Thursday, April 18, 2024
Homeព័ត៌មានជាតិនាយក​រដ្ឋ​មន្ត្រី​កម្ពុជា គោរព​ព្រះ​វិញ្ញា​ក្ខន្ធ ព្រះ​មហា​ក្សត្រ​ថៃ

នាយក​រដ្ឋ​មន្ត្រី​កម្ពុជា គោរព​ព្រះ​វិញ្ញា​ក្ខន្ធ ព្រះ​មហា​ក្សត្រ​ថៃ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញទៅ កាន់ស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ភាសាថៃ ៖ ភូមិភុន អៈឌុនយៈដេត ដែលយាងសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា។

ទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរ កាលពីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ថា “នៅព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ Bhumibol Adulyadej  នៅ ស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រថៃ Bhumibol Adulyadej បាន សោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ដោយព្រះជន្មាយុ៨៩ព្រះវស្សា។ រដ្ឋាភិបាលប្រទេសថៃ បានប្រកាស កាន់ទុក្ខរយៈពេល១ឆ្នាំ។

hun-sen1

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវ ការចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុត ចំពោះការបាត់បង់ដ៏ធំធេងនេះ ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ និង សូមបួងសួង សូមវិញ្ញាណក្ខន្ធព្រះអង្គ ឆាប់បាន ចាប់បដិសន្ធិក្នុងព្រះបរមសុគតិភព គ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ”។

ក្នុងឱកាសនោះសម្តេចហ៊ុន សែន បាន សរសេរសំណេររំលែកទុក្ខក្នុងសៀវភៅក្រាំងមាស ដែលមានខ្លឹមសារទាំងស្រុងថា “តាងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែង នូវសមាចិត្តយ៉ាងជ្រាលជ្រៅ និងការចូលរួម រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជារារដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រថៃ ចំពោះការសោយព្រះទិវង្គតរបស់ព្រះករុណា ព្រះបាទភូមិបុល អាឌុលយ៉ាដេត ព្រះមហាក្សត្រ ជាទីគោរពស្រលាញ់នៃប្រទេសថៃ និង ជាព្រះមហាក្សត្រ ដែលបានគ្រងរាជសម្បត្តិយូរ បំផុតក្នុងពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

hun-sen3

ការសោយព្រះទិវង្គតរបស់ព្រះអង្គ គឺជា ការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេស ថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់លើពិភពលោក។ សូមដួងព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ បានយាងទៅកាន់សុគតិភពជារៀងរហូត”។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបាននូវដំណឹង ស្តីពីការចូលព្រះទិវង្គតរបស់ព្រះមហាក្សត្រថៃ ភ្លាមៗនោះ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បាន ផ្ញើសាររំលែកទុក្ខមួយជូនចំពោះលោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ថៃ ដែលមានខ្លឹមសារទាំងស្រុងថា “ឯកឧត្តម ខ្ញុំបានទទួលព័ត៌មានដ៏ក្រៀមក្រំបំផុតចំពោះការ សោយទិវង្គតរបស់ព្រះបាទភូមិបុល អាឌុល យ៉ាដេត ព្រះមហាក្សត្រជាទីគោរពស្រលាញ់ បំផុតនៃប្រទេសថៃ និងជាព្រះមហាក្សត្រដែល បានគ្រងរាជសម្បត្តិយូរបំផុតក្នុងពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

ការសោយព្រះទិវង្គតរបស់ព្រះអង្គ គឺជា ការបាត់បង់ដ៏ធំធេងរបស់ប្រជាជន និងប្រទេស ថៃ ក៏ដូចជាសម្រាប់មិត្តភក្តិទាំងអស់លើពិភព លោក។ ព្រះបាទភូមិបុល អាឌុលយ៉ាដេត បាន លះបង់ព្រះកាយពលពេញមួយព្រះជន្មរបស់ ព្រះអង្គ ដើម្បីឯកភាពជាតិ វិបុលភាព សុភមង្គល របស់ប្រជាជនថៃ។ ព្រះរាជកិច្ចដ៏ភ្លឺស្វាងក្នុង ព្រះបរមនាមជាព្រះមហាក្សត្រ និងព្រះរាជបូជនីយកិច្ចចំពោះជាតិ ប្រកបដោយព្រះរាជ បុគ្គលិកលក្ខណៈដ៏វិសេសថ្លៃថ្លារបស់ព្រះអង្គ នឹងត្រូវបានប្រជាជនថៃ ចងចាំជានិច្ច។

ស្ថិតក្នុងកាលៈទេសៈមរណទុក្ខដ៏ក្រៀមក្រំ នេះ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជន កម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងការរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះ ការបាត់បង់ដ៏ធំធេងនេះថ្វាយព្រះមហាក្សត្រិយានី និងព្រះរាជវង្សានុវង្ស ក៏ដូចជារាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ។

សូមឯកឧត្តម មេត្តាទទួលនូវការគោរព រាប់អានដ៏ស្មោះស្ម័គ្រអំពីខ្ញុំ”

ដារិទ្ធ

RELATED ARTICLES