Friday, March 29, 2024
Homeបរិយាយជន​ជាតិ​ភាគ​តិច មិន​ភ្លេច​អត្ត​សញ្ញាណ

ជន​ជាតិ​ភាគ​តិច មិន​ភ្លេច​អត្ត​សញ្ញាណ

ខណៈដែលការអភិវឌ្ឍ តម្រូវឱ្យរាជរដ្ឋាភិបាលធ្វើសម្បទានដីធ្លីរាប់ម៉ឺនហិកតារ នៅតំបន់ព្រៃ ទៅឱ្យក្រុមហ៊ុនវិនិយោគ កសិឧស្សាហកម្មនានានោះ បណ្តាលឱ្យជនជាតិភាគតិចចេញមុខតវ៉ាជាបន្តបន្ទាប់ ព្រោះតែការអភិវឌ្ឍប៉ះពាល់ដល់ដីធ្លីកេរ ពីដូនតារបស់ពួកគាត់។ ជាទូទៅ ជនជាតិភាគតិច ទោះបីជាសង្គមជឿនលឿនយ៉ាងណាក៏មិនអាចបោះបង់ប្រពៃណីទំនៀមទម្លាប់បុរាណ របស់ពួកគាត់បានឡើយ បើមានការប៉ះពាល់ដល់សិទ្ធិរស់នៅនេះ គឺចៀសមិនផុតពីការតវ៉ា។ ករណី “ជនជាតិ ភាគតិច មិនភ្លេចអត្តសញ្ញាណ” បានក្លាយជាបញ្ហាចោទ តម្រូវឱ្យមានការដោះស្រាយដោយសន្តិវិធី ដែល “នគរធំ” សូម លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ

ជនជាតិភាគតិច គឺសំដៅដល់ “កុលសម្ព័ន្ធ” តូចៗដែលរស់នៅក្នុងព្រៃ នាទឹកដីកម្ពុជា តាំងពីបុរាណព្រេងនាយមក កុំច្រឡំនឹងជន “អន្តោប្រវេសន៍” ដែលឆ្លងដែនមកនៅកម្ពុជា ដោយសារហេតុផលសង្គ្រាម ឬសេដ្ឋកិច្ចអន់ថយ។ យើងឃើញ ជនអន្តោប្រវេសន៍ដូចជា ចិន, ចាម, យួន, លាវ, ក្លិង្គ, បារាំង, អារ៉ាប់, សៀម, បានមកតាំងលំនៅលើទឹកដីកម្ពុជា ដោយសារ ស្រុកទេសរបស់ពួកគេកើតចម្បាំងរាំងជល អត់បាយក្រហាយទឹក ក៏នាំគ្នាពកូនជញ្ជូនចៅរត់ចោលស្រុក តាមទូក សំពៅ ឬ សេះ ដំរី ថ្មើរជើង មកកាច់សម្បុក កវែកកឆ្នាំង ចោលឆ្អឹងនៅកម្ពុជា តាំងពីសម័យនគរភ្នំ សម័យអង្គរ ជាពិសេស នៅសម័យ លង្វែកឧដុង្គ។ ផ្ទុយទៅវិញ ជនជាតិភាគតិច ឬកុលសម្ព័ន្ធ បានរស់នៅកណ្តាលព្រៃភ្នំក្រំថ្ម ដាច់ឆ្ងាយពីរដ្ឋបាលសាធារណៈ តាំងពីសម័យកទឹកកដីមកម៉្លេះ ពោលគឺក្នុងកុលសម្ព័ន្ធមួយ មានមេកន្ទ្រាញគ្រប់គ្រងដឹកនាំទៅតាមប្រពៃណីប្លែកៗគ្នា តដូនតាលាលួត។

នៅកម្ពុជា មានកុលសម្ព័ន្ធសំខាន់ៗ ២៤ជនជាតិ រួមមាន ៖ ១ជនជាតិព្នង ២ជនជាតិស្ទៀង ៣ជនជាតិក្រោល ៤ជនជាតិរអូង ៥ជនជាតិទំពួន ៦ជនជាតិថ្មូន ៧ជនជាតិព្រូវ, ជនជាតិស្មិល ៩ជនជាតិកួយ ១០ជនជាតិអានោង ១១ជនជាតិចារ៉ាយ ១២ជនជាតិគ្រឹង ១៣ជនជាតិរដែ ១៤ជនជាតិខា ១៥ជនជាតិខិ ១៦ជនជាតិស្អូច ១៧ជនជាតិ កាវ៉ែត ១៨ជនជាតិលុន ១៩ជនជាតិព័រ ២០ជនជាតិសួយ ២១ជនជាតិសំរែ ២២ជនជាតិជង ២៣ជនជាតិកាចក់ ២៤ជនជាតិប៉ោង។ ស្ថិតិនេះត្រូវបានរកឃើញនៅសម័យសង្គមរាស្ត្រនិយម ដោយសារកងយោធពលខេមរភូមិន្ទ បានទទួល បញ្ជា ឱ្យចូលលុកទៅក្នុងព្រៃជ្រៅ ស្រាវជ្រាវរកឈ្មោះកុលសម្ព័ន្ធនានា ដោយប្រឈមនឹងគ្រោះថ្នាក់គ្រប់ជំពូក។ ក្រោយមក ទៀត ក៏មានអ្នកស្រាវជ្រាវខ្មែរ និងអន្តរជាតិ រកឃើញជនជាតិមួយចំនួនទៀត ដូចជា ជនជាតិបែល, ជនជាតិកាទុ, និង ជនជាតិកានិញ ហើយនិងនៅមានទៀត ព្រោះជនជាតិខ្លះមានចំនួនតិចតួចបំផុត ប៉ុន្តែ គេប្រើភាសាដោយឡែកពីជនជាតិ នានា។ ក្នុងចំណោមជនជាតិទាំងអស់ មានខ្លះជាប់ពូជអម្បូរជាតិសាសន៍ប្រទេសជិតខាង ដូចជាជនជាតិចារ៉ាយ ជនជាតិរដែ ជាប់សែស្រឡាយជនជាតិចាម កាន់សាសនាអ៊ិស្លាម។ ជនជាតិខា ជនជាតិខិ ជាប់ពូជអម្បូរជនជាតិលាវ។ ជនជាតិ កានិញ ជនជាតិកាទុ ជាប់សែជនជាតិយួន។ ឯជនជាតិខ្លះទៀត ជាប់ពូជពង្សជនជាតិមន ដែលជាប្រជាជាតិមួយមាននគរ និងកងទ័ព ខ្លាំងពូកែដូចខ្មែរដែរ ដែលសព្វថ្ងៃ “មន” បានក្លាយទៅជា “ភូមា ឬមីយ៉ាន់ម៉ារ”។

កាលនៅវ័យកុមារ យើងធ្លាប់អង្គុយស្តាប់លោកតាម្នាក់ អាយុជាង៨០ឆ្នាំ គាត់ជាអតីតទាហានជើងក្រហម ដែលបាន ទទួលបញ្ជាពីបារាំង ឱ្យចុះស្រាវជ្រាវដកស្រង់ស្ថិតិជនជាតិភាគតិច នៅខេត្តរតនគិរី។ ទោះជាលោកតាអតីតព្រិន្ទបាលទោ (Adjudant) នោះ បាត់បង់ជីវិតរាប់សិបឆ្នាំទៅហើយក្តី ក៏ពាក្យសម្តីរបស់គាត់ ហាក់នៅថ្មីៗ ដែលពេលនោះ គាត់បានបញ្ជាក់ ប្រាប់ក្មេងៗថា កងអនុសេនាតូចរបស់គាត់ មានគ្នាជាង១០នាក់ កាន់កាំភ្លើងការ៉ាប៊ីន ម្នាក់១ដើម មានស្ពាយសាក់កាដូ (Sac-à-dos) ដាក់បាយកាតាកធ្ងន់យុល បានរុលចូលព្រៃឆ្លងជ្រោះជ្រលងដងអូរ ប្រឈមនឹងជំងឺគ្រុនចាញ់ មូស ទាក ខ្លា ដំរី ពស់វែក រនាម ជាឧបសគ្គរាំងមុខ។ ពួកគាត់បានចូលទៅដល់ជំរំកុលសម្ព័ន្ធជនជាតិព្នង នាខេត្តរតនគិរី ក៏ត្រូវជនជាតិទាំងនោះ លើក ធ្នូ ស្នា ផ្ទាប់ព្រួញ ជ័រឆក់ ភ្ជង់គំរាមមិនឱ្យចូលទីតាំងពួកគេ ប៉ុន្តែ ដោយមានចិត្តសាស្ត្រខ្ពស់ក្នុងការអូសទាញរបស់មេកង ទើបជនជាតិទាំងនោះដាក់អាវុធចុះ ដោយអនុញ្ញាតឱ្យពួកទាហានចូលតាមសម្រួល។ ពួកគាត់ត្រូវប្រើភាសាគ ដើម្បីប្រាស្រ័យ ទាក់ទងជាមួយមេកន្ទ្រាញ ដែលជាមនុស្សខ្លាំងពូកែ ចេះមន្តអាគមកាប់មិនមុតដុតមិនឆេះ មានជំនាញពិសេសខាងទាក់ដំរីព្រៃមកផ្សាំង។ ជនជាតិព្នងប្រុសៗ ស្លៀកតែក្រណាត់ប៉ឹងប៉ុនបាតដៃបិទបាំងកេរ្តិ៍ខ្មាស ឯព្នងស្រីៗស្លៀកសំពត់សាច់ក្រាស់ អត់ពាក់អាវទេ ដោយលែងដើមទ្រូងនៅកណ្តាលវាល ហើយទាំងស្រីទាំងប្រុស មានពាក់រយ៉ានៅត្រចៀក ខ្លះទៀតពាក់ ភ្លុកដំរី និងជក់ខ្សៀទាំងស្រីទាំងប្រុស។ បន្ទាប់ពីស្គាល់ចិត្តពួកទាហានមក មេកន្ទ្រាញ ក៏រៀបចំជប់លៀង កាប់ក្របី ផឹកស្រា ពាង កំដរដោយរបាំវាយគង ផ្លុំគែន និងអញ្ជើញទាហានឱ្យឡើងរាំជាមួយពួកគេ តាមទំនុកច្រៀងរដឺនៗស្តាប់មិនបាន។ លោកតាអតីតទាហានជើងក្រហម ប្រាប់ក្មេងៗទៀតថា ជនជាតិព្នង មានភាពស្មោះត្រង់ មិនចេះកុហកបោកប្រាស់គ្នាទេ ពួកគេ ប្រកបរបរដាំ “ស្រូវគីង្គក់” ដែលអាចធន់ទ្រាំនឹងការរាំងស្ងួត ហើយស្រូវនោះ ពេលបានជាអង្ករ ដាំបាយរឹងបន្តិច ប៉ុន្តែ ឆ្ងាញ់ ណាស់ ពេលហូបជាមួយសាច់ងៀតឈ្លូស។ ការបរបាញ់ ដាក់អន្ទាក់ ធ្វើស្រែវិលជុំ គឺជាមុខរបរប្រពៃណីរបស់ជនជាតិព្នង ជាពិសេស ពួកគេគោរពអារក្សអ្នកតា ធ្វើពិធីសែនព្រេន មិនហ៊ានបំពាន

ការលើកឡើងដោយត្រួសៗនេះបង្ហាញថា កុលសម្ព័ន្ធដែលរស់នៅក្នុងព្រៃជ្រៅ នៅឆ្ងាយពីរដ្ឋបាលសាធារណៈ មិនមែន ជាការងាយស្រួលនោះទេក្នុងការដកស្រង់ស្ថិតិ លុះត្រាតែប្រើយោធាទើបបាន។ តាមរយៈការរុករករបស់កងទ័ពនៅក្រោម អាណាព្យាបាលបារាំង រហូតដល់សម័យសង្គមរាស្ត្រនិយម បានរកឃើញជនជាតិកុលសម្ព័ន្ធជាង២០ កំពុងរស់នៅកណ្តាលព្រៃ ដូចជា ជនជាតិព្នង នៅខេត្តរតនគិរី មណ្ឌលគិរី, ជនជាតិកួយ ច្រើនរស់នៅភាគខាងជើងខេត្តកំពង់ធំ, ជនជាតិសួយ នៅតំបន់ ភ្នំឱរ៉ាល់ ខណៈដែលជនជាតិព័រ រស់នៅតំបន់ភ្នំក្រវាញ។

ចូលមកដល់បច្ចុប្បន្នកាលនេះ ដោយសារព្រៃឈើរងការកាប់បំផ្លាញ និងក្លាយជាតំបន់អភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្ម នោះ ជនជាតិភាគតិច គ្មានព្រៃធ្វើជម្រកទៀតទេ។ ជនជាតិទាំងអស់ក៏បានទទួល “វប្បធម៌សាកលភាវូបនីយកម្ម” ចេះ ស្លៀកពាក់តាមសម័យនិយម មានយានយន្តប្រើ មានអគ្គិសនីចូលដល់ ឯដីភូមិពួកគាត់ពីដូនតា ធ្លាប់តាំងនៅកណ្តាលព្រៃ ក៏មានផ្លូវលំពុះកាត់ ឯផ្ទះអណ្តើក ក្លាយជាផ្ទះឈើ ឬផ្ទះថ្ម។

ទោះជាមានការជឿនលឿនយ៉ាងណាក៏ដោយចុះ “ធម្មតាផ្លែស្វាយ នៅតែស្វាយ ផ្លែក្រូច នៅតែក្រូច” យ៉ាងណាមិញ ជនជាតិភាគតិច អតីតកុលសម្ព័ន្ធដែលធ្លាប់កាន់ប្រពៃណីដូនតា មិនភ្លេចអត្តសញ្ញាណពួកគាត់ទេ ជាពិសេស ការធ្វើស្រែ វិលជុំ ទំនៀមកប់សពលើទីតាំងរួមគ្នាជាដើម។ ការអភិវឌ្ឍដែលប៉ះពាល់ដល់អត្តសញ្ញាណជនជាតិភាគតិច ដូចជាការឈូសឆាយទីតាំងកប់សពរួម ឬរំលោភយកដីស្រែចម្ការវិលជុំ ដោយគ្មានដំណោះស្រាយនោះ បានត្រឹមនាំមកនូវការតវ៉ាមិនចេះចប់។

កាលពីពេលថ្មីៗនេះ សហគមន៍ជនជាតិភាគតិច ដែលជួបប្រជុំគ្នានៅភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍រួម ស្នើទៅ ក្រសួងមហាផ្ទៃ ក្រសួងអភិវឌ្ឍន៍ជនបទ “កំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច” ដែលមានចំនួន១១៩ សហគមន៍ ឱ្យមានការទទួលស្គាល់ជាផ្លូវការ។ ការទាមទារនេះ ផ្តោតជាសំខាន់ទៅលើសិទ្ធិកាន់កាប់ដីធ្លី កម្មសិទ្ធិសមូហភាពជាដើម ដែលបង្ហាញថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ “បងប្អូនជនជាតិភាគតិច មិនភ្លេចអត្តសញ្ញាណ”។ សព្វថ្ងៃ ទោះបីកូនចៅ ជនជាតិព្នង ជនជាតិកួយ ជនជាតិទំពួន ខ្លះបានរៀនសូត្រដល់បរិញ្ញាបត្រ ដែលខ្លះបានក្លាយទៅជាមន្ត្រីរាជការ ឬគ្រូបង្រៀន ក៏អ្នកទាំងនោះ មិនភ្លេចភាសាកំណើត ប្រពៃណីទំនៀមទម្លាប់ ជាពិសេស ការសែនព្រេននោះឡើយ។

សរុបទៅ “ជនជាតិភាគតិច មិនភ្លេចអត្តសញ្ញាណ” ដែលបរិយាយខាងលើនេះ ផ្ទុយពីទស្សនៈអ្នកវិភាគខ្លះដែលថា “ជនជាតិភាគតិច ប្រឈមនឹងការបាត់បង់អត្តសញ្ញាណ”។ ក្នុងន័យនេះ “នគរធំ” មានជំនឿថា “ស្វាយនៅតែស្វាយ ក្រូចនៅតែ ក្រូច” វាមិនដែល “ស្វាយក្លាយជាក្រូច” នោះឡើយ។ ហេតុនេះដើម្បីឯកភាពជាតិ ចាំបាច់ត្រូវតែពង្រឹងការអភិវឌ្ឍប្រកបដោយតម្លាភាព កុំឱ្យប៉ះពាល់ដល់សិទ្ធិរស់នៅ ក៏ដូចជំនឿសាសនារបស់បងប្អូនជនជាតិភាគតិច ទើបកម្ពុជា រួចផុតពីការ ចោទប្រកាន់របស់សហគមន៍អន្តរជាតិ ពាក់ព័ន្ធដល់សិទ្ធិជនជាតិភាគតិច៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES