Tuesday, April 16, 2024
Homeព័ត៌មានជាតិលោក​សម រង្សីុ​-​កឹម​ សុខា​ ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ សំុ​ប្រោស​ប្រទាន​លើក​លែង​ទោស

លោក​សម រង្សីុ​-​កឹម​ សុខា​ ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ សំុ​ប្រោស​ប្រទាន​លើក​លែង​ទោស

ភ្នំពេញ ៖ ប្រធាន និងអនុប្រធានគណបក្សសង្រជ្គោះតាិ លោកសម រង្ស៊ី និងលោក កឹម សុខា បានដាក់លិខិតថ្វាយព្រះមហាក្សត្រ ស្នើសុំប្រោសប្រទានការលើកលែងទោស និង ទម្លាក់ការចោទប្រកាន់ចំពោះរូបលោកទាំង២ រួមទាំងសកម្មជន សិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថានអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សកម្មជន    នយោបាយ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ និងកំពុងទទួល រងការចោទប្រកាន់ពីតុលាការ។

បន្ទាប់ពីទទួលបានលិខិតទូលថ្វាយសុំ លើកលែងទោសរបស់ប្រធាន និងអនុប្រធាន គណបក្សប្រឆាំង ព្រះមហាក្សត្រ បានបញ្ជូន ទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពិនិត្យ ពិចារណា តែសម្តេចនាយករដ្ឋមន្ត្រី ដែលជា ប្រធានគណបក្សកាន់អំណាច បានឆ្លើយតប បញ្ជាក់ថា ករណីលោកសម រង្ស៊ី និងកឹម សុខា និងអ្នកជាប់ឃុំទាំងនោះ គឺជារឿងអនុវត្តច្បាប់ សុទ្ធសាធ និងជាកិច្ចការរបស់តុលាការដែល ជាអំណាចឯករាជ្យ មិនអាចរំលោភបំពានបាន ឡើយ ហើយអ្នកប្រព្រឹត្តខុសច្បាប់ ត្រូវតែ ទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងសង្គមនីតិរដ្ឋ។

លិខិតរបស់គណបក្សសង្គ្រោះជាតិ លេខ ១៧៩៨/១៦គ..ជ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០១៦ ដែលចុះហត្ថលេខាដោយលោកសម រង្ស៊ី និងលោកកឹម សុខា ក្រាបថ្វាយបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ  នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា “ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពទូលបង្គំយើង ខ្ញុំជាប្រធាន និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវការ គាំទ្រយ៉ាងពេញទំហឹង និងដង្ហែតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ដូចមានក្នុងរាជសាររបស់ព្រះអង្គ ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា  សម័យ ប្រជុំរដ្ឋសភា លើកទី៧ នីតិកាលទី៥ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦។

បពិត្រព្រះករុណាជាអម្ចាស់ជីវិតលើត្បូង

ទូលបង្គំយើងខ្ញុំត្រៀមខ្លួនជានិច្ច ក្នុងការ ជួបជែកគ្នាដោះស្រាយបញ្ហាប្រឈមចំពោះមុខ ជាមួយថ្នាក់ដឹកនាំគណបក្សដែលមានអាសនៈ នៅក្នុងរដ្ឋសភា ក្នុងស្មារតីបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ឯកភាពជាតិ ជានាគ្នា ធ្វើការជាមួយគ្នា ដើម្បីសម្រេចឱ្យបាននូវទិសដៅរួមជា ជំហានៗ ធានាបាននូវសង្គមកម្ពុជា ប្រកបដោយ សុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ហើយនិង ការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងការ គោរពសិទ្ធិមនុស្ស ស្របតាមព្រះរាជតម្រិះដ៏ ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ស្របតាមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនេះដែរ ទូលបង្គំយើងខ្ញុំទូលសុំព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ទ្រង់ព្រះមេត្តាព្រះរាជតម្រិះប្រោស ប្រទាន ដើម្បីឱ្យមានការលើកលែងទោស និង ទម្លាក់ការចោទប្រកាន់ចំពោះសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជនបរិស្ថាន អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត សកម្មជននយោបាយ និងថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ និងកំពុងទទួលរងការចោទប្រកាន់ពីសំណាក់ តុលាការ ដោយព្រះរាជានុគ្រោះ ដូចដែល ព្រះអង្គបានប្រោសប្រទាន នាពេលកន្លងមក ដែលនាំឱ្យមានបរិយាកាសអំណោយផលឆ្ពោះ ទៅរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និង ឯកភាពជាតិ។

ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតថ្លែងអណរព្រះគុណ និងសម្តែងនូវកតញូកតវេទិតាធម៌ដ៏ខ្ពងខ្ពស់បំផុត ថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់ ដែលព្រះអង្គបានបំពេញព្រះរាជកិច្ចដ៏ ឧត្តុង្គឧត្តមជាព្រះមហាក្សត្រ និងជាព្រះប្រមុខ រដ្ឋដ៏ឆ្នើមនៃព្រះរាជាណចក្រកម្ពុជា ដើម្បីដឹកនាំ ប្រទេសជាតិ ឆ្ពោះទៅរកភាពសុខសាន្ត រុងរឿង ថ្កុំថ្កើង សម្បូរសប្បាយ សមដូចបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជានុរាស្ត្រខ្មែរ…”

ក្រោយទទួលបានលិខិតទូលថ្វាយសុំការ ប្រោសព្រះរាជទានទោសរបស់ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ខាងលើនេះ នៅ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ព្រះមហាក្សត្រ នៃព្រះរាជាណាកម្ពុជា ព្រះកុរណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាន ធ្វើព្រះរាជលិខិតជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបញ្ជាក់ ថា “សម្តេចអគ្គមហាសេនាបតីតេជោ ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុតនិងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំបានទទួលលិខិតលេខ១៧៩៨/១៦ គ..ជ ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ របស់ឯកឧត្តម សម រង្ស៊ី និងឯកឧត្តមកឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែល បានស្នើសូមខ្ញុំ ដើម្បីលើលែងទោស និងទម្លាក់ ចោលការចោទប្រកាន់ពីតុលាការ។

ខ្ញុំសូមផ្ញើសំណុំឯកសារខាងលើនេះ ជូន សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ…”

បន្ទាប់ពីទទួលបានព្រះរាជសាររបស់ព្រះមហាក្សត្រ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើលិខិតទូលថ្វាយឆ្លើយ តបដោយបញ្ជាក់ថា ករណីរបស់លោកសម រង្ស៊ី និងករណីលោកកឹម សុខា ក៏ដូចជាករណីផ្សេង ទៀត ដែលបានលើកឡើង ក្នុងលិខិតនោះ គឺ ជារឿងអនុវត្តច្បាប់សុទ្ធសាធ និងជាកិច្ចការ បស់តុលាការ។ ដូច្នេះអ្នកប្រព្រឹត្តខុសច្បាប់ ត្រូវ តែទទួលខុសត្រូវចំពោះមុខច្បាប់ ដែលជារឿង ធម្មតានៅក្នុងសង្គមនីតិរដ្ឋ។      

លិខិតរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៩៣៤ លស ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មាន ខ្លឹមសារថា “ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង ជាទីគារពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ទូល ព្រះបង្គំជាខ្ញុំបានទទួលរួចហើយនូវព្រះរាជសារ របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចុះថ្ងៃទី១១ ខែ តុលា ឆ្នាំ២០១៦ ដើម្បីទូលព្រះបង្គំជាខ្ញុំពិនិត្យ លើករណីលិខិត លេខ១៧៩៨/១៦ គ..ជ ចុះ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ របស់ឯកឧត្តម សម រង្ស៊ី និងឯកឧត្តមកឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបាន ស្នើសុំព្រះអន្តរាគមន៍ ដើម្បីលើកលែងទោស និងទម្លាក់ការចោទប្រកាន់ពីតុលាការ។

ចំពោះករណីឯកឧត្តមសម រង្ស៊ី និងឯកឧត្តមកឹម សុខា ខាងលើនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ទូលថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាជ្រាបដូច ខាងក្រោម ៖

ឯកឧត្តមសម រង្ស៊ី ត្រូវបានតុលាការ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ និង ពិន័យជាប្រាក់ចំនួន៨លានរៀល តាមអំណាច សាលក្រមព្រហ្មទណ្ឌ ៨៩ “ច” ចុះថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១១ របស់សាលាដំបូងរាជធានីភ្នំពេញ និងសាលដីកាព្រហ្មទណ្ឌលេខ១៧ ក្រ៥.ប ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២១០៣ របស់ សាលាឧទ្ធរណ៍។ យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចមាន តួនាទីនិងភារកិច្ចក្នុងការអនុវត្តតាមការសម្រេច នានារបស់តុលាការ ដោយអនុវត្តទៅតាមនីតិវិធីជាធរមាន។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលជាស្ថាប័នទទួលបន្ទុកអនុវត្ត សេចក្តីសម្រេចព្រហ្មទណ្ឌ បានចេញដីកាបង្គាប់ ឱ្យចាប់ខ្លួន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥។ ប៉ុន្តែឯកឧត្តមសម រង្ស៊ី បានរត់គេច ពីការតាមស្វែងរកចាប់ខ្លួនរបស់តុលាការ ដោយ មិនទទួលខុសត្រូវចំពោះអំពើខុសច្បាប់របស់ ខ្លួន។ ទន្ទឹមនេះ បច្ចុប្បន្ន ឯកឧត្តមសម រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងសំណុំរឿងមួយចំនួនទៀត ដែលស្ថិតក្នុងសមត្ថកិច្ចនៃតុលាការផងដែរ។

ឯកឧត្តមកឹម សុខា ត្រូវបានចោទប្រកាន់ពីបទ “បដិសេធក្នុងការចូលខ្លួន” តាម មាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល៥ខែ និងពិន័យជាប្រាក់ ចំនួន៨សែនរៀល តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ២៤៦៧ “គ” ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦។ ករណីនេះ ឯកឧត្តមកឹម សុខា តាមរយៈមេធាវីរបស់ខ្លួន បានសម្រេចប្តឹងឧទ្ធរហណ៍ ទៅសាលាឧទ្ធរណ៍រួចហើយដែរ ដែលនេះបាន បង្ហាញអំពីការប្រើសិទ្ធក្នុងការការពារខ្លួនតាម ផ្លូវច្បាប់ ដោយរួមទាំងសិទ្ធិក្នុងការប្តឹងតវ៉ាទៅ តុលាកជាន់ខ្ពស់ ក្នុងករណីដែលខ្លួនមិនសុខចិត្ត ចំពោះការសម្រេចនានារបស់តុលាការជាន់ទាប ហើយដែលសិទ្ធិទាំងនេះត្រូវបានធានាការពារ ដោយក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស ធានាដោយមាត្រា៣៨ កថាខណ្ឌទី៧ នៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ជនគ្រប់រូប មាន សិទ្ធិការពារខ្លួនតាមផ្លូវតុលាការ”។

ទួលបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាជ្រាបថា ករណីរបស់ឯកឧត្តមសម រង្ស៊ី និងករណីរបស់ឯកឧត្តមកឹម សុខា ក៏ដូចជា ករណីបុគ្គលផ្សេងទៀត ដែលបានលើឡើងនៅ ក្នុងលិខិតរបស់ឯកឧត្តមសម រង្ស៊ី និងឯកឧត្តម កឹម សុខា ខាងលើ គឺជារឿងអនុវត្តច្បាប់សុទ្ធសាធ និងជាកិច្ចការរបស់តុលាការ។ យោងតាម មាត្រា១២៨ថ្មី និងមាត្រា១៣០ថ្មី នៃរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា អំណាចតុលាការ ជាអំណាចឯករាជ្យ ហើយគ្មានអង្គការណាមួយ នៃអំណាចនីតិប្បញ្ញត្តិ ឬនីតិប្រតិបត្តិ អាច ទទួលអំណាចតុលាការអ្វីបានឡើយ។ អ្នកប្រព្រឹត្ត ខុសច្បាប់ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់  ដែលនេះគឺជារឿងធម្មតានៅក្នុងសង្គមនីតិរដ្ឋ  ហើយស្របតាមស្មារតីនៃមាត្រា៤៩ កថាខណ្ឌ ទី១ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា “ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវ គោរពរដ្ឋធម្មនុញ្ញ និងគោរពច្បាប់”។ ទន្ទឹមនេះ មាត្រា៥២ វាក្យខណ្ឌទី២ នៃរដ្ឋធម្មនុញ្ញ នៃ ព្រះរាជាណាចក្រកម្ពុជា ក៏បានចែងដែរថា “រាជរដ្ឋាភិបាលកម្ពុជា ត្រូវការពារនីត្យានុកូលភាព ធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ”។ ក្នុងន័យនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល កម្ពុជា ទូលព្រះបង្គំជាខ្ញុំមានជំនឿដ៏មុតមាំថា ការពង្រឹង និងការលើកកម្ពស់នីតិរដ្ឋ តាមរយៈ ការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវម៉ឺងម៉ាត់ និង មានប្រសិទ្ធភាព គឺជាចាំបាច់ និងជាកត្តាគន្លឹះ ដើម្បីជួយឱ្យប្រទេសជាតិ មានរបៀបរៀបរយ  ស្ថិរភាព និងសន្តិសុខ ជាពិសេស ជួយឱ្យលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សរបស់កម្ពុជា មាន កិច្ចដំណើរការទៅមុខប្រកបដោយចីរភាព។

សេចក្តីដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តា ទទួលជ្រាបជាសេចក្តីរាយការណ៍ដ៏ខ្ពង់ខ្ពស់ បំផុត” សូមព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះ មេត្តាទទួលនូវភក្តីភាពដ៏ខ្ពង់ខ្ពស់បំផុត និង សេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំ ជាខ្ញុំ។

នៅថ្ងៃដដែលនោះ បន្ទាប់ពីទទួលបាន លិខិតក្រាបបង្គំទូលថ្វាយរបស់សម្តេនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីៃនាព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា “សម្តេច អគ្គមហាសេនាបតីតេជោ ជាទីរាបអានដ៏ខ្ពង់ខ្ពស់បំផុត និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ខ្ញុំ បានទទួលលិខិតចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជា របាយការណ៍ឆ្លើយតបទៅនឹងព្រះរាជសារចុះ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ស្តីពីសំណើ របស់ឯកឧត្តមសម រង្ស៊ី និងឯកឧត្តមកឹម សុខា ជាប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ស្នើសូមអន្តរាគមន៍ដើម្បិលើកលែងទោស និងទម្លាក់ចោលការចោទប្រកាន់ពីតុលាការ។

ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និង សូមកោតសរសើរដ៏កក់ក្តៅជាទីបំផុត ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានបកស្រាយបំភ្លឺលិខិតខាងលើនេះ។

ខ្ញុំសូមជូនពរសម្តេចអគ្គមហាសេនាបតីតេជោ និងសមាជិក សមាជិកាដ៏ឧត្តុ

ត្តមទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកបតែនឹងព្រះពុទ្ធពរតី អាយុវណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀតឃ្លាតឡើយ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត និង ស្រលាញ់ដ៏ជ្រាលជ្រៅបំផុត អំពីខ្ញុំ។

ជុំវិញបញ្ហាខាងលើនេះ លោកគល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល បានសរសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ថា “យោងតាមរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមានព្រះរាជសិទ្ធិធានាការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ ការលើកលែងទោស និង ព្រះរាជតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល។ មេដឹកនាំរដ្ឋាភិបាល មិនអាចអព្យាក្រឹតនយោបាយដូចព្រះមហាក្សត្រទេ ព្រោះនាយករដ្ឋមន្ត្រី ជាគូប្រកួតនយោបាយជាមួយមេដឹកនាំគណបក្សប្រឆាំង ដូចនេះមានទំនាស់ផលប្រយោជន៍ ខ្លាំងក្នុងកាផ្តល់យោបល់ករណីរបៀបនេះ”។

ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោកយឹម សុវណ្ណ បានបញ្ជាក់ថា ការ ដែលគណបក្សបានដាក់លិខិតសុំព្រះរាជអន្តរាគមន៍ព្រះមហាក្សត្រឱ្យមានការលើកលែងទោស នេះ ព្រោះការដោះលែងអ្នកទាំងនេះ ជាការ បើកផ្លូវមួយ ដើម្បីឱ្យបរិយាកាស នយោបាយ កម្ពុជា មានភាពល្អប្រសើរ ជាពិសេសអំណោយ ផលដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

ទោះយ៉ាងណា អ្នកពាក្យគណបក្សប្រជាជន កម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា ការ ស្នើរបស់លោកកឹម សុខា និងលោកសម រង្ស៊ី មិនត្រូវទៅតាមនីតិវិធី ដែលនេះជាការមើលងាយប្រមុខរាជរដ្ឋាភិបាល មើលងាយស្ថាប័ន តុលាការ មើលងាយក្រសួងយុត្តិធម៌ ហើយ មិនអាចទៅរួចទេ។

លោកសុខ ឥសាន មានប្រសាសន៍ថា “សម្តេចបានលើកឡើងច្បាស់ហើយ អាហ្នឹងជា នីតិវិធីរបស់តុលាការ ពេលណាដែលទណ្ឌិត ត្រូវបានកាត់ទោសហើយ និងសាលក្រមស្ថាពរ ពីតុលាការ ហើយ ត្រូវចូលពន្ធនាគារហើយអនុវត្ត ទោសហ្នឹងរហូតដល់២ភាគបី នៃរយៈពេលដែល កាត់ទោសហ្នឹង បានគេមើលថា តើទណ្ឌិតនោះ បានកែប្រែអត្តចរិត អាកប្បកិរិយាយ៉ាងម៉េច? បានប្រធានគុកគេវាយតម្លៃ ផ្ញើមកក្រសួងយុត្តិធម៌។ ហើយក្រសួងយុត្តិធម៌ ត្រូវរាយការណ៍ ជូនមកប្រមុខរាជរដ្ឋាភិបាល ហើយបើពិនិត្យ ទៅឃើញថា ទណ្ឌិតហ្នឹងបានអនុវត្តទោសហើយ មានការកែប្រែអត្តចរិត អាកប្បកិរិយា ឥរិយាបថផ្សេងៗហ្នឹងហើយ អាហ្នឹងបានថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល លោកពិចារណាថា គួរលើកលែង ទោសឬអត់? បើថាគួរហើយ បានលោកធ្វើ លិខិតថ្វាយព្រះករុណា ដើម្បីសុំព្រះតម្រិះរបស់ ព្រះករុណា ដើម្បីចេញព្រះរាជក្រឹត្យលើកលែង ទោស។ ហើយឯកឧត្តមសម រង្ស៊ី និងឯកឧត្តមកឹម សុខា គាត់ទៅធ្វើបញ្ច្រាសទិស វាមិន ត្រូវទៅតាមនីតិវិធីមិញហ្នឹងទេ អាហ្នឹងវា មិន អាចទៅរួចទេ។ អ៊ីចឹងគាត់ធ្វើផ្ទាល់ព្រះករុណា ផ្ទាល់អ៊ីចឹង បានន័យថា គាត់មើលងាយប្រមុខ រាជរដ្ឋាភិបាល មើលងាយស្ថាប័នតុលាការ មើល ងាយក្រសួងយុត្តិធម៌។ អ្វីក៏ដោយ ត្រូវឡើង ពីក្រោមអ្វី ក៏ដោយត្រូវឡើងតាមកាំជណ្តើរ ជា បន្តបន្ទាប់ មិនមែនធ្វើតាមអំពើចិត្តគាត់ទេ។ អ៊ីចឹងដូចប្រមុខរាជរដ្ឋាភិបាល លោកបានក្រាបថ្វាយបង្គំទូលព្រះករុណាហើយថា មិនអាចទៅ រួចទេ គេមិនអាចយកវប្បធម៌និទ្ទណ្ឌភាពមក អនុវត្តចំពោះនីតិរដ្ឋបានទេ។ ហើយចំណុមួយ ទៀត ខ្ញុំយល់ថា គាត់អស់ផ្លូវដើរហើយ ទៅ ពឹងបរទេសណាផ្សេងៗ ទៅខាងលិចក៏មិនកើត  ទៅខាងជើងក៏មិមកើត ទៅពឹងឯណាក៏មិនបាន អ៊ីចឹងទីបំផុត រត់មករកព្រះកូណាវិញ។ ហើយ ប៉ុន្មានថ្ងៃមុន គាត់បានទៅអាមេរិក ហើយគាត់ បង្ហោះហ្វេសប៊ុកមក គាត់ថា ឱ្យគណបក្សទាំង ២ហ្នឹង ពិភាក្សាគ្នាដោះស្រាយបញ្ហានយោបាយ។ គណបក្សប្រជាជន មានទៅទាស់អីជាមួយ គណបក្សគាត់ គឺគាត់ទេដែលទាស់ជាមួយច្បាប់។ អ៊ីចឹងគាត់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តាមរយៈនីតិវិធីតុលាការ អ៊ីចឹងបានទៅរួច។ ហើយជាសំណូមរបស់គាត់ ចង់បានណាស់  ប្រទេស នីតិរដ្ឋ ឥឡូវចូលដល់ប៉ះពាល់ខ្លួនឯង ម៉េចក៏ចង់ រំលងនីតិរដ្ឋទៅវិញ?”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES