ជនមិនស្គាល់មុខវាយសម្លាប់បុរសម្នាក់ រួចយកសាកសពទម្លាក់ទឹកទន្លេ

sddfsd
សមត្ថកិច្ចចុះពិនិត្យសាកសព

ខេត្ដកណ្ដាលៈ បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខវាយសម្លាប់រួចដឹកសាកសពយកទៅទម្លាក់ក្នុងទឹកទន្លេដោយពុំមាននរណាម្នាក់ដឹងនោះឡើយ រហូតសាកសពហើមរលួយអណ្ដែតទឹកទន្លេបាសាក់ទៅទើក្នុងភូមិសាស្រ្ដស្រុកកោះធំ ទើបបែកធ្លាយបង្កឲ្យមានការភ្ញាក់ផ្ញើលនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចច្រាំងទន្លេបាសាក់ត្រើយខាងលិច ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។

សពជនរងគ្រោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតផ្កាប់មុខលើផ្ទៃទឹកទន្លេបាសាក់ ទើបប្រជាពលរដ្ឋរាយការណ៏ប្រាប់សមត្ថកិច្ចនគរបាល ។ បន្ទាប់ពីទទួលព័ត៌មានសមត្ថកិច្ចបានចុះទៅពិនិត្យរកឃើញទូរស័ព្ទដៃនៅក្នុងហោប៉ៅជនរងគ្រោះ ទើបសមត្ថកិច្ចទំនាក់ទំនងតាមលេខទូរស័ព្ទដែលជាប់នៅក្នុងស៊ីម រហូតតេចូលឈ្មោះ ហោ ឆៃអ៊ូ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលអូរ ឃុំកូ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ដែលត្រូវជាបងបង្កើតជនរងគ្រោះខាងលើនេះ ។

sdffdfds

លោក ហោ ឆៃអ៊ូ បានប្រាប់សមត្ថកិច្ចថា សាកសពអណ្ដែតទឹកនេះត្រូវជាប្អូនបង្កើតរបស់ខ្លួន ឈ្មោះ ហោ ឆៃអ៊ីម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលអូរ ឃុំកូ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ។ លោក ឆៃអ៊ូ បានបន្ដថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ប្អូនប្រុសរបស់លោកបានជិះម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខកំពង់ចាម 1K-0194 ចេញពីលំនៅដ្ឋានឯខេត្ដត្បូងឃ្មុំឆ្ពោះទៅរកការងារធ្វើនៅរាជធានីភ្នំពេញ ។ លុះដល់ថ្ងៃទី១៣ ខែឆ្នាំដដែល ប្អូនប្រុសរបស់ខ្លួនបានតេទូរស័ព្ទប្រាប់ថា គេទៅដល់ភ្នំពេញហើយបើចង់យកម៉ូតូមកយកនៅភ្នំពេញចុះ ។

បងប្រុសរបស់ជនរងគ្រោះបានបន្ដទៀតថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ខ្លួនបានជិះរថយន្ដឈ្នួលពីខេត្ដត្បូងឃ្មុំទៅយកម៉ូតូពីប្អូននៅរាជធានីភ្នំពេញ ខណៈទៅដល់ទំនាក់ទំនងទូរស័ព្ទទៅប្អូនប្រុសមិនចូលសោះ ។ លុះដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ទើបទទួលបានព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកកោះធំតាមលេខទូរស័ព្ទរបស់ប្អូនប្រុសថាបានប្រទះឃើញសាកសព ។ ពេលទៅដល់ទើបដឹងថា សាកសពដែលប្រទះឃើញនោះគឺជាប្អូនប្រុសបង្កើតរបស់ខ្លួន ។

សមត្ថកិច្ចនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្ដខេត្ដកណ្ដាលបានបញ្ជាក់ថា សាកសពជនរងគ្រោះមានសភាពហើមរលួយ របកស្បែកពិបាកក្នុងការពិនិត្យ ។ ទោះជាយ៉ាងណាសមត្ថកិច្ចរកឃើញថា នៅលើគល់កផ្នែកខាងឆ្វេងសាកសពជនរងគ្រោះមានស្នាមហើមជាំអាចប៉ះដោយវត្ថុរឹង រីឯកទន់អាចបង្វិលបាន(បាក់.ក) ។ តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ក្នុងអំពើឃាតកម្មវាយសម្លាប់រួចយកសាកសពទម្លាក់ទឹកទន្លេ ។

sdfdssd

ប្រភពក្រៅផ្លូវការមួយបានបង្ហើបឲ្យដឹងថា ជនរងគ្រោះអាចត្រូវក្រុមចោរឬអ្នកស្គាល់គ្នាវាយសម្លាប់ដើម្បីប្លន់យកម៉ូតូ ដើម្បីបង្វែងដានទើបឃាតករយកសាកសពជនរងគ្រោះទម្លាក់ចូលទៅក្នុងទឹកទន្លេតែម្ដង ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវបន្ថែមទៀតជុំវិញករណីខាងលើនេះ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ សិលា