុំ ហើយពួកខ្ញុំដែលរៀបចំកម្មវិធីនេះឡើង គឺគ្រាន់តែនឹកឃើញថា យើងមិនអាចជួយអ្វី ផ្សេងក្រៅពីហ្នឹង យើងមិនអាចតបស្នងដល់ គាត់ឱ្យបានច្រើនជាងហ្នឹង។  បើនិយាយពីការ សោកស្តាយវិញ គឺពួកខ្ញុំសូម្បីតែទឹកភ្នែកហ្នឹង ក៏អត់មានសម្រាប់ស្រក់ទៀតដែរ គឺខ្សោះអស់ ពីខ្លួនតែម្តង គ្រាន់តែដំណឹងថា គាត់ត្រូវបានគេ បាញ់ ព្រោះអីនាងខ្ញុំគិតថា មនុស្សល្អដូចលោក គ្រូនាងខ្ញុំ មិនគួរណាគេធ្វើ អ៊ីចឹង ហើយធ្វើនៅ កណ្តាលទីក្រុង ស្របពេលដែលឆ្នាំនេះ ២០១៦ វាមិនមែនជា៣០ឆ្នាំមុនទេ។ បើ៣០ឆ្នាំមុន ពេលកំពុងមានសង្គ្រាម គាត់ត្រូវគេបាញ់វាអត់ មានអីចម្លែកទេ ប៉ុន្តែនេះ ជាប្រទេសដែលគេ តែងអួតអាងថា សម្បូរទៅដោយសុខសន្តិភាព ប៉ុន្តែគេអាចបាញ់សម្លាប់មនុស្សស្រស់ៗនៅ កណ្តាលទីក្រុងបាន វាពិតជារឿងដែលរន្ធត់ ហើយធ្វើឱ្យពួកខ្ញុំហ្នឹងមានអារម្មណ៍ថា សោកស្តាយលោកគ្រូខ្លាំងមែនទែនព្រោះគាត់ជាមនុស្ស ល្អ ដែលកម្រនឹងរកបានសម្រាប់ប្រជាជនកម្ពុជា  ហើយសំណូមពររបស់ពួកខ្ញុំ គ្រាន់តែសង្ឃឹមថា យុវជនកម្ពុជាទាំងអស់  ចងចាំនូវទង្វើរបស់គាត់ ហើយនិយាយព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បី ធ្វើតាមគាត់ដូចជាយើងនិយាយការពិត ជាជាង និយាយការពារ ដូចជាការដែលយើងចូលរួម ក្នុងការអភិវឌ្ឍសង្គម ចូលរួមនៅក្នុងសកម្មភាព សង្គមផ្សេងៗ។ ចំពោះអាជ្ញាធរ ឬក៏សមត្ថកិច្ច នាងខ្ញុំហាក់ដូចជាមិនមានសង្ឃឹមថា អាចរក យុត្តិធម៌បានទេ ពីព្រោះ៣០ថ្ងៃមុន ក៏អត់មាន ដំណឹង៣០ថ្ងៃបន្តមកទៀត ក៏អត់មានដំណឹង ឥឡូវនេះ១០០ថ្ងៃហើយ ក៏នៅតែអត់មានពន្លឺ។ បើសិនជាគាត់ស្រាវជ្រាវខ្ញុំជឿជាក់ថា វាគង់ នឹងមានពន្លឺអីតិចតួច ព្រោះរឿងហ្នឹងចំហពេក កណ្តាលទីក្រុង ហើយមកបាញ់មនុស្សម្នាក់ស្លាប់  ប៉ុន្តែរហូតមកដល់ពេលនេះ គឺនៅអត់បានឃើញ អីជាដុំកំភួនការស៊ើបហ្នឹងវាហាក់ដូចជាយឹតយ៉ាវវាធ្វើឱ្យពួកខ្ញុំហ្នឹងលែងមានរំពឹងថា នឹង ទទួលបានយុត្តិធម៌ សម្រាប់លោកគ្រូ។ នាង នាងខ្ញុំរំពឹងថា ប្រជាពលកម្ពុជាទាំងអស់ នឹងបាន ចូលរួមនៅក្នុងការរំលែកទុក្ខដល់ក្រុមគ្រួសារ គាត់ ក៏ដូចជាឧទ្ទិសកុសល ដើម្បីឱ្យលោកគ្រូ បានទៅកាន់សុគតិភព”៕

 ដោយ ៖ កុលបុត្រ

RELATED ARTICLES