Thursday, April 25, 2024
Homeព័ត៌មានជាតិប.ស.ស អំពាវ​នាវ​ទប់​ស្កាត់​គ្រោះ​ថ្នាក់ ចរា​ចរណ៍​ក្នុង​បុណ្យ​អុំទូក

ប.ស.ស អំពាវ​នាវ​ទប់​ស្កាត់​គ្រោះ​ថ្នាក់ ចរា​ចរណ៍​ក្នុង​បុណ្យ​អុំទូក

ភ្នំពេញ ៖ បេឡាជាតិរបបសន្តិសុខសង្គម បានធ្វើការអំពាវនាវឱ្យមានការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើមធ្យោបាយធ្វើ ដំណើររបស់កម្មករនិយោជិត ក្នុងឱកាសនៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ- ព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមសេចក្តីអំពាវនាវរបស់បេឡា- ជាតិរបបសន្តិសុខសង្គម (ប.ស.ស) ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ និងចុះហត្ថលេខា ដោយលោកអ៊ុក សមវិទ្យា នាយក ប.ស.ស មានខ្លឹមសារទាំងស្រុងថា “នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ដើម្បីទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើមធ្យោបាយ ធ្វើដំណើររបស់កម្មករនិយោជិត ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារ កម្មករនិយោជិត (ស.ផ.ក) នៃបេឡាជាតិរបប សន្តិសុខសង្គម (ប.ស.ស) មានកិត្តិយសសូម អំពាវនាវដល់អ្នកបើកបរដឹកកម្មករ និងកម្មករ និយោជិតទាំងអស់ ដែលជាអ្នកប្រើប្រាស់ផ្លូវ ថ្នល់ដូចខាងក្រោម ៖

១-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះរបស់ខ្លួនមុនពេលធ្វើចរាចរណ៍។

២-ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបាន គ្រប់គ្នាជាប់ជាប្រចាំចំពោះអ្នកបើកបរយានយន្ត និងអ្នករួមដំណើរទាំងអស់។

៣-អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ទាំងអស់ត្រូវពាក់មួកការពារសុវត្ថិភាពគ្រប់ៗគ្នា ទោះធ្វើដំណើរជិត ឬឆ្ងាយ និងគ្រប់ពេល វេលា។ ត្រូវចងចាំថា (មួកសុវត្ថិភាពមួយ ការពារជីវិតបានម្នាក់)។

៤-មិនត្រូវបើកហួសល្បឿនកំណត់ ដែល មានចែងក្នុងច្បាប់ គឺរថយន្តត្រូវបើកបរដោយ ល្បឿនត្រឹមតែ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅក្រៅទីប្រជុំជន និងត្រឹម៤០គីឡូម៉ែត្រ ក្នុង មួយម៉ោង នៅក្នុងទីប្រជុំជន។ ចំពោះម៉ូតូត្រូវ បើកបរត្រឹមតែល្បឿន៣០គីឡូម៉ែត្រក្នុងមួយ ម៉ោង នៅក្នុងទីប្រជុំជន។

៥-សូមចងចាំជានិច្ចថា (បើពិសាគ្រឿង ស្រវឹង សូមកុំបើកបរ) ពីព្រោះប្រសិនបើអ្នក ស្រវឹងបាត់ម្ចាស់ការ បង្កឱ្យមានគ្រោះថ្នាក់ចរា- ចរណ៍ដល់អ្នករួមដំណើរតាមផ្លូវជាមួយ បណ្តាល ឱ្យស្លាប់របួស ឬពិការ។

៦-មិនត្រូវផ្ទុកមនុស្សនៅលើដំបូលរថយន្ត ឬដឹកសំពីងសំពោង ឬដឹកលើសទំងន់។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ  ក្រុមការងារ ស.ផ.ក នៃ ប.ស.ស សង្ឃឹម និង ជឿទុកចិត្តលើស្មារតីប្រុងប្រយ័ត្នរបស់បងប្អូន  អ្នកបើកបរដឹកកម្មករ ព្រមទាំងកម្មករនិយោជិត រាល់ពេលធ្វើដំណើរក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអក អំបុក ដែលត្រូវនឹងថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងសូមកុំធ្វើឱ្យថ្ងៃសប្បាយរីករាយក្លាយជាថ្ងៃ កើតទុក្ខ ព្រោះតែការធ្វេសប្រហែស ឬមិនគោរព ច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរតាមដងផ្លូវ”៕

RELATED ARTICLES