Friday, April 19, 2024
Homeព័ត៌មានជាតិស្មារតី​កិច្ច​ព្រម​ព្រៀង​ប៉ារីស លោក​ផៃ ស៊ីផាន ថា​សេរី​ពហុ​បក្ស តែ​ពុំ​បាន​ចែង​ថា​មាន​បក្ស​ប្រឆាំង

ស្មារតី​កិច្ច​ព្រម​ព្រៀង​ប៉ារីស លោក​ផៃ ស៊ីផាន ថា​សេរី​ពហុ​បក្ស តែ​ពុំ​បាន​ចែង​ថា​មាន​បក្ស​ប្រឆាំង

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបញ្ជាក់ថា ស្មារតី កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ១៩៩១ ជាមូលដ្ឋានគ្រឹះនិងត្រីវិស័យចង្អុលបង្ហាញ នូវអនុសាសន៍ ក្នុងការចងក្រងរដ្ឋធម្មនុញ្ញកម្ពុជា ដោយមានពាក្យថា “សេរី ពហុបក្ស” តែពុំបាន ចែងថា មានគណបក្សប្រឆាំងនោះទេ។

លោកផៃ ស៊ីផាន បានសរសេរក្នុងហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្តហ្វេសប៊ុក អាស្រ័យដោយមានសំណួរ ជាច្រើន ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបាន លើកឡើងថា “តើកម្ពុជា បានអនុវត្តអ្វីខ្លះ ឆ្លើយតបនឹងខ្លឹមសារ នៃសេចក្តីព្រមព្រៀង សន្តិភាព ដែលបានចុះហត្ថលេខានៅទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១” ខ្ញុំសូមជម្រាបជូន ថា កម្ពុជា គឺជារដ្ឋឯករាជ្យ និងអធិបតេយ្យ របស់ខ្លួន ដែលមានអាសនៈផ្លូវការ នៅក្នុង អង្គការសហប្រជាជាតិ និងអនុវត្តនៅក្នុងគោលការណ៍រដ្ឋធម្មនុញ្ញរបស់ជាតិ ច្បាប់របស់ជាតិ ជាមួយច្បាប់អន្តរជាតិ ដែលទទួលបានសច្ចាប័ន ពីសភាកម្ពុជា ហើយត្រូវតែស្ថិតនៅក្រោម ឥទ្ធិពលច្បាប់របស់កម្ពុជាផងដែរនោះ។ ខ្លឹមសារ នៃសេចក្តីព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បាន ចែងច្បាស់ថា ឯកសារនៃកិច្ចព្រមព្រៀងសន្តិភាព គឺជាដំណោះស្រាយក្នុងដំណាក់កាល “អន្តរកាល” ដើម្បីរៀបចំឱ្យមានការបោះឆ្នោតសាកល បង្កើត ឆន្ទៈរួម គឺរដ្ឋធម្មនុញ្ញ តាមរយៈសភារដ្ឋធម្មនុញ្ញកម្ពុជា សំណាក់ពីប្រជាពលរដ្ឋកម្ពុជាផ្ទាល់។ កិច្ចព្រមព្រៀងនេះបានចាប់ផ្តើមអនុវត្តការងារ របស់ខ្លួននៅក្នុង “ដំណាក់អន្តរកាល” បន្ទាប់ពី ទទួលបានការចុះហត្ថលេខា នៅថ្ងៃទី២៣ តុលា ១៩៩១។ ធរមាន និងសុពលភាពនៃដំណើរការ នៃកិច្ចព្រមព្រៀងនេះ គឺត្រូវបញ្ចប់នៅពេល ដែលមានសភាធម្មនុញ្ញ និងរដ្ឋធម្មនុញ្ញែខ្មរ ត្រូវ បានអនុម័ត រួចបន្ទាប់មក រដ្ឋាភិបាលថ្មីមួយ ត្រូវ បានបង្កើតឡើង (ចែងនៅមាត្រាទី១ ភាគទី១ ក្នុងការរៀបចំដំណាក់កាលអន្តរកាលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស)

នៅក្នុងឧបសម្ព័ន្ធទី៥ ចំណុចទី១ នៃកិច្ច ព្រមព្រៀងនៅទីក្រុងប៉ារីស អំពីបញ្ហាកម្ពុជា នេះដែរ ក៏បានចែងថា “រដ្ឋធម្មនុញ្ញ គឺជាច្បាប់ កំពូលរបស់ប្រទេស (កម្ពុជា)”។ នៅក្នុងស្មារតី នៃសេចក្តីព្រមព្រៀងនេះ ក៏ជាមូលដ្ឋានគ្រឹះ និង ត្រីវិស័យ ដែលចង្អុលបង្ហាញនូវស្មារតី និង អនុសាសន៍ក្នុងការចងក្រងរដ្ឋធម្មនុញ្ញរបស់ខ្មែរ ផងដែរ ដូចជាពាក្យ “សេរី ពហុបក្ស” ហើយក៏ ពុំបានចែងថា មានគណបក្សប្រឆាំងនោះទេ។ ច្បាប់ដែលអនុម័តជាបន្តបន្ទាប់ របស់សភាខ្មែរ ដូចជាច្បាប់សហជីព ច្បាប់សមាគម និងអង្គការ មិនមែនរដ្ឋាភិបាលជាដើម ក៏ដូចជាច្បាប់ដទៃ ទៀត ក៏បានបង្ហាញនូវភាពឯករាជ្យ អធិបតេយ្យភាពរបស់ជាតិ មិនបានស្ថិតនៅក្រោមឥទ្ធិពល ឬចំណុះបរទេសណាមួយឡើយ។ ហើយគោលការណ៍អន្តរជាតិ ដែលច្បាប់គ្រឹះកម្ពុជា ក៏បាន ចងក្រងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីការពារ ពីការរំលោភឈ្លានពានរបស់បរទេស ដែលនៅ ក្នុងន័យជាការប្តេជ្ញារបស់ខ្លួន ដើម្បីឱ្យបរទេស ឆ្លើយតប និងចៀសវាងពីការរំលោភ ឬជ្រៀតជ្រែកអធិបតេយ្យភាព ឯករាជ្យ និងភាពមិន អាចរំលោភបាន នៃដែនដីអព្យាក្រឹតភាព និង ឯកភាពជាតិកម្ពុជា។

អាស្រ័យហេតុដូចនេះ កម្ពុជា ពុំស្ថិតនៅ ក្នុងឥទ្ធិពលនៃគោលការណ៍ដទៃណាមួយនោះ ឡើយ ក្រៅពីស្ថិតនៅក្រោមឥទ្ធិពលរដ្ឋធម្មនុញ្ញ កម្ពុជា ច្បាប់ជាធរមានរបស់រដ្ឋ និងជាផលប្រយោជន៍របស់ខ្មែរ តែប៉ុណ្ណោះ”។

បន្ថែមលើសំណេរខាងលើនេះ លោកផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០១៦ ថា “បាទ! យើង ដោយសារបរទេស ដែលវារៀបចំលាបពណ៌ឱ្យ ខ្មែរនិងខ្មែរជល់គ្នា។ អាស្រ័យហេតុដូច្នេះ គេ ប្រើពាក្យប្រឆាំង និន្នាការប្រឆាំង ហ្នឹងហើយ ដែលគេមិនយកកាតព្វកិច្ចមកអនុវត្ត គេមិនយក ទិសដៅទៅធ្វើការសហការឯកភាពគ្នា មកយក ទិសដៅដែលធ្វើការរួមជាមួយគ្នា។ អាស្រ័យ ហេតុដូច្នេះហើយ ដែលគេបង្កើតពាក្យប្រឆាំង ដូច្នេះវាខុសពីនិន្នាការសេរី ពហុបក្ស អាស្រ័យ ដោយគណបក្សហ្នឹងមានឈ្មោះអីក៏ដោយ មក ពីណា ពណ៌អីក៏ដោយ មិនមាក់ងាយ គេមិន ប្រមាថទេ ហើយយើងឃើញគណបក្ស ដែលគេ យកនិន្នាការប្រឆាំងហ្នឹងខុសពីសណ្តាប់ធ្នាប់នយោបាយ។ សណ្តាប់ធ្នាប់នយោបាយថាយ៉ាងម៉េច? គឺគណបក្សដែលមានកៅអីច្រើន ជាគណបក្ស កាន់អំណាច អ្នកដែលមានកៅអីតិច ត្រូវតែអង្គុយ ចង់គេយកមិនយក មិនជាហេតុផល ជាកាតព្វកិច្ច ព្រោះគេបម្រើមតិភាគច្រើន ហើយគេបម្រើអ្នក ដទៃទៀត ទៅតាមការចង់បានអ្វីដែលជាគោលការណ៍គោលរដ្ឋធម្មនុញ្ញ គោលការណ៍ប្រជាធិបតេយ្យ។ អាស្រ័យហេតុដូច្នេះហើយ ក្រុមហ្នឹង មិនអនុវត្តទេ សូម្បីព្រះមហាក្សត្រក៏មិនគោរព រដ្ឋធម្មនុញ្ញក៏មិនគោរព នាំគ្នាទៅគោរពរឿងអ្វី ដែលជាព្រឹត្តិការណ៍កន្លងមកហើយ ដែលមិនមាន និន្នាការឱ្យខ្មែរគោរពនោះទេ គ្រាន់តែជាការ រំលឹកឡើងវិញនូវអនុស្សាវរីយ៍កិច្ចព្រមព្រៀងថា យើងចង់បានប្រទេសខ្មែរ ក្លាយទៅជាប្រទេស មួយ សន្តិភាព ឈប់ឈ្លោះគ្នា ក្រោមសហប្រតិបត្តិការរបស់បរទេសប៉ុណ្ណឹង ក៏ប៉ុន្តែពួក ហ្នឹងនៅតែមានចរិតជាខ្ញុំបរទេស ត្រូវការបរទេស មកជួយធ្វើការ។ ហេតុម៉េចគាត់ឱ្យតម្លៃខ្ពស់ កន្លែងត្រង់ហ្នឹង? គាត់មិនឱ្យតម្លៃគោលការណ៍ សារជាតិនៃសន្តិភាពទេ គាត់ឱ្យតម្លៃគោលការណ៍ របស់គេហ្នឹង គឺចង់ឱ្យបរទេសហ្នឹងមករៀបចំ សាជាថ្មី ឱ្យគាត់បានកាន់អំណាច ពីព្រោះគាត់ អស់សង្ឃឹម នូវការគាំទ្ររបស់មហាជនខ្មែរ គេ អត់ទទួលស្គាល់ អ្នកទទួលស្គាល់នោះភាគតិច។ អាស្រ័យហេតុដូច្នេះហើយ គាត់ចង់ឱ្យបរទេស ទទួលស្គាល់គាត់ ហើយនាំគាត់មកកាន់អំណាច តែម្តង អាហ្នឹងហើយដែលគាត់ស្រមៃឃើញ តាំងពីឆ្នាំ១៩៩៣ ហ្នឹងឯង”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា “ឃើញគណបក្សសង្គ្រោះជាតិ ដែលចាប់ផ្តើម ពីអតីតគណបក្សសិទ្ធិមនុស្ស ក៏ដូចជាគណបក្ស សម រង្ស៊ី ហ្នឹង គឺគាត់មិនបាននៅក្នុងសណ្តាប់ នយោបាយ ស្ថិតក្នុងបរិកាសឬបរិបទនៃសង្គម ប្រជាធិបតេយ្យទេ គាត់អត់គោរពច្បាប់ គោរព ស្តេច គោរពរដ្ឋសភាផងហ្នឹង! ធំបំផុតហ្នឹង គួរ អាម៉ាស់ គាត់អត់គោរពប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគាត់មកជាតំណាងរាស្ត្រ មិនមែនជា អ្នកឧទ្ទាមតាមចិញ្ចើមថ្នល់។ អាហ្នឹងគួរឱ្យសោកស្តាយ បើគេយល់ឃើញថា កិច្ចព្រមព្រៀង សន្តិភាព គឺដើម្បីសន្តិភាព គេកៀងគរមកមើល ច្បាប់ទម្លាប់ទៅវិញ ព្រោះអ្នកមិនគោរពច្បាប់  កាលជំនាន់ឆ្នាំ៧០ រំលាយរដ្ឋធម្មនុញ្ញ រំលាយ សភាឆ្នាំ៧៥ បោះបង់ចោលអ្វីទាំងឡាយទាំងពួងហ្នឹង រហូតមកដល់នេះ យើងអត់មានសន្តិភាព ទេ។ ដូច្នេះគេត្រូវត្រឡប់មកវិញ នូវជាមនុស្ស ជាក្រុមមួយ ដែលគោរពច្បាប់ជាធរមានរបស់ ជាតិហ្នឹង គឺរដ្ឋធម្មនុញ្ញ ពីព្រោះជាប្រជាជាតិ គេមិនជាខ្ញុំស៊ីឈ្នួលបរទេស មកដណ្តើមយក អំណាចគ្រប់គ្រងប្រទេសខ្មែរនោះទេ”។

គួរបញ្ជាក់ថា ក្នុងខួបលើកទី២៥ នៃកិច្ច ព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំនេះ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា នឹងប្រារឰពិធីរំលឹក អបអរនៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នេះ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា “ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានកិច្ចសហការរបស់ស្ថានទូត បារាំង នៅកម្ពុជា និងវិទ្យាស្ថានខ្មែរសម្រាប់ សហប្រតិបត្តិការ និងសន្តិភាព នឹងរៀបចំពិធី រំលឹកខួបលើកទី២៥ នៃការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (១៩៩១២០១៦) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួង។

ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Jean-Claude POIMBOEUF  ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នឹងធ្វើជា អធិបតីនៃពិធីនេះ ក្រោមប្រធានបទ “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងសន្តិភាពនៅ កម្ពុជា”។

វាគ្មិនសំខាន់ៗ ដែលបានបំពេញតួនាទី ជាសារវ័ន្ត នៅក្នុងដំណើរការសន្តិភាព និងអតីត ឯកអគ្គរាជទូត រដ្ឋទូតនានា ដែលធ្លាប់បាន បំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា នា ពេលនោះ គឺត្រូវបានអញ្ជើញមកចូលរួម ដើម្បី ចែករំលែកទស្សនៈ និងការយល់ឃើញនានា ស្តីពីសន្តិភាព និការអភិវឌ្ឍនៅកម្ពុជា។

សមាជិក សមាជិកការរដ្ឋសភា សមាជិក សមាជិករាជរដ្ឋាភិបាល អង្គទូតនានា និងអ្នក ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត ក៏ត្រូវបាន អញ្ជើញមកចូលរួមក្នុងពិធីរំលឹកខួបនេះដែរ”។

ដោយឡែកអង្គការសង្គមស៊ីវិលជាង៥០  បានប្រារឰធ្វើវេទិការអបអរខួបលើកទី២៥ កិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសនោះ កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ ចំណែកគណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ក៏បាន ធ្វើលិខិត ជូនដំណឹងទៅរដ្ឋបាលរាជធានី អំពី ការរៀបចំពិធីអបអរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះដែរ ដាក់ជូន ទៅលោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សុំធ្វើនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៦។

យោងតាមលិខិតរបស់តំណាងក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចុះថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយលោកម៉ៅ មុនីវណ្ណ លោកហូរ វ៉ាន់ និង លោកឡុង រី ជម្រាបជូនលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវត្ថុ “ការជូន ដំណឹង ស្តីពីការប្រារឰពិធីអបអរសារទរខួបលើក ទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ” មានខ្លឹមសារថា “យើងខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាល ជ្រាប ថា ពិធីអបអរសារទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ នៅក្នុងបរិវេណនៃទីលានប្រជាធិបតេយ្យ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃ ត្រង់ ដោយមានអ្នកចូលរួមជាច្រើនពាន់នាក់។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តមអភិបាល មេត្តាជ្រាបជាព័ត៌មាន និង ចាត់វិធានការ ការពារសន្តិសុខ និងសុវត្ថិភាព ដល់អង្គពិធី និងអ្នកចូលរួមក្នុងពិធី ដោយ អនុគ្រោះ

ក្រោយការស្នើនោះ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោកអភិបាលរង ឃួង ស្រេង និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមមានលោកម៉ៅ មុនីវណ្ណ លោកហូរ វ៉ាន់ និងលោកឡុង រី បាន ជួបពិភាក្សាគ្នានៅសាលារាជធានីភ្នំពេញ។ ជា លទ្ធផលរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើកំណត់ ហេតុបញ្ជូនទៅក្រសួងមហាផ្ទៃ ធ្វើការសម្រេច។ ប៉ុន្តែតំណាងរស្ត្រសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងមានការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិ ប្រារឰពិធីនេះនៅទីលានប្រជាធិបតេយ្យ។

លោកម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពងចាម ដែល បានចូលរួមប្រជុំជាមួយរដ្ឋបាលរាជធានីភ្នំពេញ នោះ បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស គឺជាថ្ងៃដែលប្រជាពលរដ្ឋខ្មែរ ចងចាំទាំងអស់គ្នា ដូច្នេះត្រូវតែចូលរួមប្រារឰ រំលឹកខួប មិនអាចហាមឃាត់បានទេ។ ជាមួយ គ្នានេះ លោកមិនចាប់អារម្មណ៍នឹងការលើក ឡើងរបស់លោកផៃ ស៊ីផាន នោះទេ។

លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ ថា “តាមពិតប្រជាពលរដ្ឋខ្មែរចងចាំទាំងអស់គ្នា ហើយ ប៉ុន្តែយើងចង់រំលឹកថា កិច្ចព្រមព្រៀង ហ្នឹង ប្រទេសហត្ថលេខីហ្នឹង បានជំរុញឱ្យការ អនុវត្តហ្នឹងបានកម្រិតប៉ុនណា? ក្នុងគោលបំណង តែមួតគត់ គឺរលឹកថ្ងៃ២៣ តុលា ហ្នឹងឡើងវិញ ហើយយើងបានជូនដំណឹងទៅសាលារាជធានីភ្នំពេញហើយៗសាលារាជធានីភ្នំពេញ ផ្អែក យោងទៅតាមច្បាប់បាតុកម្ម លោកថា លោក ធ្វើកំណត់ហេតុ ហើយបញ្ជូនកំណត់ហេតុហ្នឹងទៅ ក្រសួងមហាផ្ទៃ ដើម្បីសុំការសម្រេចថា យើង បានពិភាក្សាគ្នាបង្កើតគណៈកម្មការ ដើម្បី សម្រុះសម្រួលក្នុងការធ្វើមីទ្ទិញហ្នឹង។ បើសិន ជាក្រសួងមហាផ្ទៃ សម្រេចថា អនុញ្ញាតឱ្យប្រារឰ ពិធីនៅទីលានប្រជាធិបតេយ្យហ្នឹង ព្រោះថា សាលាក្រុង មិនអាចសម្រេចបានទេ ព្រោះថា យើងធ្វើមីទ្ទិញហ្នឹងមានប្រជាពលរដ្ឋចូលរួម ច្រើន។ ខ្ញុំយល់ថា ជាទិដ្ឋភាព ក្រសួងមហាផ្ទៃ នឹងអនុញ្ញាត ព្រោះថា២៣ តុលា ហ្នឹង យើង ប្រារឰទាំងអស់គ្នា ក្នុងន័យថា អបអរសាទរ ទាំងអស់គ្នា។

លោកម៉ៅ មុនីវណ្ណ បានមានប្រសាសន៍ បន្តទាក់ទងនឹងការលើកឡើងរបស់លោកផៃ ស៊ីផាន យ៉ាងខ្លីថា “ធម្មតានៅក្នុងសង្គមប្រជាធិបតេយ វាត្រូវតែមានបក្សកាន់អំណាចបក្ស ប្រឆាំង អ៊ីចឹងហើយ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES