Saturday, April 27, 2024
Homeព័ត៌មានជាតិសកម្ម​ជន​បក្ស​ប្រឆាំង​ថា កូន​ស្រី​លោក កឹម សុខា ប្រមាថ​លោក​សម រង្ស៊ី

សកម្ម​ជន​បក្ស​ប្រឆាំង​ថា កូន​ស្រី​លោក កឹម សុខា ប្រមាថ​លោក​សម រង្ស៊ី

ភ្នំពេញ ៖ សកម្មជនគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង នៅក្រៅប្រទេស បានធ្វើលិខិតជូនគណៈកម្មាធិការអចិន្ត្រៃយ៍ និង គណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ សំណើសុំជួយ ធ្វើការកែតម្រូវអាកប្បកិរិយា និងឥរិយាបថមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ដោយចោទប្រកាន់ថា បានប្រមាថ លោកសម រង្ស៊ី ប្រធានគណបក្ស ដែលកំពុង ស្ថិតនៅក្រៅប្រទេស។

kem-soka1

លិខិតរបស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយតំណាង ៦រូប រួមមានឈ្មោះទីម ណារិទ្ធ ហៃ វណ្ណា ជាដើម បានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅ ខាងក្រៅប្រទេស មានការសោកស្តាយយ៉ាង ខ្លាំងក្រោយពីបានឃើញព័ត៌មានដែលបានចុះ ផ្សាយនៅកាសែត Cambodia daily ទាក់ទិន នឹងកញ្ញាកឹម មនោវិទ្យា ដែលបានធ្វើការប្រមាថ ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាថ្នាក់ដឹកនាំរបស់ខ្លួនយ៉ាងចាស់ដៃ លើបណ្តាញសង្គម ទឹតិតរេ។ យើងខ្ញុំទាំងអស់គ្នា ធ្វើការសាទរ ចំពោះការរិះគន់ទាំងឡាយណាក្នុងន័យស្ថាបនា ប៉ុន្តែទង្វើរបស់កញ្ញាកឹម មនោវិទ្យា នៅពេល កន្លងមកនេះ មានលក្ខណៈជាការវាយប្រហារ និងប្រមាថមើលងាយលោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិទាំងស្រុង។ យើងខ្ញុំទាំង អស់គ្នា មានការព្រួយបារម្ភចំពោះសកម្មភាព ដូចបានរៀបរាប់ជូនខាងលើបានក្លាយជារូបភាព មិនល្អ និងអាចបង្កើតឱ្យមានសញ្ញាណនៃការ បែកបាក់នៅថ្ងៃខាងមុខ ក្នុងជួរគណបក្សសង្គ្រោះ ជាតិ នៅក្រៅប្រទេសក្នុងករណីកញ្ញាកឹម មនោវិទ្យា មិនធ្វើការកែតម្រូវ។ យើងខ្ញុំទាំងអស់គ្នា សង្ឃឹមយ៉ាងមុតមាំថា គណបក្សនឹងចាត់វិធានការចំពោះរឿងនេះ”។

គួរបញ្ជាក់ថា ការបញ្ចោញមតិរិះគន់ទៅ លើលោកសម រង្ស៊ី ពីសំណាក់កញ្ញាកឹម មនោវិទ្យា អនុប្រធានផ្នែកកិច្ចការសាធារណៈរបស់ គណបក្សសង្គ្រោះជាតិ និងជាកូនស្រីលោកកឹម  សុខា បានធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតណែនាំឱ្យអាជ្ញាធរអន្តោប្រវេសន៍ ចាត់វិធានការទប់ស្កាត់មិនឱ្យលោកសម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញនោះ កញ្ញាកឹម មនោវិទ្យា បានសរសេរជាភាសាអង់គ្លេសមួយនៅ លើបណ្តាញសង្គមធ្វីតធឺរ (Twitter)កាលពី យប់ថ្ងៃទី២៣ តុលា ឆ្នាំ២០១៦ ថា អស់ រយៈពេលមួយឆ្នាំមកហើយ គឺនៅពេលនេះ លោកសម រង្ស៊ី អាចប្រកាសជាផ្លូវការនូវការ និរទេសខ្លួន និងមានហេតុផលស្របច្បាប់ក្នុងការ ស្ថិតនៅបរទេសបន្តទៀត ហើយនាងបានបញ្ជាក់ ថា រដ្ឋាភិបាលខ្មែរ នឹងហៅស្ថានភាពនេះថា ជាការឈ្នះៗ គឺសម រង្ស៊ី ក៏ឈ្នះ គណបក្ស-    ប្រជាជនកម្ពុជា ក៏ឈ្នះ…។

ជាការកត់សម្គាល់កន្លងដែរនេះ មិនមែន ជាលើកទី១ ទេដែលកញ្ញាកឹម មនោវិទ្យា បាន រិះគន់ថ្នាក់ដឹកនាំកំពូលរបស់ខ្លួន នៅតាមបណ្តាញ សង្គមនោះ។ កាលពីសប្តាហ៍មុន មន្ត្រីគណ- បក្សសង្គ្រោះជាតិរូបនេះ ក៏បានសរសេររិះគន់ លោកសម រង្ស៊ី ដែលមានបំណងចង់វិលត្រឡប់ មកកាន់កម្ពុជាវិញ នៅលើបណ្តាញសង្គមធ្វីតធឺរ ផងដែរ ដោយហៅបំណងនោះថា មិនស្មោះ- ត្រង់។ ការរិះគន់ នាពេលនោះ គឺនៅក្រោយ ពេលដែលលោកសម រង្ស៊ី តាមរយៈលោកយឹម សុវណ្ណ ដែលជាអ្នកនាំពាក្យគណបក្សប្រឆាំង បានប្រកាសចង់មកចូលគុកនៅស្រុកខ្មែរ ប្រសិន បើមានការដោះដូរឱ្យមន្ត្រីនិងសកម្មជនរបស់ខ្លួន ដែលកំពុងជាប់ឃុំមានសេរីភាពឡើងវិញនោះ។

ក្រៅពីការរិះគន់ទាំងនេះ កញ្ញាកឹម មនោ- វិទ្យា ក៏ធ្លាប់បានលើកឡើងប្រាប់បណ្តាញសារ- ព័ត៌មានថា បើទោះបីអត់ពីលោកសម រង្ស៊ី ក៏- ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែមាន ដំណើរការជាធម្មតា ព្រោះសមាជិកគណបក្ស នីមួយៗកំពុងបំពេញតួនាទីរបស់រៀងៗខ្លួន។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការស្នើ របស់សកម្មជនគណបក្សសង្គ្រោះជាតិ នៅក្រៅ ប្រទេសខាងលើនេះ សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោកជាម ច័ន្ទនី បានប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ថា គណៈកម្មាធិការអចិ- ន្ត្រៃយ៍ និងគណៈកម្មាធិការវិន័យ គណបក្ស សង្គ្រោះជាតិ មិនទាន់បានធ្វើការប្រជុំពិនិត្យ ពិភាក្សានៅឡើយទេ ហើយក៏មិនទាន់បានដឹង ច្បាស់ពីព័ត៌មាននេះដែរ។ ដូច្នេះលោកមិនអាច ធ្វើអត្ថាធិប្បាយបានទេ។

ដោយឡែក កញ្ញាកឹម មនោវិទ្យា មិន អាចទាក់ទងសុំយោបល់បានទេ ជុំវិញរឿងរិះគន់ មេបក្សខ្លួនឯងនេះ។ ប៉ុន្តែកន្លងមក មន្ត្រីជាន់- ខ្ពស់នៅក្នុងគណបក្សប្រឆាំងខ្លះ បានថ្លែងថា មិនចាប់អារម្មណ៍សម្តីរិះគន់នោះទេ ព្រោះថា ជាសិទ្ធិក្នុងការបញ្ចោញទស្សនៈផ្ទាល់ខ្លួនរបស់ សមាជិកនីមួយៗតែប៉ុណ្ណោះ៕

ដោយ កុលបុត្រ

RELATED ARTICLES