Saturday, April 27, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន អញ្ជើញ​បើក​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ ថ្ងៃ​២៨​ តុលា

សម្តេច​ហ៊ុន សែន អញ្ជើញ​បើក​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ ថ្ងៃ​២៨​ តុលា

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមទាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី១ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា “ក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំ ការប្រកួតកីឡាជាតិលើកទី១ ជាប្រវត្តិសាស្ត្រ ចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម។ ពិធីបើក និងពិធីបិទនៃការប្រកួត បានទទួល កិត្តិយសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមកម្មវិធីដូចខាង  ក្រោម ៖

-ពិធីបើក ៖ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៥ៈ៣០នាទី

-ពិធីបិទ ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១៥ៈ៣០នាទី

-ទីកន្លែង ៖ ពហុកីឡដ្ឋានជាតិ រាជធានី ភ្នំពេញ

កម្មវិធីបើក ប្រព្រឹត្តទៅដោយមានទស្សនីយភាពជាច្រើន ដូចជា ៖ ការលោតឆត្រយោង របស់កងពលតូចពិសេសឆត្រយោង ៩១១ ការ សម្តែងក្បាច់គុនរបស់កងទ័ពក្បាច់គុនល្បុក្កតោ ចលនាសមស្របរបស់គរុសិស្សអប់រំកាយនិង កីឡា ទស្សនីយភាពសិល្បៈជាច្រើនទម្រង់ អាយ៉ៃលោកព្រហ្ម ម៉ាញ តារាចម្រៀងលោក ព្រាប សុវត្ថិ កញ្ញាឱក សុគន្ធកញ្ញា និងកញ្ញា សុន ស្រីពេជ្រ មុននឹងក្បួនព្យុហយាត្រារបស់ ប្រតិភូកីឡារាជធានី-ខេត្ត និងក្រសួងនានា ចូលទីលានប្រារឰពិធី។

sokun-kan

ទន្ទឹមនឹងនោះ ក៏មានការរត់ភ្លើងគប់ ពី សំណាក់ព្រឹទ្ធាចារ្យកីឡាល្បីៗ និងកីឡាករ កីឡាការិនីវ័យក្មេងដែលមានកិត្តិស័ព្ទក្នុងវិស័យ កីឡា ដូចជា ៖ វីរកីឡាការិនី កែ ឡេង វីរ- កីឡាការិនី ស៊ន សៀវម៉ី កីឡាករប្រាក់ មុនីឧត្តម និងកីឡាករ ចាន់ វឌ្ឍនាកា។

ព្រឹត្តិការណ៍នេះ ជាកំណែទម្រង់នៃការ ប្រកួត និងជាការសាកល្បងដើម្បីវាស់ស្ទង់ គុណផលកីឡាជាតិ និងហ្វឹកហ្វឺនមន្ត្រីជំនាញ កីឡា ឱ្យមានចំណេះដឹងនិងបទពិសោធន៍គ្រប់គ្រាន់ សម្រាប់ត្រៀមលក្ខណៈ ធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកស្នេហាវិស័យកីឡា និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ អន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជើញចូលរួមក្នុងពិធីបើក និងពិធី បិទ នៃការប្រកួតកីឡាជាតិលើកទី១ ឱ្យបាន ច្រើនកុះករ អធិកអធម និងឱឡារិក ទៅតាម កន្លែង ពេលវេលាដែលបានកំណត់ខាងលើ តាមការគួរ”។

ដោយឡែក ពាក់ព័ន្ធការត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១នេះដែរ កាលពីថ្ងៃទី២៥ តុលា ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជននិងកីឡា បានបើកកិច្ចប្រជុំណែនាំបច្ចេក- ទេស ស្តីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាជាតិលើកទី១ ឆ្នាំ២០១៦ ក្រោមអធិបតី- ភាព លោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាដោះស្រាយនូវបញ្ហាមួយចំនួន ធ្វើឱ្យព្រឹត្តិការណ៍ ប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ ប្រព្រឹត្ត ទៅដោយភាពរលូនល្អ និងជោគជ័យ ដោយ មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រី មកពី អង្គភាព ក្រសួង និងស្ថាប័នពាក់ព័ន្ធ។

ក្នុងឱកាសនោះដែរ លោកហង់ ជួនណារ៉ុន ក៏បានប្រគល់នូវប័ណ្ណសរសើរជូនដល់តំណាង សហព័ន្ធកីឡាគ្រប់ប្រភេទដែលបានចូលរួមក្នុង ព្រឹត្តិការណ៍ដ៏សំខាន់នេះផងដែរ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES