Friday, April 19, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា តុលា​ការ​កំពូល​បង្គាប់​ឲ្យ​ចូល​សវនា​ការ​ថ្ងៃ​២៨ តុលា

លោក​កឹម សុខា តុលា​ការ​កំពូល​បង្គាប់​ឲ្យ​ចូល​សវនា​ការ​ថ្ងៃ​២៨ តុលា

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ត្រូវបានមហាអយ្យការ អមតុលាការកំពូល ចេញដីកាកោះហៅឱ្យចូល សវនាការ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ ពាក់ព័ន្ធនឹងការដាក់ឱ្យស្ថិតនៅ ក្រោមការពិនិត្យ ពីបទ “បដិសេធក្នុងការចូល ខ្លួន”។

ដីកាកោះហៅជនជាប់ចោទឱ្យចូលសវនាការ របស់អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការ អមតុលាការកំពូល ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៦ បានបញ្ជាក់ថា “ក្រោយពីបានពិនិត្យ សំណុំរឿងព្រហ្មទណ្ឌលេខ៥០ ចុះថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០១៦ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ (អ្នកប្តឹងសាទុក្ខ)

ត្រូវដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពី បទ ៖ បដិសេធក្នុងការចូលខ្លួន ប្រព្រឹត្តនៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០១៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យ ផ្តន្ទាទោស តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌ។

kem-soka1

ហេតុដូច្នេះ សម្រេចបង្គាប់ឱ្យឈ្មោះកឹម សុខា ភេទប្រុស អាយុ៦៣ឆ្នាំ ជាជនជាតិខ្មែរ មានអាសយដ្ឋាន ផ្ទះលេខ៩៧ ផ្លូវលេខ ៣១៣ សង្កាត់បឹងកក់២ ខណ្ឌបឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ចូលមកតុលាការកំពូល នៅថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦ វេលាម៉ោង៨ៈ០០ (សាលសវនាការ ទី២ ដើម្បីចូលរួមសវនាការ អំពី ដំណើររឿងខាងលើ”។

ពាក់ពន្ធនឹងដីកាកោះឱ្យចូលសវនាការ របស់តុលាការកំពូល ខាងលើនេះ មេធាវីរបស់ លោកកឹម សុខា បញ្ជាក់ថា ដីកានេះ ធ្វើឡើង តាមការស្នើសុំរបស់ក្រុមមេធាវីការពារក្តីឱ្យ លោកកឹម សុខា ។ ដូច្នេះក្រុមមេធាវីនឹងលើក សំណើទៅតុលាការកំពូល ឱ្យពិនិត្យឡើងវិញ លើ នីតិវិធីនៃការស៊ើបសួររបស់ចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញ។

លោកសំ សុគង់ មេធាវីម្នាក់ ក្នុងចំណោម មេធាវីការពារក្តីលោកកឹម សុខា ទាំង៥នាក់ បានបញ្ជាក់ថា ការចោទប្រកាន់កូនក្តីលោកកន្លង មក ធ្វើឡើងដោយខុសនីតិវិធី ខណៈដែលកូន ក្តីរបស់លោកនៅមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ និងមិនបានប្រព្រឹត្តបទល្មើសជាក់ស្តែង នោះទេ។ ដូច្នេះលោកសង្ឃឹមថា តុលាការកំពូល នឹងផ្តល់យុត្តិធម៌ បន្ទាប់ពីសាលាឧទ្ធរណ៍បាន ច្រានបណ្តឹងរបស់មេធាវី និងបានតម្កល់សាល ដីការបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជា បានការនោះ។

ទោះបីយ៉ាងណា លោកសំ សុគង់ បញ្ជាក់ ថា លោកកឹម សុខា ជាកូនក្តី មិនអាចចូល សវនាការដោយផ្ទាល់បានទេ មានតែពឹងពាក់ មេធាវីឱ្យទៅជំនួស ហើយក្រុមប្រឹក្សាក៏ត្រៀម ពិភាក្សាគ្នា ដើម្បីផ្តល់យុទ្ធសាស្ត្រជូនកូនក្តី មុនសវនាការតុលាការកំពូលនោះមកដល់។

លោកសំ សុគង់ មានប្រសាសន៍ថា “បាទ! ទាក់ទងទៅនឹងដីកាកោះហៅឱ្យចូលទៅសវនាការថ្ងៃទី២៨នេះ វាពាក់ព័ន្ធទៅនឹងបណ្តឹង សាទុក្ខមួយ ទាក់ទងទៅនឹងបណ្តឹងរបស់ក្រុមមេធាវី សុំមោឃភាពនីតិវិធី ដែលសភាស៊ើបសួរនៅសាលាឧទ្ធរណ៍ហ្នឹង បានបដិសេធ បាន ច្រានបណ្តឹងរបស់មេធាវី កាលពីអំឡុងខែកញ្ញា កន្លងទៅ ហើយទាក់ទងទៅនឹងសវនាការនេះ ក្រុមមេធាវីការពារ បានទទួលសិទ្ធិ ក៏ដូចជា ការពឹងពាក់ពីឯកឧត្តមកឹម សុខា ដើម្បីឱ្យទៅ ការពារសិទ្ធិ និងការពារច្បាប់ នៅចំពោះមុខ តុលាការកំពូល ទៅតាមការកោះហៅរបស់ តុលាការកំពូល។ ក្រុមមេធាវី ចូលការពារគ្រប់គ្រាន់ ហើយដោយសារយើងនិយាយទាក់ទងពី បញ្ហាផ្លូវច្បាប់ និងនីតិវិធីដែលសាលាដំបូងរាជធានីភ្នំពេញហ្នឹង បានអនុវត្តកន្លងមក នៅមាន កំហុស។ ចំពោះទាក់ទងសាលាឧទ្ធរណ៍ គ្រាន់តែ គេយល់ឃើញថា ការដែលនីតិវិធីរបស់សាលា ដំបូងរាជធានីភ្នំពេញ បានធ្វើកន្លងមក មាន លក្ខណៈត្រឹមត្រូវ កេសំអាងហេតុតែប៉ុណ្ណឹង ហើយគេសម្រេចច្រានបណ្តឹងរបស់ក្រុមមេធាវី ការពារថា ទុកជាមោឃៈ ទុកជាមិនអាចទទួល យកបាន”។

លោកសំ សុគង់ មានប្រសាសន៍បន្តថា “ក្រុមមេធាវីនៅតែមានសេចក្តីទុកចិត្ត និងសង្ឃឹម ទៅលើតុលាការកំពូល ដោយសារតុលាការ កំពូល ជាតុលាការជាន់ខ្ពស់ ហើយជាតុលាការ មួយដែលប្រជាពលរដ្ឋមានទំនុកចិត្ត ហើយ ឈរទៅលើអង្គហេតុនិងអង្គច្បាប់ជាគោល ហើយនឹងផ្តល់នូវយុត្តិធម៌ចំពោះជនរងគ្រោះ ក៏ដូចជាជនជាប់ចោទផ្សេងៗហ្នឹង។ ខ្ញុំគិតថា សេចក្តីសម្រេចនិងសាលដីកានេះមានផលប្រយោជន៍ណាស់ចំពោះការសម្រេចសេចក្តីរបស់ សាលាឧទ្ធរណ៍ ហើយនិងទៅលើអង្គសេចក្តីទាក់ទងនឹងការផ្តន្ទាទោសហ្នឹង ដើម្បីធ្វើយ៉ាងណា ឱ្យតុលាការពិចារណាពីការដាក់ការផ្តន្ទាទោស របស់តុលាការជាន់ទាប តុលាការក្រុងភ្នំពេញ ហ្នឹង ហើយនិងទម្លាក់បទចោទរបស់កូនក្តី នាពេលអនាគត”។

គួរបញ្ជាក់ថា លោកកឹម សុខា បានស្នាក់ នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅ ឯសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អស់រយៈពេលជិត៥ខែមកហើយ បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចចោទ ប្រកាន់ពីបទល្មើសជាក់ស្តែង “បដិសេធក្នុងការ ចូលខ្លួន” កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ ទោស ឱ្យជាប់ពន្ធនាគារ៥ខែ និងពិន័យប្រាក់ ៨០ម៉ឺនរៀល ពីបទ “បដិសេធចូលខ្លួន” ដោយសារតែលោកមិនបានបង្ហាញខ្លួនតាមដីកាកោះ របស់តុលាការក្នុងឋានៈជាសាក្សីក្នុងសំណុំរឿង “សញ្ចារកម្ម” ពាក់ព័ន្ធតំណាងរាស្ត្រ២រូប របស់ គណបក្សសង្គ្រោះជាតិ គឺលោកតុ វ៉ាន់ចាន់ និងលោកពិន រតនា តាមបណ្តឹងរបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេ ទម្លាយពីទំនាក់ទំនងផ្លូវភេទជាមួយលោកកឹម សុខា៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES