Tuesday, April 23, 2024
Homeព័ត៌មានជាតិមេរៀន​សំខាន់​៧ អ្នក​ស្រលាញ់​ប្រជា​ធិប​តេយ្យ គួរ​រៀន​ពី​ការ​បោះ​ឆ្នោត​អា​មេ​រិក ឆ្នាំ​២០១៦

មេរៀន​សំខាន់​៧ អ្នក​ស្រលាញ់​ប្រជា​ធិប​តេយ្យ គួរ​រៀន​ពី​ការ​បោះ​ឆ្នោត​អា​មេ​រិក ឆ្នាំ​២០១៦

ភ្នំពេញ ៖ ប្រធានអង្គការតម្លាភាពកម្ពុជា និងជាអ្នកតាមដានសង្គម នយោបាយ លោក ព្រាប កុល បន្ទាប់ពីបានតាមដានព័ត៌មានការ បោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋ អាមេរិក ឆ្នាំ២០១៦ ដោយលទ្ធផល លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ឈ្នះលោកស្រីហ៊ីលឡារី គ្លីនតុន នៃគណបក្សប្រជាធិបតេយ្យនោះមក លោក បានលើកឡើងថា មានមេរៀនចំនួន៧ចំណុច សំខាន់ៗ ដែលអ្នកស្រលាញ់ប្រជាធិបតេយ្យ គួររៀនសូត្រ។

លោកព្រាប កុល បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោកថា “មេរៀនសំខាន់ៗ ចំនួន ៧ ដែលអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ គួរ រៀន បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦ ៖

១-ពលរដ្ឋអាមេរិកាំង មានទម្លាប់ផ្លាស់ប្តូរ គណបក្សនយោបាយ មិនឱ្យលើសពី២អាណត្តិ  (៨ឆ្នាំ) បើទោះបីជាបេក្ខជនប្រធានាធិបតីមាន ភាពចម្រូងចម្រាសក៏ដោយ។

២-ការខកខានមិនបានទៅបោះឆ្នោតនៃ អ្នកស្រឡាញ់និងគាំទ្រលោកស្រី Hiliary Clinton ជាច្រើននាក់ បានធ្វើឱ្យលោក Donald Trump ឈ្នះឆ្នោត។ ក្រោយមក ទើបអ្នកដែលខកខាន មិនបានបោះឆ្នោត មានការភ្ញាក់ផ្អើល ហើយ អ្នកខ្លះចេញទៅសម្តែងការមិនពេញចិត្ត និង ធ្វើបាតុកម្មប្រឆាំងលោក Donald Trump (ហួសពេលហើយអូន…)។

៣-បើទោះជាមានការវាយប្រហារគ្នា ទៅវិញទៅមក ដោយពាក្យសម្តីគ្រោតគ្រាត រវាងលោកស្រី Clinton និងលោក Trump ក៏ដោយ តែបន្ទាប់ពីការបោះឆ្នោតចប់ បេក្ខជន ទាំងពីរបានប្រើភាសាក្នុងការផ្សះផ្សា ហើយ លោកស្រី Clinton ស្នើឱ្យអ្នកគ្រាំទ្ររបស់គាត់ ទទួលស្គាល់លទ្ធផលបោះឆ្នោត និងចាត់ទុក លោក Trump ជាប្រធានាធិបតីថ្មីស្របច្បាប់។

៤-លោក Obama មិនចូលចិត្តលោក Trump ហើយធ្លាប់វាយប្រហារគ្នាតាមពាក្យ- សម្តីយ៉ាងធ្ងន់ៗ ក្រោយពេលលោក Trump បាន សួរនាំពីភាពស្របច្បាប់របស់លោក Muslim ក្នុងនាមជាប្រធានាធិបតី ដែលមានពូជពង្ស ផ្សារភ្ជាប់ទៅនឹងសាសនា សុំលិម (ដែលមាន លក្ខខណ្ឌបែបរើសអើងពូជសាសន៍)។ ប៉ុន្តែ លោក Obama បានសាទរជ័យជម្នះរបស់លោក Trump ហើយផ្តល់កិត្តិយសឱ្យលោក Trump បានជួបភ្លាមៗក្រោយការបោះឆ្នោត ដើម្បី រៀបចំការផ្ទេរមុខតំណែងឱ្យបានរលូន។

៥-ពលរដ្ឋអាមេរិកាំងជាច្រើននាក់ បាន សម្តែងការប្រឆាំងទៅនឹងលោក Trump ហើយ មិនទទួលស្គាល់គាត់ថា ជាប្រធានាធិបតីថ្មីរបស់ ខ្លួន ព្រោះអត្តចរិតមិនសមរម្យ ការប្រើភាសា បែបរើសអើង និងមើលងាយជាតិសាសន៍ផ្សេង ជនអន្តោប្រវេសន៍ ឬជនពិការ នៅក្នុងយុទ្ធនាការឃោសនា។

៦-ស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការអាមេរិក បានរក្សាជំហរ អព្យាក្រឹត មិនជ្រៀតជ្រែក លូកមាត់ ឬលូក ដៃទៅក្នុងដំណើរការបោះឆ្នោតនេះឡើយ។

៧-គណៈកម្មការរៀបចំការបោះឆ្នោត មាន ភាពឯករាជ្យ ហើយដំណើរការបោះឆ្នោតមាន តម្លាភាព ជាពិសេស ការអនុញ្ញាតឱ្យមានការ ប្រកាសលទ្ធផលភ្លាមៗតាមបណ្តាញសារព័ត៌- មានសំខាន់ បានធ្វើឱ្យអ្នកបោះឆ្នោត និងសាធារណជននៅទូទាំងពិភពលោក ទទួលស្គាល់ ភាពសេរី និងយុត្តិធម៌ និងការបោះឆ្នោតដោយ គ្មានមន្ទិលសង្ស័យ”។

ពាក់ព័ន្ធនឹងប្រធានបទនេះ សម្រាប់មន្ត្រី សង្គមស៊ីវិល អ្នកតាមដានសង្គមនិងនយោបាយ ផ្សេងទៀត ក៏បានបង្ហាញការយល់ស្របដូចការ លើកឡើងរបស់លោកព្រាប កុល ដែរ ខណៈ ដែលអ្នកនយោបាយ ក៏បានធ្វើការកត់សម្គាល់ ពីចំណុចនេះ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានលើកឡើងថា លោក មិនបង្ហាញការយល់ស្របជាមួយអង្គការសង្គម- ស៊ីវិល ជាពិសេសអង្គការតម្លាភាពកម្ពុជា ជុំវិញ បញ្ហានេះ ពីព្រោះអង្គការសង្គមស៊ីវិលមួយ ចំនួនមិនឯករាជ្យ មិនអព្យាក្រឹតទេ ដោយវិភាគ ទៅលើចំណុចអវិជ្ជមានរបស់រាជរដ្ឋាភិបាល ក៏ ដូចជាចំពោះគណបក្សកាន់អំណាច។ ប៉ុន្តែក៏ មើលឃើញថា ការបោះឆ្នោតនៅអាមេរិក នា ឆ្នាំ២០១៦ នេះ ក៏មានចំណុចល្អច្រើនដែរ ដែល គណបក្សនយោបាយនៅស្រុកខ្មែរ គួរយកគំរូតាម។

លោកសុខ ឥសាន មានប្រសាសន៍ថា “មានអី! ការបោះឆ្នោតនៅកម្ពុជា មានបញ្ហា អី កន្លងទៅសុទ្ធតែមានអ្នកសង្កេតការណ៍ជាតិ  អន្តរជាតិ រាប់ម៉ឺននាក់ ដែលគេបានឱ្យតម្លៃថា ដំណើរការប្រព្រឹត្តទៅល្អ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ វាលើកលែងតែគណបក្សប្រឆាំង ទេ ដែលបដិសេធលទ្ធផលបោះឆ្នោត។ ដូច្នេះ គឺថាមិនអាចទទួលយកបានទេ ពីព្រោះសំឡេង ភាគតិច មិនអាចទទួលលើសលប់ដល់សំឡេង ភាគច្រើនបានទេ ហើយដូចជាអ្នកបាតុកម្ម ប្រឆាំងលោកត្រាំ អ៊ីចឹង ក៏អត់មានប្រសិទ្ធភាព អីដែរ។ អ៊ីចឹងទេ នេះជាមេរៀនមួយ កម្ពុជា យើង ពេលបោះឆ្នោតសម្រេចលទ្ធផលបោះឆ្នោត ជាផ្លូវការហើយ គ្មានការតវ៉ា គ្មានការឡាំប៉ាតទៅ ទៀតទេ។ អ៊ីចឹងទេ ខ្ញុំគ្រាន់តែយល់ថា ចំណុច ណានៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដែល ជាចំណុចវិជ្ជមាន យើងយកធ្វើជាបទពិសោធន៍។ ចំណុចសំខាន់ៗនោះ គឹយើងឃើញថា ដំណើរ ការតាមលទ្ធិប្រជាធិបតេយ្យ ហើយគណបក្ស គេ អ្នកប្រកួតប្រជែងគេ ពេលដែលលទ្ធផល ចេញហើយ គេឯកភាព ការផ្តល់កិត្តិយសជូន អ្នកឈ្នះដោយសម្រួល គេមិនមែនតវ៉ាទាំង ទទឹងទិស នាំមហាជនបាតុកម្មអីគគ្រឹកគគ្រេង ។ ទោះយ៉ាងណាក៏ដោយ វាមិនអាចរំលោភទៅ លើឆន្ទៈរបស់ប្រជាពលរដ្ឋភាគច្រើន បានជា ដាច់ខាត”។

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជា សមាជិកអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោក ជាម ច័ន្ទនី ក៏បានធ្វើការកត់សម្គាល់ដែរថា ការ បោះឆ្នោតប្រកួតប្រជែងបេក្ខភាពប្រធានាធិបតី រវាងលោកស្រីហ៊ីលឡារី គ្លីនតុន និងលោក ដូណាល់ ត្រាំ នៅសហរដ្ឋអាមេរិក ឆ្នាំ២០១៦ ពិតជាមានចំណុចល្អច្រើន សម្រាប់យកជាគំរូនៅ ក្នុងការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែលោកបាន ឆ្លើយតបទៅអ្នកនាំពាក្យគណបក្សកាន់អំណាច វិញថា ការដែលគណបក្សសង្គ្រោះជាតិ  ដឹកនាំ បាតុកម្មតវ៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០១៣ ដោយសារតែមើលឃើញ ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានភាពអព្យាក្រឹតដូចនៅសហរដ្ឋអាមេរិក។

លោកជាម ច័ន្ទនី មានប្រសាសន៍ថា “បាទ! ការបោះឆ្នោតនៅសហរដ្ឋអាមេរិកហ្នឹង យើង ឃើញចំណុចល្អច្រើនណាស់ ដែលគួរតែថ្នាក់- ដឹកនាំខ្មែរហ្នឹងមើលឃើញ ហើយយកជាគំរូ។ ក្នុងនោះយើងឃើញថា គូប្រកួតនោះ ប្រកួត- ប្រជែងគ្នាស្មើមុខស្មើមាត់ ហើយពាក្យសម្តី នៃការប្រកួតប្រជែងហ្នឹង កន្លែងខ្លះក៏គ្រោត- គ្រាត កន្លែងខ្លះក៏មិនសូវគ្រោតគ្រាត ប៉ុន្តគេអត់ បានចាប់ទោសអូសដំណើរអី រកប្តឹងទៅតុលាការ ប្រើកម្លាំងអីអត់ ទី១។ ទី២ទៀត នៅពេល ដែលឈ្នះហើយ អ្នកដែលចាញ់ហ្នឹង គេទទួល ស្គាល់ខ្លួនគេថាចាញ់ ហើយគេថែមទាំងអបអរ សាទរអ្នកឈ្នះទៀត មិនមែនដូចយើងប្រុងចាញ់ ហើយហ្នឹង ត្រៀមអ៊ីចេះ ត្រៀមអ៊ីចុះ។ ដូច្នេះ កន្លែងហ្នឹងគួរលះបង់ទៅ មេដឹកនាំខ្មែរទាំងអស់ គណបក្សណាដូចគណបក្សណាដែរ”។

លោកជាម ច័ន្ទនី មានប្រសាសន៍បន្តថា “វាមានភាពខុសគ្នា កុំយកការបោះឆ្នោតនៅ អាមេរិក ឬក៏គណៈកម្មាធិការបោះឆ្នោត នៅ អាមេរិកហ្នឹង មកប្រៀបធៀបនឹងស្រុកខ្មែរយើង។ បើមានការបោះឆ្នោតរបៀបនៅសហរដ្ឋអាមេរិក មានយុត្តិធម៌អ៊ីចឹង មានពីណាគេទៅធ្វើបាតុកម្ម ឆ្នាំ២០១៣ ធ្វើអីទេ។ ប៉ុន្តែយើងដឹងហើយ យើង មើលចំណុចមួយដែលគួរឱ្យចង់សើច ហើយ ហួសចិត្ត យើងមើលបង្គោលខៀវ និងបង្គោល ក្រហម កំពុងតែប្រកួតគ្នា អត់ទាន់ដឹងពីឈ្នះចាញ់ ផង បង្គោលក្រហមស្រែកថា ខ្ញុំឈ្នះហើយ! ខ្ញុំ ៦៨ អ្នកឯង៥៥ រួចយើងជាអាប៊ីត ជាគ.ជ.ប ហ្នឹង ម៉េចក៏ស្រែកតាមអ្នកប្រកួត? រួចរបៀប អ៊ីចឹងៗ ឱ្យគេទទួលយកបានដែរ? រឿងអីទៅ អបអរសាទរ ដូចលោកជំទាវហ៊ីលឡារី គ្លីនតុន អបអរត្រាំ? វាខុសគ្នាអ៊ីចឹង ដូច្នេះយើងយក តែចំណុចល្អៗពីគេមក អាចំណុចណាមិនល្អ យើងបោះចោលទៅ ហើយយើងសុំអំពាវនាវ ទាំងអស់ថា ឱ្យមានការគោរពសិទ្ធិមនុស្ស គោរព លទ្ធិប្រជាធិបតេយ្យ ជាពិសេសេ ការបោះឆ្នោត នៅពេលខាងមុខហ្នឹង បើយើងមានសុច្ឆន្ទៈ យើងត្រូវយកគំរូការបោះឆ្នោតរបស់សហរដ្ឋ អាមេរិក”។

ដោយឡែក អ្នកនាំពាក្យគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការបោះឆ្នោតនៅ សហរដ្ឋអាមេរិក ពិតជាមានចំណុចមួយចំនួន ល្អ អាចឱ្យ គ.ជ.បថ្មីរបស់កម្ពុជា ធ្វើជាមេ រៀន ហើយលោកក៏សង្ឃឹមដែរថា គណបក្ស នយោបាយដែលប្រកួតប្រជែង នឹងហ៊ានទទួល ស្គាល់លទ្ធផលបោះឆ្នោត តាមច្បាប់បោះឆ្នោត ដែលបានចែង ព្រោះកន្លងមក ក្រោយការបោះ- ឆ្នោតនៅកម្ពុជា តែងតែមានការតវ៉ាលទ្ធផល បោះឆ្នោត។

លោកហង្ស ពុទ្ធា មានប្រសាសន៍ថា “បាទ! ខ្ញុំយល់ថា ការបោះឆ្នោត គោលការណ៍សំខាន់ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងច្បាប់ បោះឆ្នោតដែរ គឺសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ហ្នឹងផ្អែកទៅលើជាក់ស្តែង ក៏យើងឃើញថា មាន ការប្រឹងប្រែងទាំងអស់គ្នា មានការទិតៀន មាន ការផ្តល់អនុសាសន៍កែលម្អ មានការឆ្លុះបញ្ចាំង  ហើយក៏មានការអនុវត្តដែរ។ ជាក់ស្តែង នៅក្នុង សភា គណបក្សនយោបាយទាំង២ បានព្រម- ព្រៀងទៅលើការធ្វើកំណែទម្រង់ទាំងច្បាប់ បោះឆ្នោត ទាំងដំណើរការរៀបចំក្បាលម៉ាស៊ីន បោះឆ្នោត អ៊ីចឹងអ្វីដែលធ្វើ គឺឆ្ពោះទៅរកការ រៀបចំមួយ ឱ្យស្ថាប័នហ្នឹងឯករាជ្យ។ អ៊ីចឹង ឯករាជ្យភាព របស់គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គឺជាភាពចាំបាច់ ហើយក៏ជាតម្រូវ- ការទាំងអស់ នៅលើពិភពលោកដែរ។ ចំណុច មួយទៀត ដែលខ្ញុំចាប់អារម្មណ៍ គ្រាន់តែថា អ្វីៗទាំងអស់ យើងត្រូវផ្អែកទៅលើសភាព- ការណ៍ជាក់ស្តែង នៃប្រទេសនីមួយៗផងដែរ។ ឧទាហរណ៍ពីមុនមក មានមតិមួយចំនួន ចង់ បានគណៈកម្មាធិការរៀបចំការបោះឆ្នោត ដែល អត់ផ្តើមចេញពីការជ្រើសរើស ដោយគណបក្ស នយោបាយទេ ចង់ផ្តើមចេញពីអ្នកឯករាជ្យ អ្នកអ៊ីចឹង ប៉ុន្តែបរិបទរបស់កម្ពុជា មិនអាចទៅ បាន ពិសេស តំណាងពលរដ្ឋសមាជិកសភាទាំង ១២៣នាក់ហ្នឹង គឺលោកប្រកាន់ថា អ្វីដែលអាច ទុកចិត្តបាន គឺរូបមន្តបែបហ្នឹង ៤ បូក៤ បូក១។ អ៊ីចឹងនេះជាបរិបទនៃប្រទេសកម្ពុជា ដែលប្រទេស នីមួយៗ ក្រៅពីមានគោលការណ៍ និងអព្យាក្រឹត គឺត្រូវផ្អែកទៅលើស្ថានភាពជាក់ស្តែង ដើម្បីឱ្យ សង្គម ដើម្បីឱ្យមានការទទួលយកបាន ដោយ គ្រប់ភាគីពាក់ព័ន្ធ។ ចំពោះការបោះឆ្នោតនៅ សហរដ្ឋអាមេរិកនេះ ជាមេរៀន និងបទពិសោធន៍ មួយ សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែខ្ញុំ គ្រាន់តែថា មានចំណុចល្អខ្លះ ដែលយើងរៀន- សូត្រតាម ហើយក៏មានចំណុចខ្លះយើងមិនអាច យកមកប្រើប្រាស់ សម្រាប់ប្រទេសកម្ពុជាបាន ទេ”។

លោកហង្ស ពុទ្ធា មានប្រសាសន៍បន្តថា “គ.ជ.បថ្មីនេះ កើតចេញពីរូបមន្តរបស់គណ- បក្សទាំង២ ហើយបើស្រុះស្រួលគ្នាតាំងពីដើមទី ហើយ ត្រូវតែស្រុះស្រួលគ្នាដល់ទីបញ្ចប់ ហើយ ស្អីក៏ដោយ ហើយការរៀនសូត្រមួយទៀត គឺ ទទួលយកលទ្ធផល លោកស្រីហ៊ីលឡារី បើសិន ជាខ្ញុំដឹងមិនច្រឡំទេ គាត់បានទូរស័ព្ទទៅលោក ត្រាំ គាត់ជម្រាបថា គាត់ទទួលយកលទ្ធផល ហ្នឹង។ អ៊ីចឹងនេះក៏ជាវប្បធម៌មួយល្អដែរ ព្រោះ កន្លងមក យើងឃើញថា នៅកម្ពុជា ក្រោយ ការបោះឆ្នោត ចេះតែមានបញ្ហាអីកើតឡើង។ អ៊ីចឹងនេះក៏ជាគំរូមួយ សម្រាប់ប្រទេសកម្ពុជា  ហើយក៏ស្នើសុំឱ្យគណបក្សទាំងអស់ គោរពទៅ តាមច្បាប់បោះឆ្នោត។ ប៉ុន្តែខ្ញុំសូមរំលឹកថា ច្បាប់បោះឆ្នោត គឺមានការចងប្រទាក់ក្រឡា គ្នាជាប់ទាំងអស់ ករណីថា គ.ជ.ប ប្រជុំមិន កើត រលាយ ហើយត្រូវបង្កើតគ.ជ.បថ្មី តាម បែបរបៀបណា ក៏មានរូបមន្តថា បើសិនជា ប្រកាសលទ្ធផលហើយ មិនទទួលយកលទ្ធផល  អាហ្នឹងក៏ច្បាប់មានចែងអស់ហើយដែរ។ អ៊ីចឹង សង្ឃឹមថា ទាំងអស់គ្នា មិនរំលោភច្បាប់ទេ គ្រប់ ភាគីពាក់ព័ន្ធ នឹងអនុវត្តទៅតាមច្បាប់”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES