Friday, March 29, 2024
Homeព័ត៌មានជាតិត្រៀម​​ព្រះ​​រាជ​​ពិធី​​ខួប​​លើក​​ទី​១២ ការ​​គ្រង​​រាជ​​សម្បត្តិ​​ព្រះ​​មហា​​ក្សត្រ​​កម្ពុជា

ត្រៀម​​ព្រះ​​រាជ​​ពិធី​​ខួប​​លើក​​ទី​១២ ការ​​គ្រង​​រាជ​​សម្បត្តិ​​ព្រះ​​មហា​​ក្សត្រ​​កម្ពុជា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិអន្តរជាតិ បានដាក់ចេញនូវផែនការ ណែនាំស្តីពីការចាត់តាំងរៀបចំព្រះរាជពិធីបុណ្យ ខួបលើកទី១២ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

យោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ លេខ ១២/២០១៦ គជបអ ចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ សម្តេចចៅហ្វាវាំង គង់ សំអុល មានខ្លឹមសារ ថា “ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦ គឺជា ទិវាខួបលើកទី១២ នៃការឡើងគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវ បានក្រុមប្រឹក្សារាជសម្បត្តិ បោះឆ្នោតជ្រើសរើស ជាឯកច្ឆន្ទ នាថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំវក ឆស័ក ព.ស ២៥៤៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះរាជគោរមងារថា “ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រី ពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ហើយសម្រេច យកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ជាទិវាប្រវត្តិសាស្ត្រនៃការឡើងគ្រងព្រះបរមរាជសម្បត្តិ។  គឺថ្ងៃនេះហើយដែលប្រជារាស្ត្រខ្មែរគ្រប់រូប បានសម្តែងឆន្ទៈនិងមនោសញ្ចោតនារបស់ខ្លួន សប្បាយរីករាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះ  ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គសព្វព្រះរាជហប្ញទ័យ ទ្រង់គ្រងព្រះបរមរាជសម្បត្តិ ដើម្បីបានគង់ជាម្លប់ដ៏សុខក្សេមក្សាន្ត ត្រជាក់ត្រជំរបស់មាតុភូមិអង្គរ និងប្រជារាស្ត្រខ្មែរ របស់ព្រះអង្គ។

ដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងថ្វាយ ព្រះរាជសព្ទសាធុការពរបវរមហាប្រសើរចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ប្រកបដោយ ព្រះបញ្ញាញាណ និងព្រះរាជហប្ញទ័យសន្តោស ដ៏ថ្លៃថ្លា សូមទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ យូរអង្វែង គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិអន្តរជាតិ សូមធ្វើការណែនាំដូច តទៅនេះ ៖

.ក្រសួងព្រះបរមរាជវាំង ត្រូវចាត់តាំង រៀបចំព្រះរាជពិធីបុណ្យខួបលើកទី១២ នៃទិវា គ្រងព្រះបរមរាជសម្បត្តិរបស់ព្រះមហាក្សត្រ  នៅក្នុងព្រះបរមរាជវាំង តាមព្រះរាជប្បវេណី និងប្រពៃណីសាសនា តាមការសព្វព្រះរាជហប្ញទ័យរបស់ព្រះករុណាជាអម្ចាស់ជីវិតលើ ត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

.គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និង ស្ថាប័ន ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមាន តែងលម្អភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ និងសារលិខិតថ្វាយព្រះពរ ព្រមទាំងចងទង់ជាតិ បដាពាក្យស្លោកថ្វាយព្រះពរ នៅតាម ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័នរបស់ខ្លួន។

.រាជធានី និងគ្រប់ខេត្ត ត្រូវរៀបចំតាំង ព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ដោយតែងលម្អភ្លើងពណ៌ ចង ទង់ជាតិ បដាពាក្យស្លោក មានសារលិខិត ថ្វាយព្រះពរ និងណែនាំម្ចាស់រោងចក្រ សហគ្រាស និងប្រជារាស្ត្រ ឱ្យចងទង់ជាតិ បដាពាក្យស្លោកឱ្យបានគ្រប់អង្គភាព និងគ្រប់គេហដ្ឋាន។ ត្រូវចាត់តាំងរៀបចំព្រះរាជពិធីបុណ្យនេះ ឱ្យ បានសមស្របតាមលទ្ធភាពជាក់ស្តែង ក្នុងក្របខ័ណ្ឌរាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ដោយ មានវត្តមានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខអ្នកការ ប្រជាពលរដ្ឋ ចូលរួមឱ្យបាន ច្រើនកុះករ ព្រមទាំងមានកម្មវិធីចុះសួរសុខទុក្ខ អ្នកជំងឺតាមមន្ទីរពេទ្យ មណ្ឌលជនពិការ ចាស់ជរា កុមារកំព្រាផង។

.ក្រសួងព័ត៌មាន ត្រូវណែនាំចាត់ឱ្យ បណ្តាញវិទ្យុ ទូរទស្សន៍ជាតិ និងឯកជន តាមដានយកព័ត៌មាន ធ្វើការផលិតផ្សព្វផ្សាយទូលំទូលាយនូវព្រះរាជសកម្មភាព និងស្នាព្រះហស្ត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវ ធ្វើការណែនាំគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ រាជធានី ខេត្ត ចាត់តាំងក្រុមតន្ត្រីសិល្បៈបុរាណ សម័យ សម្តែងជូនប្រជារាស្ត្រទស្សនាកម្សាន្ត សប្បាយនៅតាមទីសាធារណៈ ដើម្បីចូលរួម អបអរសាទរក្នុងទិវាជាប្រវត្តិសាស្ត្រនេះ នៅ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។

.ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ត្រូវណែនាំដល់អង្គភាពក្រោមឱវាទ ឱ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ បម្រើការរៀបចំព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះមហាក្សត្រ ឱ្យធានាបានសុវត្ថិភាព និងភាព សប្បាយរីករាយ។ ចាត់តាំងឱ្យមានការអុជ កាំជ្រួច អបអរសាទរ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៩ៈ០០យប់។

.គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិអន្តរជាតិ ត្រូវមានផែនការបែងចែកតាម ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អំពាវនាវ សប្បុរសជន អង្គការក្រៅរដ្ឋាភិបាល អង្គការ មនុស្សធម៌ ក្រុមហ៊ុនឯកជន ជួយឧបត្ថម្ភសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគផ្សេងៗ ចុះសួរសុខទុក្ខអ្នកមានជំងឺកំពុងសម្រាកព្យាបាលនៅ តាមមន្ទីរពេទ្យ មណ្ឌលជនពិការ និងមណ្ឌល កុមារកំព្រា ចាស់ជរា ដើម្បីសម្តែងមនោសញ្ចោតនាអាណិតស្រលាញ់រាប់អាន លើកទឹកចិត្ត និងជួយគ្នាទៅវិញទៅមក។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ សង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រាជធានី និងគ្រប់ ខេត្ត ចាត់តាំងអនុវត្តតាមស្មារតីនៃផែនការ ណែនាំនេះឱ្យបានសម្រេចលទ្ធផលល្អប្រសើរ”។

ដោយឡែកចំពោះពាក្យស្លោក សម្រាប់ ប្រើក្នុងព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការ គ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ៖

អបអរសាទរខួបលើកទី១២ នៃព្រះរាជពិធីបុណ្យគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា សូមមានព្រះរាជសុខភាពល្អ និងព្រះជន្មាយុយឺនយូរ

ជយោ ! លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា

ជយោ ! សន្តិភាព និងការបង្រួបបង្រួម ជាតិ

ជយោ ! សន្តិភាព និងការអភិវឌ្ឍ

ជយោ ! ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES