Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​សម រង្ស៊ី ប្រកាស​ជា​ផ្លូវ​ការ វិល ចូល​ស្រុក​ឆាប់ៗ មិន​ខ្លាច​ស្លាប់ ឬ​ជាប់​គុក

លោក​សម រង្ស៊ី ប្រកាស​ជា​ផ្លូវ​ការ វិល ចូល​ស្រុក​ឆាប់ៗ មិន​ខ្លាច​ស្លាប់ ឬ​ជាប់​គុក

ភ្នំពេញ ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅ ក្រៅប្រទេស បានប្រកាសជាផ្លូវការថា លោក នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងពេល ឆាប់ៗនេះ ដោយលោកមិនខ្លាចស្លាប់ឬជាប់គុក ទេ ឱ្យតែមានការដោះដូរដោះលែងសកម្មជន បក្សប្រឆាំងទាំងអស់ដែលកំពុងជាប់ឃុំនោះ។

ថ្លែងក្នុងវីដេអូតាមប្រព័ន្ធអ៊ីនធើរណេតទៅ កាន់ចលនាយុវជនគណបក្សសង្គ្រោះជាតិ នៅ ភូមិត្របាំង ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្ត សៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០១៦ ហើយបានបង្ហោះតាមបណ្តាញហ្វេសប៊ុករបស់លោក កាលពីថ្ងីទី១៩ ខែតុលា ឆ្នាំ ២០១៦ លោកសម រង្ស៊ី បានមានប្រសាសន៍ ថា “សុំប្រកាសតាមរយៈការសន្ទនានេះថា ខ្ញុំ នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងពេល ឆាប់ៗ ខាងមុខ។ ខ្ញុំសម រង្ស៊ី នឹងវិលត្រឡប់ មក ប្រទេសកម្ពុជាភ្លាម។ ភ្លាមនោះ គឺគ្រាន់តែ មានពេលរៀបចំខ្លួន ទិញសំបុត្រកប៉ាល់ហោះ ធ្វើដំណើរ១ថ្ងៃ ២ថ្ងៃ ឬបីថ្ងៃ ខ្ញុំមកដល់ប្រទេស កម្ពុជាវិញ តែសុំតែមួយ ខ្ញុំមក គេយកទៅធ្វើអី ចង់ចាប់ដាក់គុក ចង់យកទៅសម្លាប់ក៏បាន ប៉ុន្តែ សុំឱ្យមានការដោះលែងអ្នកស្នេហាជាតិ ដោះ លែងអ្នកទោសនយោបាយ ដោះលែងអ្នកទោស មនសិការ ក្នុងនោះគឺមានថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ មានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី មានសកម្មជនគណបក្សសង្គ្រោះជាតិ មាន អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ខ្ញុំសុំឱ្យដោះលែងអ្នកទាំងអស់នោះ។ ពេលណាដោះលែង អ្នកទាំងអស់នោះហើយ សុំបន្ថែមអ្នកដែលជាប់ គុកផ្សេងមួយចំនួនទៀត មិនមែនជាគណបក្ស សង្គ្រោះជាតិទេ ជាសមាជិកសង្គមស៊ីវិល ជា សមាជិកអង្គការក្រៅរដ្ឋាភិបាល ជាសមាជិក អង្គការផ្សេងៗដែលគេគ្រាន់តែជួយប្រជាពលរដ្ឋ សោះ គេអព្យាក្រឹត គេអត់គាំទ្រគណបក្ស ណាទេ គេគ្រាន់តែជួយជនរងគ្រោះ ចាប់គេ ដាក់គុកដែរ។ ដូច្នេះសុំឱ្យដោះលែងទាំងអស់ អ្នកដែលគ្រាន់តែជួយប្រជារាស្ត្រ ជួយក្រៅពី គណបក្សង្គ្រោះជាតិ អ្នកស្នេហាជាតិក្នុងជួរ គណបក្សសង្គ្រោះជាតិ រាប់ទៅ២០ ជិត៣០នាក់ ដោះលែង២០៣០នាក់ហ្នឹងទៅ។ ពេលបាន ការដោះលែង ទន្ទឹមគ្នាឱ្យមានការធានាថាដោះលែងអ្នកទោសមនសិការ២០៣០នាក់ហ្នឹង ទៅ គឺខ្ញុំសម រង្ស៊ី ទៅដល់ប្រទេសកម្ពុជា មួយរំពេច! សូមជួយផ្សព្វផ្សាយផងថា ខ្ញុំសម រង្ស៊ី អត់ខ្លាចអីទេ ខ្ញុំហ៊ានបូជាជីវិតសម្រាប់ប្រទេស ជាតិ។ ខ្ញុំត្រូវតែជួយប្រជារាស្ត្រដែលរងទុក្ខវេទនា រងភាពអយុត្តិធម៌ ហើយជួយអ្នកដែល គេធ្វើបាប ធ្វើទុក្ខបុកម្នេញ ដោយសារពួកគាត់ ស្រលាញ់ជាតិដូចខ្ញុំ ពួកគាត់ចង់ជួយប្រជារាស្ត្រ ដូចខ្ញុំ តែពួកគាត់ត្រូវគេចាប់ដាក់គុក។ ឥឡូវ ខ្ញុំសុខចិត្តជាប់គុកជំនួសអ្នកទាំងអស់នោះ ឱ្យ ដោះលែងអ្នកទាំងអស់នោះទៅទន្ទឹមគ្នា។ ដោះលែងអ្នកទាំងអស់នោះទៅ ខ្ញុំឱ្យចាប់ខ្លួនខ្ញុំ យក ខ្លួនខ្ញុំសម រង្ស៊ី ទៅធ្វើអីធ្វើទៅ តែបើខ្ញុំទៅ អត់ដោះលែង ចាប់ខ្ញុំថែមទៀត។ អ៊ីចឹងបើ ចាប់ទាំងអស់គ្នា ជាប់ទាំងអស់គ្នា អ្នកណាជួយ អ្នកណាបាន? បើជួយអត់បាន ទៅធ្វើអី ទៅ ចាញ់បោកគេធ្វើអី? រក្សាជីវិត រក្សា សេរីភាព រក្សាមធ្យោបាយហ្នឹង រំដោះប្រទេសជាតិពី ក្រញាំបរទេសឈ្លានពានដែលប្រើអាយ៉ង ដែល ប្រើអ្នកដឹកនាំប្រទេសសព្វថ្ងៃនេះ ឱ្យបរទេស លេបទឹកដី ប្លន់ទ្រព្យសម្បត្តិជាតិយើង ធ្វើបាប រាស្ត្រ។ អ៊ីចឹងបើជាប់ទាំងអស់គ្នា អ្នកណា ជួយអ្នកណាបាន មិនកុនហើយ? អ៊ីចឹង ការតស៊ូរបស់យើងយ៉ាងម៉ចទៅ ការផ្លាស់ប្តូររបស់ យើងយ៉ាងម៉េចទៅ  បើគេចាប់ទាំងអស់គ្នា? តែ គេដោះលែងអ្នកស្នេហាជាតិមួយ ចំនួន ២០៣០នាក់ ហើយចាប់ទាំងរូបខ្ញុំម្នាក់សម រង្ស៊ី អាហ្នឹងបាន ប៉ុន្តែបើចង់ចាប់សម រង្ស៊ី ហើយអត់ ដោះលែងអ្នកដទៃទៀត អត់បានទេ ដើម្បីឱ្យ អ្នកដទៃទៀត ចេញមកធ្វើការ  ២០៣០នាក់ ច្រើនគួរសម សុទ្ធអ្នកពូកែៗ ហើយពេលនោះ ខ្ញុំទៅជាប់គុកជំនួសអ្នកទាំងអស់ហ្នឹង។ អាហ្នឹង ខ្ញុំសង្ឃឹមថា គណបក្សប្រជាជន រដ្ឋាភិបាល លោកហ៊ុន សែន យល់ព្រមតាមសំណើរបស់ខ្ញុំ ហើយបើយល់ព្រមតាមសំណើរបស់ខ្ញុំៗទៅដល់ ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ”។ 

ពាក់ព័ន្ធនឹងការប្រកាសរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់គណបក្សង្គ្រោះជាតិ បានបញ្ជាក់ថា គណបក្សគាំទ្រចំពោះជំហររបស់លោកសម រង្ស៊ី ព្រោះធ្វើជាអ្នកនយោបាយ ទាល់តែហ៊ានធ្វើ ពលិកម្ម ដើម្បីជាតិ និងយល់ថា ស្ថានភាព សមស្របក្នុងការដោះស្រាយបញ្ហានយោបាយ។

លោកអេង ឆៃអ៊ាង មានប្រសាសន៍ថា “បាទ! អាហ្នឹងគឺជំហរគាត់តាំងពីដើមមក អត់ មានអិថ្មីទេ គឺគាត់បានបញ្ជាក់ថា គាត់នៅតែ មានបំណងវិលចូលស្រុកខ្មែរហ្នឹង គាត់នៅតែ មកទៅតាមស្ថានការណ៍នយោបាយតម្រូវណា មួយ។ អ៊ីចឹងវាអត់មានអីភ្ញាក់ផ្អើលទេ ព្រោះ អាហ្នឹងជាឆន្ទៈនយោបាយរបស់គាត់ ហើយនៅ ពេលជិតបោះឆ្នោត បើសិនជាគ្មានអីផ្លាស់ប្តូរទេ គាត់នឹងអញ្ជើញមកហើយ”។

លោកអេង ឆៃអ៊ាង មានប្រសាសន៍បន្ត ថា “បាទ! អាហ្នឹងយើងត្រូវមក បើអ្នកនយោបាយ ចាំបាច់ត្រូវធ្វើពលិកម្ម ហើយការធ្វើ ពលិកម្មរបស់អ្នកនយោបាយ ទាល់តែគិតទៅ វាមានចំណេញដល់ប្រទេសជាតិ ដល់ប្រជារាស្ត្រ អាហ្នឹងគេធ្វើហើយ បើធ្វើពលិកម្មទៅវាអត់ ចំណេញ ធ្វើពលិកម្មទៅបានហៅថា អ្នកក្លាហាន វីរបុរសនោះ គឺអ្នកនយោបាយមិនគួរធ្វើទេ គួរ ធ្វើតាមកាលៈទេសៈជាក់ស្តែងសមស្រប។ អាហ្នឹងដូចអ្វីដែលគាត់បានចូលស្រុកកន្លងមកហ្នឹង គឺយើងទាំងអស់គ្នាមិនចូល មើលតាមស្ថានភាព បច្ចុប្បន្នហ្នឹង នាពេលកន្លងមកហ្នឹង ប៉ុន្តែបើ មានស្ថានការណ៍ណាមួយសមស្រប យើងគាំទ្រ ឱ្យគាត់ចូល”។

ទោះបីយ៉ាងណា សម្រាប់អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានចាត់ទុកថា ការប្រកាសរបស់លោកសម រង្ស៊ី គ្មានប្រយោជន៍អ្វីទេ បានន័យថា គណបក្ស ប្រជាជនកម្ពុជា មិនចាប់អារម្មណ៍ឡើយ ហើយ ក៏មិនអាចមានការដោះដូរជាប់គុកជំនួសគ្នានោះ ទេ ព្រោះថា លោកសម រង្ស៊ី ជាទណ្ឌិតស្រាប់ ទៅហើយ បើវិលចូលស្រុកពេលណា តុលាការ នឹងអនុវត្តនីតិវិធីភ្លាម។

លោកសុខ ឥសាន មានប្រសាសន៍ថា  “យើងកុំទៅចាប់អារម្មណ៍សម្តីរបស់សម រង្ស៊ី ពីព្រោះសម រង្ស៊ី ក្លាយទៅជាទណ្ឌិតរួចហើយ បន្ទាប់ពីសាលក្រម សាលដីការបស់តុលាការ ចូលជាស្ថាពរ។ អ៊ីចឹងសម្តីសម រង្ស៊ី គ្មាន ប្រយោជន៍អីដើម្បីយកមកពិចារណទេ នាំឈឺក្បាល។ ខ្ញុំយល់ថា លោកសម រង្ស៊ី ជាទណ្ឌិត ហើយ ដូច្នេះពាក្យសម្តីសម រង្ស៊ី យកជាការ មិនបានទេ។ បើគាត់ត្រឡប់ចូលស្រុក អាហ្នឹង អនុវត្តច្បាប់ ទទួលទោសទៅ ទៅតាមសាលក្រមស្ថាពររបស់តុលាការ។ ចំពោះអ្នកជាប់ ពន្ធនាគារទាំងអស់ ទៅដោះលែងម៉េច ក្បាល អ្នកណា សក់អ្នកហ្នឹង អ្នកណាប្រព្រឹត្តល្មើស ចំពោះមុខច្បាប់ ទទួលខុសត្រូវចំពោះមុខច្បាប់ មិនអាចចែកគ្នា ឬមួយផ្ទេរឱ្យគ្នាបានទេ”

កុលបុត្រ

RELATED ARTICLES