Tuesday, April 23, 2024
Homeព័ត៌មានជាតិហេតុ​​អ្វី​​អង្គរ ជាប់​​លេខ១ ជា​​គោល​​ដៅ ទេស​​ចរណ៍​​ស្រស់​​ស្អាត​​បំផុត​​លើ​​ពិភព​​លោក?

ហេតុ​​អ្វី​​អង្គរ ជាប់​​លេខ១ ជា​​គោល​​ដៅ ទេស​​ចរណ៍​​ស្រស់​​ស្អាត​​បំផុត​​លើ​​ពិភព​​លោក?

ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្ត ដែល ជាសម្បត្តិបេតិកភណ្ឌដ៏ល្បីល្បាញនៃព្រះរាជ ណាចក្រកម្ពុជា និងជាបេតិកភណ្ឌពិភពលោក ត្រូវបានក្រុមហ៊ុន Lonely Planet របស់ ប្រទេសអូស្ត្រាលី ផ្តល់ចំណាត់ថ្នាក់លេខ១ ជា គោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុតប្រចាំ ឆ្នាំ២០១៦ ក្នុងចំណោមគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតចំនួន៥០០កន្លែង នៅជុំវិញពិភពលោក។

តើហេតុអ្វីអង្គរជាប់លេខ១ ជាគោលដៅ ទេសចរណ៍ស្រស់ស្អាតបំផុតលើពិភពលោក?

យោងតាមទំព័រហ្វេសហ៊ុកផ្លូវការរបស់ អាជ្ញាធរអប្សរា បានធ្វើការបកស្រាយចំពោះ សំណួរខាងលើនេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ថា “ជាថ្មីម្តងទៀត គេហទំព័រក្រុមហ៊ុន Lonely Planet របស់ប្រទេសអូស្ត្រាលី ដែល ជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មាន ទេសចរណ៍ដ៏ល្បីមួយលើពិភពលោក មានទាំង ព័ត៌មាន តាមរយៈវេបសាយ ទស្សនាវដ្តី និង សៀវភៅ បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ រមណីយដ្ឋានអង្គរ ជាតំបន់គោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតបំផុតលើពិភពលោក ប្រចាំឆ្នាំ ២០១៦។

តើកត្តាអ្វីខ្លះដែលនាំឱ្យរមណីយដ្ឋានអង្គ ទទួលបានចំណាត់ថ្នាក់លេខ១ ជាបន្តបន្ទាប់ ក្នុងរយៈកាលកន្លងមកនេះ?

រំលឹកកាលពីឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈ ជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃ កម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឱ្យជួយការពារ និងស្រោចស្រង់រមណីយដ្ឋានអង្គរ ជាបន្ទាន់។   មិនតែប៉ុណ្ណោះ ព្រះអង្គបានអំពាវនាវដល់សហគមន៍អន្តរជាតិ ដើម្បីផ្តល់ជំនួយហិរញ្ញវត្ថុ និង បច្ចេកទេស សម្រាប់ការពារ ជួសជុល និងអភិរក្សឡើងវិញ នូវប្រាង្គប្រាសាទឱ្យទាន់ពេល វេលា។

អង្គរ ត្រូវបានប្រសិទ្ធនាមជារមណីយដ្ឋាន បុរាណវិទ្យានិងប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ កម្ពុជា ហើយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដោយ មានអាជ្ញាធរអប្សរា ជាអ្នកគ្រប់គ្រង តាំងពី ឆ្នាំ១៩៩៥មក។ តំបន់នេះ មានផ្ទៃដីធំហំ៤០១ គីឡូម៉ែត្រក្រឡា សម្បូរទៅដោយប្រាង្គប្រាសាទ ទេសភាពធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរជាច្រើន ជំនាន់មកហើយ។ រមណីយដ្ឋានដ៏អស្ចារ្យនេះ ជាដួងព្រលឹងជាតិ ដែលត្រូវថែរក្សា ការពារ និងអភិរក្ស ឱ្យបានស្ថិតស្ថេរគង់វង្ស ជានិរន្តរ៍”។

ទំព័រហ្វេសប៊ុកដដែលបន្តថា ពីមួយឆ្នាំទៅ មួយឆ្នាំ ដោយកិច្ចខិតខំប្រឹងប្រែងពីដៃគូសហការអន្តរជាតិ ពិសេសមានអាជ្ញាធរអប្សរា ជា សេនាធិការគ្រប់គ្រងតំបន់អង្គរ ធ្វើឱ្យទីតាំង បុរាណដ្ឋាន និងប្រវត្តិសាស្ត្រខ្មែរដ៏ល្បីនេះ ទទួល បានភាពល្បីល្បាញយ៉ាងរន្ទឺលើសាកលលោក ជាបន្តបន្ទាប់ ជាគោលដៅទេសចរណ៍ដ៏ស្រស់ ស្អាត។ លទ្ធផលមោទនភាពនេះ គឺបានមកពី ៖

ការបង្កើតឡើងនូវគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍ រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ (Internatio- nal Coordinating for the Safeguarding and Development of Historic Site of Angkor “ICC-Angkor”) នាឆ្នាំ១៩៩៣ ដោយមានប្រទេសជប៉ុន និងបារាំង ជាសហប្រធាន។ ICC-Angkor បានក្លាយជាដៃគូ សហការប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរ អប្សរា ដោយបានប្រមូលអ្នកជំនាញអន្តរជាតិ ដ៏ល្បីៗនៅលើពិភពលោក ឱ្យមករួមចំណែក ក្នុងការអភិរក្ស ជួសជុលប្រាង្គប្រាសាទ និងសំណង់ បុរាណផ្សេងៗក្នុងឧទ្យានអង្គរផងដែរ។ រាល់ កិច្ចការទាំងអស់ តែងតែទទួលបានការវាយ តម្លៃខ្ពស់ ព្រមទាំងមានការគាំទ្រយ៉ាងពេញ ទំហឹងពីអន្តរជាតិ។ ម៉្យាងទៀត យន្តការនេះ គឺជាគំរូដ៏ល្អ ដែលបណ្តាប្រទេសមួយចំនួន បាន សុំដកស្រង់បទពិសោធន៍ពីអាជ្ញាធរជាតិអប្សរា ដែលសម្រេចបានជោគជ័យលើការងារ អភិរក្ស ជួសជុល និងគ្រប់គ្រងតំបន់រមណីយដ្ឋាន ដើម្បី ធ្វើជាគំរូសម្រាប់ការគ្រប់គ្រងតំបន់បេតិកភណ្ឌ របស់ប្រទេសខ្លួន។

ក្រៅពីកិច្ចការអភិរក្សប្រាសាទ អាជ្ញាធរ អប្សរា ក៏បានយកចិត្តទុកដាក់ស្តារឡើងវិញ នូវប្រព័ន្ធធារាស្ត្របុរាណ ដើម្បីគ្រប់គ្រងទឹក និងបញ្ចៀសបញ្ហាគ្រោះទឹកជំនន់ផងដែរ។ បន្ថែមពីនោះ ក៏មានការជួសជុល កសាងថ្មី និង ពង្រីកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អង្គរ ឱ្យមាន ភាពងាយស្រួលក្នុងការធ្វើដំណើរ អ្នទេសចរអាច ដើរ ជិះកង់ ម៉ូតូ ឡានក៏បាន ដែលអាចកាត់ បន្ថយការចំណាយ និងងាយស្រួលក្នុងការឈ្វេង យល់ពីការរស់នៅរបស់ប្រជាសហគមន៍ក្នុង តំបន់អង្គរផង។

ចំពោះការថែរក្សាបរិស្ថាននៅតំបន់អង្គរ ក៏ទទួលបានវិញ្ញាបនបត្រកម្រិតស្តង់ដារអន្តរជាតិ ISO 14001 ពីស្ថាប័នធានាគុណភាពជប៉ុន JQA ផងដែរ។ លើសពីនោះ អាជ្ញាធរអប្សរា ក៏បានយកចិត្តទុកដាក់អប់រំប្រជាជនពីបញ្ហា អនាម័យ ការរស់នៅល្អ សុខភាពល្អ លើកកម្ពស់ ការប្រើថាមពលព្រះអាទិត្យ ក្នុងសហគមន៍ ជាដើម។ ម៉្យាងទៀត ដើម្បីរក្សានូវភាពបៃតង លម្អតំបន់អង្គរផងនោះ អាជ្ញាធរអប្សរា ក៏បាន ដាំកូនឈើរាប់ម៉ឺនដើមជារៀងរាល់ឆ្នាំថែរក្សា ស្មៅ កាត់ក្រីមែកឈើ ដើម្បីឱ្យអង្គរមានសោភណ្ឌភាពល្អ ជាចំណីចក្ខុដល់ភ្ញៀវទេសចរទាំង ឡាយទទួលបានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ពេលមកទស្សនាតំបន់អង្គរ។

ចំពោះការគ្រប់គ្រងវិស័យទេសចរណ៍វិញ អាជ្ញាធរអប្សរា បានរៀបចំលំហូរទេសចរ ដូច ជា ៖

រៀបចំផ្លូវទស្សនាខាងក្នុងប្រាសាទតាព្រហ្ម អនុវត្តផ្លូវឯកទិសនៅខ្លោងទ្វារទន្លេអុំ ពីម៉ោង  ៧ៈ៣០នាទីព្រឹក ដល់ម៉ោង១១ៈ៣០នាទី ពង្រឹង ការគ្រប់គ្រងការចូលទស្សនានៅរួតបាកាណ និងនៅភ្នំបាខែង ពង្រីកផ្លូវជុំវិញត្រពាំងសេស ជួសជុលផ្លូវ និងរៀបផ្លូវជិះកង់ពីអង្គរវត្ត ទៅ បាយ័ន រៀបចំចំណតនៅមុខអង្គរវត្ត។

ចំពោះគម្រោងឆាប់ៗខាងមុខ នឹងរៀបចំ ចំណត និងកន្លែងលក់ដូរនៅភ្នំបាខែង។ ការ គ្រប់គ្រងប្រាសាទកំណត់ពេលវេលាចូលទស្សនា បណ្តុះបណ្តាលប្រធាននិងអនុប្រធានភ្នាក់ងារ ប្រាសាទ រៀបចំកន្លែងដែលភ្នាក់ងារទេសចរណ៍ ងាយនឹងសម្រេចចិត្ត និងកំណត់ពេលដឹកនាំ ភ្ញៀវទស្សនារុះរើស្លាកសញ្ញាពាណិជ្ជកម្មពីក្នុង តំបន់អង្គរ បណ្តុះបណ្តាលក្រុមការងារ ទំភ និងបុគ្គលិកអាជ្ញាធរអប្សរា អំពីការពង្រឹង គុណភាពសេវាទេសចរណ៍ បង្កើតគេហទំព័រ ទេសចរណ៍ ដើម្បីឆ្លើយតបទៅនឹងភ្ញៀវទេសចរសម្រាប់ដំណើរកម្សាន្តរបស់ពួកគេ។

ក្រៅពីនេះ ក៏មានការពង្រឹងសមត្ថភាព មគ្គុទ្ទេសក៍ទេសចរណ៍ដោយបញ្ជូនមគ្គុទ្ទេសក៍  ២០រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅម៉ាកាវ ស្តីពីការគ្រប់គ្រងភ្ញៀវនៅតំបន់បេតិកភណ្ឌ និង ពង្រឹងសេវាកម្ម តាមរយៈដឹកនាំភ្ញៀវពង្រឹង ភាពជាដៃគូល្អ ជាមួយវិស័យឯកជន អំពីក្រមប្រតិបត្តិអង្គរ តាមបណ្តាញផ្សព្វផ្សាយ អ្នកជិះ យន្តហោះ DVD និងចែកចាយតាមសណ្ឋាគារ ភ្នាក់ងារទេសចរណ៍ឡានក្រុង និងយន្តហោះ ជាដើម។

បន្ថែមពីនោះទៀត អាជ្ញាធរអប្សរា ក៏ បានពង្រឹងសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរទាំងអស់ ពេលមកកម្សាន្ត នៅក្នុងតំបន់អង្គរដោយបង្កើតភ្នាក់ងារទេសចរណ៍តាមបណ្តាប្រាសាទ ដើម្បីមើលថែភ្ញៀវ ណែនាំភ្ញៀវសង្គ្រោះភ្ញៀវពេលជួបឧបទ្ទវហេតុ ផ្សេងៗ បានទាន់ពេលវេលា និងប្រគល់របស់ ដែលភ្ញៀវជ្រុះបាត់ ជូនភ្ញៀវវិញ (ករណីរក ឃើញ) ទង្វើទាំងនោះ ទទួលបានការកោតសរសើរយ៉ាងច្រើនពីសំណាក់ភ្ញៀវទេសចរ។

ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន សន្តិភាព សន្តិសុខសង្គម និង ស្ថិរភាពនយោបាយ ត្រូវបានស្តារឡើងវិញ តាម រយៈគោលនយោបាយឈ្នះឈ្នះ ហើយគោល នយោបាយនេះ ក៏បានបើកចំហជើងមេឃ ដែល ធ្វើឱ្យរមណីយដ្ឋានអង្គរ ក្លាយជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ ដ៏សំខាន់មួយនៅ អាស៊ី ក៏ដូចជាពិភពលោក។

កត្តាដូចបានរៀបរាប់ខាងលើទាំងអស់ នេះហើយ ដែលធ្វើឱ្យអង្គរទទួលបានចំណាត់ថ្នាក់លេខ១ ជាតំបន់គោលដៅទេសចរណ៍ដ៏ ស្រស់ស្អាតបំផុតលើពិភពលោក ជាថ្មីម្តងទៀត៕

ដោយ ៖ដារិទ្ធ

RELATED ARTICLES