Friday, April 26, 2024
Homeបរិយាយបូស​បណ្តើរ​កូន

បូស​បណ្តើរ​កូន

សំណុំរឿងក្តីក្តាំជាបន្តបន្ទាប់ របស់លោកសម រង្ស៊ី លោកកឹម សុខា មេបក្សប្រឆាំង និងសហការីមួយចំនួន ដែលខ្លះកំពុង ជាប់ពន្ធនាគារ ឯអ្នកនៅក្រៅស្រុកមានឈ្មោះជាទណ្ឌិតនោះ គឺប្រៀបបាននឹង “បូសបណ្តើរកូន” កំពុងធ្វើទុក្ខបក្សប្រឆាំង។ ចំណែកបញ្ហាក្នុងសង្គមរឿងចោរកម្ម ឃាតកម្ម គ្រឿងញៀន ល្បែងស៊ីសង ការកាប់បំផ្លាញព្រៃឈើ ដែលបង្ក្រាបមិនឈ្នះ នោះ ក៏ជា “បូសបណ្តើរកូន” កំពុងធ្វើទុក្ខបក្សកាន់អំណាចដែរ។ ជំងឺបូស មិនដល់ថ្នាក់ស្លាប់នោះទេ គ្រាន់តែចុកពើតពិបាក ទ្រាំ នៅពេលខ្ទុះមិនទាន់ធ្លាយមុខ ដែល “នគរធំ” សូមលើករឿង “បូស” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“បូស” ជាឈ្មោះរោគម៉្យាង បណ្តាលឱ្យហើមសាច់ពង់ដោរ កជាខ្ទុះស ឬខួរអណ្តែង (ខ្ទុះក្រហម) កើតតាមសរីរាង្គកាយ មនុស្ស មានច្រើនប្រភេទ ដូចជា បូសធំ បូសទ្រនិច បូសក្រពើ បូសផ្កាប់មុខ ជាដើម។ ចំពោះបូសបណ្តើរកូន ច្រើនតែកើតលើ រាងកាយក្មេងៗ ដែលខ្វះអនាម័យ ជាបូសតូចៗ រាបមួយកើតមួយ ជួនកាលវាកើតរហូតដល់១០០បូសឯណោះ។ ពីបុរាណ កាល បើកូនចៅកើតបូសបណ្តើរកូន គេត្រូវរកគ្រូស្តោះផ្លុំ ស្រោចទឹក ឬអុជសរសៃកូនកណ្តុរ ត្រង់ចំណុចក្រោមត្រចៀក ទើបជាសះស្បើយ ប៉ុន្តែ សព្វថ្ងៃ វេជ្ជសាស្ត្រជឿនលឿន គេប្រើថ្នាំចាក់ ថ្នាំលេប ក៏បានជាសះស្បើយដូចគ្នា។ អ្នកកើតបូស ក្លៀក ឬក្រលៀន ពិបាកដើរណាស់ ពេលបូសវាកខ្ទុះ ជួនកាលស្រែកទ្រហោយំក៏មាន លុះត្រាតែជោះទម្លាយខ្ទុះខួរអណ្តែង ចេញអស់ ទើបបាត់ឈឺ។

យ៉ាងណាមិញ សំណុំរឿងព្រហ្មទណ្ឌ និងបរិហារកេរ្តិ៍ ដែលមន្ត្រីរដ្ឋាភិបាលប្តឹងលោកសម រង្ស៊ី លោកកឹម សុខា ក៏ដូចតំណាង- រាស្ត្របក្សប្រឆាំង ប៉ុន្មាននាក់នោះ គឺមិនខុសពី “បូសបណ្តើរកូន”។ ត្រឹមតែលោកសម រង្ស៊ី ម្នាក់ យើងឃើញសំណុំរឿងត្រូវបាន តុលាការបើកសវនាការជាបន្តបន្ទាប់ ដូចជាករណីលោកហោ ណាំហុង ប្តឹងពីបទបរិហារកេរ្តិ៍ ករណីចោទមន្ត្រីរដ្ឋាភិបាលថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី ហើយថ្មីៗនេះទៀត តុលាការបានបន្តសំណុំរឿងលោកសម រង្ស៊ី ដែលចោទប្រកាន់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថា បានទិញ Facebook Like ដើម្បីបង្កើនប្រជាប្រិយភាពលើបណ្តាញសង្គម ដែលកំពុង ពេញនិយមនេះ។ សំណុំរឿងបន្តកន្ទុយគ្នានេះ អាចនៅមានទៀត ដោយហេតុថា មេបក្សប្រឆាំងរូបនេះ អាងនៅក្រៅស្រុក ក៏ចេះតែពន្លះរដ្ឋាភិបាលមិនសំចៃមាត់រហូតដល់ប្រធានគណបក្សយុវជនកម្ពុជា រិះគន់ថា លោកសម រង្ស៊ី វាយប្រហារដៃគូ ប្រជែងរឿងបុគ្គលតាមចិត្តនឹកឃើញ មិនគិតគូរធ្វើកិច្ចការណាដែលមានប្រយោជន៍ចំពោះជាតិ…។ ឯមន្ត្រីរដ្ឋាភិបាល ចាំតែ ស្តាប់ និងឆែកហ្វេសប៊ុករបស់គាត់ បើឃើញភាពមិនប្រក្រតី ក៏ប្តឹងតុលាការភ្លាម បណ្តាលឱ្យលោកសម រង្ស៊ី “កើតបូសបណ្តើរ កូន” អ៊ីចឹងទៅ។

ដោយឡែកលោកកឹម សុខា ដែលឃុំខ្លួនឯងក្នុងទីស្នាក់ការកណ្តាលគណបក្ស បន្ទាប់ពីត្រូវបានតុលាការចោទប្រកាន់ពី បទ “បដិសេធក្នុងការចូលខ្លួន” ពាក់ព័ន្ធដល់រឿងកន្ទុយក្បិននោះ មិនកើតបូសបណ្តើរកូននោះទេ តែទំនងជាកើត “បូសក្រលៀន” ទើបលោកដើរចេញទៅណាមិនរួច។ រីឯតំណាងរាស្ត្រ ប៉ុន្មានរូបក៏ដូចជាសកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារនោះ សុទ្ធតែកើត “បូសធំ” កំពុងចុកពើតដោយសារខ្ទុះខួរអណ្តែង មិនទាន់ធ្លាយមុខ ពោលគឺទោះជាមានការតវ៉ា ឬមានអន្តរាគមន៍ ពីអន្តរជាតិ សុំឱ្យដោះលែងយ៉ាងណាក៏នៅតែជាប់ពន្ធនាគារដដែល។ ទាំងលោកសម រង្ស៊ី លោកកឹម សុខា និងសហការី ដែលមានរឿងដល់តុលាការបែបនេះ ចាត់ទុកថា ជា “បូសបណ្តើរកូន” ដែលពិបាកព្យាបាលបំផុត។

ក្រឡេកមើលបក្សកាន់អំណាចវិញ ក៏មានបញ្ហាប្រៀបបាននឹងការកើត “បូសបណ្តើរកូន” នេះដែរ ដូចជាករណីចោរកម្ម ឃាតកម្ម គ្រឿងញៀន ល្បែងស៊ីសង ការកាប់បំផ្លាញព្រៃឈើ និងសកម្មភាពអនាធិបតេយ្យផ្សេងៗទៀតដែលបង្ក្រាបមិនឈ្នះ។ សូម្បី “ចលនាថ្ងៃចន្ទពណ៌ខ្មៅ” ដែលបង្កដោយក្រុមស្ត្រីសហគមន៍បឹងកក់ បុរីកីឡា ថ្មគោល ដេញមិនឈ្នះនោះ ក៏ចាត់ទុក ថា ជា “បូសទ្រនិច” រំខានដល់បក្សកាន់អំណាច ឬរដ្ឋាភិបាល ឱ្យឈឺក្បាលវិលមុខ។ រឿងចោរកម្ម ឃាតកម្មកើតឡើងនៅ  មូលដ្ឋានណាមួយដោះស្រាយមិនទាន់ចប់ផង ក៏កើតឃាតកម្មថ្មីទៀត ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ មានអ្នកបើករថយន្ត បុកគេស្លាប់ ប៉ូលិសចាប់ជនបង្កហេតុមិនទាន់បានផងក៏កើតរឿងថ្មីទៀតជាន់ពីលើរឿងចាស់។ រីឯករណីអំពើពុករលួយ ដែល ក្រុមសង្គមស៊ីវិលថា ចាប់បានតែត្រីក្នុងកន្ត្រក ប្រភេទតូចតាច រួមទាំងបញ្ហាក្នុងសង្គមផ្សេងៗទៀត ដូចជា បញ្ហាកកស្ទះ- ចរាចរណ៍នៅរាជធានីភ្នំពេញ ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ការរំលោភចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ដែលមិន ទាន់មានចំណាត់ការប្រសិទ្ធភាព៘ និង៘ សុទ្ធតែជារឿង “បូស” ធ្វើទុក្ខ ដែលត្រូវរកវិធីដោះស្រាយ វះកាត់យក ខ្ទុះចេញ។

គួរកុំភ្លេចថា រឿង “បែកបន្ទាយលង្វែក” នារជ្ជកាលព្រះបាទសត្ថាទី១ ក៏មានដើមចមដូច “បូសបណ្តើរកូន” យ៉ាងនេះដែរ ដោយសារ កាលនោះភាពមិនចុះសម្រុងគ្នារវាងមន្ត្រីនិងប្រជារាស្ត្រ បានកើតឡើង។ យោងតាមឯកសារប្រវត្តិសាស្ត្របញ្ជាក់ ថា ហេតុតែភាពក្រីក្រ ទើបប្រជារាស្ត្រនាំគ្នាទៅឆ្ការគុម្ពប្ញស្សី យកប្រាក់ឌួង ដែលកងទ័ពសៀម បាញ់ចូលក្នុងគុម្ពប្ញស្សី ទោះ ជាមានការហាមឃាត់យ៉ាងណាក៏រាស្ត្រមិនស្តាប់ ខណៈដែលរដ្ឋអំណាចកណ្តាលចុះខ្សោយ បណ្តោយឱ្យចារបុរសសៀម ចូល ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ កាលនោះប្រផ្នូលអាក្រក់បានកើតឡើង គឺអាងទឹកសម្រាប់ព្រះមហាក្សត្រ នៅភ្នំបាណន់ ខេត្ត បាត់ដំបង រីងខះអស់ ព្រះពុទ្ធប្បដិមាចូលនិព្វាននៅភ្នំសន្ទុក មានស្រមោចវារឡើង ដេញមិនឈ្នះ, ព្រះកាំបិតស្តាំ នៅខេត្តពោធិ៍- សាត់ រង្គោះចេញពីដង, ដំបូកអ្នកតាឃ្លាំងមឿង សឹករេចរឹល, ព្រះពុទ្ធប្បដិមាអង្គធំ នៅភ្នំឧដុង្គ មានឈាមហូរចេញពីព្រះ- ឱរា៘ ប្រផ្នូលទាំងនេះ ចៅហ្វាយខេត្តពាក់ព័ន្ធបានផ្ញើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីដោះស្រាយ ប៉ុន្តែដោយសាររដ្ឋអំណាច កណ្តាលចុះខ្សោយ ទោះជាមានប្រផ្នូលបន្តកន្ទុយគ្នាដូចបូសបណ្តើរកូន ក៏គ្មានដំណោះស្រាយអ្វី រហូតកងទ័ពសៀម ចូលវាយបែក បន្ទាយលង្វែកទៅ ដោយចាប់បានព្រះឧភយោរាជស្រីសុរិយោពណ៌ ទៅឃុំទុកនៅស្រុកសៀម។

ដូច្នេះយើងឃើញថា កាលណានាហ្មឺនមន្ត្រី ឬគណបក្សមិនចុះសម្រុងគ្នា ធ្វើឱ្យប្រជារាស្ត្របាត់បង់ភាពកក់ក្តៅ នាំគ្នាបង្កើត អនាធិបតេយ្យ ហាមមិនស្តាប់ ដូចករណីឆ្ការព្រៃប្ញស្សី រើសប្រាក់ឌួង ទោះជាហាមយ៉ាងណាក៏គ្មានប្រសិទ្ធភាព។ ឥឡូវអ៊ីចឹងទៀត ហើយ ខណៈដែលអ្នកនយោបាយមានអរិភាពជាមួយគ្នា មើលមុខគ្នាមិនត្រង់ ធ្វើឱ្យប្រជាពលរដ្ឋភាគច្រើននាំគ្នាលេងល្បែងស៊ីសង បៀ អាប៉ោង កន្ទុយលេខ ភ្នាល់បាល់ បញ្ជល់មាន់ ភ្នាល់ទឹកភ្លៀង បង្ក្រាបយ៉ាងណាក៏នៅតែដដែល។ ពេលល្បែងេកើត ឡើងដល់បន្ទុក ចោរលួច ចោរប្លន់ ចោរកេង ក៏កើតឡើងព្រោងព្រាតចាប់មួយ នៅមួយ បាត់បង់សីលធម៌សង្គម។ ភាពអនាធិបតេយ្យទាំងអស់នេះ នឹងរលត់រលាយឯង ដោយមិនចាំបាច់បង្ក្រាប បើសិនជាអ្នកនយោបាយស្រុះស្រួលគ្នាជាភាតរភាព ប៉ុន្តែ បើភាគីម្ខាងៗនៅតែពាក់មុខយក្សដាក់គ្នា ភាពអនាធិបតេយ្យ នឹងនៅតែបន្តដូច “បូសបណ្តើរកូន”។

ករណីមេបក្សប្រឆាំងជាប់បណ្តឹងបន្តកន្ទុយគ្នា ក៏ដូចបក្សកាន់អំណាច កំពុងបង្ក្រាបបទល្មើសផ្សេងៗ ហើយសូម្បីតែសកម្មភាព ស្ត្រីពាក់អាវខ្មៅ ក៏ដូចជាអ្នកតវ៉ារឿងដីធ្លី ដោះស្រាយមិនចេះចប់នោះ មិនខុសពីក្មេងកើតបូសបណ្តើរកូន អំពល់ទុក្ខដល់ឪពុក ម្តាយ។ បក្សកាន់អំណាច និងបក្សប្រឆាំង ដែលកើតបូសស្របគ្នាបែបនេះ លុះត្រាតែរកគ្រូខ្លាំងពូកែស្តោះផ្លុំទើបបាន។

សរុបទៅ “បូសបណ្តើរកូន” ទោះបីជារោគមិនបណ្តាលឱ្យស្លាប់ ក៏វានាំរំខានដល់ជីវភាពរស់នៅរបស់មនុស្ស។ សំណុំរឿង ក្តីក្តាំរបស់មេបក្សប្រឆាំង ដែលកើតឡើងជាបន្តបន្ទាប់នោះ បានបន្ទច់បង្អាក់លោកសម រង្ស៊ី លោកកឹម សុខា មិនឱ្យធ្វើសកម្មភាព នយោបាយចុះមូលដ្ឋានបាន។ ឯបទល្មើសនិងភាពអនាធិបតេយ្យផ្សេងៗ បានរំខានរាជរដ្ឋាភិបាលឱ្យឈឺក្បាលវិលមុខរាល់ថ្ងៃ រាំងស្ទះដល់ដំណើរការអភិវឌ្ឍន៍។ ដូច្នេះលុះត្រាតែប្រឹងព្យាបាលឱ្យជាទាំងអស់គ្នា ទើបធានាថា “បូសបណ្តើរកូន” នោះ នឹង ក្លាយជាសាច់រាបស្មើរលោង អស់ក្តីឈឺចាប់រំខានតទៅទៀត៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES